ម៉ាកុស 1:40-45

ម៉ាកុស 1:40-45 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

មាន​បុរស​ឃ្លង់​ម្នាក់​ចូល​មក​រក​ព្រះ‌យេស៊ូវ លុត​ជង្គង់​ទូល​អង្វរ​ព្រះ‌អង្គ​ថា៖ «បើ​ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ ទ្រង់​អាច​នឹង​ប្រោស​ឲ្យ​ទូល​បង្គំ​ជា​ស្អាត​បាន»។ ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​ក្តួល​អាណិត ក៏​លូក​ព្រះ‌ហស្ត​ទៅ​ពាល់​គាត់ ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​យល់​ព្រម ចូរ​ឲ្យ​ជា​ស្អាត​ចុះ!» ភ្លាមនោះ​រោគ​ឃ្លង់​ក៏​ចេញ​ពី​គាត់​បាត់​ទៅ ហើយ​គាត់​បាន​ជា​ស្អាត។ ព្រះ‌អង្គ​ឲ្យ​គាត់​ចេញ​ទៅ​ភា្លម ទាំង​ហាម​ផ្តាច់​ថា៖ «ចូរ​ប្រយ័ត្ន កុំ​ប្រាប់​អ្វី​ដល់​អ្នក​ណា​ឲ្យ​សោះ តែ​ត្រូវ​ទៅ​បង្ហាញ​ខ្លួន​ឲ្យ​ពួក​សង្ឃ​ឃើញ​វិញ ហើយ​ថ្វាយ​តង្វាយ ដោយ​ព្រោះ​ការ​ដែល​ខ្លួន​បាន​ស្អាត តាម​ដែល​លោក​ម៉ូសេ​បាន​បង្គាប់​មក ទុក​ជា​បន្ទាល់​ដល់​លោក​ទាំង​នោះ»។ ប៉ុន្តែ គាត់​បាន​ចេញ​ទៅ រួច​ចាប់​ផ្ដើម​ប្រកាស​ប្រាប់​គេ​ឯង​រាល់​គ្នា ហើយ​ដំណឹង​នោះ​ក៏​ឮ​សុស‌សាយ ធ្វើ​ឲ្យ​ព្រះ‌យេស៊ូវ​ពុំ​អាច​យាង​ចូល​ទៅ​ក្នុង​ក្រុង​ជា​ចំហ​ទៀត​បាន​ឡើយ គឺ​ព្រះ‌អង្គ​គង់​នៅ​ខាង​ក្រៅ ត្រង់​កន្លែង​ស្ងាត់ ហើយ​មនុស្ស​ពី​គ្រប់​ទិស​ទី នាំ​គ្នា​ចូល​មក​រក​ព្រះ‌អង្គ។

ចែក​រំលែក
អាន ម៉ាកុស 1

ម៉ាកុស 1:40-45 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

មាន​មនុស្ស​ឃ្លង់​ម្នាក់​ចូល​មក​រក​ព្រះ‌យេស៊ូ គាត់​លុត​ជង្គង់ ទូល‌អង្វរ​ព្រះអង្គ​ថា៖ «ប្រសិន​បើ​លោក​មិន​យល់​ទាស់​ទេ សូម​ប្រោស​ខ្ញុំ​ប្របាទ​ឲ្យ​ជា​ស្អាត​បរិសុទ្ធ*​ផង»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌ហឫទ័យ​អាណិត‌អាសូរ​គាត់ ពន់‌ពេក​ណាស់ ព្រះអង្គ​ក៏​លូក​ព្រះ‌ហស្ដ​ទៅ​ពាល់​គាត់ ទាំង​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​យល់​ព្រម​ហើយ ចូរ​ឲ្យ​ជា​ស្អាត​បរិសុទ្ធ​ចុះ!»។ មនុស្ស​ឃ្លង់​ក៏​ជា​ស្អាត​បរិសុទ្ធ​ភ្លាម។ បន្ទាប់​មក ព្រះ‌យេស៊ូ​ដេញ​គាត់​ឲ្យ​ចេញ​ទៅ​ភ្លាម ទាំង​មាន​ព្រះ‌បន្ទូល​យ៉ាង​តឹង‌រ៉ឹង​ថា៖ «ចូរ​ប្រយ័ត្ន​ឲ្យ​មែន​ទែន កុំ​និយាយ​ហេតុ‌ការណ៍​នេះ​ប្រាប់​ឲ្យ​នរណា​ដឹង​ឡើយ! ផ្ទុយ​ទៅ​វិញ ត្រូវ​ទៅ​បង្ហាញ​ខ្លួន​ដល់​លោក​បូជា‌ចារ្យ* រួច​ថ្វាយ​តង្វាយ ដូច​លោក​ម៉ូសេ*​បាន​បង្គាប់​ទុក ដើម្បី​ជា​សក្ខីភាព​បញ្ជាក់​ថា អ្នក​បាន​ជា​ស្អាត​បរិសុទ្ធ​មែន»។ ប៉ុន្តែ បុរស​នោះ​ចេញ​ទៅ​ប្រកាស និង​ផ្សព្វ‌ផ្សាយ​រឿង​នេះ​នៅ​គ្រប់​កន្លែង​ឲ្យ​គេ​ដឹង។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌យេស៊ូ​មិន​អាច​យាង​ចូល​ទីក្រុង ដូច​ពី​មុន​ទៀត​ឡើយ គឺ​ព្រះអង្គ​គង់​នៅ​តែ​ខាង​ក្រៅ​ទីក្រុង ត្រង់​កន្លែង​ស្ងាត់ៗ ហើយ​មាន​មនុស្ស​ពី​គ្រប់​ទិស‌ទី​នាំ​គ្នា​មក​គាល់​ព្រះអង្គ។

