ម៉ាថាយ 6:26-34

ម៉ាថាយ 6:26-34 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ចូរ​មើល​ទៅ​សត្វ​ស្លាប​នៅ​លើ​អាកាស វា​មិន​សាប​ព្រោះ មិន​ច្រូត​កាត់ ឬ​ប្រមូល​ទុក​ដាក់​ក្នុង​ជង្រុក​ផង តែ​ព្រះ‌វរបិតា​របស់​អ្នក​ដែល​គង់​នៅ​ស្ថាន‌សួគ៌ ទ្រង់​ចិញ្ចឹម​វា ចុះ​អ្នក​រាល់​គ្នា តើ​មិន​មាន​តម្លៃ​លើស​ជាង​សត្វ​ទាំង​នោះ​ទេ​ឬ? ក្នុង​ចំណោម​អ្នក​រាល់​គ្នា តើ​មាន​អ្នក​ណា​ម្នាក់​អាច​នឹង​បន្ថែម​អាយុ​របស់​ខ្លួន​មួយ​ម៉ោង ដោយ​សារ​សេចក្តី​ខ្វល់‌ខ្វាយ​បាន​ឬ? ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ខ្វល់‌ខ្វាយ​នឹង​សម្លៀក‌បំពាក់? ចូរ​ពិចារណា​មើល​ពី​ផ្កា​ដែល​ដុះ​នៅ​ទី​វាល វា​ដុះ​ឡើង​យ៉ាង​ណា វា​មិន​ធ្វើ​ការ​នឿយ​ហត់ ឬ​ស្រាវ​រវៃ​ទេ តែ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា សូម្បី​តែ​ព្រះ‌បាទ​សាឡូម៉ូន ក្នុង​គ្រា​ដែល​ទ្រង់​មាន​គ្រប់​ទាំង​សេចក្តី​រុង‌រឿង ក៏​មិន​បាន​តែង​កាយ​ដូច​ជា​ផ្កា​មួយ​ទង​នោះ​ផង។ ឱ​មនុស្ស​មាន​ជំនឿ​តិច​អើយ ប្រសិន‌បើ​ព្រះ​តុប‌តែង​ស្មៅ​នៅ​តាម​ទី​វាល ដែល​ដុះ​នៅ​ថ្ងៃ​នេះ ហើយ​ថ្ងៃ​ស្អែក​ត្រូវ​គេ​បោះ​ចូល​ទៅ​ក្នុង​ជើង​ក្រាន​ដូច្នេះ​ទៅ​ហើយ តើ​ទ្រង់​មិន​តុប‌តែង​អ្នក​រាល់​គ្នា លើស​ជាង​នេះ​អម្បាល‌ម៉ាន​ទៅ​ទៀត? ដូច្នេះ កុំ​ខ្វល់‌ខ្វាយ​ថា តើ​យើង​មាន​អ្វី​បរិ‌ភោគ មាន​អ្វី​ផឹក ឬ​មាន​អ្វី​ស្លៀក​ពាក់​នោះ​ឡើយ ដ្បិត​សាសន៍​ដទៃ​ទេ ដែល​ខំ​ស្វះ‌ស្វែង​រក​តែ​របស់​អស់​ទាំង​នោះ ឯ​ព្រះ‌វរបិតា​របស់​អ្នក​រាល់​គ្នា​ដែល​គង់​នៅ​ស្ថាន‌សួគ៌ ទ្រង់​ជ្រាប​ហើយ​ថា អ្នក​រាល់​គ្នា​ត្រូវ​ការ​របស់​អស់​ទាំង​នោះ​ដែរ។ ប៉ុន្តែ ចូរ​ស្វែង​រក​ព្រះរាជ្យ​របស់​ព្រះ និង​សេចក្តី​សុចរិត​របស់​ព្រះ‌អង្គ​ជា​មុន​សិន នោះ​ទើប​គ្រប់​របស់​អស់​ទាំង​នោះ នឹង​បាន​ប្រទាន​មក​អ្នក​រាល់​គ្នា​ថែម​ទៀត​ផង។ ដូច្នេះ កុំ​ខ្វល់‌ខ្វាយ​នឹង​ថ្ងៃ​ស្អែក​ឡើយ ដ្បិត​ថ្ងៃ​ស្អែក​នឹង​មាន​រឿង​ខ្វល់‌ខ្វាយ​របស់​ថ្ងៃ​នោះ។ រឿង​របស់​ថ្ងៃ​ណា ល្មម​សម្រាប់​ថ្ងៃ​នោះ​ហើយ»។

