ម៉ាថាយ 8:5-13
ម៉ាថាយ 8:5-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលព្រះយេស៊ូវយាងចូលក្រុងកាពើណិម មានមេទ័ពរ៉ូមម្នាក់ចូលមកគាល់ព្រះអង្គទាំងទូលអង្វរថា៖ «ព្រះអម្ចាស់អើយ! អ្នកបម្រើរបស់ទូលបង្គំ ដេកស្លាប់ដៃស្លាប់ជើងនៅឯផ្ទះ វេទនាខ្លាំងណាស់»។ ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «ខ្ញុំនឹងទៅប្រោសគាត់ឲ្យជា»។ មេទ័ពនោះទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ ទូលបង្គំមិនសមនឹងទទួលព្រះអង្គនៅក្នុងផ្ទះទូលបង្គំទេ សូមគ្រាន់តែមានព្រះបន្ទូលមួយព្រះឱស្ឋប៉ុណ្ណោះ នោះអ្នកបម្រើរបស់ទូលបង្គំនឹងបានជាហើយ។ ដ្បិតទូលបង្គំជាមនុស្សនៅក្រោមបញ្ជាគេ ហើយមានទាហាននៅក្រោមបញ្ជាទូលបង្គំ បើទូលបង្គំបញ្ជាទៅម្នាក់ថា "ទៅ" គេក៏ទៅ ហើយបញ្ជាទៅម្នាក់ទៀតថា "មក" គេក៏មក។ ពេលទូលបង្គំបញ្ជាទៅអ្នកបម្រើរបស់ទូលបង្គំថា "ធ្វើការនេះ" នោះគេក៏ធ្វើតាម»។ កាលព្រះយេស៊ូវឮដូច្នោះ ទ្រង់មានសេចក្តីអស្ចារ្យ ក៏មានព្រះបន្ទូលទៅកាន់អស់អ្នកដែលដើរតាមព្រះអង្គថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ខ្ញុំមិនដែលឃើញអ្នកណាមានជំនឿដូច្នេះ នៅក្នុងស្រុកអ៊ីស្រាអែលឡើយ។ ខ្ញុំប្រាប់អ្នករាល់គ្នាថា នឹងមានមនុស្សជាច្រើនពីទិសខាងកើត និងទិសខាងលិច មកអង្គុយបរិភោគជាមួយលោកអ័ប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប នៅក្នុងព្រះរាជ្យនៃស្ថានសួគ៌ ប៉ុន្តែ អស់អ្នកដែលត្រូវទទួលព្រះរាជ្យ បែរជាត្រូវបោះទៅក្នុងសេចក្តីងងឹតខាងក្រៅ ដែលនៅទីនោះនឹងយំសោក ហើយសង្កៀតធ្មេញ»។ បន្ទាប់មក ព្រះយេស៊ូវមានព្រះបន្ទូលទៅមេទ័ពនោះថា៖ «ទៅចុះ ចូរឲ្យបានសម្រេចតាមជំនឿរបស់អ្នកចុះ»។ អ្នកបម្រើនោះក៏បានជានៅវេលានោះឯង។
ម៉ាថាយ 8:5-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅពេលព្រះយេស៊ូយាងចូលក្រុងកាពើណិម មាននាយទាហានរ៉ូម៉ាំងម្នាក់ចូលមកគាល់ព្រះអង្គ ទូលអង្វរថា៖ «លោកម្ចាស់អើយ! អ្នកបម្រើរបស់ខ្ញុំប្របាទដេកស្ដូកស្ដឹងនៅឯផ្ទះ ទាំងឈឺចុកចាប់យ៉ាងខ្លាំង»។ ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «ខ្ញុំនឹងទៅមើលគាត់ឲ្យជា»។ នាយទាហានទូលព្រះអង្គថា៖ «លោកម្ចាស់ ខ្ញុំប្របាទមានឋានៈទន់ទាបណាស់ មិនសមនឹងលោកអញ្ជើញចូលក្នុងផ្ទះខ្ញុំប្របាទទេ សូមលោកមានប្រសាសន៍តែមួយម៉ាត់ប៉ុណ្ណោះ អ្នកបម្រើរបស់ខ្ញុំប្របាទនឹងជាសះស្បើយមិនខាន។ ខ្ញុំប្របាទជាអ្នកនៅក្រោមបញ្ជាគេ ហើយមានកូនទាហាននៅក្រោមបញ្ជាខ្ញុំប្របាទដែរ បើខ្ញុំប្របាទបញ្ជាអ្នកណាម្នាក់ឲ្យទៅ គេនឹងទៅ បើប្រាប់ម្នាក់ទៀតឲ្យមក គេនឹងមក។ ពេលខ្ញុំប្របាទប្រាប់អ្នកបម្រើឲ្យធ្វើការអ្វីមួយ គេនឹងធ្វើតាម»។ កាលព្រះយេស៊ូទ្រង់ព្រះសណ្ដាប់ដូច្នេះហើយ ព្រះអង្គស្ងើចសរសើរណាស់ ក៏មានព្រះបន្ទូលទៅកាន់អស់អ្នកដែលដើរតាមព្រះអង្គថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ខ្ញុំមិនដែលឃើញនរណាមានជំនឿបែបនេះ នៅស្រុកអ៊ីស្រាអែលឡើយ។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា នឹងមានមនុស្សជាច្រើនពីទិសខាងកើត និងទិសខាងលិច មកចូលរួមពិធីជប់លៀង ក្នុងព្រះរាជ្យ*នៃស្ថានបរមសុខ*ជាមួយលោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប។ រីឯអស់អ្នកដែលត្រូវចូលក្នុងព្រះរាជ្យព្រះជាម្ចាស់ បែរជាដេញឲ្យទៅនៅខាងក្រៅក្នុងទីងងឹត ជាកន្លែងដែលគេយំសោក ខឹងសង្កៀតធ្មេញ»។ បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលទៅនាយទាហានរ៉ូម៉ាំងថា៖ «អញ្ជើញត្រឡប់ទៅវិញទៅ សុំឲ្យបានសម្រេចតាមជំនឿរបស់លោកចុះ!»។ អ្នកបម្រើក៏ជាសះស្បើយនៅពេលនោះ។
ម៉ាថាយ 8:5-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលព្រះយេស៊ូវ ទ្រង់បានយាងចូលទៅក្នុងក្រុងកាពើណិមហើយ នោះមេទ័ពម្នាក់មកឯទ្រង់ទូលអង្វរថា ព្រះអម្ចាស់អើយ បាវទូលបង្គំវាស្លាប់ដៃស្លាប់ជើង ដេកនៅផ្ទះវេទនាខ្លាំងណាស់ ព្រះយេស៊ូវទ្រង់មានបន្ទូលតបថា ខ្ញុំនឹងទៅប្រោសឲ្យជា តែមេទ័ពទូលប្រកែកថា ព្រះអម្ចាស់អើយ ទូលបង្គំមិនគួរនឹងទទួលទ្រង់នៅក្នុងផ្ទះទូលបង្គំទេ សូមទ្រង់គ្រាន់តែមានបន្ទូលមួយព្រះឱស្ឋមកប៉ុណ្ណោះ នោះបាវទូលបង្គំនឹងបានជាហើយ ដ្បិតទូលបង្គំជាមនុស្សនៅក្រោមបង្គាប់គេដែរ ហើយមានទាហាននៅក្រោមឱវាទទូលបង្គំ បើទូលបង្គំប្រាប់ទៅម្នាក់ថា ទៅ នោះវាក៏ទៅ ប្រាប់ទៅម្នាក់ទៀតថា មក វាក៏មក ហើយប្រាប់ទៅបាវថា ធ្វើការនេះ នោះវាក៏ធ្វើតាម កាលព្រះយេស៊ូវបានឮពាក្យនោះហើយ ទ្រង់មានសេចក្ដីអស្ចារ្យក្នុងព្រះហឫទ័យ រួចមានបន្ទូលទៅពួកអ្នកដែលតាមទ្រង់ថា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ខ្ញុំមិនដែលឃើញសេចក្ដីជំនឿជាខ្លាំងដល់ម៉្លេះទេ ទោះទាំងនៅក្នុងសាសន៍អ៊ីស្រាអែលផង ខ្ញុំប្រាប់អ្នករាល់គ្នាថា នឹងមានមនុស្សជាច្រើន ពីទិសខាងកើត នឹងទិសខាងលិច មកអង្គុយជាមួយនឹងលោកអ័ប្រាហាំ លោកអ៊ីសាក នឹងលោកយ៉ាកុប នៅក្នុងនគរស្ថានសួគ៌ តែអស់ទាំងមនុស្សរបស់នគរនោះ នឹងត្រូវបោះចោលទៅក្នុងសេចក្ដីងងឹតខាងក្រៅវិញ នៅទីនោះនឹងមានយំ ហើយសង្កៀតធ្មេញ រួចទ្រង់មានបន្ទូលទៅមេទ័ពនោះថា ចូរទៅចុះ ឲ្យបានដូចសេចក្ដីជំនឿរបស់អ្នកចុះ បាវគាត់ក៏បានជានៅវេលានោះឯង។