ម៉ាថាយ 8:5-11

ម៉ាថាយ 8:5-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​ព្រះ‌យេស៊ូវ​យាង​ចូល​ក្រុង​កាពើណិម មាន​មេ​ទ័ព​រ៉ូម​ម្នាក់​ចូល​មក​គាល់​ព្រះ‌អង្គ​ទាំង​ទូល​អង្វរ​ថា៖ «ព្រះ‌អម្ចាស់​អើយ! អ្នក​បម្រើ​របស់​ទូល‌បង្គំ ដេក​ស្លាប់​ដៃ​ស្លាប់​ជើង​នៅ​ឯ​ផ្ទះ វេទនា​ខ្លាំង​ណាស់»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ខ្ញុំ​នឹង​ទៅ​ប្រោស​គាត់​ឲ្យ​ជា»។ មេ​ទ័ព​នោះ​ទូល​ព្រះ‌អង្គ​ថា៖ «ព្រះ‌អម្ចាស់​អើយ ទូល‌បង្គំ​មិន​សម​នឹង​ទទួល​ព្រះ‌អង្គ​នៅ​ក្នុង​ផ្ទះ​ទូល‌បង្គំ​ទេ សូម​គ្រាន់​តែ​មាន​ព្រះ‌បន្ទូល​មួយ​ព្រះ‌ឱស្ឋ​ប៉ុណ្ណោះ នោះ​អ្នក​បម្រើ​របស់​ទូល‌បង្គំ​នឹង​បាន​ជា​ហើយ។ ដ្បិត​ទូល‌បង្គំ​ជា​មនុស្ស​នៅ​ក្រោម​បញ្ជា​គេ ហើយ​មាន​ទាហាន​នៅ​ក្រោម​បញ្ជា​ទូល‌បង្គំ បើ​ទូល‌បង្គំ​បញ្ជា​ទៅ​ម្នាក់​ថា "ទៅ" គេ​ក៏​ទៅ ហើយ​បញ្ជា​ទៅ​ម្នាក់​ទៀត​ថា "មក" គេ​ក៏​មក។ ពេល​ទូល‌បង្គំ​បញ្ជា​ទៅ​អ្នក​បម្រើ​របស់​ទូល‌បង្គំ​ថា "ធ្វើ​ការ​នេះ" នោះ​គេ​ក៏​ធ្វើ​តាម»។ កាល​ព្រះ‌យេស៊ូវ​ឮ​ដូច្នោះ ទ្រង់​មាន​សេចក្តី​អស្ចារ្យ ក៏​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​អស់​អ្នក​ដែល​ដើរ​តាម​ព្រះ‌អង្គ​ថា៖ «ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ខ្ញុំ​មិន​ដែល​ឃើញ​អ្នក​ណា​មាន​ជំនឿ​ដូច្នេះ នៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល​ឡើយ។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នឹង​មាន​មនុស្ស​ជា​ច្រើន​ពី​ទិស​ខាង​កើត និង​ទិស​ខាង​លិច មក​អង្គុយ​បរិ‌ភោគ​ជា​មួយ​លោក​អ័ប្រា‌ហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប នៅ​ក្នុង​ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌

ចែក​រំលែក
អាន ម៉ាថាយ 8

ម៉ាថាយ 8:5-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​ពេល​ព្រះ‌យេស៊ូ​យាង​ចូល​ក្រុង​កាពើ‌ណិម មាន​នាយ​ទាហាន​រ៉ូម៉ាំង​ម្នាក់​ចូល​មក​គាល់​ព្រះអង្គ ទូល‌អង្វរ​ថា៖ «លោក​ម្ចាស់​អើយ! អ្នក​បម្រើ​របស់​ខ្ញុំ​ប្របាទ​ដេក​ស្ដូក‌ស្ដឹង​នៅ​ឯ​ផ្ទះ ទាំង​ឈឺ​ចុក​ចាប់​យ៉ាង​ខ្លាំង»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ខ្ញុំ​នឹង​ទៅ​មើល​គាត់​ឲ្យ​ជា»។ នាយ​ទាហាន​ទូល​ព្រះអង្គ​ថា៖ «លោក​ម្ចាស់ ខ្ញុំ​ប្របាទ​មាន​ឋានៈ​ទន់‌ទាប​ណាស់ មិន​សម​នឹង​លោក​អញ្ជើញ​ចូល​ក្នុង​ផ្ទះ​ខ្ញុំ​ប្របាទ​ទេ សូម​លោក​មាន​ប្រសាសន៍​តែ​មួយ​ម៉ាត់​ប៉ុណ្ណោះ អ្នក​បម្រើ​របស់​ខ្ញុំ​ប្របាទ​នឹង​ជា​សះ‌ស្បើយ​មិន​ខាន។ ខ្ញុំ​ប្របាទ​ជា​អ្នក​នៅ​ក្រោម​បញ្ជា​គេ ហើយ​មាន​កូន​ទាហាន​នៅ​ក្រោម​បញ្ជា​ខ្ញុំ​ប្របាទ​ដែរ បើ​ខ្ញុំ​ប្របាទ​បញ្ជា​អ្នក​ណា​ម្នាក់​ឲ្យ​ទៅ គេ​នឹង​ទៅ បើ​ប្រាប់​ម្នាក់​ទៀត​ឲ្យ​មក គេ​នឹង​មក។ ពេល​ខ្ញុំ​ប្របាទ​ប្រាប់​អ្នក​បម្រើ​ឲ្យ​ធ្វើ​ការ​អ្វី​មួយ គេ​នឹង​ធ្វើ​តាម»។ កាល​ព្រះ‌យេស៊ូ​ទ្រង់​ព្រះ‌សណ្ដាប់​ដូច្នេះ​ហើយ ព្រះអង្គ​ស្ងើច​សរ‌សើរ​ណាស់ ក៏​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​អស់​អ្នក​ដែល​ដើរ​តាម​ព្រះអង្គ​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ខ្ញុំ​មិន​ដែល​ឃើញ​នរណា​មាន​ជំនឿ​បែប​នេះ នៅ​ស្រុក​អ៊ីស្រា‌អែល​ឡើយ។ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នឹង​មាន​មនុស្ស​ជា​ច្រើន​ពី​ទិស​ខាង​កើត និង​ទិស​ខាង​លិច មក​ចូល​រួម​ពិធី​ជប់‌លៀង ក្នុង​ព្រះ‌រាជ្យ*​នៃ​ស្ថាន​បរម‌សុខ*​ជា​មួយ​លោក​អប្រាហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប។