ចែក​រំលែក
អាន ម៉ាថាយ 6

ម៉ាថាយ 6:26-34 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ចូរ​រំពៃ​មើល​បក្សា‌បក្សី​នៅ​លើ​មេឃ វា​មិន​ដែល​សាប​ព្រោះ មិន​ដែល​ច្រូត​កាត់ មិន​ដែល​ប្រមូល​ស្រូវ​ដាក់​ជង្រុក​ឡើយ ប៉ុន្តែ ព្រះ‌បិតា​របស់​អ្នក​រាល់​គ្នា​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ* ព្រះអង្គ​ចិញ្ចឹម​វា។ រីឯ​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​មាន​តម្លៃ​លើស​បក្សា‌បក្សី​ទាំង​នោះ​ទៅ​ទៀត។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា ទោះ​បី​ខំ​ខ្វល់​ខ្វាយ​យ៉ាង​ណា​ក៏​ដោយ ក៏​គ្មាន​នរណា​អាច​នឹង​បង្កើន​អាយុ​របស់​ខ្លួន​ឲ្យ​វែង​ដែរ សូម្បី​តែ​បន្តិច​ក៏​មិន​បាន​ផង។ ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​រាល់​គ្នា​ខ្វល់​ខ្វាយ​អំពី​សម្លៀក‌បំពាក់? ចូរ​សង្កេត​មើល​ផ្កា​នៅ​តាម​វាល វា​ដុះ​ឡើង​យ៉ាង​ណា។ វា​មិន​ដែល​ធ្វើ​ការ​នឿយ‌ហត់ ឬ​ត្បាញ​រវៃ​ឡើយ ប៉ុន្តែ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា សូម្បី​តែ​ព្រះ‌បាទ​សាឡូម៉ូន កាល​ពី​ជំនាន់​ដែល​ស្ដេច​មាន​សិរី‌រុងរឿង​ដ៏​ប្រសើរ​បំផុត​នោះ​ក៏​ដោយ ក៏​ស្ដេច​គ្មាន​ព្រះ‌ភូសា​ល្អ​ស្មើ​នឹង​ផ្កា​មួយ​ទង​នេះ​ផង។ មនុស្ស​មាន​ជំនឿ​តិច​អើយ! ប្រសិន​បើ​ព្រះ‌ជាម្ចាស់​ផ្ដល់​សម្រស់​ឲ្យ​ផ្កា​ដែល​រីក​នៅ​តាម​វាល​ថ្ងៃ​នេះ តែ​ថ្ងៃ​ស្អែក​ត្រូវ​គេ​ដុត​ចោល​យ៉ាង​ហ្នឹង​ទៅ​ហើយ តើ​ព្រះអង្គ​នឹង​ទំនុក​បម្រុង​អ្នក​រាល់​គ្នា​លើស​នេះ​យ៉ាង​ណា​ទៅ​ទៀត? ហេតុ​នេះ កុំ​ខ្វល់​ខ្វាយ​ដោយ​ពោល​ថា “យើង​នឹង​មាន​អ្វី​បរិភោគ មាន​អ្វី​ស្លៀក​ពាក់”​នោះ​ឡើយ ដ្បិត​មាន​តែ​សាសន៍​ដទៃ​ប៉ុណ្ណោះ​ទេ ដែល​ខំ​ស្វះ‌ស្វែង​រក​របស់​ទាំង​នោះ។ រីឯ​ព្រះ‌បិតា​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ ព្រះអង្គ​ជ្រាប​នូវ​អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ការ។ ចូរ​ស្វែង​រក​ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់ និង​សេចក្ដី​សុចរិត*​របស់​ព្រះអង្គ​ជា​មុន​សិន ទើប​ព្រះអង្គ​ប្រទាន​របស់​ទាំង​នោះ​មក​អ្នក​រាល់​គ្នា​ថែម​ទៀត។ កុំ​ខ្វល់​ខ្វាយ​អំពី​ហេតុ‌ការណ៍​ដែល​នឹង​កើត​មាន​នៅ​ថ្ងៃ​ស្អែក​ឡើយ ចាំ​ស្អែក​សឹម​គិត​ពី​រឿង​ថ្ងៃ​ស្អែក​ទៅ! បើ​មាន​ការ​លំបាក​កើត​ឡើង​នៅ​ថ្ងៃ​ណា ត្រូវ​ដោះ​ស្រាយ​សម្រាប់​តែ​ថ្ងៃ​នោះ​ហើយ»។

ចែក​រំលែក
អាន ម៉ាថាយ 6

ម៉ាថាយ 6:26-34 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ចូរ​ពិចារណា​ពី​សត្វ​ស្លាប​នៅ​លើ​អាកាស វា​មិន​សាប‌ព្រោះ​មិន​ច្រូត​កាត់ ឬ​ប្រមូល​ដាក់​ក្នុង​ជង្រុក​ផង តែ​ព្រះវរ‌បិតា​នៃ​អ្នក ដែល​គង់​នៅ​ស្ថាន‌សួគ៌ ទ្រង់​ចិញ្ចឹម​វា ឯ​អ្នក​រាល់​គ្នា តើ​គ្មាន​ដំឡៃ​លើស​ជាង​សត្វ​ទាំង​នោះ​ទេ​ឬ​អី ចុះ​នៅ​ក្នុង​ពួក​អ្នក​រាល់​គ្នា តើ​មាន​អ្នក​ឯ​ណា​ដែល​អាច​នឹង​បន្ថែម​កំពស់​ខ្លួន​១​ហត្ថ ដោយ‌សារ​សេចក្ដី​ខ្វល់‌ខ្វាយ​បាន​ឬ​ទេ ហើយ​ពី​ដំណើរ​សំលៀក‌បំពាក់ តើ​អ្នក​រាល់​គ្នា​ខំ​ខ្វល់‌ខ្វាយ​ធ្វើ​អី ចូរ​រំពឹង​គិត​តែ​ពី​ផ្កា​ឈូក​នៅ​ក្នុង​បឹង ដែល​វា​ដុះ​ជា​យ៉ាង​ដូច​ម្តេច គឺ​វា​មិន​នឿយ‌ហត់​នឹង​ធ្វើ​ការ ឬ​ស្រាវ​រវៃ​ទេ តែ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា សូម្បី​តែ​ហ្លួង​សាឡូម៉ូន ក្នុង​គ្រា​ដែល​មាន​គ្រប់​ទាំង​សេចក្ដី​រុងរឿង​របស់​ទ្រង់ នោះ​ទ្រង់​មិន​បាន​តែង​អង្គ ដូច​ជា​ផ្កា​១​នោះ​ផង រីឯ​តិណ‌ជាតិ ដែល​ដុះ​នៅ​វាល​ក្នុង​ថ្ងៃ​នេះ ហើយ​ថ្ងៃ​ស្អែក​ត្រូវ​គេ​ដុត​នៅ​ជើង‌ក្រាន បើ​ព្រះ‌ទ្រង់​តុប‌តែង​ស្មៅ​យ៉ាង​ដូច្នោះ នោះ​ឱ​មនុស្ស​មាន​ជំនឿ​តិច​អើយ តើ​ទ្រង់​មិន​តុប‌តែង​ឲ្យ​អ្នក​រាល់​គ្នា លើស​ជាង​ទៅ​ទៀត​ទេ​ឬ​អី ដូច្នេះ កុំ​ឲ្យ​ខ្វល់‌ខ្វាយ​ថា តើ​ត្រូវ​បរិភោគ​អ្វី ឬ​ស្លៀក‌ពាក់​អ្វី​នោះ​ឡើយ ដ្បិត​គឺ​ជា​សាសន៍​ដទៃ​ទេ​តើ ដែល​ខំ​ស្វែង​រក​របស់​ទាំង​នោះ​វិញ ឯ​ព្រះវរ‌បិតា​នៃ​អ្នក​រាល់​គ្នា ដែល​គង់​នៅ​ស្ថាន‌សួគ៌ ទ្រង់​ជ្រាប​ហើយ ថា​អ្នក​រាល់​គ្នា​ត្រូវ​ការ​នឹង​របស់​ទាំង​នោះ​ដែរ ចូរ​ស្វែង​រក​នគរ នឹង​សេចក្ដី​សុចរិត​នៃ​ព្រះ​ជា​មុន​សិន ទើប​គ្រប់​របស់​ទាំង​នោះ នឹង​បាន​ប្រទាន​មក​អ្នក​រាល់​គ្នា​ថែម​ទៀត​ផង ដូច្នេះ កុំ​ឲ្យ​ខ្វល់‌ខ្វាយ​នឹង​ថ្ងៃ​ស្អែក​ឡើយ ពី​ព្រោះ​ថ្ងៃ​ស្អែក​នឹង​ខ្វល់‌ខ្វាយ ចំពោះ​ការ​របស់​ថ្ងៃ​នោះ​ឯង សេចក្ដី​លំបាក​នៅ​ថ្ងៃ​ណា នោះ​គឺ​ល្មម​ត្រឹម​ថ្ងៃ​នោះ​ហើយ។

ចែក​រំលែក
អាន ម៉ាថាយ 6

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