ម៉ាកុស 10:1-52

ម៉ាកុស 10:1-52 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេស៊ូវ​យាង​ចេញ​ពី​ទី​នោះ ទៅ​កាន់​ស្រុក​យូដា និង​នៅ​ខាង​នាយ​ទន្លេ​យ័រ‌ដាន់។ ពេល​នោះ មហាជន​នាំ​គ្នា​មក​ចោម​រោម​ព្រះ‌អង្គ​ម្តង​ទៀត ហើយ​ព្រះ‌អង្គ​ក៏​បង្រៀន​គេ​តាម​ទម្លាប់​របស់​ព្រះ‌អង្គ។ មាន​ពួក​ផារិ‌ស៊ី​ខ្លះ​បាន​ចូល​មក​ល្បង​ល​ព្រះ‌អង្គ ដោយ​សួរ​ថា៖ «តើ​មាន​ច្បាប់​ឲ្យ​បុរស​លែង​ប្រពន្ធ​បាន​ឬ​ទេ?» ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ឆ្លើយ​ទៅ​គេ​ថា៖ «តើ​លោក​ម៉ូសេ​បាន​បង្គាប់​អ្នក​រាល់​គ្នា​ដូច​ម្តេច?» គេ​ទូល​ថា៖ «លោក​ម៉ូសេ​អនុញ្ញាត​ឲ្យ​បុរស​សរសេរ​សំបុត្រ​លែង​លះ ហើយ​ឲ្យ​លែង​នាង​បាន»។ ប៉ុន្តែ ព្រះ‌យេស៊ូវ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «លោក​បាន​ចែង​បទ‌បញ្ជា​ដូច្នេះ​សម្រាប់​អ្នក​រាល់​គ្នា ព្រោះ​តែ​អ្នក​រាល់​គ្នា​មាន​ចិត្ត​រឹង​រូស។ ប៉ុន្តែ តាំង​ពី​ដើម​កំណើត​ពិភព​លោក​មក "ព្រះ​បាន​បង្កើត​គេ​ជា​ប្រុស​ជា​ស្រី" "ដោយ​ហេតុ​នេះ​បាន​ជា​បុរស​ត្រូវ​ចាក​ចេញ​ពី​ឪពុក‌ម្តាយ [ទៅ​រួម​រស់​ជា​មួយ​ប្រពន្ធ​របស់​ខ្លួន] ហើយ​អ្នក​ទាំង​ពីរ​នឹង​ត្រឡប់​ជា​សាច់​តែ​មួយ "។ ដូច្នេះ គេ​មិន​មែន​ពីរ​នាក់​ទៀត​ទេ គឺ​ជា​សាច់​តែ​មួយ​វិញ។ ដូច្នេះ មនុស្ស​ដែល​ព្រះ​បាន​ផ្សំ‌ផ្គុំ​ហើយ មិន​ត្រូវ​ឲ្យ​អ្នក​ណា​មក​ពង្រាត់​ឡើយ»។ ពេល​ចូល​ក្នុង​ផ្ទះ ពួក​សិស្ស​ទូល​សួរ​ព្រះ‌អង្គ​អំពី​រឿង​នេះ​ម្តង​ទៀត។ ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «អ្នក​ណា​លែង​ប្រពន្ធ ហើយ​រៀប​ការ​នឹង​ស្ត្រី​ម្នាក់​ទៀត អ្នក​នោះ​ផិត​ក្បត់​នឹង​ប្រពន្ធ ហើយ​បើ​នាង​លែង​ប្តី រួច​រៀប​ការ​នឹង​បុរស​ម្នាក់​ទៀត ស្ត្រី​នោះ​ក៏​ផិត​ក្បត់​ដែរ»។ មាន​មនុស្ស​នាំ​ក្មេង​តូចៗ​មក​ថ្វាយ​ព្រះ‌អង្គ ដើម្បី​ឲ្យ​ព្រះ‌អង្គ​ពាល់​ពួក​គេ ប៉ុន្តែ ពួក​សិស្ស​បន្ទោស​អ្នក​ទាំង​នោះ។ កាល​ព្រះ‌យេស៊ូវ​ឃើញ​ដូច្នោះ ព្រះ‌អង្គ​ទាស់​ព្រះ‌ហឫ‌ទ័យ​ជា​ខ្លាំង ហើយ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «ទុក​ឲ្យ​ក្មេងៗ​មក​រក​ខ្ញុំ​ចុះ កុំ​ឃាត់​ពួក​គេ​ឡើយ ដ្បិត​ព្រះរាជ្យ​របស់​ព្រះ​ជា​របស់​មនុស្ស ដូច​ក្មេងៗ​ទាំង​នេះ​ឯង»។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា៖ «អ្នក​ណា​មិន​ទទួល​ព្រះរាជ្យ​របស់​ព្រះ ដូច​ជា​ក្មេង​តូច​មួយ​នេះ​ទេ អ្នក​នោះ​មិន​អាច​ចូល​ក្នុង​ព្រះរាជ្យ​របស់​ព្រះ​បាន​ឡើយ»។ បន្ទាប់​មក ព្រះ‌អង្គ​លើក​ក្មេង​ទាំង​នោះ​ឡើង ដាក់​ព្រះ‌ហស្ត​លើ ហើយ​ប្រទាន​ពរ​ពួក​គេ។ កាល​ព្រះ‌អង្គ​កំពុង​ចេញ​ដំណើរ​ទៅ មាន​បុរស​ម្នាក់​រត់​មក ហើយ​លុត​ជង្គង់​ចុះ​នៅ​ចំពោះ​ព្រះ‌អង្គ ទូល​ថា៖ «លោក​គ្រូ​ល្អ​អើយ! តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូច​ម្តេច​ដើម្បី​ឲ្យ​បាន​ជីវិត​អស់​កល្ប​ជា‌និច្ច​ទុក​ជា​មត៌ក?» ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​ហៅ​ខ្ញុំ​ថា​ល្អ​ដូច្នេះ? គ្មាន​អ្នក​ណា​ល្អ​ទេ មាន​តែ​ព្រះ​មួយ​អង្គ​ប៉ុណ្ណោះ។ អ្នក​ស្គាល់​ព្រះឱវាទ​ហើយ​ថា "កុំ​សម្លាប់​មនុស្ស កុំ​ផិត​ក្បត់ កុំ​លួច កុំ​ធ្វើ​បន្ទាល់​ក្លែង​ក្លាយ កុំ​កេង​បន្លំ ចូរ​គោរព​ឪពុក‌ម្តាយ​របស់​អ្នក "»។ បុរស​នោះ​ទូល​ព្រះ‌អង្គ​ថា៖ «លោក​គ្រូ ខ្ញុំ​បាន​កាន់​តាម​សេចក្តី​ទាំង​នោះ តាំង​ពី​ក្មេង​មក»។ ព្រះ‌យេស៊ូវ​ទត​ទៅ​គាត់ ទ្រង់​ស្រឡាញ់​គាត់ ហើយ​មាន​ព្រះ​បន្ទូល​ថា៖ «អ្នក​នៅ​ខ្វះ​ការ​មួយ ចូរ​ទៅ​លក់​អ្វីៗ​ដែល​អ្នក​មាន ហើយ​យក​លុយ​ទៅ​ឲ្យ​អ្នក​ក្រ​ទៅ នោះ​អ្នក​នឹង​មាន​ទ្រព្យ‌សម្បត្តិ​នៅ​ស្ថាន‌សួគ៌ រួច​ហើយ​មក​តាម​ខ្ញុំ»។ ពេល​គាត់​ឮ​ដូច្នេះ គាត់​មាន​ទឹក​មុខ​ស្រ​ពោន ហើយ​ចេញ​ទៅ​ទាំង​ព្រួយ​ចិត្ត ព្រោះ​គាត់​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ណាស់។ ព្រះ‌យេស៊ូវ​ទត​មើល​ជុំ​វិញ ហើយ​មាន​ព្រះ​បន្ទូល​ទៅ​ពួក​សិស្ស​របស់​ព្រះ‌អង្គ​ថា៖ «អ្នក​មាន​ចូល​ទៅ​ក្នុង​ព្រះរាជ្យ​របស់​ព្រះ​ពិបាក​ណាស់!» ពួក​សិស្ស​ងឿង​ឆ្ងល់​នឹង​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ តែ​ព្រះ​យេស៊ូវ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ម្តង​ទៀត​ថា៖ «កូន​អើយ ព្រះរាជ្យ​របស់​ព្រះ​ពិបាក​ចូល​ណាស់! សត្វ​អូដ្ឋ​ចូល​តាម​ប្រហោង​ម្ជុល ងាយ​ជាង​អ្នក​មាន​ចូល​ទៅ​ក្នុង​ព្រះរាជ្យ​របស់​ព្រះ​ទៅ​ទៀត»។ ពួក​សិស្ស​នឹក​ប្លែក​ក្នុង​ចិត្ត​ជា​ខ្លាំង ហើយ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «ដូច្នេះ តើ​អ្នក​ណា​អាច​ទទួល​ការ​សង្គ្រោះ​បាន?» ព្រះ‌យេស៊ូវ​ទត​ទៅ​គេ ហើយ​មាន​ព្រះ​បន្ទូល​ថា៖ «ការ​នេះ​មនុស្ស​មិន​អាច​ធ្វើ​បាន​ទេ តែ​ព្រះ​អាច​ធ្វើ​បាន ដ្បិត​ព្រះ​អាច​ធ្វើ​គ្រប់​ការ​ទាំង​អស់​បាន»។ ពេត្រុស​ចាប់​ផ្ដើម​ទូល​ព្រះ‌អង្គ​ថា៖ «មើល៍ យើង​ខ្ញុំ​បាន​លះ​ចោល​អ្វីៗ​ទាំង​អស់​មក​តាម​ព្រះ‌អង្គ​ហើយ»។ ព្រះ‌យេស៊ូវ​មាន​ព្រះ​បន្ទូល​ថា៖ «ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា គ្មាន​អ្នក​ណា​ដែល​លះ​ចោល​ផ្ទះ​សំបែង បង‌ប្អូន​ប្រុស​ស្រី ឪពុក‌ម្តាយ កូន ឬ​ស្រែ​ចម្ការ ដោយ​ព្រោះ​ខ្ញុំ និង​ដោយ​ព្រោះ​ដំណឹង​ល្អ ហើយ​មិន​បាន​ទទួល​មួយ​ជា​មួយ​រយ ក្នុង​សម័យ​នេះ​នោះ​ឡើយ គឺ​ជា​ផ្ទះ​សំបែង បង‌ប្អូន​ប្រុស​ស្រី ម្តាយ កូន និង​ស្រែ​ចម្ការ ព្រម​ទាំង​ការ​បៀត‌បៀន​ដែរ ហើយ​នៅ​ឯ​បរ‌លោក នឹង​បាន​ជីវិត​រស់​អស់​កល្ប​ជា‌និច្ច​ថែម​ទៀត​ផង។ តែ​មនុស្ស​ជា​ច្រើន​ដែល​ជា​អ្នក​មុន នឹង​ទៅ​ជា​ក្រោយ ហើយ​អ្នក​ក្រោយ​នឹង​ទៅ​ជា​មុន​វិញ»។ កាល​ពួក​គេ​កំពុង​ដើរ​តាម​ផ្លូវ ឡើង​ទៅ​ក្រុង​យេរូ‌សាឡិម ព្រះ‌យេស៊ូវ​យាង​នាំ​មុខ​គេ។ ពួក​សិស្ស​មាន​ចិត្ត​វិល​វល់ ហើយ​អស់​អ្នក​ដែល​ដើរ​តាម​ក្រោយ​ក៏​ភ័យ​ខ្លាច។ ព្រះ‌អង្គ​នាំ​អ្នក​ទាំង​ដប់​ពីរ​ទៅ​ដោយ​ឡែក​ម្តង​ទៀត ហើយ​ចាប់​ផ្ដើម​មាន​ព្រះ​បន្ទូល​ប្រាប់​អំពី​ការ​ដែល​ត្រូវ​កើត​ឡើង​ដល់​ព្រះ‌អង្គ​ថា៖ «មើល៍ យើង​ឡើង​ទៅ​ក្រុង​យេរូ‌សាឡិម ហើយ​កូន​មនុស្ស​នឹង​ត្រូវ​គេ​បញ្ជូន​ទៅ​ឲ្យ​ពួក​សង្គ្រាជ និង​ពួក​អាចារ្យ គេ​នឹង​កាត់​ទោស​ប្រហារ​ជីវិត​លោក រួច​បញ្ជូន​លោក​ទៅ​ឲ្យ​ពួក​សាសន៍​ដទៃ។ ពួក​នោះ​នឹង​ចំអក​ឲ្យ​លោក ស្តោះ​ទឹក​មាត់​ដាក់​លោក វាយ​លោក​នឹង​រំពាត់ ហើយ​សម្លាប់​លោក តែ​បី​ថ្ងៃ​ក្រោយ​មក លោក​នឹង​រស់​ឡើង​វិញ»។ យ៉ាកុប និង​យ៉ូហាន ជា​កូន​លោក​សេបេ‌ដេ ចូល​មក​ជិត​ព្រះ‌អង្គ ទូល​ថា៖ «លោក​គ្រូ សូម​លោក​គ្រូ​យល់​ព្រម​តាម​សំណូម​របស់​យើង​ខ្ញុំ​ផង»។ ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​សួរ​ថា៖ «តើ​អ្នក​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ឲ្យ​អ្នក?» គេ​ទូល​ព្រះ‌អង្គ​ថា៖ «ពេល​លោក​គ្រូ​គង់​លើ​បល្ល័ង្ក​ដ៏​រុង​រឿង សូម​ប្រោស​ប្រទាន​ឲ្យ​យើង​ខ្ញុំ​បាន​អង្គុយ​អម​លោក​គ្រូ ម្នាក់​ខាង​ស្តាំ ហើយ​ម្នាក់​ខាង​ឆ្វេង​ផង»។ ប៉ុន្ដែ ព្រះ‌យេស៊ូវ​មាន​ព្រះ​បន្ទូល​ថា៖ «អ្នក​មិន​ដឹង​ថា​ខ្លួន​កំពុង​សុំ​អ្វី​ឡើយ តើ​អ្នក​អាច​នឹង​ផឹក​អំពី​ពែង ដែល​ខ្ញុំ​ត្រូវ​ផឹក ហើយ​ទទួល​ពិធី​ជ្រមុជ​ដែល​ខ្ញុំ​ត្រូវ​ទទួល​បាន​ឬ​ទេ?» គេ​ទូល​ឆ្លើយ​ថា៖ «យើង​ខ្ញុំ​អាច​ទទួល​បាន»។ ព្រះ‌យេស៊ូវ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «អ្នក​នឹង​ផឹក​ពី​ពែង​ដែល​ខ្ញុំ​ផឹក ហើយ​ទទួល​ពិធី​ជ្រមុជ​ដែល​ខ្ញុំ​ទទួល​មែន តែ​ដែល​អង្គុយ​ខាង​ស្តាំ ឬ​ខាង​ឆ្វេង​ខ្ញុំ នោះ​មិន​មែន​ស្រេច​លើ​ខ្ញុំ​ទេ គឺ​សម្រាប់​អស់​អ្នក​ដែល​ព្រះ​បាន​រៀប​ចំ​ទុក​ឲ្យ​ប៉ុណ្ណោះ»។ កាល​សិស្ស​ដប់​នាក់​ទៀត​បាន​ឮ​ដូច្នោះ គេ​ចា​ប់​ផ្ដើម​ខឹង​នឹង​យ៉ាកុប និង​យ៉ូហាន។ ព្រះ‌យេស៊ូវ​ហៅ​អ្នក​ទាំង​នោះ​មក ហើយ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​ដឹង​ថា ក្នុង​ចំណោម​ពួក​សាសន៍​ដទៃ អស់​អ្នក​ដែល​គេ​ចាត់​ទុក​ជា​អ្នក​គ្រប់​គ្រង គេ​ជិះ​ជាន់​លើ​ប្រជារាស្រ្ត ហើយ​ពួក​អ្នក​ធំ​របស់​គេ ក៏​ប្រើ​អំណាច​លើ​គេ​ដែរ។ ប៉ុន្តែ ក្នុង​ចំណោម​អ្នក​រាល់​គ្នា មិន​មែន​ដូច្នោះ​ឡើយ អ្នក​ណា​ដែល​ចង់​ធ្វើ​ធំ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា អ្នក​នោះ​ត្រូវ​ធ្វើ​ជា​អ្នក​បម្រើ​អ្នក​រាល់​គ្នា។ អ្នក​ណា​ដែល​ចង់​បាន​ជា​លេខ​មួយ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា អ្នក​នោះ​ត្រូវ​ធ្វើ​ជា​បាវ​បម្រើ​ដល់​អ្នក​ទាំង​អស់។ ដ្បិត​កូន​មនុស្ស​បាន​មក មិន​មែន​ឲ្យ​គេ​បម្រើ​លោក​ទេ គឺ​មក​ដើម្បី​បម្រើ​គេ​វិញ ទាំង​ប្រគល់​ជីវិត​ខ្លួន ជា​ថ្លៃ​លោះ​ដល់​មនុស្ស​ជា​ច្រើន»។ ពួក​គេ​បាន​មក​ដល់​ក្រុង​យេរី‌ខូរ។ ពេល​ព្រះ‌អង្គ និង​ពួក​សិស្ស ព្រម​ទាំង​បណ្ដាជន​ច្រើន​កុះ​ករ ធ្វើ​ដំណើរ​ចេញ​ពី​ក្រុង​យេរីខូរ មាន​មនុស្ស​ខ្វាក់​ឈ្មោះ​បារទី‌មេ ជា​កូន​របស់​លោក​ទី​មេ កំពុង​អង្គុយ​សុំ​ទាន​នៅ​ក្បែរ​ផ្លូវ។ កាល​គាត់​ឮ​ថា នោះ​ជា​ព្រះ‌យេស៊ូវ​អ្នក​ស្រុក​ណាសា‌រ៉ែត គាត់​ក៏​ស្រែក​ឡើង​ថា៖ «ព្រះ‌យេស៊ូវ ជា​ព្រះ‌រាជ​វង្ស​ព្រះ​បាទ​ដាវីឌ​អើយ! សូម​អាណិត​មេត្តា​ទូល​បង្គំ​ផង»។ មនុស្ស​ជា​ច្រើន​គំរាម​គាត់​ឲ្យ​នៅ​ស្ងៀម តែ​គាត់​ស្រែក​រឹត​តែ​ខ្លាំង​ឡើង​ថា៖ «ព្រះ‌រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ​អើយ! សូម​អាណិត​មេត្តា​ទូល​បង្គំ​ផង!» ព្រះ‌យេស៊ូវ​ឈប់ ហើយ​មាន​ព្រះ​បន្ទូល​ថា៖ «ចូរ​ហៅ​គាត់​មក»។ គេ​ក៏​ហៅ​បុរស​ខ្វាក់​នោះ​មក ដោយ​ពោល​ទៅ​គាត់​ថា៖ «ចូរ​សង្ឃឹម​ចុះ ហើយ​ក្រោក​ឡើង លោក​ហៅ​អ្នក»។ គាត់​ក៏​បោះ​អាវ​ធំ​ចោល ស្ទុះ​ក្រោក​ឡើង ហើយ​មក​រក​ព្រះ‌យេស៊ូវ។ ព្រះ​យេស៊ូវ​មាន​ព្រះ​បន្ទូល​សួរ​គាត់​ថា៖ «តើ​អ្នក​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ឲ្យ​អ្នក?» បុរស​ខ្វាក់​នោះ​ទូល​ព្រះ‌អង្គ​ថា៖ «លោក​គ្រូ! សូម​ប្រោស​ភ្នែក​ទូល​បង្គំ​ឲ្យ​បាន​ភ្លឺ​ផង!» ព្រះ‌យេស៊ូវ​មាន​ព្រះ​បន្ទូល​ទៅ​គាត់​ថា៖ «ចូរ​អញ្ជើញ​ទៅ​ចុះ ជំនឿ​របស់​អ្នក បាន​ធ្វើ​ឲ្យ​អ្នក​ជា​សះ​ស្បើយ​ហើយ»។ រំពេច​នោះ គាត់​មើល​ឃើញ​ភា្លម រួច​ដើរ​តាម​ពី​ក្រោយ​ព្រះ‌អង្គ​ទៅ។

ចែក​រំលែក
អាន ម៉ាកុស 10

ម៉ាកុស 10:1-52 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌យេស៊ូ​យាង​ចេញ​ពី​ទី​នោះ​ឆ្ពោះ​ទៅ​ស្រុក​យូដា និង​ត្រើយ​ខាង​នាយ​ទន្លេ​យ័រដាន់។ មហា‌ជន​នាំ​គ្នា​ទៅ​រក​ព្រះអង្គ​សា​ជា​ថ្មី ព្រះអង្គ​ក៏​ចាប់​ផ្ដើម​បង្រៀន​គេ​តាម​ទម្លាប់​របស់​ព្រះអង្គ។ មាន​ពួក​ខាង​គណៈ​ផារី‌ស៊ី*​ចូល​មក​ជិត ក្នុង​គោល​បំណង​ល្បង‌ល​មើល​ព្រះអង្គ។ គេ​ទូល​សួរ​ព្រះអង្គ​ថា៖ «តើ​ស្វាមី​មាន​សិទ្ធិ​លែង​ភរិយា​បាន​ឬ​ទេ?»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «តើ​លោក​ម៉ូសេ​បង្គាប់​អ្នក​រាល់​គ្នា​ឲ្យ​ធ្វើ​អ្វី?»។ គេ​ទូល​តប​ថា៖ «លោក​ម៉ូសេ​អនុញ្ញាត​ឲ្យ​ស្វាមី​ធ្វើ​លិខិត​លែង‌លះ​ប្រពន្ធ​បាន»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «លោក​ម៉ូសេ​ចែង​បទ‌បញ្ជា*​ទាំង​នេះ​ឲ្យ​អ្នក​រាល់​គ្នា ព្រោះ​តែ​អ្នក​រាល់​គ្នា​មាន​ចិត្ត​រឹង‌រូស។ ប៉ុន្តែ កាល​ដើម​ដំបូង នៅ​ពេល​ដែល​ព្រះ‌ជាម្ចាស់​បាន​បង្កើត​ពិភព​លោក ព្រះអង្គ​បង្កើត​មនុស្ស​មក​ជា​បុរស​ជា​ស្ត្រី ។ “ហេតុ​នេះ​ហើយ​បាន​ជា​បុរស​ត្រូវ​ចាក​ចេញ​ពី​ឪពុក​ម្ដាយ [ទៅ​រួម​រស់​ជា​មួយ​ភរិយា​របស់​ខ្លួន] ហើយ​អ្នក​ទាំង​ពីរ​ត្រឡប់​ទៅ​ជា​រូប​កាយ​តែ​មួយ” គេ​មិន​មែន​ជា​បុគ្គល​ពីរ​នាក់​ទៀត​ទេ គឺ​ជា​រូប​កាយ​តែ​មួយ​វិញ។ ដូច្នេះ មនុស្ស​មិន​ត្រូវ​បំបាក់​បំបែក​គូ‌ស្រករ ដែល​ព្រះ‌ជាម្ចាស់​បាន​ផ្សំ​ផ្គុំ​នោះ​ឡើយ»។ ពេល​ទៅ​ដល់​ផ្ទះ ពួក​សិស្ស​ទូល​សួរ​ព្រះ‌យេស៊ូ​អំពី​រឿង​នេះ​ម្ដង​ទៀត។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ប្រសិន​បើ​ស្វាមី​ណា​លែង​ភរិយា ហើយ​ទៅ​រៀបការ​នឹង​ស្ត្រី​ម្នាក់​ទៀត ស្វាមី​នោះ​បាន​ផិត​ក្បត់​ភរិយា​របស់​ខ្លួន។ រីឯ​ភរិយា​ណា​ដែល​លែង​ស្វាមី ហើយ​ទៅ​រៀបការ​នឹង​បុរស​ម្នាក់​ទៀត ស្ត្រី​នោះ​ក៏​បាន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ដែរ»។ មាន​មនុស្ស‌ម្នា​នាំ​ក្មេង​តូចៗ​មក​ឲ្យ​ព្រះ‌យេស៊ូ​ដាក់​ព្រះ‌ហស្ដ​លើ​ពួក​វា ប៉ុន្តែ ពួក​សិស្ស*​ស្ដី​បន្ទោស​អ្នក​ទាំង​នោះ។ កាល​ព្រះ‌យេស៊ូ​ឃើញ​ដូច្នោះ ព្រះអង្គ​ទាស់​ព្រះ‌ហឫទ័យ​ណាស់ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «ទុក​ឲ្យ​ក្មេងៗ​មក​រក​ខ្ញុំ​ចុះ កុំ​ឃាត់​ពួក​វា​ឡើយ ដ្បិត​មាន​តែ​អ្នក​មាន​ចិត្ត​ដូច​ក្មេងៗ​ទាំង​នេះ​ប៉ុណ្ណោះ ដែល​ចូល​ក្នុង​ព្រះ‌រាជ្យ*​ព្រះ‌ជាម្ចាស់​បាន។ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ណា​មិន​ព្រម​ទទួល​ព្រះ‌រាជ្យ​ព្រះ‌ជាម្ចាស់ ដូច​ក្មេង​តូច​មួយ​ទទួល​ទេ អ្នក​នោះ​មិន​អាច​ចូល​ក្នុង​ព្រះ‌រាជ្យ​ព្រះអង្គ​ឡើយ»។ បន្ទាប់​មក ព្រះអង្គ​ឱប​ក្មេង​ទាំង​នោះ រួច​ប្រទាន​ពរ​ឲ្យ​ពួក​វា ដោយ​ដាក់​ព្រះ‌ហស្ដ​ពី​លើ។ កាល​ព្រះ‌យេស៊ូ​កំពុង​ចេញ​ដំណើរ​ទៅ មាន​បុរស​ម្នាក់​រត់​មក​ដល់ លុត​ជង្គង់​ចុះ​នៅ​មុខ​ព្រះអង្គ ទូល​ថា៖ «លោក​គ្រូ​ដ៏​សប្បុរស​អើយ! តើ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី ដើម្បី​ឲ្យ​បាន​ទទួល​ជីវិត​អស់‌កល្ប​ជានិច្ច​ទុក​ជា​មត៌ក?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​ថា ខ្ញុំ​សប្បុរស​ដូច្នេះ? ក្រៅ​ពី​ព្រះ‌ជាម្ចាស់​មួយ​ព្រះអង្គ គ្មាន​នរណា​ម្នាក់​សប្បុរស​ឡើយ។ អ្នក​ស្គាល់​បទ‌បញ្ជា​ស្រាប់​ហើយ​ថា “កុំ​សម្លាប់​មនុស្ស កុំ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ កុំ​លួច​ទ្រព្យ​សម្បត្តិ​គេ កុំ​និយាយ​កុហក​ធ្វើ​ឲ្យ​គេ​មាន​ទោស កុំ​កេង‌ប្រវ័ញ្ច​យក​សម្បត្តិ​នរណា​ឲ្យ​សោះ ចូរ​គោរព​មាតា‌បិតា” »។ បុរស​នោះ​ទូល​ព្រះអង្គ​ថា៖ «លោក​គ្រូ​អើយ! ខ្ញុំ​បាន​ប្រតិបត្តិ​តាម​បទ‌បញ្ជា*​ទាំង​នេះ តាំង​ពី​ក្មេង​មក»។ ព្រះ‌យេស៊ូ​ទត​មើល​ទៅ​គាត់ ហើយ​មាន​ព្រះ‌ហឫទ័យ​ស្រឡាញ់​គាត់ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «នៅ​ខ្វះ​កិច្ចការ​មួយ​ទៀត​ដែល​អ្នក​មិន​ទាន់​ធ្វើ គឺ​ត្រូវ​អញ្ជើញ​ទៅ​លក់​អ្វីៗ​ដែល​អ្នក​មាន រួច​ចែក​ឲ្យ​ជន​ក្រីក្រ​ទៅ ធ្វើ​ដូច្នេះ ទើប​អ្នក​មាន​សម្បត្តិ​សួគ៌ បន្ទាប់​មក សឹម​អញ្ជើញ​មក​តាម​ខ្ញុំ»។ កាល​បុរស​នោះ​ឮ​ដូច្នេះ គាត់​មាន​ទឹក​មុខ​ស្រពោន ហើយ​វិល​ត្រឡប់​ទៅ​វិញ​ទាំង​ព្រួយ​ចិត្ត ដ្បិត​គាត់​មាន​ទ្រព្យ​សម្បត្តិ​ស្ដុក‌ស្ដម្ភ​ណាស់។ ព្រះ‌យេស៊ូ​ទត​មើល​ជុំ‌វិញ រួច​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស​ថា៖ «អ្នក​មាន​មិន​ងាយ​ចូល​ទៅ​ក្នុង​ព្រះ‌រាជ្យ*​ព្រះ‌ជាម្ចាស់​បាន​ទេ»។ ពួក​សិស្ស​ងឿង‌ឆ្ងល់​នឹង​ព្រះ‌បន្ទូល​របស់​ព្រះអង្គ​ជា​ខ្លាំង។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ទៀត​ថា៖ «កូន​ចៅ​អើយ ព្រះ‌រាជ្យ​ព្រះ‌ជាម្ចាស់​ពិបាក​ចូល​ណាស់! សត្វ​អូដ្ឋ​ចូល​តាម​ប្រហោង​ម្ជុល ងាយ​ជាង​អ្នក​មាន​ចូល​ក្នុង​ព្រះ‌រាជ្យ*​ព្រះ‌ជាម្ចាស់​ទៅ​ទៀត»។ ពួក​សិស្ស​រឹត​តែ​ឆ្ងល់​ថែម​ទៀត ហើយ​និយាយ​គ្នា​ថា៖ «បើ​ដូច្នេះ តើ​អ្នក​ណា​អាច​ទទួល​ការ​សង្គ្រោះ​បាន?»