ចែក​រំលែក
អាន ម៉ាកុស 1

ម៉ាកុស 1:40-45 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

គ្រា​នោះ មាន​មនុស្ស​ឃ្លង់​ម្នាក់ មក​ឯ​ព្រះ‌យេស៊ូវ លុត​ជង្គង់​ទូល​អង្វរ​ថា បើ​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ ទ្រង់​អាច​នឹង​ប្រោស​ឲ្យ​ទូលបង្គំ​ជា​ស្អាត​បាន ដូច្នេះ ទ្រង់​មាន​ព្រះ‌ហឫទ័យ​ក្តួល​អាណិត ក៏​លូក​ព្រះ‌ហស្ត​ទៅ​ពាល់​គាត់​ដោយ​បន្ទូល​ថា ខ្ញុំ​ចង់​ដែរ ឲ្យ​ជា​ស្អាត​ទៅ លុះ​ទ្រង់​មាន​បន្ទូល​ហើយ ស្រាប់​តែ​រោគ​ឃ្លង់​ចេញ​ពី​គាត់​បាត់​ទៅ ហើយ​គាត់​បាន​ជា​ស្អាត ទ្រង់​ក៏​ឲ្យ​គាត់​ទៅ​ភ្លាម ដោយ​ហាម​ផ្តាច់​ថា ចូរ​ប្រយ័ត កុំ​ប្រាប់​អ្វី​ដល់​អ្នក​ឯ​ណា​ឲ្យ​សោះ តែ​ត្រូវ​ទៅ​បង្ហាញ​ខ្លួន​ឲ្យ​ពួក​សង្ឃ​ឃើញ​វិញ ហើយ​ថ្វាយ​យញ្ញ‌បូជា ដោយ​ព្រោះ​ការ​ដែល​ខ្លួន​បាន​ស្អាត តាម​ដែល​លោក​ម៉ូសេ​បាន​បង្គាប់​មក ទុក​ជា​ទី​បន្ទាល់​ដល់​លោក​ទាំង​នោះ ប៉ុន្តែ ដល់​គាត់​បាន​ចេញ​ទៅ​ហើយ នោះ​ក៏​តាំង​ប្រកាស​ប្រាប់​គេ​ឯង​រាល់​គ្នា​តែ​ម្តង ហើយ​ផ្សាយ​ដំណឹង​នោះ​សុស‌សាយ​ទួទៅ ដល់‌ម៉្លេះ​បាន​ជា​ទ្រង់​យាង​ចូល​ទៅ​ក្នុង​ក្រុង បែប​ឲ្យ​គេ​ឃើញ​ពុំ​បាន​ទៀត គឺ​ទ្រង់​គង់​នៅ​តែ​ខាង​ក្រៅ ត្រង់​កន្លែង​ស្ងាត់​ទាំង​ប៉ុន្មាន​វិញ ហើយ​គេ​ក៏​មក​ឯ​ទ្រង់​ពី​គ្រប់​ទិស‌ទី។

ចែក​រំលែក
អាន ម៉ាកុស 1