ម៉ាកុស 1:23-27

ម៉ាកុស 1:23-27 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​ពេល​នោះ ក្នុង​សាលា​ប្រជុំ* មាន​បុរស​ម្នាក់​ដែល​មាន​វិញ្ញាណ​អាក្រក់​នៅ​ក្នុង​ខ្លួន ស្រែក​ឡើង​ថា៖ «ព្រះ‌យេស៊ូ​ជា​អ្នក​ភូមិ​ណាសា‌រ៉ែត​អើយ! តើ​ព្រះអង្គ​ចង់​ធ្វើ​អ្វី​យើង? ព្រះអង្គ​មក​បំផ្លាញ​យើង! ខ្ញុំ​ស្គាល់​ព្រះអង្គ​ហើយ ព្រះអង្គ​ជា​ព្រះ​ដ៏វិសុទ្ធ ដែល​មក​ពី​ព្រះ‌ជាម្ចាស់»។ ព្រះ‌យេស៊ូ​គំរាម​វិញ្ញាណ​អាក្រក់​នោះ​ថា៖ «ស្ងៀម! ចេញ​ពី​អ្នក​នេះ​ភ្លាម!»។ វិញ្ញាណ​អាក្រក់​ក៏​ធ្វើ​ឲ្យ​បុរស​នោះ​ដួល​ប្រកាច់‌ប្រកិន ហើយ​វា​ចេញ​ទៅ ទាំង​ស្រែក​យ៉ាង​ខ្លាំង​ផង។ មនុស្ស‌ម្នា​ទាំង​អស់​ភ័យ​ស្រឡាំង‌កាំង គេ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «ម្ដេច​ក៏​អស្ចារ្យ​ម៉្លេះ! លោក​បង្រៀន​តាម​របៀប​ថ្មី​ប្រកប​ដោយ​អំណាច។ លោក​បញ្ជា​ទៅ​វិញ្ញាណ​អាក្រក់ ហើយ​វិញ្ញាណ​អាក្រក់​ក៏​ស្ដាប់​បង្គាប់​លោក»។

ចែក​រំលែក
អាន ម៉ាកុស 1

ម៉ាកុស 1:23-27 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​នោះ នៅ​ក្នុង​សាលា​ប្រជុំ​របស់​គេ មាន​បុរស​ម្នាក់​មាន​វិញ្ញាណ‌អាក្រក់​ចូល វា​ស្រែក​ឡើង​ថា «ព្រះ‌យេស៊ូវ​ជា​អ្នក​ស្រុក​ណាសា‌រ៉ែត​អើយ! តើ​ព្រះ‌អង្គ​ត្រូវ​ធ្វើ​ដូច​ម្តេច​ជា​មួយ​យើង? តើ​ព្រះ‌អង្គ​មក​បំផ្លាញ​យើង​ឬ? ខ្ញុំ​ស្គាល់​ហើយ ព្រះ‌អង្គ​ជា​អង្គ​បរិសុទ្ធ​របស់​ព្រះ»។ ព្រះ‌យេស៊ូវ​បន្ទោស​វា​ថា៖ «ចូរ​ស្ងៀម! ហើយ​ចេញ​ពី​អ្នក​នេះ​ទៅ!» វិញ្ញាណ​អាក្រក់​បាន​ធ្វើ​ឲ្យ​បុរស​នោះ​ដួល​ប្រកាច់​ប្រកិន ហើយ​ស្រែក​យ៉ាង​ខ្លាំង រួច​ក៏​ចេញ​ទៅ។ គេ​ទាំង​អស់​គ្នា​មាន​សេចក្ដី​អស្ចារ្យ ហើយ​គេ​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «តើ​ស្អី​ហ្នឹង? សេចក្តី​បង្រៀន​ថ្មី​នេះ​មាន​អំណាច​ម៉្លេះ! លោក​បញ្ជា​ពួក​វិញ្ញាណ​អាក្រក់ ហើយ​វា​ក៏​ស្តាប់​បង្គាប់​លោក»។

ចែក​រំលែក
អាន ម៉ាកុស 1

ម៉ាកុស 1:23-27 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រីឯ​នៅ​ក្នុង​សាលា​ប្រជុំ​របស់​គេ មាន​មនុស្ស​ម្នាក់​មាន​អារក្ស‌អសោចិ៍​ចូល វា​ស្រែក​ឡើង​ថា ហ៊ឹះ តើ​យើង​នឹង​ទ្រង់​មាន​ហេតុ​អ្វី​នឹង​គ្នា នែ ព្រះ‌យេស៊ូវ​ពី​ភូមិ​ណា‌សារ៉ែត​អើយ តើ​ទ្រង់​មក​បំផ្លាញ​យើង​ឬ​អី ខ្ញុំ​ស្គាល់​ជាក់​ហើយ ថា​ទ្រង់​ជា​ព្រះ‌អង្គ​បរិសុទ្ធ​នៃ​ព្រះ ព្រះ‌យេស៊ូវ ទ្រង់​ក៏​បន្ទោស​ដល់​វា​ថា ចូរ​ស្ងៀម​ទៅ ហើយ​ថយ​ពី​មនុស្ស​នេះ​ចេញ កាល​អារក្ស‌អសោចិ៍​បាន​ជាន់​មនុស្ស​នោះ​ឲ្យ​ប្រកាច់‌ប្រកិន​ជា​ខ្លាំង ហើយ​ស្រែក​ឡើង នោះ​វា​ក៏​ចេញ​ទៅ អ្នក​ទាំង​អស់​គ្នា​ក៏​នឹក​ស្ងើច​ក្នុង​ចិត្ត ដល់​ម៉្លេះ​បាន​ជា​គេ​សួរ​គ្នា​ថា នេះ​ជា​អ្វី​អេះ តើ​សេចក្ដី​បង្រៀន​បែប​ថ្មី​យ៉ាង​ណា​ហ្ន៎ បាន​ជា​លោក​បង្គាប់​ដល់​អារក្ស‌អសោចិ៍ ដោយ​អំណាច ហើយ​វា​ក៏​ស្តាប់​បង្គាប់​លោក​ដូច្នេះ

ចែក​រំលែក
អាន ម៉ាកុស 1