។ ព្រះ‌យេស៊ូ​ទត​មើល​គេ រួច​មាន​ព្រះ‌បន្ទូល​ថា៖ «ការ​នេះ​មនុស្ស​ធ្វើ​ពុំ​កើត​ទេ តែ​ព្រះ‌ជាម្ចាស់​ធ្វើ​កើត ដ្បិត​ព្រះអង្គ​ធ្វើ​គ្រប់​ការ​ទាំង​អស់​បាន»។ លោក​ពេត្រុស​ទូល​ព្រះអង្គ​ថា៖ «ព្រះអង្គ​ទត​ឃើញ​ស្រាប់​ហើយ​ថា យើង​ខ្ញុំ​បាន​លះ‌បង់​ចោល​អ្វីៗ​ទាំង​អស់ ហើយ​យើង​ខ្ញុំ​បាន​មក​តាម​ព្រះអង្គ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ណា​លះ‌បង់​ផ្ទះ​សំបែង បងប្អូន​ប្រុស​ស្រី ឪពុក​ម្ដាយ​កូន ឬ​ស្រែ​ចម្ការ ព្រោះ​តែ​ខ្ញុំ និង​ព្រោះ​តែ​ដំណឹង‌ល្អ* អ្នក​នោះ​នឹង​ទទួល​ក្នុង​ពេល​ឥឡូវ​នេះ​មួយ​ជា​មួយ​រយ គឺ​ផ្ទះ​សំបែង បងប្អូន​ប្រុស​ស្រី ម្ដាយ​កូន និង​ស្រែ​ចម្ការ ព្រម​ទាំង​ទទួល​ការ​បៀត‌បៀន ហើយ​ក៏​នឹង​មាន​ជីវិត​អស់‌កល្ប​ជានិច្ច នៅ​លោក​ខាង​មុខ​ថែម​ទៀត​ផង។ មនុស្ស​ជា​ច្រើន​ដែល​នៅ​ខាង​មុខ នឹង​ត្រឡប់​ទៅ​នៅ​ខាង​ក្រោយ រីឯ​អ្នក​ដែល​នៅ​ខាង​ក្រោយ នឹង​ត្រឡប់​ទៅ​នៅ​ខាង​មុខ​វិញ»។ ព្រះ‌យេស៊ូ​យាង​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម​ជា​មួយ​ពួក​សិស្ស*។ ព្រះអង្គ​យាង​នាំ​មុខ​គេ ពួក​សិស្ស​ភ័យ​ខ្លាច​ជា​ខ្លាំង រីឯ​អស់​អ្នក​ដែល​ដើរ​តាម​ក្រោយ​ក៏​ភិត‌ភ័យ​ដែរ។ ព្រះ‌យេស៊ូ​នាំ​សិស្ស​ទាំង​ដប់‌ពីរ​រូប​មក​ជា​មួយ​ព្រះអង្គ​សា​ជា​ថ្មី រួច​មាន​ព្រះ‌បន្ទូល​អំពី​ហេតុ‌ការណ៍ ដែល​នឹង​កើត​មាន​ដល់​ព្រះអង្គ៖ «ឥឡូវ​នេះ យើង​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម បុត្រ​មនុស្ស*​នឹង​ត្រូវ​គេ​បញ្ជូន​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​នាយក​បូជា‌ចារ្យ និង​ពួក​អាចារ្យ។ គេ​នឹង​កាត់​ទោស​ប្រហារ​ជីវិត​លោក ហើយ​បញ្ជូន​លោក​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​សាសន៍​ដទៃ។ ពួក​នោះ​នឹង​ចំអក​ឲ្យ​លោក ព្រម​ទាំង​ស្ដោះ​ទឹក​មាត់​ដាក់​លោក​ផង។ គេ​នឹង​វាយ​ធ្វើ​បាប​លោក រួច​ប្រហារ​ជីវិត​លោក។ ប៉ុន្តែ បី​ថ្ងៃ​ក្រោយ​មក លោក​នឹង​រស់​ឡើង​វិញ»។ បន្ទាប់​មក លោក​យ៉ាកុប និង​លោក​យ៉ូហាន ជា​កូន​លោក​សេបេ‌ដេ ចូល​មក​គាល់​ព្រះ‌យេស៊ូ​ទូល​ថា៖ «ព្រះ‌គ្រូ! សូម​មេត្តា​យល់​ព្រម​តាម​ពាក្យ​សុំ​របស់​យើង​ខ្ញុំ​ផង»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​សួរ​គេ​ថា៖ «តើ​អ្នក​ទាំង​ពីរ​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី?»។ គេ​ទូល​ព្រះអង្គ​ថា៖ «ពេល​ព្រះ‌គ្រូ​គ្រង​រាជ្យ​ប្រកប​ដោយ​សិរី‌រុងរឿង សូម​ប្រទាន​ឲ្យ​យើង​ខ្ញុំ​បាន​អង្គុយ​អម​ព្រះ‌គ្រូ​ផង គឺ​ម្នាក់​នៅ​ខាង​ស្ដាំ ម្នាក់​នៅ​ខាង​ឆ្វេង»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​ទាំង​ពីរ​មិន​ដឹង​ថា​ខ្លួន​សុំ​អ្វី​ឡើយ តើ​អ្នក​អាច​ទទួល​ពែង ដែល​ខ្ញុំ​ត្រូវ​ទទួល​នោះ​បាន​ឬ​ទេ? អ្នក​អាច​ទទួល​ពិធី​ជ្រមុជ​ដែល​ខ្ញុំ​ត្រូវ​ទទួល​បាន​ឬ​ទេ?»។ គេ​ទូល​ព្រះអង្គ​ថា៖ «យើង​ខ្ញុំ​អាច​ទទួល​បាន»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​នឹង​ទទួល​ពែង​ដែល​ខ្ញុំ​ត្រូវ​ទទួល និង​ទទួល​ពិធី​ជ្រមុជ​ដែល​ខ្ញុំ​ត្រូវ​ទទួល​បាន​មែន ចំណែក​ឯ​អង្គុយ​នៅ​ខាង​ស្ដាំ ឬ​ខាង​ឆ្វេង​ខ្ញុំ ខ្ញុំ​មិន​អាច​សម្រេច​ឡើយ ព្រោះ​កន្លែង​នោះ​បម្រុង​ទុក សម្រាប់​តែ​អ្នក​ដែល​ព្រះ‌ជាម្ចាស់​បាន​សម្រេច​ឲ្យ​ប៉ុណ្ណោះ»។ កាល​សិស្ស​ដប់​រូប​ទៀត​បាន​ឮ​ដូច្នោះ គេ​ទាស់​ចិត្ត​នឹង​លោក​យ៉ាកុប និង​លោក​យ៉ូហាន​ជា​ខ្លាំង។ ព្រះ‌យេស៊ូ​ត្រាស់​ហៅ​សិស្ស​ទាំង​អស់​មក ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​រាល់​គ្នា​ដឹង​ស្រាប់​ហើយ អ្នក​ដែល​គេ​ចាត់​ទុក​ជា​មេ​គ្រប់‌គ្រង​ស្រុក តែង​ជិះ‌ជាន់​ប្រជា‌រាស្ត្រ​របស់​ខ្លួន រីឯ​អ្នក​ធំ​តែងតែ​ប្រើ​អំណាច​ខ្លួន​លើ​ប្រជា‌រាស្ត្រ។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា​មិន​មែន​ដូច្នោះ​ទេ។ ផ្ទុយ​ទៅ​វិញ បើ​មាន​ម្នាក់​ចង់​ធ្វើ​ធំ​ជាង​គេ ក្នុង​ចំណោម​អ្នក​រាល់​គ្នា ត្រូវ​ឲ្យ​អ្នក​នោះ​បម្រើ​អ្នក​រាល់​គ្នា។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​មាន​ម្នាក់​ចង់​ធ្វើ​មេ​គេ ត្រូវ​ធ្វើ​ជា​ខ្ញុំ​បម្រើ​គេ​គ្រប់​គ្នា​សិន ដ្បិត​បុត្រ​មនុស្ស*​មក​ក្នុង​ពិភព​លោក​នេះ មិន​មែន​ដើម្បី​ឲ្យ​គេ​បម្រើ​លោក​ឡើយ គឺ​លោក​មក​បម្រើ​គេ​វិញ ព្រម​ទាំង​បូជា​ជីវិត ដើម្បី​លោះ​មនុស្ស​ទាំង​អស់​ផង»។ ព្រះ‌យេស៊ូ និង​ពួក​សិស្ស​ធ្វើ​ដំណើរ​មក​ដល់​ក្រុង​យេរីខូ។ កាល​ព្រះអង្គ​យាង​ចេញ​ពី​ទីក្រុង​ជា​មួយ​ពួក​សិស្ស និង​បណ្ដា‌ជន​ដ៏​ច្រើន​កុះ‌ករ មាន​មនុស្ស​ខ្វាក់​ម្នាក់​ឈ្មោះ​បារ‌ទីមេ ជា​កូន​របស់​លោក​ទីមេ អង្គុយ​សុំ​ទាន​នៅ​ក្បែរ​ផ្លូវ។ កាល​គាត់​ឮ​ថា​ព្រះ‌យេស៊ូ​ជា​អ្នក​ភូមិ​ណា​សារ៉ែត យាង​តាម​នោះ គាត់​ក៏​ស្រែក​ឡើង​ថា៖ «ឱ​ព្រះ‌យេស៊ូ​ជា​ព្រះ‌រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ​អើយ! សូម​អាណិត​មេត្តា​ទូលបង្គំ​ផង»។ មនុស្ស​ជា​ច្រើន​បាន​គំរាម​គាត់​ឲ្យ​នៅ​ស្ងៀម ប៉ុន្តែ គាត់​ស្រែក​រឹត​តែ​ខ្លាំង​ឡើងៗ​ថា៖ «ឱ​ព្រះ‌រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ​អើយ! សូម​អាណិត​មេត្តា​ទូលបង្គំ​ផង»។ ព្រះ‌យេស៊ូ​ក៏​ឈប់ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «សុំ​ហៅ​គាត់​មក»។ គេ​ហៅ​មនុស្ស​ខ្វាក់​មក ដោយ​ពោល​ថា៖ «កុំ​អស់​សង្ឃឹម ក្រោក​ឡើង លោក​ហៅ​អ្នក»។ គាត់​ក៏​បោះ​អាវ​ធំ​ចោល ស្ទុះ​ក្រោក​ឡើង តម្រង់​ទៅ​រក​ព្រះ‌យេស៊ូ។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​សួរ​គាត់​ថា៖ «តើ​អ្នក​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី?»។ អ្នក​ខ្វាក់​ទូល​ព្រះអង្គ​ថា៖ «ព្រះ‌គ្រូ! សូម​ប្រោស​ភ្នែក​ទូលបង្គំ​ឲ្យ​ភ្លឺ​ផង»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «សុំ​អញ្ជើញ​ទៅ​ចុះ! ជំនឿ​របស់​អ្នក​បាន​សង្គ្រោះ​អ្នក​ហើយ!»។ រំពេច​នោះ គាត់​មើល​ឃើញ​ភ្លាម ហើយ​ដើរ​តាម​ផ្លូវ​ជា​មួយ​ព្រះ‌យេស៊ូ​ទៅ។

ចែក​រំលែក
អាន ម៉ាកុស 10

ម៉ាកុស 10:1-52 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌យេស៊ូវ​ទ្រង់​ក៏​ក្រោក​ឡើង យាង​ចេញ​ពី​ទី​នោះ ទៅ​ឯ​ព្រំ‌ដែន​ស្រុក​យូដា នៅ​ខាង​នាយ​ទន្លេ​យ័រដាន់ នោះ​មាន​មនុស្ស​កក‌កុញ​ប្រជុំ​គ្នា​ឯ​ទ្រង់​ម្តង​ទៀត ហើយ​ទ្រង់​ក៏​បង្រៀន​គេ​តាម​ទំលាប់​ទ្រង់ ពួក​ផារិស៊ី​គេ​មក​ល្បង​សួរ​ទ្រង់ ពី​ច្បាប់​ដែល​នឹង​លែង​ប្រពន្ធ​បាន​ឬ​មិន​បាន តែ​ទ្រង់​មាន​បន្ទូល​ឆ្លើយ​ថា តើ​លោក​ម៉ូសេ​បាន​បង្គាប់​មក​អ្នក​រាល់​គ្នា​ថា​ដូច​ម្តេច គេ​ទូល​ថា លោក​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​សំបុត្រ​លះ‌លែង ហើយ​ឲ្យ​លែង​ទៅ ទ្រង់​មាន​បន្ទូល​ឆ្លើយ​ថា ដែល​លោក​បាន​តែង​ច្បាប់​នោះ​ឲ្យ​អ្នក​រាល់​គ្នា គឺ​ដោយ​ព្រោះ​តែ​ចិត្ត​អ្នក​រាល់​គ្នា​រឹង‌រូស​ប៉ុណ្ណោះ ប៉ុន្តែ តាំង​ពី​ដើម​កំណើត​មនុស្ស​មក នោះ​ព្រះ‌ទ្រង់​បាន​បង្កើត​គេ​ជា​ប្រុស​ជា​ស្រី ដោយ​ហេតុ​នោះ​បាន​ជា​មនុស្ស​ប្រុស​តែង​នឹង​លា​ចេញ​ពី​ឪពុក​ម្តាយ ទៅ​នៅ​ជាប់​នឹង​ប្រពន្ធ​វិញ ហើយ​អ្នក​ទាំង​២​នោះ​នឹង​ត្រឡប់​ជា​សាច់​តែ​១ គេ​មិន​មែន​ជា​២​ទៀត គឺ​ជា​សាច់​តែ​១​សុទ្ធ ដូច្នេះ កុំ​ឲ្យ​អ្នក​ណា​ពង្រាត់​មនុស្ស ដែល​ព្រះ​បាន​ផ្សំ‌ផ្គុំ​គ្នា​ឡើយ កាល​កំពុង​នៅ​ក្នុង​ផ្ទះ នោះ​ពួក​សិស្ស​ទូល​សួរ​ទ្រង់​ពី​សេចក្ដី​ដដែល​ម្តង​ទៀត ហើយ​ទ្រង់​មាន​បន្ទូល​ថា អ្នក​ណា​ដែល​នឹង​លែង​ប្រពន្ធ ទៅ​យក​១​ទៀត នោះ​ឈ្មោះ​ថា​ផិត​ប្រពន្ធ​ហើយ បើ​ស្ត្រី​ណា​លែង​ប្ដី​ទៅ​យក​១​ទៀត នោះ​ក៏​ឈ្មោះ​ថា​បាន​ផិត​ប្ដី​ដែរ។ រួច​មាន​គេ​នាំ​ក្មេង​តូចៗ​មក​ថ្វាយ​ទ្រង់​ពាល់ ប៉ុន្តែ​ពួក​សិស្ស​បន្ទោស​ដល់​ពួក​អ្នក​ដែល​នាំ​វា​មក កាល​ព្រះ‌យេស៊ូវ​បាន​ឃើញ នោះ​ទ្រង់​គ្នាន់​ក្នុង​ព្រះ‌ហឫទ័យ ក៏​មាន​បន្ទូល​ទៅ​គេ​ថា ទុក​ឲ្យ​កូន​ក្មេង​មក​ឯ​ខ្ញុំ​ចុះ កុំ​ឃាត់​វា​ឡើយ ដ្បិត​នគរ​ព្រះ​មាន​សុទ្ធ​តែ​មនុស្ស​ដូច​វា​រាល់​គ្នា​ដែរ ហើយ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​ណា​ដែល​មិន​ទទួល​នគរ​ព្រះ​ដូច​ជា​កូន​ក្មេង​១​នេះ នោះ​មិន​បាន​ចូល​ទៅ​ក្នុង​នគរ​នោះ​ឡើយ ទ្រង់​ក៏​ឱប​វា​រាល់​គ្នា ហើយ​ដាក់​ព្រះ‌ហស្ត​លើ ទាំង​ប្រទាន​ពរ​ឲ្យ​ផង។ កាល​ទ្រង់​យាង​ចេញ​ទៅ​តាម​ផ្លូវ នោះ​មាន​ម្នាក់​រត់​មក លុត​ជង្គង់​ក្រាប​ចុះ​នៅ​ចំពោះ​ទ្រង់​ទូល​សួរ​ថា លោក​គ្រូ​ល្អ​អើយ តើ​ត្រូវ​ឲ្យ​ខ្ញុំ​ធ្វើ​ដូច​ម្តេច ប្រយោជន៍​ឲ្យ​បាន​គ្រង​ជីវិត​រស់​អស់​‌កល្ប​ជានិច្ច ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​គាត់​ថា ហេតុ​អ្វី​បាន​ជា​អ្នក​ហៅ​ខ្ញុំ​ថា​ល្អ​ដូច្នេះ គ្មាន​អ្នក​ណា​ល្អ​សោះ មាន​តែ​១ គឺ​ជា​ព្រះ​ប៉ុណ្ណោះ អ្នក​បាន​ស្គាល់​បញ្ញត្ត​ទាំង​ប៉ុន្មាន​ហើយ ដែល​ថា «កុំ​ឲ្យ​ផិត​ឲ្យ​សោះ កុំ​ឲ្យ​សំឡាប់​មនុស្ស​ឲ្យ​សោះ កុំ​ឲ្យ​លួច​ឲ្យ​សោះ កុំ​ឲ្យ​ធ្វើ​ជា​ទី​បន្ទាល់​ក្លែង​ឲ្យ​សោះ កុំ​ឲ្យ​បំបាត់​គេ​ឲ្យ​សោះ ចូរ​គោរព​ប្រតិ‌បត្តិ​ដល់​ឪពុក​ម្តាយ​ឯង» តែ​គាត់​ទូល​ឆ្លើយ​ថា លោក​គ្រូ ខ្ញុំ​បាន​កាន់​តាម​សេចក្ដី​ទាំង​នោះ តាំង​ពី​ក្មេង​មក​ដែរ ព្រះ‌យេស៊ូវ​ទ្រង់​ទត​ទៅ​គាត់​ដោយ​ស្រឡាញ់ ហើយ​មាន​បន្ទូល​ថា អ្នក​នៅ​ខ្វះ​កិច្ច​១​ទៀត គឺ​ត្រូវ​ទៅ​លក់​របស់​ទ្រព្យ​អ្នក​ទាំង​ប៉ុន្មាន ចែក​ទាន​ឲ្យ​ដល់​ពួក​អ្នក​ក្រ​ទៅ នោះ​អ្នក​នឹង​បាន​ទ្រព្យ​សម្បត្តិ​នៅ​លើ​ស្ថាន‌សួគ៌​វិញ រួច​ឲ្យ​ផ្ទុក​ឈើ​ឆ្កាង​មក​តាម​ខ្ញុំ​ចុះ តែ​គាត់​មាន​ចិត្ត​ព្រួយ​ណាស់ ដោយ​ឮ​ពាក្យ​នោះ ក៏​ចេញ​ទៅ​ទាំង​ក្តី​ទុក្ខ ព្រោះ​គាត់​មាន​សម្បត្តិ​ច្រើន​ណាស់។ ព្រះ‌យេស៊ូវ​ទ្រង់​ងាក​ទត​ជុំ‌វិញ ហើយ​មាន​បន្ទូល​ទៅ​ពួក​សិស្ស​ថា ដែល​មនុស្ស​អ្នក​មាន​ចូល​ទៅ​ក្នុង​នគរ​ព្រះ នោះ​ពិបាក​ណាស់ ឯ​ពួក​សិស្ស ក៏​នឹក​ស្ងើច​នឹង​ព្រះ‌បន្ទូល​ទ្រង់ តែ​ទ្រង់​មាន​បន្ទូល​ទៅ​គេ​ម្តង​ទៀត​ថា កូន​អើយ ពួក​អ្នក​ដែល​ជាប់​ចិត្ត​នឹង​ទ្រព្យ​សម្បត្តិ នោះ​នឹង​ចូល​ទៅ​ក្នុង​នគរ​ព្រះ​ដោយ​ពិបាក​ណាស់ បើ​សត្វ​អូដ្ឋ​នឹង​ចូល​តាម​ប្រហោង​ម្ជុល នោះ​ងាយ​ជា​ជាង​មនុស្ស​អ្នក​មាន​ចូល​ទៅ​ក្នុង​នគរ​ព្រះ​វិញ គេ​ក៏​មាន​សេចក្ដី​ប្លែក​ក្នុង​ចិត្ត​ជា​ខ្លាំង ទាំង​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា ចុះ​បើ​ដូច្នេះ តើ​អ្នក​ណា​អាច​នឹង​បាន​សង្គ្រោះ ព្រះ‌យេស៊ូវ​ទ្រង់​ទត​ទៅ​គេ មាន​បន្ទូល​ថា ការ​នោះ​មនុស្ស​លោក​ធ្វើ​ពុំ​កើត​ទេ តែ​ព្រះ‌ទ្រង់​ធ្វើ​កើត ដ្បិត​ព្រះ‌ទ្រង់​អាច​នឹង​ធ្វើ​កើត​ទាំង​អស់​បាន នោះ​ពេត្រុស​ចាប់​តាំង​ទូល​ទ្រង់​ថា មើល យើង​ខ្ញុំ​បាន​លះ​ចោល​ទាំង​អស់​មក​តាម​ទ្រង់​ហើយ តែ​ព្រះ‌យេស៊ូវ​មាន​បន្ទូល​ឆ្លើយ​ថា ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា មិន​ដែល​មាន​អ្នក​ណា​ដែល​លះ​ចោល​ផ្ទះ‌សំបែង បង​ប្អូន​ប្រុស​ស្រី ឪពុក​ម្តាយ ប្រពន្ធ​កូន ឬ​ស្រែ​ចំការ ដោយ​ព្រោះ​យល់​ដល់​ខ្ញុំ ហើយ​នឹង​ដំណឹង​ល្អ ឥត​បាន​ទទួល​ជា​១​រយ​ភាគ​ឡើង ក្នុង​សម័យ​នេះ​នោះ​ឡើយ គឺ​ជា​ផ្ទះ‌សំបែង បង​ប្អូន​ប្រុស​ស្រី ម្តាយ​ហើយ​កូន នឹង​ស្រែ​ចំការ ព្រម​ទាំង​សេចក្ដី​បៀត‌បៀន​ដែរ ហើយ​ដល់​បរ‌លោក​នាយ នឹង​បាន​ជីវិត​រស់​អស់​‌កល្ប​ជានិច្ច​ផង តែ​នឹង​មាន​មនុស្ស​មុន​ទៅ​ជា​ក្រោយ​ជា​ច្រើន ហើយ​មនុស្ស​ក្រោយ​ទៅ​ជា​មុន​វិញ។ កំពុង​ដែល​ដើរ​តាម​ផ្លូវ ឡើង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម នោះ​ព្រះ‌យេស៊ូវ​យាង​មុខ​គេ ហើយ​ពួក​សិស្ស​មាន​ចិត្ត​វិល‌វល់ ក៏​ដើរ​តាម​ទ្រង់​ទៅ​ទាំង​ភ័យ‌ភិត ទ្រង់​ក៏​យក​ពួក​១២​មក​ម្តង​ទៀត ចាប់​តាំង​មាន​បន្ទូល​ប្រាប់​អំពី​ការ​ដែល​ត្រូវ​កើត​មក​ដល់​ទ្រង់​ថា មើល យើង​ឡើង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម នោះ​កូន​មនុស្ស​នឹង​ត្រូវ​បញ្ជូន​ទៅ​ឯ​ពួក​សង្គ្រាជ នឹង​ពួក​អាចារ្យ គេ​នឹង​កាត់​ទោស​លោក​ដល់​ជីវិត ហើយ​បញ្ជូន​ទៅ​ដល់​ពួក​សាសន៍​ដទៃ ពួក​នោះ​នឹង​ចំអក​មើល‌ងាយ វាយ​នឹង​រំពាត់ ស្តោះ​ដាក់ ហើយ​សំឡាប់​លោក រួច​៣​ថ្ងៃ​ក្រោយ​ដែល​ស្លាប់​ទៅ នោះ​លោក​នឹង​រស់​ឡើង​វិញ។ ខណ​នោះ យ៉ាកុប នឹង​យ៉ូហាន ជា​កូន​សេបេដេ ក៏​មក​ទូល​ទ្រង់​ថា លោក​គ្រូ សូម​លោក​សំរេច​ឲ្យ​យើង​ខ្ញុំ តាម​សេចក្ដី​សំណូម​របស់​យើង​ខ្ញុំ​ផង ទ្រង់​មាន​បន្ទូល​សួរ​ថា តើ​ចង់​ឲ្យ​ខ្ញុំ​សំរេច​អ្វី​ឲ្យ​អ្នក គេ​ក៏​ទូល​ឆ្លើយ​ថា សូម​ឲ្យ​យើង​ខ្ញុំ​បាន​អង្គុយ​នៅ ម្នាក់​ខាង​ស្តាំ ហើយ​ម្នាក់​ខាង​ឆ្វេង​លោក ក្នុង​ស្ថាន​នៃ​សិរី‌ល្អ​របស់​លោក តែ​ព្រះ‌យេស៊ូវ​មាន​បន្ទូល​ថា អ្នក​មិន​យល់​សេចក្ដី​ដែល​អ្នក​សូម​នោះ​ទេ តើ​អ្នក​អាច​នឹង​ផឹក​អំពី​ពែង​ដែល​ខ្ញុំ​ផឹក ហើយ​ទទួល​បុណ្យ​ជ្រមុជ​ដែល​ខ្ញុំ​ទទួល​បាន​ឬ​ទេ គេ​ទូល​ឆ្លើយ​ថា ទទួល​បាន នោះ​ព្រះ‌យេស៊ូវ​មាន​បន្ទូល​តប​ថា អ្នក​រាល់​គ្នា​នឹង​ផឹក​អំពី​ពែង​ខ្ញុំ ហើយ​ទទួល​បុណ្យ​ជ្រមុជ​ដែល​ខ្ញុំ​ទទួល​មែន តែ​ដែល​អង្គុយ​ខាង​ស្តាំ ឬ​ខាង​ឆ្វេង​ខ្ញុំ នោះ​មិន​ស្រេច​នឹង​ខ្ញុំ​ទេ គឺ​សំរាប់​តែ​អ្នក​ណា ដែល​ទី​នោះ​បាន​រៀបចំ​ទុក​ឲ្យ​ប៉ុណ្ណោះ កាល​១០​នាក់​ឯ​ទៀត​បាន​ឮ​សេចក្ដី​នោះ នោះ​គេ​ក៏​នឹក​តូច​ចិត្ត​នឹង​យ៉ាកុប ហើយ​នឹង​យ៉ូហាន តែ​ព្រះ‌យេស៊ូវ​ទ្រង់​ហៅ​អ្នក​ទាំង​នោះ​មក មាន​បន្ទូល​ថា អ្នក​រាល់​គ្នា​ដឹង​ថា ពួក​អ្នក​ដែល​បាន​រាប់​ជា​ចៅហ្វាយ​នៃ​សាសន៍​ដទៃ គេ​គ្រប់‌គ្រង​លើ​សាសន៍​របស់​ខ្លួន ហើយ​ពួក​អ្នក​ធំ​ក៏​មាន​អំណាច​លើ​គេ​ដែរ ប៉ុន្តែ​មិន​ត្រូវ​ឲ្យ​មាន​ដូច្នោះ​ក្នុង​ពួក​អ្នក​រាល់​គ្នា​ឡើយ អ្នក​ណា​ក្នុង​ពួក​អ្នក​រាល់​គ្នា​ដែល​ចង់​ធ្វើ​ជា​ធំ នោះ​នឹង​ត្រូវ​ធ្វើ​ជា​អ្នក​បំរើ​ដល់​អ្នក​រាល់​គ្នា​វិញ ឯ​អ្នក​ណា​ក្នុង​ពួក​អ្នក​រាល់​គ្នា​ដែល​ចង់​បាន​ជា​លេខ​១ អ្នក​នោះ​ត្រូវ​ធ្វើ​ជា​បាវ​ដល់​អ្នក​ទាំង​អស់​វិញ ដ្បិត​កូន​មនុស្ស​ក៏​បាន​មក មិន​មែន​ឲ្យ​គេ​បំរើ​ដែរ គឺ​ដើម្បី​នឹង​បំរើ​គេ​វិញ ហើយ​នឹង​ឲ្យ​ជីវិត​ខ្លួន​ទុក​ជា​ថ្លៃ​លោះ​មនុស្ស​ជា​ច្រើន​ផង។ ខណ​នោះ ក៏​មក​ដល់​ក្រុង​យេរីខូរ ហើយ​កំពុង​ដែល​ទ្រង់​យាង​ចេញ​ពី​នោះ​ទៅ ព្រម​ទាំង​ពួក​សិស្ស នឹង​ហ្វូង​មនុស្ស​ជា​ធំ​ផង នោះ​មាន​មនុស្ស​ខ្វាក់​ឈ្មោះ​បារទីមេ ជា​កូន​ទីមេ កំពុង​អង្គុយ​សូម​ទាន​នៅ​មាត់​ផ្លូវ កាល​គាត់​បាន​ឮ​ថា ជា​ព្រះ‌យេស៊ូវ ពី​ណា‌សារ៉ែត នោះ​ក៏​តាំង​ស្រែក​ឡើង​ថា ឱ​ព្រះ‌យេស៊ូវ ជា​ព្រះ‌វង្ស​ហ្លួង​ដាវីឌ​អើយ សូម​អាណិត​មេត្តា​ដល់​ទូលបង្គំ​ផង មាន​មនុស្ស​ជា​ច្រើន​កំហែង​ឲ្យ​គាត់​នៅ​ស្ងៀម តែ​គាត់​ស្រែក​រឹត‌តែ​ខ្លាំង​ឡើង​ថា ឱ​ព្រះ‌អង្គ ជា​ព្រះ‌វង្ស​ហ្លួង​ដាវីឌ​អើយ សូម​អាណិត​មេត្តា​ទូលបង្គំ​ផង នោះ​ព្រះ‌យេស៊ូវ​ទ្រង់​ឈប់ ហើយ​ប្រាប់​ឲ្យ​គេ​ហៅ​គាត់​មក គេ​ក៏​ហៅ​មក ដោយ​ប្រាប់​ថា ចូរ​សង្ឃឹម​ចុះ ហើយ​ក្រោក​ឡើង លោក​ហៅ​ឯង គាត់​បោះ​អាវ​ធំ​ចោល រួច​ស្ទុះ​ក្រោក​ឡើង ទៅ​ឯ​ព្រះ‌យេស៊ូវ ទ្រង់​មាន​បន្ទូល​សួរ​គាត់​ថា តើ​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ឲ្យ​អ្នក អ្នក​នោះ​ទូល​ឆ្លើយ​ថា លោក​គ្រូ​អើយ សូម​ប្រោស​ភ្នែក​ទូលបង្គំ​ឲ្យ​បាន​ភ្លឺ​ឡើង ទ្រង់​មាន​បន្ទូល​ទៅ​គាត់​ថា ទៅ​ចុះ សេចក្ដី​ជំនឿ​អ្នក​បាន​សង្គ្រោះ​អ្នក​ហើយ ស្រាប់​តែ​ភ្នែក​ក៏​ភ្លឺ​ឡើង​ភ្លាម រួច​គាត់​ដើរ​តាម​ទ្រង់​ទៅ។

ចែក​រំលែក
អាន ម៉ាកុស 10