ម៉ាកុស 12:1-44

ម៉ាកុស 12:1-44 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បន្ទាប់​មក ព្រះ‌អង្គ​ចាប់​ផ្តើម​មាន​ព្រះ​បន្ទូល​ទៅ​គេ​ជា​រឿង​ប្រៀប​ធៀប​ថា៖ «មាន​បុរស​ម្នាក់​ដាំ​ទំពាំង​បាយ​ជូរ​មួយ​ចម្ការ។ គាត់​បាន​ធ្វើ​របង​ព័ទ្ធ​ជុំ​វិញ ជីក​កន្លែង​មួយ​សម្រាប់​បញ្ជាន់​ផ្លែ ហើយ​សង់​ប៉ម​មួយ។ បន្ទាប់​មក គាត់​ប្រវាស់​ទៅ​ឲ្យ​ពួក​អ្នក​ធ្វើ​ចម្ការ រួច​ក៏​ចេញ​ទៅ​ស្រុក​មួយ​ផេ្សង​ទៀត។ លុះ​ដល់​រដូវ​ប្រ​មូល​ផល គាត់​ចាត់​បាវ​បម្រើ​ម្នាក់​ឲ្យ​ទៅ​ជួប​ពួក​អ្នក​ធ្វើ​ចម្ការ ដើម្បី​ទទួល​ផល​ដែល​ជា​ចំណែក​របស់​គាត់ ពី​អ្នក​ទាំង​នោះ។ ប៉ុន្តែ គេ​ចាប់​អ្នក​បម្រើ​នោះ​វាយ ហើយ​ដេញ​ឲ្យ​ត្រឡប់​ទៅ​វិញ​ដៃ​ទទេ។ គាត់​ចាត់​បាវ​បម្រើ​ម្នាក់​ទៀត​ឲ្យ​ទៅ​ជួប​គេ​ម្តង​ទៀត តែ​គេ​វាយ​ក្បាល​អ្នក​បម្រើ​នោះ ហើយ​ជេរ​ប្រមាថ​ទៀត​ផង។ បន្ទាប់​មក គាត់​ចាត់​ម្នាក់​ទៀត​ឲ្យ​ទៅ ហើយ​គេ​សម្លាប់​អ្នក​នោះ ក៏​ប្រព្រឹត្ត​ចំពោះ​អ្នក​បម្រើ​ជា​ច្រើន​ផ្សេង​ទៀត​ដូច​គ្នា ខ្លះ​ត្រូវ​គេ​វាយ ហើយ​ខ្លះ​ទៀត​ត្រូវ​គេ​សម្លាប់។ គាត់​នៅ​មាន​កូន​ជា​ទី​ស្រឡាញ់​ម្នាក់​ទៀត។ ទី​បំផុត គាត់​ក៏​ចាត់​កូន​នោះ​ឲ្យ​ទៅ​ជួប​គេ ដោយ​គិត​ថា "គេ​នឹង​គោរព​កូន​ប្រុស​ខ្ញុំ"។ ប៉ុន្តែ ពួក​អ្នក​ធ្វើ​ចម្ការ​ទាំង​នោះ​និយាយ​គ្នា​ថា "នេះ​ជា​កូន​គ្រង​មត៌ក​ហើយ មក​យើង​សម្លាប់​វា​ចោល ហើយ​មត៌ក​នេះ​នឹង​ក្លាយ​ជា​របស់​យើង"។ ដូច្នេះ​គេ​ក៏​ចាប់​កូន​នោះ​សម្លាប់ ហើយ​បោះ​ចោល​ទៅ​ក្រៅ​ចម្ការ។ តើ​ម្ចាស់​ចម្ការ​នឹង​ធ្វើ​ដូច​ម្តេច? គាត់​នឹង​មក​សម្លាប់​ពួក​អ្នក​ធ្វើ​ចម្ការ​ទាំង​នោះ រួច​ប្រគល់​ចម្ការ​ទៅ​ឲ្យ​អ្នក​ផ្សេង​ទៀត។ តើ​អ្នក​រាល់​គ្នា​មិន​ដែល​អាន​បទ​គម្ពីរ​នេះ​ទេ​ឬ​ថា "ថ្ម​ដែល​ពួក​ជាង​សង់​ផ្ទះ​បោះ​ចោល បាន​ត្រឡប់​ជា​ថ្ម​ជ្រុង​យ៉ាង​ឯក ព្រះ‌អម្ចាស់​បាន​ធ្វើ​ការ​នេះ ហើយ​ជា​ការ​អស្ចារ្យ​នៅ​ចំពោះ​ភ្នែក​យើង​ខ្ញុំ "?» គេ​ក៏​រក​មធ្យោ​បាយ​ចាប់​ព្រះ‌អង្គ ព្រោះ​គេ​ដឹង​ថា ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ជា​រឿង​ប្រៀប​ធៀប​នេះ សំដៅ​លើ​ពួក​គេ ប៉ុន្តែ គេ​ខ្លាច​បណ្ដា​ជន ដូច្នេះ គេ​ក៏​ចេញ​ពី​ព្រះ‌អង្គ​ទៅ។ បន្ទាប់​មក គេ​ចាត់​ពួក​ផារិ‌ស៊ី​ខ្លះ និង​ពួក​ហេរ៉ូឌ​ខ្លះ​ឲ្យ​ទៅ​ជិត​ព្រះ‌អង្គ ដើម្បី​ចាប់​កំហុស​ពេល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល។ ពេល​មក​ដល់ គេ​ទូល​ព្រះ‌អង្គ​ថា៖ «លោក​គ្រូ យើង​ខ្ញុំ​ដឹង​ថា លោក​ជា​មនុស្ស​ពិត​ត្រង់ ហើយ​មិន​ខ្វល់​ពី​អ្នក​ណា ព្រោះ​លោក​មិន​យល់​មុខ​មនុស្ស​ណា​ឡើយ លោក​បង្រៀន​ពី​ផ្លូវ​របស់​ព្រះ តាម​តែ​សេចក្តី​ពិត។ តើ​មាន​ច្បាប់​នឹង​បង់​ពន្ធ​ថ្វាយ​សេសារ​ឬ​ទេ? តើ​ត្រូវ​បង់ ឬ​មិន​ត្រូវ​បង់?» ប៉ុន្តែ ព្រះ‌អង្គ​ជ្រាប​ពី​ពុត​ត្បុត​របស់​គេ ហើយ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ល្បង​ល​ខ្ញុំ​ដូច្នេះ? ចូរ​យក​ប្រាក់​កាក់​មួយ​មក​ឲ្យ​ខ្ញុំ​មើល​មើល៍»។ គេ​ក៏​យក​ប្រាក់​កាក់​មួយ​មក រួច​ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​សួរ​គេ​ថា៖ «តើ​រូប​នេះ និង​ឈ្មោះ​នេះ ជា​របស់​អ្នក​ណា?» គេ​ទូល​ឆ្លើយ​ថា៖ «របស់​សេសារ»។ ព្រះ​យេស៊ូវ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «ចូរ​ថ្វាយ​របស់​សេសារ ទៅ​សេសារ​ទៅ ហើយ​របស់​ព្រះ ថ្វាយ​ទៅ​ព្រះ​វិញ»។ គេ​ក៏​មាន​សេច​ក្ដី​អស្ចារ្យ​នឹង​ព្រះ‌អង្គ​ជា​ខ្លាំង។ មាន​ពួក​សាឌូ‌ស៊ី​ខ្លះ​ដែល​ពោល​ថា គ្មាន​ការ​រស់​ឡើង​វិញ បាន​មក​ជួប​ព្រះ‌អង្គ ទូល​ថា៖ «លោក​គ្រូ លោក​ម៉ូសេ​បាន​ចែង​ទុក​ឲ្យ​យើង​ខ្ញុំ​ថា "បើ​បង​ប្រុស​របស់​អ្នក​ណា​ស្លាប់​ចោល​ប្រពន្ធ តែ​ឥត​មាន​កូន ប្អូន​ប្រុស​នោះ​ត្រូវ​រៀប​ការ​នឹង​បង​ថ្លៃ ហើយ​បង្កើត​កូន​ឲ្យ​បង​ប្រុស​របស់​ខ្លួន "។ ឥឡូវ មាន​បង‌ប្អូន​ប្រុស​ប្រាំ​ពីរ​នាក់ បង​បង្អស់​បាន​រៀប​ការ ហើយ​ស្លាប់​ទៅ​ទាំង​ឥត​មាន​កូន។ ប្អូន​បន្ទាប់​ក៏​រៀប​ការ​នឹង​នាង ហើយ​ស្លាប់​ទៅ​ទាំង​ឥត​មាន​កូន​ដែរ។ អ្នក​ទី​បី​ក៏​ដូច​គ្នា អ្នក​ទាំង​ប្រាំ​ពីរ​សុទ្ធ​តែ​គ្មាន​កូន​ដូច​គ្នា។ ទី​បំផុត ស្ត្រី​នោះ​ក៏​ស្លាប់​ទៅ​ដែរ។ ដូច្នេះ នៅ​គ្រា​រស់​ឡើង​វិញ តើ​នាង​ត្រូវ​ជា​ប្រពន្ធ​របស់​អ្នក​ណា? ដ្បិត​អ្នក​ទាំង​ប្រាំ​ពីរ​សុទ្ធ​តែ​បាន​រៀប​ការ​នឹង​នាង»។ ព្រះ‌យេស៊ូវ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «តើ​នេះ​មិន​មែន​ជា​ហេតុ​ដែល​អ្នក​រាល់​គ្នា​យល់​ខុស ព្រោះ​តែ​អ្នក​រាល់​គ្នា​មិន​ស្គាល់​គម្ពីរ ក៏​មិន​ស្គាល់​ព្រះ‌ចេស្តា​របស់​ព្រះ​ទេ​ឬ? ដ្បិត​ពេល​មនុស្ស​ស្លាប់​រស់​ឡើង​វិញ គេ​មិន​រៀប​ការ​ជា​ប្តី​ប្រពន្ធ​ទេ គេ​នឹង​បាន​ដូច​ជា​ទេវតា​នៅ​ស្ថាន‌សួគ៌​វិញ។ ឯ​ដំណើរ​ដែល​មនុស្ស​ស្លាប់​រស់​ឡើង​វិញ តើ​អ្នក​រាល់​គ្នា​មិន​បាន​អាន​រឿង​អំពី​គុម្ព​បន្លា នៅ​ក្នុង​គម្ពីរ​លោក​ម៉ូសេ​ទេ​ឬ? ព្រះ‌ទ្រង់​មាន​ព្រះ​បន្ទូល​មក​លោក​ថា "យើង​ជា​ព្រះ​របស់​អ័ប្រា‌ហាំ ជា​ព្រះ​របស់​អ៊ីសាក និង​ជា​ព្រះ​របស់​យ៉ាកុប " ព្រះ‌អង្គ​មិន​មែន​ជា​ព្រះ​របស់​មនុស្ស​ស្លាប់​ទេ គឺ​ជា​ព្រះ​របស់​មនុស្ស​រស់​វិញ​ទេ​តើ អ្នក​រាល់​គ្នា​យល់​ខុស​ទាំង​ស្រុង»។ មាន​អាចារ្យ​ម្នាក់​ចូល​មក​ជិត ឮ​ពួក​គេ​ជជែក​គ្នា ហើយ​ឃើញ​ថា​ព្រះ‌អង្គ​បាន​ឆ្លើយ​នឹង​ពួក​គេ​យ៉ាង​ល្អ គាត់​ក៏​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «ក្នុង​ព្រះឱវាទ​ទាំង​ប៉ុន្មាន តើ​ព្រះឱវាទ​ណា​សំខាន់​ជាង​គេ?» ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «ព្រះឱវាទ​ដែល​សំខាន់​ជាង​គេ​គឺ "អ៊ី​ស្រា‌អែល​អើយ ចូរ​ស្តាប់​ចុះ ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​យើង ជា​ព្រះ‌អម្ចាស់​តែ​មួយ​ព្រះ‌អង្គ​គត់ ត្រូវ​ស្រឡាញ់​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​អ្នក ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង អស់​ពី​គំនិត និង​អស់​អំពី​កម្លាំង​របស់​អ្នក "។ ឯ​ព្រះឱវាទ​ទី​ពីរ​គឺ "ត្រូវ​ស្រឡាញ់​អ្នក​ជិត​ខាង​របស់​អ្នក ដូច​ខ្លួន​ឯង" គ្មាន​បទ‌បញ្ជា​ណា​ទៀត​ធំ​ជាង​បទ‌បញ្ជា​ទាំង​ពីរ​នេះ​ឡើយ»។ អាចារ្យ​នោះ​ក៏​ទូល​ព្រះ‌អង្គ​ថា៖ «ពិត​ហើយ លោក​គ្រូ លោក​មាន​ប្រសាសន៍​ត្រូវ​ណាស់​ថា ព្រះ‌អង្គ​ជា​ព្រះ​តែ​មួយ​ព្រះ‌អង្គ​គត់ ហើយ​ក្រៅ​ពី​ព្រះ‌អង្គ គ្មាន​ព្រះ​ឯ​ណា​ទៀត​សោះ ហើយ​ដែល​ស្រឡាញ់​ព្រះ‌អង្គ​អស់​ពី​ចិត្ត អស់​ពី​ប្រាជ្ញា អស់​ពី​ព្រលឹង និង​អស់​ពី​កម្លាំង ហើយ​ស្រឡាញ់​អ្នក​ជិត​ខាង​ខ្លួន ដូច​ខ្លួន​ឯង នោះ​វិសេស​ជាង​អស់​ទាំង​តង្វាយ​ដុត និង​យញ្ញ‌បូជា​ទាំង​ប៉ុន្មាន​ទៅ​ទៀត»។ កាល​ព្រះ‌យេស៊ូវ​ឃើញ​ថា គាត់​ឆ្លើយ​ប្រកប​ដោយ​ប្រាជ្ញា ព្រះ‌អង្គ​ក៏​មាន​ព្រះ​បន្ទូល​ទៅ​គាត់​ថា៖ «អ្នក​នៅ​មិន​ឆ្ងាយ​ពី​ព្រះរាជ្យ​របស់​ព្រះ​ទេ»។ បន្ទាប់​មក