ម៉ាថាយ 9:1-8

ម៉ាថាយ 9:1-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បន្ទាប់​មក ព្រះ‌យេស៊ូវ​យាង​ចុះ​ទូក ឆ្លង​ទៅ​ក្រុង របស់​ព្រះ‌អង្គ​វិញ។ ពេល​នោះ មាន​គេ​សែង​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង​ម្នាក់ ដេក​លើ​គ្រែ​មក​រក​ព្រះ‌អង្គ។ ពេល​ព្រះ‌យេស៊ូវ​ទត​ឃើញ​ជំនឿ​របស់​អ្នក​ទាំង​នោះ ព្រះ‌អង្គ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​អ្នក​ស្លាប់​ដៃ​ស្លាប់​ជើង​នោះ​ថា៖ «កូន​អើយ! ចូរ​សង្ឃឹម​ឡើង កូន​បាន​ទទួល​ការ​អត់​ទោស​ពី​បាប​ហើយ»។ ពេល​នោះ មាន​អាចារ្យ​ខ្លះ​នឹក​ក្នុង​ចិត្ត​ថា៖ «អ្នក​នេះ​ប្រមាថ​ព្រះ​ទេ​តើ!»។ ប៉ុន្តែ ព្រះ‌យេស៊ូវ​ស្គាល់​គំនិត​របស់​គេ ក៏​មាន​ព្រះ‌បន្ទូល​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មាន​គំនិត​អាក្រក់​ក្នុង​ចិត្ត​ដូច្នេះ? ដ្បិត​ដែល​និយាយ​ថា "អ្នក​បាន​ទទួល​ការ​អត់​ទោស​ហើយ" ឬ​ថា "ចូរ​ក្រោក​ឡើង ហើយ​ដើរ​ទៅ" តើ​ពាក្យ​ណា​មួយ​ស្រួល​និយាយ​ជាង? ប៉ុន្តែ នេះ​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា កូន​មនុស្ស​មាន​អំណាច​នឹង​អត់​ទោស​បាប​នៅ​លើ​ផែនដី​នេះ»។ ពេល​នោះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​អ្នក​ស្លាប់​ដៃ​ស្លាប់​ជើង​ថា៖ «ចូរ​ក្រោក​ឡើង យក​គ្រែ​ស្នែង​របស់​អ្នក​ទៅ​ផ្ទះ​ទៅ!» អ្នក​នោះ​ក៏​ក្រោក​ឡើង ហើយ​ដើរ​ទៅ​ផ្ទះ។ កាល​មហា‌ជន​ឃើញ​ហេតុ‌ការណ៍​នោះ គេ​មាន​ការ​ស្ញប់‌ស្ញែង ហើយ​សរសើរ​តម្កើង​ដល់​ព្រះ​ដែល​ប្រទាន​អំណាច​ដ៏​អស្ចារ្យ​ដល់​មនុស្ស​លោក។

