ម៉ាកុស 1:9-13
ម៉ាកុស 1:9-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅគ្រានោះ ព្រះយេស៊ូវយាងមកពីភូមិណាសារ៉ែត ស្រុកកាលីឡេ ហើយបានទទួលពិធីជ្រមុជទឹកពីលោកយ៉ូហាន នៅក្នុងទន្លេយ័រដាន់។ ពេលព្រះអង្គយាងឡើងពីទឹកមកភ្លាម ព្រះអង្គឃើញស្ថានសួគ៌បើកចំហ ហើយព្រះវិញ្ញាណយាងចុះមកដូចសត្វព្រាប សណ្ឋិតលើព្រះអង្គ។ មានសំឡេងមួយពីលើស្ថានសួគ៌មកថា៖ «អ្នកជាកូនស្ងួនភា្ងរបស់យើង ជាទីពេញចិត្តយើងណាស់»។ ភ្លាមនោះ ព្រះវិញ្ញាណជំរុញព្រះអង្គឲ្យយាងចេញទៅទីរហោស្ថាន។ ព្រះអង្គគង់នៅទីនោះសែសិបថ្ងៃ ត្រូវអារក្សសាតាំងល្បួង ព្រះអង្គគង់ជាមួយសត្វព្រៃ ហើយមានពួកទេវតាមកគាល់បម្រើព្រះអង្គ។
ម៉ាកុស 1:9-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅគ្រានោះ ព្រះយេស៊ូយាងមកពីភូមិណាសារ៉ែត ក្នុងស្រុកកាលីឡេ។ ព្រះអង្គបានទទួលពិធីជ្រមុជទឹក*ពីលោកយ៉ូហាន ក្នុងទន្លេយ័រដាន់។ ពេលព្រះអង្គយាងឡើងពីទឹកមកភ្លាម ព្រះអង្គទតឃើញផ្ទៃមេឃរហែកជាពីរ ហើយព្រះវិញ្ញាណយាងចុះដូចសត្វព្រាប មកសណ្ឋិតលើព្រះអង្គ។ មានឮព្រះសូរសៀងពីលើមេឃមកថា៖ «ព្រះអង្គជាបុត្រដ៏ជាទីស្រឡាញ់របស់យើង យើងគាប់ចិត្តនឹងព្រះអង្គណាស់!»។ រំពេចនោះ ព្រះវិញ្ញាណក៏នាំព្រះយេស៊ូឆ្ពោះទៅវាលរហោស្ថាន។ ព្រះអង្គគង់នៅវាលរហោស្ថានអស់រយៈពេលសែសិបថ្ងៃ ត្រូវមារ*សាតាំងល្បួង។ ព្រះអង្គគង់នៅជាមួយសត្វព្រៃ ហើយមានពួកទេវតា*បម្រើព្រះអង្គផង។
ម៉ាកុស 1:9-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅក្នុងគ្រានោះ ព្រះយេស៊ូវ ទ្រង់យាងមកពីភូមិណាសារ៉ែត ស្រុកកាលីឡេ ក៏ទទួលបុណ្យជ្រមុជទឹកពីយ៉ូហាន នៅក្នុងទន្លេយ័រដាន់ដែរ កាលកំពុងតែយាងឡើងពីទឹកមក ស្រាប់តែឃើញមេឃរបើក នឹងព្រះវិញ្ញាណចុះមកសណ្ឋិតលើទ្រង់ មានរូបដូចជាព្រាប រួចឮសំឡេងពីលើមេឃថា ឯងជាកូនស្ងួនភ្ងាអញ ជាទីពេញចិត្តអញណាស់ ស្រាប់តែព្រះវិញ្ញាណបង្ខំទ្រង់ ឲ្យយាងទៅឯទីរហោស្ថាន ទ្រង់ក៏គង់នៅទីនោះ៤០ថ្ងៃ ជាមួយនឹងអស់ទាំងសត្វព្រៃ ហើយត្រូវអារក្សសាតាំងល្បួង រួចមានពួកទេវតាមកគាល់បំរើទ្រង់។