គ្មាន​អ្នក​ណា​ហ៊ាន​ទូល​សួរ​អ្វី​ដល់​ព្រះ‌អង្គ​ទៀត​ឡើយ។ ពេល​ព្រះ‌យេស៊ូវ​កំពុង​បង្រៀន​ក្នុង​ព្រះ‌វិហារ ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ថា៖ «ហេតុ​អ្វី​បាន​ជា​ពួក​អាចារ្យ​និយាយ​ថា ព្រះ‌គ្រីស្ទ​ជា​ព្រះ‌រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ? ព្រះ‌បាទ​ដាវីឌ​ផ្ទាល់ មាន​ព្រះ​បន្ទូល​ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ថា "ព្រះ‌អម្ចាស់​មាន​ព្រះ​បន្ទូល​មក​កាន់ ព្រះ‌អម្ចាស់​របស់​ខ្ញុំ​ថា ចូរ​អង្គុយ​ខាង​ស្តាំ​យើង រហូត​ដល់​យើង​ដាក់​ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ នៅ​ក្រោម​ព្រះ​បាទ​ព្រះ‌អង្គ" ។ ដូច្នេះ បើ​ព្រះ‌បាទ​ដាវីឌ​ផ្ទាល់​ហៅ​ព្រះ‌គ្រីស្ទ​ថា​ព្រះ‌អម្ចាស់ ធ្វើ​ដូច​មេ្តច​ឲ្យ​ព្រះ‌គ្រីស្ទជា​ព្រះ‌រាជ​វង្ស​របស់​ព្រះ‌អង្គ​ទៅ​កើត?» បណ្ដាជន​ជា​ច្រើន​ទាំង​នោះ​ស្តាប់​ព្រះ‌អង្គ​ដោយ​អំណរ។ ពេល​ព្រះ‌អង្គ​បង្រៀន ទ្រង់​មាន​ព្រះ​បន្ទូល​ថា៖ «ចូរ​ប្រយ័ត្ន​នឹង​ពួក​អាចារ្យ ដែល​ដើរ​ចុះ​ឡើង​ទាំង​ពាក់​អាវ​វែង ហើយ​ឲ្យ​គេ​គំនាប់​ខ្លួន​នៅ​តាម​ទី​ផ្សារ។ គេ​ចូល​ចិត្ត​អង្គុយ​កៅ​អី​កិត្តិយស​ក្នុង​សាលា​ប្រជុំ និង​កន្លែង​កិតិ្ត‌យស​ក្នុង​ពិធី​ជប់​លៀង គេ​ស៊ី​បំផ្លាញ​ផ្ទះ​ស្ត្រី​មេម៉ាយ ហើយ​ធ្វើ​ឫក​ជា​អធិស្ឋាន​យូរ។ អ្នក​ទាំង​នោះ​នឹង​ទទួល​ទោស​ធ្ងន់​ជាង​គេ»។ ព្រះ‌យេស៊ូវ​គង់​ទល់​មុខ​ហិប​តង្វាយ ទត​មើល​បណ្តាជន​ដាក់​តង្វាយ​ទៅ​ក្នុង​ហិប​តង្វាយ​នោះ។ អ្នក​មាន​ជា​ច្រើន ដាក់​ប្រាក់​យ៉ាង​ច្រើន។ តែ​មាន​ស្ត្រី​មេម៉ាយ​ក្រ​ម្នាក់ មក​ដាក់​តែ​ពីរ​ស្លឹង ដែល​ត្រូវ​ជា​កន្លះ​សេន។ ពេល​នោះ ព្រះ‌អង្គ​ហៅ​ពួក​សិស្ស​មក ហើយ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​បា្រប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ស្ត្រី​មេម៉ាយ​ក្រ​នេះ​បាន​ដាក់​តង្វាយ​ក្នុង​ហិប ច្រើន​ជាង​គេ​ទាំង​អស់។ ដ្បិត​គេ​ទាំង​អស់​គ្នា​សុទ្ធ​តែ​បាន​ថ្វាយ​ពី​ប្រាក់​សំណល់​របស់​ខ្លួន តែ​ស្ត្រី​នេះ​បាន​ថ្វាយ​អ្វីៗ​ដែល​នាង​មាន​សម្រាប់​ចិញ្ចឹម​ជីវិត ចេញ​ពី​ភាព​ក្រី​ក្រ​របស់​នាង»។

ចែក​រំលែក
អាន ម៉ាកុស 12

ម៉ាកុស 12:1-44 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បន្ទាប់​មក ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ជា​ប្រស្នា​ថា៖ «មាន​បុរស​ម្នាក់​ដាំ​ទំពាំង‌បាយជូរ​មួយ​ចម្ការ។ គាត់​បាន​ធ្វើ​របង​ព័ទ្ធ​ជុំ‌វិញ គាត់​រៀបចំ​កន្លែង​មួយ ដើម្បី​បញ្ជាន់​ផ្លែ​ទំពាំង‌បាយជូរ ព្រម​ទាំង​សង់​ខ្ទម​មួយ​ផង។ បន្ទាប់​មក គាត់​ប្រវាស់​ឲ្យ​ពួក​កសិករ​មើល​ថែ‌ទាំ រួច​ចេញ​ដំណើរ​ពី​ស្រុក​នោះ​ទៅ។ លុះ​ដល់​ទំពាំង‌បាយជូរ​ទុំ គាត់​ក៏​ចាត់​អ្នក​បម្រើ​ម្នាក់​ឲ្យ​មក​ទទួល​ផល ដែល​ជា​ចំណែក​របស់​គាត់​ពី​ពួក​អ្នក​ថែ​ចម្ការ។ គេ​នាំ​គ្នា​ចាប់​អ្នក​បម្រើ​នោះ​វាយ‌ដំ ហើយ​បណ្ដេញ​ឲ្យ​ត្រឡប់​ទៅ​វិញ​ដៃ​ទទេ។ ម្ចាស់​ចម្ការ​ក៏​ចាត់​អ្នក​បម្រើ​ម្នាក់​ទៀត​ឲ្យ​មក ប៉ុន្តែ ពួក​អ្នក​ថែ​ចម្ការ​នាំ​គ្នា​វាយ​ក្បាល​អ្នក​បម្រើ​នោះ ហើយ​ជេរ​ស្ដី​ទៀត​ផង។ ម្ចាស់​ចម្ការ​ចាត់​អ្នក​បម្រើ​ម្នាក់​ផ្សេង​ទៀត​ឲ្យ​មក។ អ្នក​ថែ​ចម្ការ​បាន​សម្លាប់​អ្នក​បម្រើ​នោះ។ បន្ទាប់​មក អ្នក​បម្រើ​ផ្សេង​ទៀត​ជា​ច្រើន​រូប​ក៏​រង​គ្រោះ​ដូច្នោះ​ដែរ ខ្លះ​ត្រូវ​គេ​វាយ‌ដំ ខ្លះ​ត្រូវ​គេ​សម្លាប់។ ម្ចាស់​ចម្ការ​មាន​បុត្រ​ដ៏​ជា​ទី​ស្រឡាញ់​តែ​មួយ​គត់ គាត់​ចាត់​បុត្រ​នោះ​ឲ្យ​មក​ក្រោយ​គេ​បង្អស់ ដោយ​យល់​ថា “គេ​មុខ​ជា​គោរព​កោត​ខ្លាច​កូន​ប្រុស​ខ្ញុំ​មិន​ខាន”។ ប៉ុន្តែ ពួក​កសិករ​ថែ​ចម្ការ​ទាំង​នោះ​ពិគ្រោះ​គ្នា​ថា “អ្នក​នេះ​ជា​អ្នក​ទទួល​កេរ‌មត៌ក​ពី​ម្ចាស់​ចម្ការ​ទៅ​ថ្ងៃ​ក្រោយ យើង​នាំ​គ្នា​សម្លាប់​វា​ទៅ ចម្ការ​នេះ​នឹង​ធ្លាក់​មក​ជា​សម្បត្តិ​របស់​យើង”។ គេ​ក៏​ចាប់​កូន​ប្រុស​ម្ចាស់​ចម្ការ​យក​មក​សម្លាប់ រួច​បោះ​ទៅ​ក្រៅ​ចម្ការ​ទំពាំង‌បាយជូរ។ តើ​ម្ចាស់​ចម្ការ​ធ្វើ​យ៉ាង​ដូច​ម្ដេច? គាត់​មុខ​ជា​មក​សម្លាប់​អ្នក​ថែ‌រក្សា​ចម្ការ​ទាំង​នោះ​មិន​ខាន រួច​ប្រគល់​ចម្ការ​ទំពាំង‌បាយជូរ​ទៅ​ឲ្យ​អ្នក​ផ្សេង​ទៀត។ អ្នក​រាល់​គ្នា​ពិត​ជា​ធ្លាប់​អាន​អត្ថ‌បទ​គម្ពីរ ដែល​មាន​ចែង​ថា: “ថ្ម​ដែល​ពួក​ជាង​សង់​ផ្ទះ​បោះ​ចោល បាន​ត្រឡប់​មក​ជា​គ្រឹះ​ដ៏​សំខាន់​បំផុត។ ព្រះ‌អម្ចាស់​បាន​សម្រេច​ការ‌អស្ចារ្យ​នេះ យើង​បាន​ឃើញ ហើយ​ស្ងើច​សរសើរ​ផង” »។ ពួក​មេ​ដឹក​នាំ​សាសន៍​យូដា​យល់​ថា ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ជា​ពាក្យ​ប្រស្នា​នេះ​សំដៅ​លើ​ពួក​គេ គេ​ក៏​នាំ​គ្នា​រក​មធ្យោ‌បាយ​ចាប់​ព្រះអង្គ ប៉ុន្តែ គេ​ខ្លាច​បណ្ដា‌ជន ដូច្នេះ គេ​ក៏​ចាក​ចេញ​ពី​ព្រះ‌យេស៊ូ​ទៅ។ គេ​ចាត់​ពួក​ខាង​គណៈ​ផារី‌ស៊ី* និង​ពួក​ខាង​ស្ដេច​ហេរ៉ូដ​ខ្លះ​ឲ្យ​ទៅ​ជិត​ព្រះ‌យេស៊ូ ចាំ​ចាប់​កំហុស នៅ​ពេល​ព្រះអង្គ​មាន​ព្រះ‌បន្ទូល។ គេ​នាំ​គ្នា​មក​ទូល​ព្រះអង្គ​ថា៖ «លោក​គ្រូ! យើង​ខ្ញុំ​ដឹង​ថា លោក​មាន​ប្រសាសន៍​សុទ្ធ​តែ​ពិត​ទាំង​អស់ លោក​គ្រូ​ពុំ​យោគ‌យល់ ហើយ​ក៏​ពុំ​រើស​មុខ​នរណា​ឡើយ គឺ​លោក​គ្រូ​ប្រៀន‌ប្រដៅ​អំពី​របៀប​រស់​នៅ​ដែល​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់ តាម​សេចក្ដី​ពិត។ តើ​ច្បាប់*​របស់​យើង​អនុញ្ញាត​ឲ្យ​បង់​ពន្ធដារ​ថ្វាយ​ព្រះចៅ​អធិ‌រាជ​រ៉ូម៉ាំង​ឬ​ទេ? តើ​យើង​ត្រូវ​បង់ ឬ​មិន​ត្រូវ​បង់?»។ ព្រះ‌យេស៊ូ​ឈ្វេង​យល់​ពុត‌ត្បុត​របស់​គេ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ចង់​ចាប់​កំហុស​ខ្ញុំ​ដូច្នេះ? សុំ​យក​ប្រាក់​មួយ​កាក់​មក​ឲ្យ​ខ្ញុំ​មើល​មើល៍»។ គេ​ក៏​យក​ប្រាក់​មួយ​កាក់​មក​ថ្វាយ​ព្រះ‌យេស៊ូ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​សួរ​គេ​ថា៖ «តើ​លើ​កាក់​នេះ​មាន​រូប​នរណា ឈ្មោះ​នរណា?»។ គេ​ឆ្លើយ​ថា៖ «រូប និង​ឈ្មោះ​ព្រះចៅ​អធិរាជ!»។ ព្រះ‌យេស៊ូ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «អ្វីៗ​ដែល​ជា​របស់​ព្រះចៅ​អធិ‌រាជ ចូរ​ថ្វាយ​ទៅ​ព្រះចៅ​អធិ‌រាជ​វិញ​ទៅ ហើយ​អ្វីៗ​ដែល​ជា​របស់​ព្រះ‌ជាម្ចាស់ ចូរ​ថ្វាយ​ទៅ​ព្រះ‌ជាម្ចាស់​វិញ​ដែរ»។ គេ​ងឿង‌ឆ្ងល់​នឹង​ព្រះ‌យេស៊ូ​យ៉ាង​ខ្លាំង។ មាន​ពួក​ខាង​គណៈ‌សាឌូ‌ស៊ី*​ចូល​មក​គាល់​ព្រះអង្គ។ ពួក​សាឌូ‌ស៊ី​មិន​ជឿ​ថា​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ​ទេ។ គេ​ទូល​សួរ​ព្រះ‌យេស៊ូ​ថា៖ «លោក​គ្រូ! លោក​ម៉ូសេ*​បាន​ចែង​ច្បាប់​ទុក​ឲ្យ​យើង​ថា “បើ​បុរស​ណា​មាន​ប្រពន្ធ ហើយ​ស្លាប់​ចោល​ប្រពន្ធ​ទៅ តែ​គ្មាន​កូន​សោះ ត្រូវ​ឲ្យ​ប្អូន​ប្រុស​របស់​បុរស​នោះ​រៀបការ​នឹង​បង​ថ្លៃ ដើម្បី​បន្ដ​ពូជ​ឲ្យ​បង​ប្រុស​របស់​ខ្លួន” ។ ឧបមា​ថា មាន​បងប្អូន​ប្រុសៗ​ប្រាំ‌ពីរ​នាក់។ បុរស​បង​បង្អស់​បាន​រៀបការ ហើយ​ស្លាប់​ទៅ តែ​គ្មាន​កូន​សោះ។ ប្អូន​បន្ទាប់​រៀបការ​នឹង​បង​ថ្លៃ​មេ‌ម៉ាយ រួច​ស្លាប់​ទៅ ទាំង​ឥត​មាន​កូន រីឯ​ប្អូន​ទី​បី​ក៏​ដូច្នោះ​ដែរ។ បងប្អូន​ទាំង​ប្រាំ‌ពីរ​នាក់​សុទ្ធ​តែ​គ្មាន​កូន​ដូច​គ្នា។ នៅ​ទី​បំផុត នាង​ក៏​ស្លាប់​ទៅ​ដែរ។ លុះ​ដល់​ពេល​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ តើ​នាង​ត្រូវ​បាន​ទៅ​ជា​ប្រពន្ធ​របស់​អ្នក​ណា បើ​ប្រាំ‌ពីរ​នាក់​សុទ្ធ​តែ​យក​នាង​ធ្វើ​ជា​ប្រពន្ធ​ដូច្នេះ?