ចែក​រំលែក
អាន ម៉ាថាយ 9

ម៉ាថាយ 9:1-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បន្ទាប់​មក ព្រះ‌យេស៊ូ​យាង​ចុះ​ទូក ឆ្លង​សមុទ្រ​ទៅ​ក្រុង របស់​ព្រះអង្គ​វិញ។ ពេល​នោះ មាន​គេ​សែង​មនុស្ស​ខ្វិន​ដៃ​ខ្វិន​ជើង​ម្នាក់​មក​រក​ព្រះអង្គ។ ព្រះ‌យេស៊ូ​ឈ្វេង​យល់​ជំនឿ​របស់​អ្នក​ទាំង​នោះ ព្រះអង្គ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​អ្នក​ពិការ​ថា៖ “កូន​អើយ! ចូរ​ក្លាហាន​ឡើង ខ្ញុំ​អត់‌ទោស​ឲ្យ​អ្នក​រួច​ពី​បាប*​ហើយ!”។ ពួក​អាចារ្យ*​ខ្លះ​ឮ​ដូច្នេះ ក៏​នឹក​ក្នុង​ចិត្ត​ថា៖ «អ្នក​នេះ​ប្រមាថ​ព្រះ‌ជាម្ចាស់!»។ ព្រះ‌យេស៊ូ​ឈ្វេង​យល់​គំនិត​អ្នក​ទាំង​នោះ ទើប​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មាន​គំនិត​អាក្រក់​បែប​នេះ? បើ​ខ្ញុំ​និយាយ​ថា “ខ្ញុំ​អត់‌ទោស​ឲ្យ​អ្នក​រួច​ពី​បាប​ហើយ” ឬ​ថា “ចូរ​ក្រោក​ឡើង​ដើរ​ទៅ​ចុះ” តើ​ឃ្លា​មួយ​ណា​ស្រួល​និយាយ​ជាង? ប៉ុន្តែ ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា បុត្រ​មនុស្ស​មាន​អំណាច​អត់‌ទោស​ឲ្យ​មនុស្ស​នៅ​ក្នុង​លោក​នេះ​រួច​ពី​បាប»។ ព្រះអង្គ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​អ្នក​ខ្វិន​ថា៖ «ចូរ​ក្រោក​ឡើង យក​គ្រែ​ស្នែង​របស់​អ្នក ដើរ​ទៅ​ផ្ទះ​វិញ​ទៅ!»។ អ្នក​ខ្វិន​ក៏​ក្រោក​ឡើង​ដើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ។ កាល​មហា‌ជន​បាន​ឃើញ​ដូច្នេះ គេ​ស្ញែង​ខ្លាច​ជា​ខ្លាំង ទាំង​នាំ​គ្នា​លើក​តម្កើង​សិរី‌រុងរឿង​ព្រះ‌ជាម្ចាស់ ដែល​បាន​ប្រោស​ប្រទាន​អំណាច​ដ៏​អស្ចារ្យ​យ៉ាង​នេះ​ដល់​មនុស្ស​លោក។

ចែក​រំលែក
អាន ម៉ាថាយ 9

ម៉ាថាយ 9:1-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌យេស៊ូវ ទ្រង់​ក៏​យាង​ចុះ​ទូក ឆ្លង​ទៅ​ឯ​ក្រុង​របស់​ទ្រង់​វិញ នោះ​មាន​គេ​នាំ​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង​ម្នាក់ ដេក​លើ​គ្រែ​មក​ឯ​ទ្រង់ កាល​ទ្រង់​ទត​ឃើញ​សេចក្ដី​ជំនឿ​របស់​អ្នក​ទាំង​នោះ ក៏​មាន​បន្ទូល​ទៅ​អ្នក​ស្លាប់​ដៃ​ស្លាប់​ជើង​ថា ចូរ​សង្ឃឹម​ឡើង កូន​អើយ បាប​ឯង​បាន​អត់​ទោស​ឲ្យ​ឯង​ហើយ ដូច្នេះ មាន​អាចារ្យ​ខ្លះ​នឹក​ក្នុង​ចិត្ត​ថា មនុស្ស​នេះ​ពោល​ពាក្យ​ប្រមាថ​ដល់​ព្រះ ឯ​ព្រះ‌យេស៊ូវ ទ្រង់​ឈ្វេង​យល់​គំនិត​គេ ក៏​មាន​បន្ទូល​ថា ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មាន​គំនិត​អាក្រក់​ក្នុង​ចិត្ត​ដូច្នេះ ដ្បិត​ដែល​ថា បាប​ឯង​បាន​អត់​ទោស​ឲ្យ​ឯង​ហើយ ឬ​ថា ឲ្យ​ក្រោក​ឡើង​ដើរ​ទៅ នោះ​តើ​ពាក្យ​ណា​ងាយ​ថា​ជា​ជាង ប៉ុន្តែ នេះ​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដឹង​ថា កូន​មនុស្ស​មាន​អំណាច នឹង​អត់​ទោស​បាប​នៅ​ផែនដី​បាន​ដែរ នោះ​ទ្រង់​មាន​បន្ទូល​ទៅ​អ្នក​ស្លាប់​ដៃ​ស្លាប់​ជើង​ថា ចូរ​ក្រោក​ឡើង យក​គ្រែ​ឯង​ទៅ​ផ្ទះ​ទៅ អ្នក​នោះ​ក៏​ក្រោក​ឡើង​ដើរ​ទៅ​ឯ​ផ្ទះ កាល​ហ្វូង​មនុស្ស​បាន​ឃើញ​ការ​នោះ គេ​កើត​មាន​សេចក្ដី​អស្ចារ្យ ក៏​សរសើរ​ដំកើង​ដល់​ព្រះ ដែល​ទ្រង់​បាន​ប្រទាន​អំណាច​យ៉ាង​នេះ មក​មនុស្ស​លោក។

ចែក​រំលែក
អាន ម៉ាថាយ 9