ចែក​រំលែក
អាន ម៉ាថាយ 8

ម៉ាថាយ 8:5-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​ព្រះ‌យេស៊ូវ ទ្រង់​បាន​យាង​ចូល​ទៅ​ក្នុង​ក្រុង​កាពើ‌ណិម​ហើយ នោះ​មេ​ទ័ព​ម្នាក់​មក​ឯ​ទ្រង់​ទូល​អង្វរ​ថា ព្រះ‌អម្ចាស់​អើយ បាវ​ទូលបង្គំ​វា​ស្លាប់​ដៃ​ស្លាប់​ជើង ដេក​នៅ​ផ្ទះ​វេទនា​ខ្លាំង​ណាស់ ព្រះ‌យេស៊ូវ​ទ្រង់​មាន​បន្ទូល​តប​ថា ខ្ញុំ​នឹង​ទៅ​ប្រោស​ឲ្យ​ជា តែ​មេ​ទ័ព​ទូល​ប្រកែក​ថា ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​មិន​គួរ​នឹង​ទទួល​ទ្រង់​នៅ​ក្នុង​ផ្ទះ​ទូលបង្គំ​ទេ សូម​ទ្រង់​គ្រាន់​តែ​មាន​បន្ទូល​មួយ​ព្រះ‌ឱស្ឋ​មក​ប៉ុណ្ណោះ នោះ​បាវ​ទូលបង្គំ​នឹង​បាន​ជា​ហើយ ដ្បិត​ទូលបង្គំ​ជា​មនុស្ស​នៅ​ក្រោម​បង្គាប់​គេ​ដែរ ហើយ​មាន​ទាហាន​នៅ​ក្រោម​ឱវាទ​ទូលបង្គំ បើ​ទូលបង្គំ​ប្រាប់​ទៅ​ម្នាក់​ថា ទៅ នោះ​វា​ក៏​ទៅ ប្រាប់​ទៅ​ម្នាក់​ទៀត​ថា មក វា​ក៏​មក ហើយ​ប្រាប់​ទៅ​បាវ​ថា ធ្វើ​ការ​នេះ នោះ​វា​ក៏​ធ្វើ​តាម កាល​ព្រះ‌យេស៊ូវ​បាន​ឮ​ពាក្យ​នោះ​ហើយ ទ្រង់​មាន​សេចក្ដី​អស្ចារ្យ​ក្នុង​ព្រះ‌ហឫទ័យ រួច​មាន​បន្ទូល​ទៅ​ពួក​អ្នក​ដែល​តាម​ទ្រង់​ថា ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ខ្ញុំ​មិន​ដែល​ឃើញ​សេចក្ដី​ជំនឿ​ជា​ខ្លាំង​ដល់​ម៉្លេះ​ទេ ទោះ​ទាំង​នៅ​ក្នុង​សាសន៍​អ៊ីស្រាអែល​ផង ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នឹង​មាន​មនុស្ស​ជា​ច្រើន ពី​ទិស​ខាង​កើត នឹង​ទិស​ខាង​លិច មក​អង្គុយ​ជា​មួយ​នឹង​លោក​អ័ប្រាហាំ លោក​អ៊ីសាក នឹង​លោក​យ៉ាកុប នៅ​ក្នុង​នគរ​ស្ថាន‌សួគ៌

ចែក​រំលែក
អាន ម៉ាថាយ 8

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