មីកា 7:1-5

មីកា 7:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

វរ​ហើយ​ខ្ញុំ ដ្បិត​ខ្ញុំ​ដូច​ជាអ្នក​ដែល​ប្រមូល​ផល​បន្ទាប់ពី​ផ្លែ​រដូវ​ក្តៅ បន្ទាប់​ពី​គេ​បាន​ប្រឡេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ​ជាន់​អស់​ហើយ គ្មាន​ចង្កោម​ណា​សល់​ឲ្យ​បាន​ស៊ី​ទេ ក៏​គ្មាន​ផ្លែ​ល្វា​ទុំ​ដើម​រដូវ ដែល​ខ្ញុំ​ចូល​ចិត្តដែរ។ មនុស្ស​ដែល​គោរព​តាម​ព្រះ បាន​សូន្យ​បាត់​ពី​ផែនដី​ទៅ គ្មាន​អ្នក​ណា​ដែល​ទៀង​ត្រង់ នៅ​ក្នុង​ពួក​មនុស្ស​លោក​ទេ គេ​សុទ្ធ​តែ​លប​ចាំ​កម្ចាយ​ឈាម គ្រប់​គ្នា​ប្រដេញ​បង‌ប្អូន​ខ្លួន​ដោយ​មង ដៃ​របស់​គេ​ជំនាញ​នឹង​ប្រព្រឹត្តអំពើ​អាក្រក់ ពួក​មេ និង​ពួក​ចៅ‌ក្រម​ឃុប​ឃិត​គ្នា​ទារ​រក​សំណូក ឯអ្នក​មាន​អំណាច​ទារ​រក​អ្វី​ដែល​ចិត្ត​គេ​ចង់​បាន គឺ​យ៉ាង​នោះ​ឯង​ដែល​គេ​បង្វែរ​យុត្តិធម៌ ។ មនុស្ស​ល្អ​បំផុត​ក្នុង​ចំណោម​ពួក​គេ ប្រៀប​ដូច​ជា​បន្លា ហើយ​អ្នក​ដែល​ទៀង​ត្រង់បំផុត​ក្នុង​ចំណោម​ពួក​គេ ប្រៀប​ដូច​ជា​របង​បន្លា។ ថ្ងៃ​នៃ​ពួក​ចាំ​យាម​របស់​គេ គឺ​ថ្ងៃ​ដែល​គេ​ត្រូវ​ទទួល​ទោស បាន​មក​ដល់​ហើយ ឥឡូវ​នេះ គ្រា​ចលាចល​របស់​គេ​នៅ​ជិត​បង្កើយ។ កុំ​ទុក​ចិត្ត​នឹង​មិត្ត​សម្លាញ់ ក៏​កុំ​ជឿ​ញាតិ​សន្ដាន​ដែរ ចូរ​រក្សា​បបូរ​មាត់​របស់​អ្នក ចេញ​ឆ្ងាយ​ពីនាង​ដែល​កុហក​នៅ​នឹង​ទ្រូង​របស់​អ្នក

ចែក​រំលែក
អាន មីកា 7

មីកា 7:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ខ្ញុំ​មុខ​ជា​ត្រូវ​វេទនា​ហើយ! ដ្បិត​ខ្ញុំ​ប្រៀប​ដូច​ជា​អ្នក​ដែល​ទៅ​រក បេះ​ផ្លែ​ឈើ ក្រោយ​រដូវ​ផ្លែ​ឈើ​ទុំ ហើយ​ទៅ​រក​បេះ​ផ្លែ​ទំពាំង‌បាយជូរ ក្រោយ​រដូវ​ផ្លែ​ទំពាំង‌បាយជូរ​ទុំ គឺ​គ្មាន​ផ្លែ​ទំពាំង‌បាយជូរ​សោះ ហើយ​សូម្បី​តែ​ឧទុម្ពរ*​មួយ​ផ្លែ​ដែល​ខ្ញុំ​ចូល​ចិត្ត ក៏​គ្មាន​ដែរ។ នៅ​ក្នុង​ស្រុក គ្មាន​សល់​មនុស្ស​ណា​ម្នាក់ ដែល​ស្មោះ​ត្រង់​នឹង​ព្រះ‌ជាម្ចាស់ ហើយ​ក៏​គ្មាន​សល់​មនុស្ស​សុចរិត​ដែរ គឺ​ពួក​គេ​ទាំង​អស់​គ្នា​គិត​តែ​ពី​ពួន​ស្ទាក់ ចាំ​ប្រហារ​ជីវិត​គ្នា ម្នាក់ៗ​គិត​តែ​ពី​រក​ឧបាយ‌កល​ធ្វើ​បាប បងប្អូន​របស់​ខ្លួន។ ពួក​គេ​ពូកែ​ប្រព្រឹត្ត​អំពើ​អាក្រក់​ណាស់ ទាំង​មេ​ដឹក​នាំ ទាំង​ចៅ‌ក្រម នាំ​គ្នា​ស៊ី​សំណូក។ អ្នក​ធំ​មាន​ចិត្ត​លោភ‌លន់ ហើយ​ឃុប‌ឃិត​គ្នា ប្រព្រឹត្ត​តាម​បំណង​របស់​ខ្លួន។ ក្នុង​ចំណោម​ពួក​គេ អ្នក​ដែល​ល្អ​ជាង​គេ​ប្រៀប​បាន​នឹង​ខ្ញែ អ្នក​សុចរិត​ជាង​គេ​ប្រៀប​បាន​នឹង​គុម្ព​បន្លា។ ប៉ុន្តែ ថ្ងៃ​ដែល​ព្រះ‌អម្ចាស់​ដាក់​ទោស​ពួក​គេ មក​ដល់​ហើយ គឺ​ថ្ងៃ​ដែល​ពួក​ព្យាការី ជា​អ្នក​យាម‌ល្បាត បាន​ប្រកាស​ទុក។ ឥឡូវ​នេះ​ពួក​គេ​ត្រូវ​អាម៉ាស់​មុខ​ហើយ។ កុំ​ជឿ​មិត្ត​សម្លាញ់ កុំ​ទុក​ចិត្ត​ញាតិ‌សន្ដាន សូម្បី​នៅ​មុខ​ប្រពន្ធ​របស់​អ្នក ក៏​មិន​ត្រូវ​ហា​មាត់​និយាយ​អ្វី​ឡើយ។

