ម៉ាថាយ 8:22-27
ម៉ាថាយ 8:22-27 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប៉ុន្តែ ព្រះយេស៊ូវមានព្រះបន្ទូលទៅអ្នកនោះថា៖ «ចូរមកតាមខ្ញុំ ហើយទុកឲ្យមនុស្សស្លាប់កប់ខ្មោចគ្នាគេចុះ»។ កាលព្រះអង្គយាងចុះទូក ពួកសិស្សក៏ទៅតាមព្រះអង្គ។ ពេលនោះ ស្រាប់តែមានខ្យល់ព្យុះបក់មកលើសមុទ្រយ៉ាងខ្លាំង បណ្តាលឲ្យរលកឡើងជះមកគ្របលើទូក ប៉ុន្តែ ព្រះអង្គផ្ទំលក់។ ពេលនោះ ពួកសិស្សចូលទៅដាស់ព្រះអង្គទូលថា៖ «ព្រះអម្ចាស់អើយ! សូមសង្គ្រោះពួកយើងផង! យើងវិនាសឥឡូវហើយ!» ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «មនុស្សមានជំនឿតិចអើយ! ហេតុអ្វីបានជាអ្នករាល់គ្នាភ័យខ្លាចដូច្នេះ?» រួចព្រះអង្គក្រោកឈរឡើង ហើយបន្ទោសខ្យល់ និងសមុទ្រ នោះសមុទ្រក៏ស្ងប់ឈឹង។ អ្នកទាំងនោះមានសេចក្តីអស្ចារ្យ ហើយពោលថា៖ «តើលោកនេះជាមនុស្សបែបណាហ្ន៎! ដែលសូម្បីតែខ្យល់ និងសមុទ្រក៏ស្តាប់បង្គាប់លោកដូច្នេះ?»
ម៉ាថាយ 8:22-27 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «សុំអញ្ជើញមកតាមខ្ញុំ ទុកឲ្យមនុស្សស្លាប់បញ្ចុះសពគ្នាគេចុះ»។ ព្រះយេស៊ូយាងចុះទូក ហើយពួកសិស្ស*នាំគ្នាទៅជាមួយព្រះអង្គដែរ។ ពេលនោះ មានខ្យល់ព្យុះបក់បោកមកលើសមុទ្រយ៉ាងខ្លាំង បណ្ដាលឲ្យរលកជះមកគ្របពីលើទូក។ រីឯព្រះយេស៊ូវិញ ព្រះអង្គផ្ទំលក់។ ពួកសិស្ស*ចូលទៅជិត ដាស់ព្រះអង្គថា៖ «លោកម្ចាស់អើយ! សូមជួយផង យើងស្លាប់ឥឡូវហើយ»។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «មនុស្សមានជំនឿតិចអើយ! ហេតុអ្វីបានជាអ្នករាល់គ្នាភិតភ័យដូច្នេះ?»។ ព្រះអង្គក្រោកឈរឡើង មានព្រះបន្ទូលគំរាមខ្យល់ព្យុះ និងសមុទ្រ ពេលនោះ សមុទ្រក៏ស្ងប់ឈឹង។ ពួកសិស្សនាំគ្នាស្ងើចសរសើរ ហើយពោលថា៖ «តើលោកនេះមានឋានៈអ្វីបានជាខ្យល់ព្យុះ និងសមុទ្រ ស្ដាប់បង្គាប់លោកដូច្នេះ?»។
ម៉ាថាយ 8:22-27 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
តែព្រះយេស៊ូវមានបន្ទូលទៅអ្នកនោះថា ចូរមកតាមខ្ញុំវិញ ទុកឲ្យពួកមនុស្សស្លាប់កប់ខ្មោចពួកគេចុះ។ កាលទ្រង់បានយាងចុះទូកហើយ នោះពួកសិស្សក៏តាមទ្រង់ទៅ ឯសមុទ្រក៏កំរើកឡើងជាខ្លាំង ដល់ម៉្លេះបានជារលកឡើងគ្របលើទូក តែទ្រង់ផ្ទំលក់ ពួកសិស្សក៏ចូលទៅតើនទ្រង់ទូលថា ព្រះអម្ចាស់អើយ សូមជួយសង្គ្រោះផង យើងខ្ញុំវិនាសហើយ ទ្រង់មានបន្ទូលថា ឱពួកអ្នកមានជំនឿតិចអើយ ហេតុអ្វីបានជាភ័យដូច្នេះ រួចទ្រង់ក្រោកឡើង កំហែងដល់ខ្យល់នឹងសមុទ្រ នោះក៏ស្ងប់ឈឹងអស់ទៅ អ្នកទាំងនោះមានសេចក្ដីអស្ចារ្យ ហើយនិយាយគ្នាថា តើមនុស្សនេះបែបយ៉ាងណា បានជាទាំងខ្យល់ នឹងសមុទ្រក៏ស្តាប់បង្គាប់លោកដូច្នេះ។