ម៉ាកុស 12:28-31

ម៉ាកុស 12:28-31 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

មាន​អាចារ្យ*​ម្នាក់​បាន​ឮ​ពួក​គេ​ជជែក​ជា​មួយ​ព្រះ‌យេស៊ូ ហើយ​ឃើញ​ថា​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ត្រឹម​ត្រូវ គាត់​ក៏​ចូល​ទៅ​ជិត​ទូល​ព្រះអង្គ​ថា៖ «ក្នុង​បណ្ដា​បទ‌បញ្ជា*​ទាំង​អស់ តើ​បទ‌បញ្ជា​ណា​សំខាន់​ជាង​គេ?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «នេះ​ជា​បទ‌បញ្ជា​ទី​មួយ: “អ៊ីស្រា‌អែល​អើយ ចូរ​ស្ដាប់! មាន​តែ​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​យើង​មួយ​ព្រះអង្គ​គត់ ដែល​ពិត​ជា​ព្រះ‌អម្ចាស់។ ត្រូវ​ស្រឡាញ់​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​អ្នក​ឲ្យ​អស់​ពី​ចិត្ត​គំនិត អស់​ពី​ស្មារតី អស់​ពី​ប្រាជ្ញា និង​អស់​ពី​កម្លាំង​កាយ” ។ រីឯ​បទ‌បញ្ជា​ទី​ពីរ​មាន​ចែង​ថា “ត្រូវ​ស្រឡាញ់​បងប្អូន​ឯ​ទៀតៗ​ឲ្យ​បាន​ដូច​ស្រឡាញ់​ខ្លួន​ឯង” ។ គ្មាន​បទ‌បញ្ជា​ណា​សំខាន់​ជាង​បទ‌បញ្ជា​ទាំង​ពីរ​នេះ​ទេ»។

ចែក​រំលែក
អាន ម៉ាកុស 12

ម៉ាកុស 12:28-31 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

មាន​អាចារ្យ​ម្នាក់​ចូល​មក​ជិត ឮ​ពួក​គេ​ជជែក​គ្នា ហើយ​ឃើញ​ថា​ព្រះ‌អង្គ​បាន​ឆ្លើយ​នឹង​ពួក​គេ​យ៉ាង​ល្អ គាត់​ក៏​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «ក្នុង​ព្រះឱវាទ​ទាំង​ប៉ុន្មាន តើ​ព្រះឱវាទ​ណា​សំខាន់​ជាង​គេ?» ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «ព្រះឱវាទ​ដែល​សំខាន់​ជាង​គេ​គឺ "អ៊ី​ស្រា‌អែល​អើយ ចូរ​ស្តាប់​ចុះ ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​យើង ជា​ព្រះ‌អម្ចាស់​តែ​មួយ​ព្រះ‌អង្គ​គត់ ត្រូវ​ស្រឡាញ់​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​អ្នក ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង អស់​ពី​គំនិត និង​អស់​អំពី​កម្លាំង​របស់​អ្នក "។ ឯ​ព្រះឱវាទ​ទី​ពីរ​គឺ "ត្រូវ​ស្រឡាញ់​អ្នក​ជិត​ខាង​របស់​អ្នក ដូច​ខ្លួន​ឯង" គ្មាន​បទ‌បញ្ជា​ណា​ទៀត​ធំ​ជាង​បទ‌បញ្ជា​ទាំង​ពីរ​នេះ​ឡើយ»។

ចែក​រំលែក
អាន ម៉ាកុស 12

ម៉ាកុស 12:28-31 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នោះ​មាន​អាចារ្យ​ម្នាក់​ចូល​មក​ឮ​ជជែក​គ្នា ក៏​យល់​ឃើញ​ថា ទ្រង់​បាន​ឆ្លើយ​ត្រូវ​ចំ រួច​គាត់​ទូល​សួរ​ទ្រង់​ថា ក្នុង​បញ្ញត្ត​ទាំង​ប៉ុន្មាន តើ​មាន​បទ​ណា​សំខាន់​ជាង​គេ​ទាំង​អស់ ព្រះ‌យេស៊ូវ​មាន​បន្ទូល​ឆ្លើយ​ថា ឯ​បញ្ញត្ត​ដែល​សំខាន់​ជាង​គេ នោះ​គឺ​ថា «ចូរ​ស្តាប់​ចុះ អ៊ីស្រាអែល​អើយ ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ ទ្រង់​ជា​ព្រះ‌អម្ចាស់​តែ​១​ព្រះ‌អង្គ​ទ្រង់ ហើយ​ឯង​ត្រូវ​ស្រឡាញ់ ដល់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ឯង ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង អស់​អំពី​គំនិត ហើយ​អស់​អំពី​កំឡាំង​នៃ​ឯង» នោះ​ហើយ​ជា​បញ្ញត្ត​ទី​១ ឯ​បញ្ញត្ត​ទី​២ ក៏​បែប​ដូច​គ្នា គឺ​ថា «ត្រូវ​ឲ្យ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង» គ្មាន​បញ្ញត្ត​ណា​ទៀត​ធំ​ជាង​បទ​ទាំង​២​នេះ​ទេ

ចែក​រំលែក
អាន ម៉ាកុស 12