ម៉ាថាយ 8:1-17
ម៉ាថាយ 8:1-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលព្រះយេស៊ូវយាងចុះពីភ្នំវិញ មានមហាជនច្រើនកុះករដើរតាមព្រះអង្គ។ ពេលនោះ មានមនុស្សឃ្លង់ម្នាក់បានចូលមក ក្រាបថ្វាយបង្គំព្រះអង្គទូលថា៖ «ព្រះអម្ចាស់អើយ! ប្រសិនបើព្រះអង្គសព្វព្រះហឫទ័យនឹងប្រោសទូលបង្គំ នោះទូលបង្គំនឹងបានជាស្អាត»។ ព្រះអង្គក៏លូកព្រះហស្តទៅពាល់គាត់ ទាំងមានព្រះបន្ទូលថា៖ «ខ្ញុំយល់ព្រម ចូរឲ្យបានជាស្អាតចុះ!» រំពេចនោះ គាត់ក៏បានជាស្អាតពីរោគឃ្លង់ភ្លាម។ ពេលនោះ ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «ចូរប្រយ័ត្ន កុំប្រាប់អ្នកណាឲ្យដឹងឡើយ តែចូរទៅបង្ហាញខ្លួនដល់សង្ឃវិញ ហើយថ្វាយតង្វាយតាមដែលលោកម៉ូសេបានបង្គាប់មក ទុកជាបន្ទាល់ដល់លោកទាំងនោះ»។ ពេលព្រះយេស៊ូវយាងចូលក្រុងកាពើណិម មានមេទ័ពរ៉ូមម្នាក់ចូលមកគាល់ព្រះអង្គទាំងទូលអង្វរថា៖ «ព្រះអម្ចាស់អើយ! អ្នកបម្រើរបស់ទូលបង្គំ ដេកស្លាប់ដៃស្លាប់ជើងនៅឯផ្ទះ វេទនាខ្លាំងណាស់»។ ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «ខ្ញុំនឹងទៅប្រោសគាត់ឲ្យជា»។ មេទ័ពនោះទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ ទូលបង្គំមិនសមនឹងទទួលព្រះអង្គនៅក្នុងផ្ទះទូលបង្គំទេ សូមគ្រាន់តែមានព្រះបន្ទូលមួយព្រះឱស្ឋប៉ុណ្ណោះ នោះអ្នកបម្រើរបស់ទូលបង្គំនឹងបានជាហើយ។ ដ្បិតទូលបង្គំជាមនុស្សនៅក្រោមបញ្ជាគេ ហើយមានទាហាននៅក្រោមបញ្ជាទូលបង្គំ បើទូលបង្គំបញ្ជាទៅម្នាក់ថា "ទៅ" គេក៏ទៅ ហើយបញ្ជាទៅម្នាក់ទៀតថា "មក" គេក៏មក។ ពេលទូលបង្គំបញ្ជាទៅអ្នកបម្រើរបស់ទូលបង្គំថា "ធ្វើការនេះ" នោះគេក៏ធ្វើតាម»។ កាលព្រះយេស៊ូវឮដូច្នោះ ទ្រង់មានសេចក្តីអស្ចារ្យ ក៏មានព្រះបន្ទូលទៅកាន់អស់អ្នកដែលដើរតាមព្រះអង្គថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ខ្ញុំមិនដែលឃើញអ្នកណាមានជំនឿដូច្នេះ នៅក្នុងស្រុកអ៊ីស្រាអែលឡើយ។ ខ្ញុំប្រាប់អ្នករាល់គ្នាថា នឹងមានមនុស្សជាច្រើនពីទិសខាងកើត និងទិសខាងលិច មកអង្គុយបរិភោគជាមួយលោកអ័ប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប នៅក្នុងព្រះរាជ្យនៃស្ថានសួគ៌ ប៉ុន្តែ អស់អ្នកដែលត្រូវទទួលព្រះរាជ្យ បែរជាត្រូវបោះទៅក្នុងសេចក្តីងងឹតខាងក្រៅ ដែលនៅទីនោះនឹងយំសោក ហើយសង្កៀតធ្មេញ»។ បន្ទាប់មក ព្រះយេស៊ូវមានព្រះបន្ទូលទៅមេទ័ពនោះថា៖ «ទៅចុះ ចូរឲ្យបានសម្រេចតាមជំនឿរបស់អ្នកចុះ»។ អ្នកបម្រើនោះក៏បានជានៅវេលានោះឯង។ ពេលព្រះយេស៊ូវយាងចូលទៅក្នុងផ្ទះរបស់ពេត្រុស ព្រះអង្គទតឃើញម្តាយក្មេករបស់គាត់កំពុងដេកគ្រុននៅលើគ្រែ។ ព្រះអង្គពាល់ដៃរបស់គាត់ នោះគាត់ក៏បាត់គ្រុន ហើយក្រោកឡើងបម្រើព្រះអង្គ។ នៅល្ងាចនោះ គេនាំមនុស្សជាច្រើន ដែលមានអារក្សចូលមករកព្រះអង្គ ហើយព្រះអង្គក៏ដេញវិញ្ញាណទាំងនោះដោយព្រះបន្ទូល ហើយប្រោសអ្នកជំងឺទាំងអស់ឲ្យបានជាគ្រប់គ្នា។ ការនេះត្រូវតែបានសម្រេចតាមសេចក្តីដែលបានថ្លែងទុកមក តាមរយៈហោរាអេសាយថា៖ «ព្រះអង្គបានទទួលយកភាពពិការរបស់យើង ហើយក៏ផ្ទុកជំងឺរបស់យើងដែរ» ។
ម៉ាថាយ 8:1-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កាលព្រះយេស៊ូយាងចុះពីលើភ្នំមកវិញ មានមហាជនជាច្រើននាំគ្នាដើរតាមព្រះអង្គ។ ពេលនោះ មានមនុស្សឃ្លង់ម្នាក់ចូលមកក្រាបថ្វាយបង្គំព្រះអង្គ ទូលថា៖ «លោកម្ចាស់អើយ! ប្រសិនបើលោកមិនយល់ទាស់ទេ សូមប្រោសខ្ញុំប្របាទឲ្យជាស្អាតបរិសុទ្ធ*ផង»។ ព្រះយេស៊ូលូកព្រះហស្ដទៅពាល់គាត់ ទាំងមានព្រះបន្ទូលថា៖ «ខ្ញុំយល់ព្រមហើយ ចូរឲ្យបានជាស្អាតបរិសុទ្ធចុះ»។ រំពេចនោះ គាត់ក៏ជាស្អាតបរិសុទ្ធពីរោគឃ្លង់ភ្លាម។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ចូរប្រយ័ត្នឲ្យមែនទែន កុំនិយាយប្រាប់ឲ្យនរណាដឹងរឿងនេះឡើយ ផ្ទុយទៅវិញ ត្រូវទៅបង្ហាញខ្លួនដល់លោកបូជាចារ្យ* ហើយថ្វាយតង្វាយដូចលោកម៉ូសេ*បានបង្គាប់មក ដើម្បីជាសក្ខីភាពបញ្ជាក់ថាអ្នកជាមែន»។ នៅពេលព្រះយេស៊ូយាងចូលក្រុងកាពើណិម មាននាយទាហានរ៉ូម៉ាំងម្នាក់ចូលមកគាល់ព្រះអង្គ ទូលអង្វរថា៖ «លោកម្ចាស់អើយ! អ្នកបម្រើរបស់ខ្ញុំប្របាទដេកស្ដូកស្ដឹងនៅឯផ្ទះ ទាំងឈឺចុកចាប់យ៉ាងខ្លាំង»។ ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «ខ្ញុំនឹងទៅមើលគាត់ឲ្យជា»។ នាយទាហានទូលព្រះអង្គថា៖ «លោកម្ចាស់ ខ្ញុំប្របាទមានឋានៈទន់ទាបណាស់ មិនសមនឹងលោកអញ្ជើញចូលក្នុងផ្ទះខ្ញុំប្របាទទេ សូមលោកមានប្រសាសន៍តែមួយម៉ាត់ប៉ុណ្ណោះ អ្នកបម្រើរបស់ខ្ញុំប្របាទនឹងជាសះស្បើយមិនខាន។ ខ្ញុំប្របាទជាអ្នកនៅក្រោមបញ្ជាគេ ហើយមានកូនទាហាននៅក្រោមបញ្ជាខ្ញុំប្របាទដែរ បើខ្ញុំប្របាទបញ្ជាអ្នកណាម្នាក់ឲ្យទៅ គេនឹងទៅ បើប្រាប់ម្នាក់ទៀតឲ្យមក គេនឹងមក។ ពេលខ្ញុំប្របាទប្រាប់អ្នកបម្រើឲ្យធ្វើការអ្វីមួយ គេនឹងធ្វើតាម»។ កាលព្រះយេស៊ូទ្រង់ព្រះសណ្ដាប់ដូច្នេះហើយ ព្រះអង្គស្ងើចសរសើរណាស់ ក៏មានព្រះបន្ទូលទៅកាន់អស់អ្នកដែលដើរតាមព្រះអង្គថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ខ្ញុំមិនដែលឃើញនរណាមានជំនឿបែបនេះ នៅស្រុកអ៊ីស្រាអែលឡើយ។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា នឹងមានមនុស្សជាច្រើនពីទិសខាងកើត និងទិសខាងលិច មកចូលរួមពិធីជប់លៀង ក្នុងព្រះរាជ្យ*នៃស្ថានបរមសុខ*ជាមួយលោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប។ រីឯអស់អ្នកដែលត្រូវចូលក្នុងព្រះរាជ្យព្រះជាម្ចាស់ បែរជាដេញឲ្យទៅនៅខាងក្រៅក្នុងទីងងឹត ជាកន្លែងដែលគេយំសោក ខឹងសង្កៀតធ្មេញ»។ បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលទៅនាយទាហានរ៉ូម៉ាំងថា៖ «អញ្ជើញត្រឡប់ទៅវិញទៅ សុំឲ្យបានសម្រេចតាមជំនឿរបស់លោកចុះ!»។ អ្នកបម្រើក៏ជាសះស្បើយនៅពេលនោះ។ បន្ទាប់មកទៀត ព្រះយេស៊ូយាងទៅផ្ទះលោកពេត្រុស ទតឃើញម្ដាយក្មេករបស់គាត់កំពុងគ្រុនសម្រាន្ដនៅលើគ្រែ។ ព្រះអង្គពាល់ដៃគាត់ គាត់ក៏បាត់គ្រុន ហើយក្រោកឡើងបម្រើព្រះអង្គ។ លុះដល់ល្ងាច គេនាំមនុស្សអារក្សចូលជាច្រើននាក់មករកព្រះអង្គ ព្រះអង្គក៏ដេញវិញ្ញាណទាំងនោះ ដោយមានព្រះបន្ទូល ហើយប្រោសអ្នកជំងឺឲ្យជាគ្រប់ៗគ្នា ស្របនឹងសេចក្ដីដែលមានចែងទុកតាមរយៈព្យាការី*អេសាយថា៖ «ព្រះអង្គបានទទួលយកភាពពិការរបស់យើង ហើយព្រះអង្គក៏ទទួលយកជំងឺរបស់យើងដែរ» ។
ម៉ាថាយ 8:1-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលព្រះយេស៊ូវ ទ្រង់បានយាងចុះពីភ្នំមក នោះមានមនុស្សកកកុញដើរតាមទ្រង់ ក៏ឃើញមានមនុស្សឃ្លង់ម្នាក់ មកក្រាបថ្វាយបង្គំទូលទ្រង់ថា ឱព្រះអម្ចាស់អើយ បើទ្រង់សព្វព្រះហឫទ័យ ទ្រង់អាចនឹងប្រោសឲ្យទូលបង្គំជាស្អាតបាន ទ្រង់ក៏លូកព្រះហស្តទៅពាល់គាត់ដោយបន្ទូលថា ខ្ញុំចង់ដែរ ចូរឲ្យជាស្អាតចុះ ស្រាប់តែរោគឃ្លង់ក៏ជាស្អាតភ្លាម