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​យល់​ខុស​ហើយ ដ្បិត​អ្នក​រាល់​គ្នា​មិន​ស្គាល់​គម្ពីរ ហើយ​មិន​ស្គាល់​ឫទ្ធា‌នុភាព​របស់​ព្រះ‌ជាម្ចាស់​ផង។ ពេល​មនុស្ស​ស្លាប់​មាន​ជីវិត​រស់​ឡើង​វិញ គេ​មិន​រៀបការ​ប្ដី​ប្រពន្ធ​ទៀត​ឡើយ គឺ​គេ​នឹង​បាន​ដូច​ទេវតា*​នៅ​ស្ថាន​បរម‌សុខ*។ លោក​ម៉ូសេ*​បាន​ចែង​អំពី​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ នៅ​ក្នុង​អត្ថ‌បទ​ស្ដី​អំពី​គុម្ព​បន្លា តើ​អ្នក​រាល់​គ្នា​ធ្លាប់​អាន​ឬ​ទេ? ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ថា “យើង​ជា​ព្រះ​របស់​អប្រាហាំ ជា​ព្រះ​របស់​អ៊ីសាក និង​ជា​ព្រះ​របស់​យ៉ាកុប”។ ព្រះ‌ជាម្ចាស់​មិន​មែន​ជា​ព្រះ​របស់​មនុស្ស​ស្លាប់​ទេ គឺ​ជា​ព្រះ​របស់​មនុស្ស​ដែល​មាន​ជីវិត។ អ្នក​រាល់​គ្នា​យល់​ខុស​ទាំង​ស្រុង​ហើយ!»។ មាន​អាចារ្យ*​ម្នាក់​បាន​ឮ​ពួក​គេ​ជជែក​ជា​មួយ​ព្រះ‌យេស៊ូ ហើយ​ឃើញ​ថា​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ត្រឹម​ត្រូវ គាត់​ក៏​ចូល​ទៅ​ជិត​ទូល​ព្រះអង្គ​ថា៖ «ក្នុង​បណ្ដា​បទ‌បញ្ជា*​ទាំង​អស់ តើ​បទ‌បញ្ជា​ណា​សំខាន់​ជាង​គេ?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «នេះ​ជា​បទ‌បញ្ជា​ទី​មួយ: “អ៊ីស្រា‌អែល​អើយ ចូរ​ស្ដាប់! មាន​តែ​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​យើង​មួយ​ព្រះអង្គ​គត់ ដែល​ពិត​ជា​ព្រះ‌អម្ចាស់។ ត្រូវ​ស្រឡាញ់​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​អ្នក​ឲ្យ​អស់​ពី​ចិត្ត​គំនិត អស់​ពី​ស្មារតី អស់​ពី​ប្រាជ្ញា និង​អស់​ពី​កម្លាំង​កាយ” ។ រីឯ​បទ‌បញ្ជា​ទី​ពីរ​មាន​ចែង​ថា “ត្រូវ​ស្រឡាញ់​បងប្អូន​ឯ​ទៀតៗ​ឲ្យ​បាន​ដូច​ស្រឡាញ់​ខ្លួន​ឯង” ។ គ្មាន​បទ‌បញ្ជា​ណា​សំខាន់​ជាង​បទ‌បញ្ជា​ទាំង​ពីរ​នេះ​ទេ»។ អាចារ្យ​នោះ​ទូល​ព្រះអង្គ​ថា៖ «លោក​គ្រូ លោក​មាន​ប្រសាសន៍​ត្រូវ​ណាស់ ហើយ​ពិត​ផង។ មាន​ព្រះ‌ជាម្ចាស់​តែ​មួយ​ព្រះអង្គ​គត់ ក្រៅ​ពី​ព្រះអង្គ គ្មាន​ព្រះ​ឯ​ណា​ទៀត​ឡើយ។ បើ​យើង​ស្រឡាញ់​ព្រះអង្គ​អស់​ពី​ចិត្ត​គំនិត អស់​ពី​បញ្ញា និង​អស់​ពី​កម្លាំង​កាយ ហើយ​បើ​យើង​ស្រឡាញ់​បងប្អូន​ឯ​ទៀតៗ​ឲ្យ​បាន​ដូច​ស្រឡាញ់​ខ្លួន​ឯង នោះ​ប្រសើរ​ជាង​ថ្វាយ​តង្វាយ​ដុត និង​ថ្វាយ​យញ្ញ‌បូជា​ទៅ​ទៀត»។ កាល​ព្រះ‌យេស៊ូ​ឮ​គាត់​ឆ្លើយ​ដោយ​ប្រាជ្ញា​វាង‌វៃ​ដូច្នេះ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​នៅ​មិន​ឆ្ងាយ​ពី​ព្រះ‌រាជ្យ​របស់​ព្រះ‌ជាម្ចាស់​ទេ»។ បន្ទាប់​មក គ្មាន​នរណា​ហ៊ាន​ដេញ​ដោល​សួរ​ព្រះអង្គ​ទៀត​ឡើយ។ ព្រះ‌យេស៊ូ​បង្រៀន​មនុស្ស‌ម្នា​នៅ​ក្នុង​ព្រះ‌វិហារ*​ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​ពួក​អាចារ្យ​និយាយ​ថា ព្រះ‌គ្រិស្ត​ជា​ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ​ដូច្នេះ? ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជាម្ចាស់​បាន​បំភ្លឺ​ព្រះ‌បាទ​ដាវីឌ​ឲ្យ​មាន​រាជ‌ឱង្ការ​ថា: “ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ​កាន់ ព្រះ‌អម្ចាស់​របស់​ខ្ញុំ​ថា សូម​គង់​ខាង​ស្ដាំ​យើង ទម្រាំ​ដល់​យើង​បង្ក្រាប​ខ្មាំង​សត្រូវ​របស់​ព្រះអង្គ មក​ដាក់​ក្រោម​ព្រះ‌បាទា​របស់​ព្រះអង្គ” ។ បើ​ព្រះ‌បាទ​ដាវីឌ​ផ្ទាល់​ហៅ​ព្រះ‌គ្រិស្ត*​ថា “ព្រះ‌អម្ចាស់” ដូច្នេះ តើ​ឲ្យ​ព្រះ‌គ្រិស្ត​ត្រូវ​ជា​ព្រះ‌រាជ‌វង្ស​របស់​ព្រះអង្គ​ដូច​ម្ដេច​កើត?»។ បណ្ដា‌ជន​ជា​ច្រើន​ចូល​ចិត្ត​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌យេស៊ូ​ណាស់។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​បង្រៀន​គេ​ថា៖ «ចូរ​ប្រយ័ត្ន​នឹង​ពួក​អាចារ្យ*​ឲ្យ​មែន​ទែន អ្នក​ទាំង​នោះ​ចូល​ចិត្ត​ពាក់​អាវ​វែង ដើរ​ចុះ​ដើរ​ឡើង ហើយ​ចូល​ចិត្ត​ឲ្យ​គេ​ឱន​កាយ​គោរព​នៅ​តាម​ផ្សារ ព្រម​ទាំង​រើស​កន្លែង​អង្គុយ​មុខ​គេ ក្នុង​សាលា​ប្រជុំ* និង​ចូល​ចិត្ត​កន្លែង​កិត្តិយស​នៅ​ពេល​ជប់‌លៀង។ គេ​តែង​នាំ​គ្នា​ឆបោក​យក​ទ្រព្យ​សម្បត្តិ​របស់​ស្ត្រី​មេ‌ម៉ាយ ដោយ​ធ្វើ​ឫក​ជា​សូត្រ​ធម៌​យ៉ាង​យូរ។ អ្នក​ទាំង​នេះ​នឹង​ត្រូវ​ទទួល​ទោស​យ៉ាង​ធ្ងន់​បំផុត​ជា​មិន​ខាន»។ ព្រះ‌យេស៊ូ​គង់​នៅ​មុខ​ហិប​តង្វាយ ព្រះអង្គ​ទត​មើល​របៀប​ដែល​បណ្ដា‌ជន​យក​ប្រាក់​មក​ដាក់​ក្នុង​ហិប​នោះ។ អ្នក​មាន​ច្រើន​នាក់​ដាក់​ប្រាក់​ជា​ច្រើន។ មាន​ស្ត្រី​មេ‌ម៉ាយ​ក្រីក្រ​ម្នាក់​មក​ដល់ នាង​យក​ប្រាក់​ពីរ‌សេន​ជា​ចំនួន​ដ៏​តិច‌តួច​បំផុត ដាក់​ក្នុង​ហិប​តង្វាយ​នោះ​ដែរ។ ព្រះ‌យេស៊ូ​ត្រាស់​ហៅ​ពួក​សិស្ស*​មក ហើយ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ស្ត្រី​មេ‌ម៉ាយ​ក្រីក្រ​នេះ​បាន​ដាក់​ប្រាក់​ក្នុង​ហិប​ច្រើន​ជាង​គេ​ទាំង​អស់ ដ្បិត​ពួក​អ្នក​ទាំង​នោះ​យក​ប្រាក់​សំណល់​របស់​ខ្លួន​មក​ដាក់។ រីឯ​ស្ត្រី​មេ‌ម៉ាយ​នេះ​វិញ ទោះ​បី​នាង​ក្រីក្រ​យ៉ាង​ណា​ក៏​ដោយ ក៏​នាង​បាន​យក​ប្រាក់​ដែល​នាង​ត្រូវ​ការ​ជា​ចាំបាច់​មក​ដាក់​ដែរ គឺ​ប្រាក់​ទាំង​ប៉ុន្មាន​ដែល​នាង​មាន​សម្រាប់​ចិញ្ចឹម​ជីវិត»។

ចែក​រំលែក
អាន ម៉ាកុស 12

ម៉ាកុស 12:1-44 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ទ្រង់​ក៏​ចាប់​តាំង​មាន​បន្ទូល​ទៅ​គេ ជា​ពាក្យ​ប្រៀប​ប្រដូច​ថា មាន​មនុស្ស​ម្នាក់​ដែល​ដាំ​ចំការ​ទំពាំង‌បាយ‌ជូរ គាត់​បាន​ធ្វើ​របង​ព័ទ្ធ​ជុំ‌វិញ ព្រម​ទាំង​ជីក​ទី​ជាន់​ផ្លែ នឹង​សង់​ប៉ម ហើយ​ប្រវាស់​ទៅ​ឲ្យ​ពួក​អ្នក​ធ្វើ​ចំការ រួច​ចេញ​ពី​ស្រុក​នោះ​ទៅ ដល់​រដូវ​ហើយ គាត់​ចាត់​បាវ​ម្នាក់​ទៅ​ឯ​ពួក​អ្នក​ធ្វើ​ចំការ ដើម្បី​នឹង​ទទួល​ផល​ខ្លះ​ពី​ពួក​អ្នក​ទាំង​នោះ តែ​គេ​ចាប់​បាវ​នោះ​វាយ ហើយ​ឲ្យ​ត្រឡប់​ទៅ​វិញ​ទទេ គាត់​ចាត់​បាវ​១​ទៀត​ឲ្យ​ទៅ​ឯ​គេ តែ​គេ​ចោល​បាវ​នោះ​នឹង​ថ្ម ទាំង​វាយ​ក្បាល ហើយ​បណ្តេញ​ឲ្យ​ទៅ​វិញ ទាំង​ជេរ​ប្រមាថ​ផង គាត់​ក៏​ចាត់​ម្នាក់​ទៀត តែ​គេ​សំឡាប់​អ្នក​នោះ​បង់ ក៏​បាន​ចាត់​ជា​ច្រើន​នាក់​ទៅ​ទៀត ខ្លះ​ត្រូវ​គេ​វាយ ខ្លះ​ត្រូវ​គេ​សំឡាប់​ចោល គាត់​នៅ​មាន​កូន​សំឡាញ់​តែ​១ ក៏​ចាត់​កូន​នោះ​ឲ្យ​ទៅ​ឯ​គេ​ក្រោយ​បង្អស់ ដោយ​គិត​ថា គេ​នឹង​កោត‌ខ្លាច​ដល់​កូន​អញ តែ​ពួក​អ្នក​ធ្វើ​ចំការ​នោះ គេ​និយាយ​គ្នា​ថា នេះ​ជា​កូន​គ្រង​មរដក ចូរ​យើង​សំឡាប់​វា​ចេញ នោះ​មរដក​នេះ​នឹង​បាន​មក​លើ​យើង​រាល់​គ្នា​វិញ រួច​គេ​ចាប់​កូន​គាត់ សំឡាប់​បោះ​ចោល​ទៅ​ក្រៅ​ចំការ​ទៅ ដូច្នេះ តើ​ម្ចាស់​ចំការ​នឹង​ធ្វើ​ដូច​ម្តេច គឺ​គាត់​នឹង​មក​បំផ្លាញ​ពួក​អ្នក​ធ្វើ​ចំការ​នោះ រួច​ប្រវាស់​ទៅ​ឲ្យ​អ្នក​ឯ​ទៀត​វិញ តើ​អ្នក​រាល់​គ្នា​មិន​បាន​មើល​បទ​គម្ពីរ​នេះ​ផង​ទេ​ឬ​អី ដែល​ថា «ថ្ម​ដែល​ពួក​ជាង​សង់​ផ្ទះ​បាន​ចោល​ចេញ នោះ​បាន​ត្រឡប់​ជា​ថ្ម​ជ្រុង​យ៉ាង​ឯក ការ​នោះ គឺ​ព្រះ‌អម្ចាស់​ទ្រង់​បាន​ធ្វើ ហើយ​ជា​ការ​អស្ចារ្យ​នៅ​ភ្នែក​យើង​ខ្ញុំ» គេ​ក៏​រក​ឱកាស​ចាប់​ទ្រង់ ព្រោះ​ដឹង​ថា ទ្រង់​មាន​បន្ទូល​ពាក្យ​ប្រៀប​នោះ​ដាក់​គេ ប៉ុន្តែ​គេ​ខ្លាច​ហ្វូង​មនុស្ស រួច​គេ​ដើរ​ចោល​ទ្រង់​បាត់​ទៅ។ គេ​បាន​ចាត់​ពួក​ផារិស៊ី​ខ្លះ នឹង​ពួក​ហេរ៉ូឌ​ខ្លះ ទៅ​ឯ​ព្រះ‌យេស៊ូវ ដើម្បី​នឹង​ចាប់​ព្រះ‌បន្ទូល អ្នក​ទាំង​នោះ​ក៏​មក​ឯ​ទ្រង់​ទូល​ថា លោក​គ្រូ យើង​ខ្ញុំ​ដឹង​ថា លោក​ពិត​ត្រង់ ហើយ​ថា លោក​មិន​អំពល់​ដល់​អ្នក​ណា​សោះ ពី​ព្រោះ​លោក​មិន​យល់​មុខ​មនុស្ស​លោក​ទេ លោក​បង្រៀន​តែ​ពី​ផ្លូវ​ព្រះ តាម​សេចក្ដី​ពិត​ប៉ុណ្ណោះ ដូច្នេះ តើ​មាន​ច្បាប់​នឹង​បង់​ពន្ធ​ថ្វាយ​សេសារ​ឬ​ទេ តើ​ត្រូវ​បង់ ឬ​មិន​ត្រូវ​បង់ ប៉ុន្តែ​ទ្រង់​ស្គាល់​ពុត​មាយា​របស់​គេ ក៏​មាន​បន្ទូល​ថា ហេតុ​អ្វី​បាន​ជា​ល្បង​ល​ខ្ញុំ ចូរ​យក​ប្រាក់​កាក់​ធំ​មក​ឲ្យ​ខ្ញុំ​មើល គេ​ក៏​យក​មក រួច​ទ្រង់​មាន​បន្ទូល​សួរ​ថា រូប​នេះ នឹង​ឈ្មោះ​នេះ តើ​ជា​របស់​អ្នក​ណា គេ​ឆ្លើយ​ថា របស់​សេសារ នោះ​ទ្រង់​តប​ទៅ​វិញ​ថា ចូរ​ថ្វាយ​របស់​សេសារ​ទៅ​សេសារ​ទៅ ហើយ​របស់​ព្រះ​ទៅ​ព្រះ​វិញ គេ​ក៏​អស្ចារ្យ​នឹង​ទ្រង់។ ឯ​ពួក​សាឌូស៊ី ដែល​ថា គ្មាន​សេចក្ដី​រស់​ឡើង​វិញ គេ​ក៏​មក​ទូល​សួរ​ទ្រង់​ថា លោក​គ្រូ លោក​ម៉ូសេ​បាន​ចែង​ទុក​ឲ្យ​យើង​ខ្ញុំ​ថា «បើ​បង​របស់​អ្នក​ណា​ស្លាប់​ចោល​ប្រពន្ធ​ឥត​មាន​កូន នោះ​ត្រូវ​ឲ្យ​ប្អូន​យក​ប្រពន្ធ​គាត់ ដើម្បី​នឹង​បង្កើត​ពូជ​ឲ្យ​បង​ខ្លួន» ឥឡូវ មាន​បង​ប្អូន​៧​នាក់ បង​ច្បង​យក​ប្រពន្ធ ហើយ​ស្លាប់​ទៅ​ឥត​មាន​កូន ប្អូន​បន្ទាប់​ក៏​យក​នាង​នោះ ហើយ​ស្លាប់​ទៅ ឥត​មាន​កូន​ដែរ អ្នក​ទី​៣​ក៏​ដូច​គ្នា អ្នក​ទាំង​៧​នោះ​បាន​យក​នាង តែ​គ្មាន​កូន​១​សោះ ក្រោយ​បង្អស់​មក នាង​នោះ​ក៏​ស្លាប់​ទៅ​ដែរ ដូច្នេះ ដល់​គ្រា​ដែល​រស់​ឡើង​វិញ តើ​នាង​នោះ​ត្រូវ​បាន​ជា​ប្រពន្ធ​របស់​អ្នក​ណា​ក្នុង​បណ្តា​អ្នក​ទាំង​នោះ ពី​ព្រោះ​អ្នក​ទាំង​៧​បាន​យក​នាង​គ្រប់ៗ​គ្នា ព្រះ‌យេស៊ូវ​មាន​បន្ទូល​ឆ្លើយ​ទៅ​គេ​ថា ដូច្នេះ អ្នក​រាល់​គ្នា​ភាន់‌ច្រឡំ​ទេ​តើ ពី​ព្រោះ​មិន​ស្គាល់​គម្ពីរ ឬ​ព្រះ‌ចេស្តា​នៃ​ព្រះ ដ្បិត​កាល​ណា​មនុស្ស​រស់​ពី​ស្លាប់​ឡើង​វិញ នោះ​មិន​ដែល​យក​គ្នា​ជា​ប្ដី​ប្រពន្ធ​ទៀត​ទេ គេ​បាន​ដូច​ជា​ទេវតា​នៅ​ស្ថាន‌សួគ៌​វិញ ឯ​ដំណើរ​ដែល​មនុស្ស​ស្លាប់​រស់​ឡើង​វិញ នោះ​តើ​អ្នក​រាល់​គ្នា​មិន​បាន​មើល​រឿង​ពី​គុម្ព​បន្លា ដែល​មាន​នៅ​ក្នុង​គម្ពីរ​របស់​លោក​ម៉ូសេ​ទេ​ឬ​អី ដែល​ព្រះ‌ទ្រង់​មាន​បន្ទូល​នឹង​លោក​ថា «អញ​ជា​ព្រះ​នៃ​អ័ប្រាហាំ ជា​ព្រះ​នៃ​អ៊ីសាក ហើយ​ជា​ព្រះ​នៃ​យ៉ាកុប» ទ្រង់​មិន​មែន​ជា​ព្រះ​នៃ​មនុស្ស​ស្លាប់​ទេ គឺ​ជា​ព្រះ​នៃ​មនុស្ស​រស់​វិញ​ទេ​តើ អ្នក​រាល់​គ្នា​ភាន់‌ច្រឡំ​ខ្លាំង​ណាស់។ នោះ​មាន​អាចារ្យ​ម្នាក់​ចូល​មក​ឮ​ជជែក​គ្នា ក៏​យល់​ឃើញ​ថា ទ្រង់​បាន​ឆ្លើយ​ត្រូវ​ចំ រួច​គាត់​ទូល​សួរ​ទ្រង់​ថា ក្នុង​បញ្ញត្ត​ទាំង​ប៉ុន្មាន តើ​មាន​បទ​ណា​សំខាន់​ជាង​គេ​ទាំង​អស់ ព្រះ‌យេស៊ូវ​មាន​បន្ទូល​ឆ្លើយ​ថា ឯ​បញ្ញត្ត​ដែល​សំខាន់​ជាង​គេ នោះ​គឺ​ថា «ចូរ​ស្តាប់​ចុះ អ៊ីស្រាអែល​អើយ ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ ទ្រង់​ជា​ព្រះ‌អម្ចាស់​តែ​១​ព្រះ‌អង្គ​ទ្រង់ ហើយ​ឯង​ត្រូវ​ស្រឡាញ់ ដល់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ឯង ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង អស់​អំពី​គំនិត ហើយ​អស់​អំពី​កំឡាំង​នៃ​ឯង» នោះ​ហើយ​ជា​បញ្ញត្ត​ទី​១ ឯ​បញ្ញត្ត​ទី​២ ក៏​បែប​ដូច​គ្នា គឺ​ថា «ត្រូវ​ឲ្យ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង» គ្មាន​បញ្ញត្ត​ណា​ទៀត​ធំ​ជាង​បទ​ទាំង​២​នេះ​ទេ អាចារ្យ​នោះ​ក៏​ទូល​ទ្រង់​ថា មែន​ហើយ លោក​គ្រូ លោក​មាន​ប្រសាសន៍​ត្រូវ​ណាស់​ថា មាន​ព្រះ​តែ​១ ហើយ​ក្រៅ​ពី​ទ្រង់ គ្មាន​ព្រះ​ណា​ទៀត​សោះ ហើយ​ដែល​ស្រឡាញ់​ទ្រង់​អស់​ពី​ចិត្ត អស់​ពី​ប្រាជ្ញា អស់​ពី​ព្រលឹង នឹង​អស់​ពី​កំឡាំង ហើយ​ដែល​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង នោះ​វិសេស​លើស​ជាង​អស់​ទាំង​ដង្វាយ​ដុត នឹង​យញ្ញ‌បូជា​ទាំង​ប៉ុន្មាន​ទៅ​ទៀត កាល​ព្រះ‌យេស៊ូវ​បាន​ឃើញ​ថា គាត់​ឆ្លើយ​ដោយ​ប្រាជ្ញា នោះ​ក៏​មាន​បន្ទូល​ទៅ​គាត់​ថា អ្នក​មិន​ឆ្ងាយ​ពី​នគរ​ព្រះ​ទេ រួច​គ្មាន​អ្នក​ណា​ហ៊ាន​ទូល​សួរ​ទ្រង់​ទៀត​ឡើយ។ កំពុង​ដែល​ព្រះ‌យេស៊ូវ​បង្រៀន​ក្នុង​ព្រះ‌វិហារ នោះ​ទ្រង់​មាន​បន្ទូល​សួរ​ថា ហេតុ​អ្វី​បាន​ជា​ពួក​អាចារ្យ​ថា ព្រះ‌គ្រីស្ទ​ជា​ព្រះ‌វង្ស​ហ្លួង​ដាវីឌ ដ្បិត​ហ្លួង​ដាវីឌ​មាន​បន្ទូល​ដោយ​នូវ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ថា «ព្រះ‌អម្ចាស់​ទ្រង់​មាន​បន្ទូល​ទៅ​ព្រះ‌អម្ចាស់​ខ្ញុំ​ថា ចូរ​ឯង​អង្គុយ​ខាង​ស្តាំ​អញ ទាល់​តែ​អញ​ដាក់​ខ្មាំង​សត្រូវ​ឯង ឲ្យ​ធ្វើ​ជា​កំណល់​កល់​ជើង​ឯង» ដូច្នេះ បើ​ហ្លួង​ដាវីឌ​នោះ​ឯង ទ្រង់​ហៅ​ព្រះ‌គ្រីស្ទ​ជា​ព្រះ‌អម្ចាស់ នោះ​ធ្វើ​ដូច‌មេ្ដច​ឲ្យ​ព្រះ‌គ្រីស្ទ​ធ្វើ​ជា​ព្រះ‌វង្ស​ទ្រង់​បាន ឯ​ហ្វូង​មនុស្ស​ដ៏​ធំ​នោះ គេ​ក៏​ស្តាប់​ទ្រង់​ដោយ​អំណរ។ កំពុង​ដែល​ទ្រង់​បង្រៀន នោះ​ក៏​មាន​បន្ទូល​ទៅ​គេ​ថា ចូរ​ប្រុង‌ប្រយ័ត​នឹង​ពួក​អាចារ្យ ដែល​គេ​ចូល​ចិត្ត​ពាក់​អាវ​វែងៗ​ដើរ​ចុះ​ឡើង ហើយ​ឲ្យ​គេ​គំនាប់​ខ្លួន​នៅ​ទី​ផ្សារ នឹង​អង្គុយ​ទី​មុខ​គេ​នៅ​ក្នុង​សាលា​ប្រជុំ ហើយ​នៅ​កន្លែង​លេខ​១​ក្នុង​ការ​ស៊ី‌លៀង គេ​ឆ​ស៊ី​ផ្ទះ​ស្ត្រី​មេម៉ាយ ដោយ​សូត្រ​ធម៌​ឲ្យ​ច្រើន ដើម្បី​ដោះ‌សា​ខ្លួន ពួក​អ្នក​ទាំង​នោះ​នឹង​ត្រូវ​ទោស​ធ្ងន់​ជាង​ទៅ​ទៀត។ គ្រា​នោះ ព្រះ‌យេស៊ូវ​គង់​ទល់​មុខ​នឹង​ឃ្លាំង ក៏​ទត​មើល​ទៅ​ហ្វូង​មនុស្ស ដែល​គេ​ដាក់​ដង្វាយ​ក្នុង​ឃ្លាំង​ជា​យ៉ាង​ដូច‌មេ្ដច មាន​អ្នក​មាន​ជា​ច្រើន គេ​ដាក់​ច្រើន តែ​មាន​ស្រី​មេម៉ាយ​ក្រ​ម្នាក់ មក​ដាក់​តែ​២​ស្លឹង ដែល​ត្រូវ​ជា​កន្លះ​សេន ទ្រង់​ហៅ​ពួក​សិស្ស​មក​មាន​បន្ទូល​ថា ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ស្រី​មេម៉ាយ​ក្រ​នេះ​បាន​ថ្វាយ​លើស​ជាង​អ្នក​ទាំង​អស់ ដែល​ដាក់​ក្នុង​ឃ្លាំង ដ្បិត​គេ​សុទ្ធ​តែ​យក​ពី​របស់​ជា​សំណល់​ខ្លួន​មក​ថ្វាយ តែ​ស្ត្រី​នេះ​បាន​យក​ពី​សេចក្ដី​កំសត់​ខ្លួន​មក​ថ្វាយ​វិញ គឺ​ជា​របស់​ដែល​នាង​មាន​ទាំង​ប៉ុន្មាន​សំរាប់​ចិញ្ចឹម​ជីវិត​ខ្លួន​ផង។

ចែក​រំលែក
អាន ម៉ាកុស 12

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