ម៉ាកុស 1:14-20
ម៉ាកុស 1:14-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ក្រោយពេលគេចាប់លោកយ៉ូហានទៅឃុំឃាំង ព្រះយេស៊ូវក៏យាងមកស្រុកកាលីឡេ ហើយប្រកាសដំណឹងល្អអំពីព្រះ។ ព្រះអង្គមានព្រះបន្ទូលថា៖ «ពេលវេលាបានសម្រេចហើយ ឯព្រះរាជ្យរបស់ព្រះក៏មកជិតបង្កើយ ដូច្នេះ ចូរប្រែចិត្ត ហើយជឿដំណឹងល្អចុះ»។ កាលព្រះយេស៊ូវកំពុងយាងតាមឆ្នេរសមុទ្រកាលីឡេ ព្រះអង្គទតឃើញស៊ីម៉ូន និងអនទ្រេជាប្អូន កំពុងទម្លាក់អួនក្នុងសមុទ្រ ដ្បិតគេជាអ្នកនេសាទត្រី។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ចូរមកតាមខ្ញុំ ខ្ញុំនឹងតាំងអ្នកឲ្យនេសាទមនុស្សវិញ»។ ភ្លាមនោះគេក៏ទុកអួនចោល ហើយដើរតាមព្រះអង្គទៅ។ កាលព្រះអង្គយាងហួសពីនោះបន្តិច ព្រះអង្គទតឃើញយ៉ាកុបជាកូនសេបេដេ និងយ៉ូហានជាប្អូន កំពុងជួសជុលអួននៅក្នុងទូក។ ព្រះអង្គត្រាស់ហៅពួកគេមកភ្លាម ហើយពួកគេក៏ទុកសេបេដេជាឪពុក ឲ្យនៅក្នុងទូកជាមួយជើងឈ្នួល រួចដើរតាមព្រះអង្គទៅ។
ម៉ាកុស 1:14-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ក្រោយគេចាប់លោកយ៉ូហានយកទៅឃុំឃាំង ព្រះយេស៊ូយាងទៅស្រុកកាលីឡេ ហើយប្រកាសដំណឹងល្អ*របស់ព្រះជាម្ចាស់។ ព្រះអង្គមានព្រះបន្ទូលថា៖ «ពេលកំណត់មកដល់ហើយ រីឯព្រះរាជ្យ*របស់ព្រះជាម្ចាស់ក៏មកជិតបង្កើយដែរ។ ចូរនាំគ្នាកែប្រែចិត្តគំនិត ហើយជឿដំណឹងល្អចុះ!»។ កាលព្រះយេស៊ូយាងតាមឆ្នេរសមុទ្រកាលីឡេ ព្រះអង្គទតឃើញលោកស៊ីម៉ូន និងលោកអនទ្រេ ជាប្អូនរបស់គាត់ កំពុងតែបង់សំណាញ់ ព្រោះអ្នកទាំងពីរជាអ្នកនេសាទត្រី។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «សុំអញ្ជើញមកតាមខ្ញុំ ខ្ញុំនឹងតាំងអ្នកឲ្យនេសាទមនុស្សវិញ»។ អ្នកទាំងពីរក៏ទុកសំណាញ់នៅទីនោះភ្លាម រួចដើរតាមព្រះអង្គទៅ។ កាលព្រះយេស៊ូយាងទៅមុខបន្ដិច ព្រះអង្គទតឃើញលោកយ៉ាកុប និងលោកយ៉ូហាន ជាប្អូន កំពុងតែរៀបចំអួននៅក្នុងទូកមួយ អ្នកទាំងពីរជាកូនលោកសេបេដេ។ ព្រះអង្គត្រាស់ហៅអ្នកទាំងពីរភ្លាម គេក៏ដើរតាមព្រះយេស៊ូទៅ ទុកឪពុកឲ្យនៅក្នុងទូកជាមួយពួកកូនឈ្នួល។
ម៉ាកុស 1:14-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គ្រាក្រោយដែលគេបញ្ជូនយ៉ូហានទៅផុតហើយ នោះព្រះយេស៊ូវទ្រង់យាងមកក្នុងស្រុកកាលីឡេវិញ ព្រមទាំងប្រកាសប្រាប់ដំណឹងល្អពីនគរព្រះថា ពេលវេលាបានសំរេចហើយ នគរព្រះជិតមកដល់ ដូច្នេះ ចូរប្រែចិត្ត ហើយជឿដំណឹងល្អចុះ។ កាលព្រះយេស៊ូវកំពុងតែយាងទៅតាមឆ្នេរសមុទ្រកាលីឡេ នោះទ្រង់ទតឃើញស៊ីម៉ូន នឹងអនទ្រេ ជាប្អូន កំពុងតែទំលាក់អួនក្នុងសមុទ្រ ដ្បិតគេជាអ្នកនេសាទត្រី ទ្រង់មានបន្ទូលហៅថា ចូរមកតាមខ្ញុំ ខ្ញុំនឹងតាំងឲ្យអ្នកនេសាទមនុស្សវិញ គេក៏ទុកអួនចោល ហើយដើរតាមទ្រង់ជា១រំពេចទៅ លុះទ្រង់យាងហួសពីនោះបន្តិច ក៏ទតឃើញយ៉ាកុប ជាកូនសេបេដេ នឹងយ៉ូហាន ជាប្អូន នៅក្នុងទូក កំពុងតែជួសជុលអួន ហើយទ្រង់មានបន្ទូលហៅគេមកភ្លាម គេក៏លះចោលសេបេដេ ជាឪពុក នៅក្នុងទូកជាមួយនឹងពួកជើងឈ្នួល រួចដើរតាមទ្រង់ទៅ។