រួចព្រះយេស៊ូវទ្រង់ហាមថា នែ កុំប្រាប់អ្នកឯណាឲ្យសោះ ត្រូវទៅបង្ហាញខ្លួនឲ្យពួកសង្ឃឃើញវិញ ហើយថ្វាយដង្វាយតាមដែលលោកម៉ូសេបានបង្គាប់មក ទុកជាទីបន្ទាល់ដល់លោកទាំងនោះ។ កាលព្រះយេស៊ូវ ទ្រង់បានយាងចូលទៅក្នុងក្រុងកាពើណិមហើយ នោះមេទ័ពម្នាក់មកឯទ្រង់ទូលអង្វរថា ព្រះអម្ចាស់អើយ បាវទូលបង្គំវាស្លាប់ដៃស្លាប់ជើង ដេកនៅផ្ទះវេទនាខ្លាំងណាស់ ព្រះយេស៊ូវទ្រង់មានបន្ទូលតបថា ខ្ញុំនឹងទៅប្រោសឲ្យជា តែមេទ័ពទូលប្រកែកថា ព្រះអម្ចាស់អើយ ទូលបង្គំមិនគួរនឹងទទួលទ្រង់នៅក្នុងផ្ទះទូលបង្គំទេ សូមទ្រង់គ្រាន់តែមានបន្ទូលមួយព្រះឱស្ឋមកប៉ុណ្ណោះ នោះបាវទូលបង្គំនឹងបានជាហើយ ដ្បិតទូលបង្គំជាមនុស្សនៅក្រោមបង្គាប់គេដែរ ហើយមានទាហាននៅក្រោមឱវាទទូលបង្គំ បើទូលបង្គំប្រាប់ទៅម្នាក់ថា ទៅ នោះវាក៏ទៅ ប្រាប់ទៅម្នាក់ទៀតថា មក វាក៏មក ហើយប្រាប់ទៅបាវថា ធ្វើការនេះ នោះវាក៏ធ្វើតាម កាលព្រះយេស៊ូវបានឮពាក្យនោះហើយ ទ្រង់មានសេចក្ដីអស្ចារ្យក្នុងព្រះហឫទ័យ រួចមានបន្ទូលទៅពួកអ្នកដែលតាមទ្រង់ថា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ខ្ញុំមិនដែលឃើញសេចក្ដីជំនឿជាខ្លាំងដល់ម៉្លេះទេ ទោះទាំងនៅក្នុងសាសន៍អ៊ីស្រាអែលផង ខ្ញុំប្រាប់អ្នករាល់គ្នាថា នឹងមានមនុស្សជាច្រើន ពីទិសខាងកើត នឹងទិសខាងលិច មកអង្គុយជាមួយនឹងលោកអ័ប្រាហាំ លោកអ៊ីសាក នឹងលោកយ៉ាកុប នៅក្នុងនគរស្ថានសួគ៌ តែអស់ទាំងមនុស្សរបស់នគរនោះ នឹងត្រូវបោះចោលទៅក្នុងសេចក្ដីងងឹតខាងក្រៅវិញ នៅទីនោះនឹងមានយំ ហើយសង្កៀតធ្មេញ រួចទ្រង់មានបន្ទូលទៅមេទ័ពនោះថា ចូរទៅចុះ ឲ្យបានដូចសេចក្ដីជំនឿរបស់អ្នកចុះ បាវគាត់ក៏បានជានៅវេលានោះឯង។ លុះព្រះយេស៊ូវ ទ្រង់យាងទៅក្នុងផ្ទះរបស់ពេត្រុសហើយ នោះឃើញម្តាយក្មេកគាត់កំពុងតែដេកគ្រុន រួចទ្រង់ពាល់ដៃនាង នោះគ្រុនក៏បាត់ទៅ ហើយនាងក្រោកឡើងបំរើទ្រង់។ ដល់ពេលព្រលប់ គេនាំមនុស្សជាច្រើន ដែលមានអារក្សចូលមកឯទ្រង់ ហើយទ្រង់ក៏ដេញអារក្សដោយសារព្រះបន្ទូល ឯអស់អ្នកដែលមានជំងឺរោគា ទ្រង់បានប្រោសឲ្យជាគ្រប់គ្នាដែរ ដើម្បីឲ្យបានសំរេច តាមទំនាយដែលហោរាអេសាយ បានទាយទុកមកថា «ទ្រង់បានទទួលអស់ទាំងរោគា ហើយផ្ទុកអស់ទាំងជំងឺរបស់យើងរាល់គ្នា នៅលើព្រះអង្គទ្រង់»។