ចែក​រំលែក
អាន មីកា 7

មីកា 7:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

វរ​ហើយ​ខ្ញុំ ដ្បិត​ខ្ញុំ​ដូច​ជា​នៅ​វេលា​ដែល​បេះ​ផ្លែ​រដូវ​ក្តៅ​រួច​ហើយ គឺ​ដូច​ជា​បាន​ប្រឡេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ​ជាន់​ក្រោយ​អស់​ហើយ គ្មាន​ចង្កោម​ណា​សល់​ឲ្យ​បាន​ស៊ី​ទេ ចិត្ត​ខ្ញុំ​ប្រាថ្នា​ចង់​បាន​ផ្លែ​ល្វា ដែល​ទុំ​ដើម​រដូវ មនុស្ស​ដែល​គោរព​តាម​ព្រះ បាន​សូន្យ​បាត់​ពី​ផែនដី​ទៅ គ្មាន​អ្នក​ណា​ដែល​ទៀង​ត្រង់ នៅ​ក្នុង​ពួក​មនុស្ស​លោក​ទេ គេ​សុទ្ធ​តែ​លប​ចាំ​កំចាយ​ឈាម គ្រប់​គ្នា​ប្រដេញ​បង​ប្អូន​ខ្លួន​ដោយ​មង ដៃ​គេ​ចាប់​កាន់​អំពើ​អាក្រក់​ប្រុង​នឹង​ធ្វើ​ដោយ​ខ្មី‌ឃ្មាត ឯ​ចៅហ្វាយ គេ​ក៏​សូម ហើយ​ចៅ‌ក្រម​ក៏​ប្រុង​នឹង​ស៊ី​សំណូក​ដែរ ឯ​អ្នក​ធំ គេ​ពោល​ពី​សេចក្ដី​ប៉ង‌ប្រាថ្នា​អាក្រក់ ដែល​នៅ​ក្នុង​ចិត្ត​ខ្លួន គឺ​យ៉ាង​នោះ​ឯង​ដែល​គេ​ប្រមុំ​ការ​អាក្រក់​របស់​គេ មនុស្ស​ល្អ​បំផុត​នៅ​ក្នុង​ពួក​គេ ក៏​ប្រៀប​ដូច​ជា​បន្លា ហើយ​អ្នក​ដែល​រាប់​ជា​ទៀង​ត្រង់ ក៏​អាក្រក់​ជាង​របង​ធ្វើ​ពី​បន្លា​ទៅ​ទៀត ថ្ងៃ​នៃ​ពួក​ចាំ​យាម​របស់​ឯង គឺ​ជា​ថ្ងៃ​ធ្វើ​ទោស​ដល់​ឯង បាន​មក​ដល់​ហើយ គ្រា​នោះ នឹង​បាន​ជា​គ្រា​អាំង‌ឡាំង​ដល់​ឯង កុំ​ឲ្យ​ទុក​ចិត្ត​អ្នក​ជិត​ខាង ក៏​កុំ​ឲ្យ​ជឿ​មិត្រ​សំឡាញ់​ផង សូម្បី​តែ​នាង​ដែល​ឯង​ឱប​នៅ​នា​ទ្រូង​ក៏​ចូរ​រក្សា​បបូរ​មាត់​ចំពោះ​នាង​ដែរ

ចែក​រំលែក
អាន មីកា 7