មីកា 5:1-14

មីកា 5:1-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឥឡូវ​នេះ ខ្មាំង​សត្រូវ​ធ្វើ​របង​ហ៊ុម​ព័ទ្ធ​អ្នក គេ​ឡោម​ព័ទ្ធ​ច្បាំង​នឹង​យើង​ហើយ គេ​យក​ដំបង​វាយ​ថ្ពាល់​មេដឹក​នាំ​របស់​អ៊ីស្រា‌អែល។ តែ​ឯង ឱ​បេថ្លេ‌ហិម-អេប្រាតា​អើយ ឯង​ជា​អ្នក​តូច​ជាង​គេ​ក្នុង​ចំណោម អំបូរ​ទាំង​ប៉ុន្មានរបស់​យូដា នឹង​មាន​ម្នាក់​កើត​ចេញ​ពី​ឯង​មក​ឲ្យ​យើង អ្នក​នោះ​ត្រូវ​ឡើង​ជា​អ្នក​គ្រប់‌គ្រង​លើ​អ៊ីស្រា‌អែល ដើម​កំណើត​របស់​អ្នក​នោះ​មាន​តាំង​ពី​បុរាណ គឺ​តាំង​ពី​អស់‌កល្ប​រៀង​មក។ ដូច្នេះ អ្នក​នោះ​នឹង​ប្រគល់​គេ​ទៅ​ដរាប​ដល់​ពេល​កំណត់ ពេល​ដែល​នាង​ឈឺ​សម្រាល​បាន​កូន​មក នោះ​សំណល់​នៃ​ពួក​បង‌ប្អូន​របស់​អ្នក​នោះ នឹង​បាន​វិល​ត្រឡប់​មក​ឯ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​វិញ។ អ្នក​នោះ​នឹង​ឈរ​ឡើង​ឃ្វាល​ហ្វូង​ចៀម​របស់​ខ្លួន ដោយ‌សារ​ឥទ្ធិ‌ឫទ្ធិ​នៃ​ព្រះ‌យេហូវ៉ា និង​ឫទ្ធា‌នុភាព​របស់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​ខ្លួន នោះ​គេ​នឹង​ស្ថិត‌ស្ថេរ​នៅ ដ្បិត​អ្នក​នោះ​នឹង​បាន​ជា​ធំ រហូត​ដល់​ចុង​ផែនដី​បំផុត ហើយ​អ្នក​នោះ​នឹង​បាន​ជាស្ដេច​នៃ​សេចក្ដី​សុខសាន្ត។ ប្រសិន​បើ​ពួក​អាស‌ស៊ើរ​លុក‌លុយ​ចូល ក្នុង​ស្រុក​របស់​ពួក​យើង ហើយ​ដាក់​ជើង​ជាន់​លើ​ដីរបស់​ពួក​យើង ពួក​យើង​នឹង​លើក​ពួក​គង្វាល​ប្រាំពីរ​នាក់ និង​ពួក​មេ​ប្រាំបី​នាក់​ឲ្យ​ទាស់​នឹង​គេ ពួក​នោះ​នឹង​ឃ្វាល​ស្រុក​អាស‌ស៊ើរ​ដោយ​ដាវ និង​ស្រុក​នីមរ៉ូឌ​ត្រង់​ទ្វារ​ស្រុក​គេ អ្នក​នោះ​នឹង​ដោះ​ឲ្យ​យើង​រួច​ពី​ពួក​សាសន៍​អាស‌ស៊ើរ ក្នុង​កាល​ដែល​គេ​ទន្ទ្រាន​ចូល​ក្នុង​ស្រុក​យើង ឬ​បើ​កាល​ណា​គេ​ដាក់​ជើង​ជាន់ ក្នុង​ព្រំ​ប្រទល់​ស្រុក​របស់​យើង។ គ្រា​នោះ សំណល់​នៃ​ពួក​យ៉ាកុប នឹង​នៅ​កណ្ដាល​សាសន៍​ជា​ច្រើន ដូច​ជា​ទឹក​សន្សើម​មក​ពី​ព្រះ‌យេហូវ៉ា ហើយ​ដូច​ទឹក​ភ្លៀង​រ៉ុយៗ​នៅ​លើ​ស្មៅ ដែល​មិន​រង់‌ចាំ​មនុស្ស ក៏​មិន​សង្ឃឹម​ដល់​មនុស្ស​ជាតិ​ដែរ។ សំណល់​នៃ​ពួក​យ៉ាកុប​នឹង​នៅ​កណ្ដាល​ប្រទេស​ដទៃ គឺ​នៅ​ក្នុង​ចំណោម​មនុស្ស​ជា​ច្រើន ដូច​ជា​សន្សើម​មក​ពី​ព្រះ ដូច​ជា​ទឹក​ដែល​ស្រោច​លើ​ស្មៅ ដែល​មិន​បង្អង់​នឹង​ធ្លាក់​លើ​គេ។ ចូរ​លើក​ដៃ​អ្នក​ឡើង ដាក់​លើ​ខ្មាំង​សត្រូវ​របស់​អ្នក គេ​នឹង​ត្រូវ​បំផ្លាញ។ ព្រះ​យេហូវ៉ា​មាន​ព្រះបន្ទូល​ថា៖ «នៅ​ថ្ងៃ​នោះ យើង​នឹង​កាត់​អស់​ទាំង​សេះ​របស់​ឯង ហើយ​យើង​នឹង​បំផ្លាញ​រទេះ​ចម្បាំង​ទាំង​ប៉ុន្មាន របស់​ឯង​ដែរ។ យើង​នឹង​ដក​ទី​ក្រុង​នានា​ចេញ​ពីស្រុក​របស់​អ្នក និង​ផ្ដួល​រំលំ​ទី​មាំមួន​របស់​អ្នក​រាល់​គ្នា។ យើង​នឹង​កម្ចាត់​អស់​ទាំង​របៀន​អាប‌ធ្មប់​ពី​ដៃ​ឯង​ចេញ ឯង​នឹង​គ្មាន​គ្រូ​នក្ខត្តឫក្ស​តទៅ​ទៀត​ទេ យើង​នឹង​បំផ្លាញ​រូប​ឆ្លាក់ និង​បង្គោល​គោរព​ចេញ​ពី​កណ្ដាល​ពួក​ឯង នោះ​ឯង​នឹង​លែង​ថ្វាយ‌បង្គំ​ស្នាដៃ​របស់​ខ្លួន​ទៀត យើង​នឹង​រំលើង​បង្គោល​សក្ការៈ របស់​ឯង ចេញ​ពី​កណ្ដាល​ឯង ហើយ​នឹង​បំផ្លាញ​ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​ឯង។

ចែក​រំលែក
អាន មីកា 5

មីកា 5:1-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

«បេថ្លេ‌ហិម​អេប្រាតា​អើយ! ក្នុង​ចំណោម​អំបូរ​ទាំង​ប៉ុន្មាន នៅ​ស្រុក​យូដា អ្នក​តូច​ជាង​គេ​មែន តែ​មេ​ដឹក​នាំ​ដែល​ត្រូវ​គ្រប់‌គ្រង​លើ​អ៊ីស្រា‌អែល ក្នុង​នាម​យើង នឹង​កើត​ចេញ​មក​ពី​អ្នក។ លោក​នោះ​មាន​ដើម​កំណើត តាំង​ពី​បុរាណ‌កាល​ដ៏​យូរ‌លង់»។ ព្រះ‌ជាម្ចាស់​នឹង​បោះ​បង់​ចោល ប្រជា‌ជន​អ៊ីស្រា‌អែល​មួយ​រយៈ​សិន រហូត​ដល់​ពេល​ដែល​ស្ត្រី​ជា​មាតា​សម្រាល​បុត្រ។ ពេល​នោះ បងប្អូន​របស់​បុត្រ ដែល​នៅ​សេស‌សល់ នឹង​វិល​មក​ជួប‌ជុំ​គ្នា ជា​មួយ​កូន​ចៅ​អ៊ីស្រា‌អែល​វិញ។ ស្ដេច​នោះ​នឹង​ក្រោក​ឡើង ហើយ​ដឹក​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល ដោយ​ព្រះ‌ចេស្ដា​របស់​ព្រះ‌អម្ចាស់ និង​ភាព​ថ្កុំ‌ថ្កើង​នៃ​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក។ អ៊ីស្រា‌អែល​នឹង​រស់​នៅ​ដោយ​សុខ‌សាន្ត ដ្បិត​ចាប់​ពី​ពេល​នេះ​ទៅ ស្ដេច​នោះ​មាន​អំណាច​ឧត្ដុង្គ‌ឧត្ដម រហូត​ដល់​ទី​ដាច់​ស្រយាល​នៃ​ផែនដី។ ស្ដេច​នោះ​ហើយ​ដែល​ផ្ដល់​សេចក្ដី​សុខ‌សាន្ត! ប្រសិន​បើ​ជន‌ជាតិ​អាស្ស៊ីរី​លើក​ទ័ព​មក វាយ​លុក​ស្រុក​យើង ហើយ​វាយ​ចូល​ដល់​កំពែង​ក្រុង​របស់​យើង ពួក​យើង​នឹង​ចាត់​មេ​ដឹក​នាំ​ប្រាំ‌ពីរ ប្រាំ​បី​នាក់ ឲ្យ​ទៅ​តយុទ្ធ​នឹង​ពួក​គេ។ មេ​ដឹក​នាំ​ទាំង​នោះ​នឹង​ប្រើ​អាវុធ​ត្រួត‌ត្រា​លើ ស្រុក​អាស្ស៊ីរី និង​ស្រុក​របស់​នីមរ៉ូដ។ ពេល​ជន‌ជាតិ​អាស្ស៊ីរី​ចូល​មក​ដល់​ស្រុក​យើង ដើម្បី​ឈ្លាន‌ពាន​ទឹក​ដី​របស់​យើង ស្ដេច​នោះ​នឹង​ដោះ​លែង​យើង​ឲ្យ​រួច​ពី កណ្ដាប់​ដៃ​របស់​ពួក​គេ។ កូន​ចៅ​របស់​លោក​យ៉ាកុប​ដែល​នៅ​សេស‌សល់ នឹង​រស់​នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​ជា​ច្រើន ដូច​ជា​ទឹក​សន្សើម​មក​ពី​ព្រះ‌អម្ចាស់ និង​ដូច​ទឹក​ភ្លៀង​ស្រោច​ស្រព​លើ​ស្មៅ ដោយ​ឥត​ត្រូវ​ការ​មនុស្ស​ជួយ​ឡើយ។ កូន​ចៅ​របស់​លោក​យ៉ាកុប​ដែល​នៅ​សេស‌សល់ នឹង​រស់​នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ ហើយ​ស្ថិត​នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​ជា​ច្រើន ដូច​សិង្ហ​ស្ថិត​នៅ​ក្នុង​ចំណោម​សត្វ​ព្រៃ និង​ដូច​សិង្ហ​ស្ទាវ​ស្ថិត​នៅ​ក្នុង​ចំណោម​ហ្វូង​ចៀម។ ពេល​សិង្ហ​ដើរ​កាត់ វា​ជាន់​កម្ទេច និង​ហែក​ស៊ី ដោយ​ឥត​មាន​នរណា​ម្នាក់​អាច​រំដោះ ឲ្យ​រួច​បាន​ឡើយ។ ចូរ​វាយ​ប្រហារ​បច្ចា‌មិត្ត​របស់​អ្នក ចូរ​កម្ទេច​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​របស់​អ្នក​ទៅ! នៅ​ថ្ងៃ​នោះ យើង​នឹង​ដក​ហូត​សេះ​របស់​អ្នក យើង​នឹង​កម្ទេច​រទេះ​ចម្បាំង​របស់​អ្នក - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ «យើង​នឹង​ដក​ក្រុង​ទាំង‌ឡាយ​ពី​ស្រុក​របស់​អ្នក យើង​នឹង​ផ្ដួល​រំលំ​កំពែង​ដ៏​រឹង‌មាំ ទាំង​ប៉ុន្មាន​របស់​អ្នក។ យើង​នឹង​ដក​មន្ត‌អាគម​គាថា​ចេញ​ពី​ដៃ​របស់​អ្នក ហើយ​អ្នក​នឹង​លែង​មាន​គ្រូ​ធ្មប់​ទៀត​ដែរ។ យើង​នឹង​ដក​ព្រះ​ក្លែង‌ក្លាយ និង​រូប​បដិមា​ចេញ​ពី​ចំណោម​អ្នក ហើយ​អ្នក​នឹង​លែង​ថ្វាយ‌បង្គំ​រូប ដែល​ជា​ស្នា‌ដៃ​របស់​អ្នក​ទៀត​ហើយ។ យើង​នឹង​រំលំ​បង្គោល​ព្រះ‌អាសេ‌រ៉ា​ចេញ​ពី​អ្នក យើង​នឹង​កម្ទេច​ក្រុង​របស់​អ្នក។ យើង​នឹង​ដាក់​ទោស​ប្រជា‌ជាតិ​នានា តាម​កំហឹង​ដ៏​ខ្លាំង‌ក្លា​របស់​យើង ព្រោះ​ពួក​គេ​ពុំ​បាន​ស្ដាប់​យើង​ទេ»។

ចែក​រំលែក
អាន មីកា 5

មីកា 5:1-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

តែ​ឯង ឱ​បេថ្លេ‌ហិម-អេប្រាតា​អើយ ឯង​ដែល​តូច​នៅ​ក្នុង​ពួក​យូដា​ទាំង​ពាន់ៗ នឹង​មាន​ម្នាក់​កើត​ចេញ​ពី​ឯង​មក​ឲ្យ​អញ អ្នក​នោះ​ត្រូវ​ឡើង​ជា​អ្នក​គ្រប់‌គ្រង​លើ​អ៊ីស្រាអែល ដើម​កំណើត​របស់​អ្នក​នោះ​បាន​ចាប់​តាំង​ពី​បុរាណ គឺ​ពី​អស់‌កល្ប​រៀង​មក ដូច្នេះ អ្នក​នោះ​នឹង​ប្រគល់​គេ​ទៅ ដរាប​ដល់​កំណត់​នៃ​នាង ដែល​ឈឺ​នឹង​សំរាល បាន​កើត​កូន​មក នោះ​សំណល់​នៃ​ពួក​បង​ប្អូន​របស់​អ្នក​នោះ នឹង​បាន​វិល​ត្រឡប់​មក​ឯ​ពួក​កូន​ចៅ​អ៊ីស្រាអែល​វិញ អ្នក​នោះ​នឹង​ឈរ​ឡើង​ឃ្វាល​ហ្វូង​ចៀម​របស់​ខ្លួន ដោយ‌សារ​ឥទ្ធិ‌ឫទ្ធិ​នៃ​ព្រះ‌យេហូវ៉ា នឹង​ឫទ្ធា‌នុភាព​របស់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ខ្លួន នោះ​គេ​នឹង​ស្ថិត‌ស្ថេរ​នៅ ដ្បិត​អ្នក​នោះ​នឹង​បាន​ជា​ធំ រហូត​ដល់​ចុង​ផែនដី​បំផុត អ្នក​នោះ​នឹង​បាន​ជា​ទី​ក្សេម‌ក្សាន្ត​ដល់​យើង ដូច្នេះ កាល​ណា​ពួក​អាសស៊ើរ​លុក‌លុយ​ចូល​ក្នុង​ស្រុក​យើង ឬ​បើ​កាល​ណា​គេ​ដាក់​ជើង​ចូល​មក​ក្នុង​ដំណាក់​យើង នោះ​យើង​នឹង​លើក​ពួក​អ្នក​គង្វាល​៧​នាក់ នឹង​ពួក​ជា​ប្រធាន​៨​នាក់​ឲ្យ​ទាស់​នឹង​គេ ពួក​នោះ​នឹង​បំផ្លាញ​ស្រុក​អាសស៊ើរ​ដោយ​ដាវ នឹង​ស្រុក​នីមរ៉ូឌ​ត្រង់​ទ្វារ​ស្រុក​គេ​ផង អ្នក​នោះ​នឹង​ដោះ​ឲ្យ​យើង​រួច​ពី​ពួក​សាសន៍​អាសស៊ើរ ក្នុង​កាល​ដែល​គេ​ទន្ទ្រាន​ចូល​ក្នុង​ស្រុក​យើង ឬ​បើ​កាល​ណា​គេ​ដាក់​ជើង មក​ក្នុង​ព្រំ​ស្រុក​របស់​យើង​ដែរ គ្រា​នោះ សំណល់​នៃ​ពួក​យ៉ាកុប នឹង​នៅ​កណ្តាល​សាសន៍​ជា​ច្រើន ទុក​ដូច​ជា​ទឹក​សន្សើម​មក​ពី​ព្រះ‌យេហូវ៉ា ហើយ​ដូច​ទឹក​ភ្លៀង​រ៉ុយៗ​នៅ​លើ​ស្មៅ ដែល​មិន​រង់‌ចាំ​មនុស្ស​ទេ ក៏​មិន​សង្ឃឹម​ដល់​មនុស្ស​ជាតិ​ដែរ ហើយ​សំណល់​នៃ​ពួក​យ៉ាកុប​នឹង​នៅ​កណ្តាល​ប្រទេស​ដទៃ គឺ​នៅ​ក្នុង​សាសន៍​ផ្សេងៗ​ជា​ច្រើន ដូច​ជា​សិង្ហ​នៅ​កណ្តាល​ពួក​សត្វ​ព្រៃ គឺ​ដូច​ជា​សិង្ហ​ស្ទាវ នៅ​កណ្តាល​ហ្វូង​ចៀម​ជា​សត្វ​ដែល​កាល​ណា​ដើរ​កាត់​កណ្តាល​ហ្វូង នោះ​ក៏​ជាន់​ឈ្លី​ហើយ​ហែក‌ហួរ ឥត​មាន​អ្នក​ណា​សំរាប់​នឹង​ជួយ​ឲ្យ​រួច​ឡើយ យ៉ាង​នោះ​ដៃ​ឯង​នឹង​បាន​លើក​ឡើង​លើ​ពួក​ដែល​តតាំង​នឹង​ឯង ហើយ​ពួក​ខ្មាំង​សត្រូវ​របស់​ឯង​នឹង​ត្រូវ​កាត់​ចេញ​ទៅ។ ព្រះ‌យេហូវ៉ា ទ្រង់​មាន​បន្ទូល​ថា នៅ​ថ្ងៃ​នោះ​អញ​នឹង​កាត់​អស់​ទាំង​សេះ​របស់​ឯង​ពី​ពួក​ឯង​ចេញ ហើយ​នឹង​បំផ្លាញ​រទេះ​ចំបាំង​ទាំង​ប៉ុន្មាន​របស់​ឯង​ដែរ អញ​នឹង​កាត់​អស់​ទាំង​ទី​ក្រុង​នៅ​ស្រុក​ឯង​ចេញ ហើយ​នឹង​រំលំ​គ្រប់​ទាំង​ទី​មាំ‌មួន​របស់​ឯង​បង់ អញ​នឹង​កំចាត់​អស់​ទាំង​របៀន​អាប‌ធ្មប់​ពី​ដៃ​ឯង​ចេញ នោះ​ឯង​នឹង​គ្មាន​គ្រូ​នក្ខត្ត‌ឫក្ស​ទៀត​ត​ទៅ អញ​នឹង​បំផ្លាញ​រូប​ឆ្លាក់ នឹង​បង្គោល​គោរព​ចេញ​ពី​កណ្តាល​ពួក​ឯង នោះ​ឯង​នឹង​លែង​ថ្វាយ‌បង្គំ​ស្នាដៃ​របស់​ខ្លួន​ទៅ អញ​នឹង​រំលើង​រូប​ព្រះ​របស់​ឯង ចេញ​ពី​កណ្តាល​ឯង​បង់ ហើយ​នឹង​បំផ្លាញ​ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​ឯង អញ​នឹង​សំរេច​ការ​សង‌សឹក នៅ​លើ​អស់​ទាំង​សាសន៍​ដែល​មិន​ព្រម​ស្តាប់ ដោយ​សេចក្ដី​កំហឹង នឹង​សេចក្ដី​ឃោរ‌ឃៅ។

ចែក​រំលែក
អាន មីកា 5