ម៉ាថាយ 9:1-7
ម៉ាថាយ 9:1-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បន្ទាប់មក ព្រះយេស៊ូយាងចុះទូក ឆ្លងសមុទ្រទៅក្រុង របស់ព្រះអង្គវិញ។ ពេលនោះ មានគេសែងមនុស្សខ្វិនដៃខ្វិនជើងម្នាក់មករកព្រះអង្គ។ ព្រះយេស៊ូឈ្វេងយល់ជំនឿរបស់អ្នកទាំងនោះ ព្រះអង្គក៏មានព្រះបន្ទូលទៅកាន់អ្នកពិការថា៖ “កូនអើយ! ចូរក្លាហានឡើង ខ្ញុំអត់ទោសឲ្យអ្នករួចពីបាប*ហើយ!”។ ពួកអាចារ្យ*ខ្លះឮដូច្នេះ ក៏នឹកក្នុងចិត្តថា៖ «អ្នកនេះប្រមាថព្រះជាម្ចាស់!»។ ព្រះយេស៊ូឈ្វេងយល់គំនិតអ្នកទាំងនោះ ទើបព្រះអង្គមានព្រះបន្ទូលថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាមានគំនិតអាក្រក់បែបនេះ? បើខ្ញុំនិយាយថា “ខ្ញុំអត់ទោសឲ្យអ្នករួចពីបាបហើយ” ឬថា “ចូរក្រោកឡើងដើរទៅចុះ” តើឃ្លាមួយណាស្រួលនិយាយជាង? ប៉ុន្តែ ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា បុត្រមនុស្សមានអំណាចអត់ទោសឲ្យមនុស្សនៅក្នុងលោកនេះរួចពីបាប»។ ព្រះអង្គក៏មានព្រះបន្ទូលទៅអ្នកខ្វិនថា៖ «ចូរក្រោកឡើង យកគ្រែស្នែងរបស់អ្នក ដើរទៅផ្ទះវិញទៅ!»។ អ្នកខ្វិនក៏ក្រោកឡើងដើរត្រឡប់ទៅផ្ទះវិញ។
ម៉ាថាយ 9:1-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បន្ទាប់មក ព្រះយេស៊ូវយាងចុះទូក ឆ្លងទៅក្រុង របស់ព្រះអង្គវិញ។ ពេលនោះ មានគេសែងមនុស្សស្លាប់ដៃស្លាប់ជើងម្នាក់ ដេកលើគ្រែមករកព្រះអង្គ។ ពេលព្រះយេស៊ូវទតឃើញជំនឿរបស់អ្នកទាំងនោះ ព្រះអង្គក៏មានព្រះបន្ទូលទៅកាន់អ្នកស្លាប់ដៃស្លាប់ជើងនោះថា៖ «កូនអើយ! ចូរសង្ឃឹមឡើង កូនបានទទួលការអត់ទោសពីបាបហើយ»។ ពេលនោះ មានអាចារ្យខ្លះនឹកក្នុងចិត្តថា៖ «អ្នកនេះប្រមាថព្រះទេតើ!»។ ប៉ុន្តែ ព្រះយេស៊ូវស្គាល់គំនិតរបស់គេ ក៏មានព្រះបន្ទូលថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាមានគំនិតអាក្រក់ក្នុងចិត្តដូច្នេះ? ដ្បិតដែលនិយាយថា "អ្នកបានទទួលការអត់ទោសហើយ" ឬថា "ចូរក្រោកឡើង ហើយដើរទៅ" តើពាក្យណាមួយស្រួលនិយាយជាង? ប៉ុន្តែ នេះដើម្បីឲ្យអ្នករាល់គ្នាដឹងថា កូនមនុស្សមានអំណាចនឹងអត់ទោសបាបនៅលើផែនដីនេះ»។ ពេលនោះ ព្រះអង្គមានព្រះបន្ទូលទៅកាន់អ្នកស្លាប់ដៃស្លាប់ជើងថា៖ «ចូរក្រោកឡើង យកគ្រែស្នែងរបស់អ្នកទៅផ្ទះទៅ!» អ្នកនោះក៏ក្រោកឡើង ហើយដើរទៅផ្ទះ។
ម៉ាថាយ 9:1-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេស៊ូវ ទ្រង់ក៏យាងចុះទូក ឆ្លងទៅឯក្រុងរបស់ទ្រង់វិញ នោះមានគេនាំមនុស្សស្លាប់ដៃស្លាប់ជើងម្នាក់ ដេកលើគ្រែមកឯទ្រង់ កាលទ្រង់ទតឃើញសេចក្ដីជំនឿរបស់អ្នកទាំងនោះ ក៏មានបន្ទូលទៅអ្នកស្លាប់ដៃស្លាប់ជើងថា ចូរសង្ឃឹមឡើង កូនអើយ បាបឯងបានអត់ទោសឲ្យឯងហើយ ដូច្នេះ មានអាចារ្យខ្លះនឹកក្នុងចិត្តថា មនុស្សនេះពោលពាក្យប្រមាថដល់ព្រះ ឯព្រះយេស៊ូវ ទ្រង់ឈ្វេងយល់គំនិតគេ ក៏មានបន្ទូលថា ហេតុអ្វីបានជាអ្នករាល់គ្នាមានគំនិតអាក្រក់ក្នុងចិត្តដូច្នេះ ដ្បិតដែលថា បាបឯងបានអត់ទោសឲ្យឯងហើយ ឬថា ឲ្យក្រោកឡើងដើរទៅ នោះតើពាក្យណាងាយថាជាជាង ប៉ុន្តែ នេះដើម្បីឲ្យអ្នករាល់គ្នាបានដឹងថា កូនមនុស្សមានអំណាច នឹងអត់ទោសបាបនៅផែនដីបានដែរ នោះទ្រង់មានបន្ទូលទៅអ្នកស្លាប់ដៃស្លាប់ជើងថា ចូរក្រោកឡើង យកគ្រែឯងទៅផ្ទះទៅ អ្នកនោះក៏ក្រោកឡើងដើរទៅឯផ្ទះ