ម៉ាថាយ 6:19-24

ម៉ាថាយ 6:19-24 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

«កុំ​ប្រមូល​ទ្រព្យ​សម្បត្តិ​ទុក​សម្រាប់​ខ្លួន​នៅ​លើ​ផែនដី ជា​កន្លែង​ដែល​មាន​កន្លាត និង​ច្រែះ​ស៊ី​បំផ្លាញ ហើយ​ជា​កន្លែង​ដែល​មាន​ចោរ​ទម្លុះ​ចូល​មក​លួច​ប្លន់​នោះ​ឡើយ តែ​ត្រូវ​ប្រមូល​ទ្រព្យ​សម្បត្តិ​ទុក​សម្រាប់​ខ្លួន​នៅ​ស្ថាន‌សួគ៌ ជា​កន្លែង​ដែល​គ្មាន​កន្លាត ឬ​ច្រែះ​ស៊ី​បំផ្លាញ និង​ជា​កន្លែង​ដែល​គ្មាន​ចោរ​ទម្លុះ​ចូល​មក​លួច​ប្លន់​នោះ​វិញ ដ្បិត​ទ្រព្យ​សម្បត្តិ​របស់​អ្នក​នៅ​កន្លែង​ណា នោះ​ចិត្ត​របស់​អ្នក​ក៏​នឹង​នៅ​កន្លែង​នោះ​ដែរ»។ «ភ្នែក​ជា​ចង្កៀង​របស់​រូប‌កាយ ដូច្នេះ បើ​ភ្នែក​អ្នក​ល្អ រូប‌កាយ​អ្នក​ទាំង​មូល​នឹង​មាន​ពេញ​ដោយ​ពន្លឺ តែ​បើ​ភ្នែក​អ្នក​មិន​ល្អ​វិញ រូប‌កាយ​អ្នក​ទាំង​មូល នឹង​មាន​ពេញ​ដោយ​សេចក្តី​ងងឹត។ ដូច្នេះ បើ​ពន្លឺ​នៅ​ក្នុង​អ្នក ជា​សេចក្តី​ងងឹត​ទៅ​ហើយ ចុះ​សេចក្តី​ងងឹត​នោះ​នឹង​សូន្យ​សុង​យ៉ាង​ណា​ទៅ!» «គ្មាន​អ្នក​ណា​អាច​បម្រើ​ចៅហ្វាយ​ពីរ​បាន​ទេ ដ្បិត​អ្នក​នោះ​នឹង​ស្អប់​មួយ ហើយ​ស្រឡាញ់​មួយ ឬ​ស្មោះ​ត្រង់​នឹង​ម្នាក់ ហើយ​មើល​ងាយ​ម្នាក់​ទៀត​ពុំ​ខាន។ អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​គោរព​បម្រើ​ព្រះ‌ផង និង​ទ្រព្យ​សម្បត្តិ​ផង​បាន​ឡើយ»។

ចែក​រំលែក
អាន ម៉ាថាយ 6

ម៉ាថាយ 6:19-24 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

«កុំ​សន្សំ​ទ្រព្យ​សម្បត្តិ​ទុក​សម្រាប់​ខ្លួន នៅ​លើ​ផែនដី ជា​កន្លែង​ដែល​មាន​កណ្ដៀរ និង​ច្រែះ​ស៊ី ជា​កន្លែង​ដែល​មាន​ចោរ​ទម្លាយ​ជញ្ជាំង​ចូល​មក​លួច​ប្លន់​នោះ​ឲ្យ​សោះ។ ចូរ​ប្រមូល​ទ្រព្យ​សម្បត្តិ​ទុក​នៅ​ស្ថាន​បរម‌សុខ*​វិញ ជា​ស្ថាន​ដែល​គ្មាន​កណ្ដៀរ និង​ច្រែះ​ស៊ី​ជា​ស្ថាន​ដែល​គ្មាន​ចោរ​ទម្លាយ​ជញ្ជាំង​ចូល​មក​លួច​ប្លន់​ឡើយ ដ្បិត​ទ្រព្យ​សម្បត្តិ​អ្នក​នៅ​កន្លែង​ណា ចិត្ត​របស់​អ្នក​ក៏​នៅ​កន្លែង​នោះ​ដែរ»។ «ភ្នែក​ប្រៀប​បាន​នឹង​ចង្កៀង​របស់​រូប​កាយ បើ​ភ្នែក​អ្នក​នៅ​ភ្លឺ​ល្អ រូប​កាយ​អ្នក​ទាំង​មូល​ក៏​ភ្លឺ​ដែរ តែ​បើ​ភ្នែក​អ្នក​ងងឹត​វិញ រូប​កាយ​អ្នក​ទាំង​មូល​ក៏​ងងឹត​ដែរ។ ប្រសិន​បើ​ពន្លឺ​នៅ​ក្នុង​អ្នក​ត្រឡប់​ទៅ​ជា​ងងឹត​ប៉ុណ្ណឹង​ទៅ​ហើយ នោះ​មិន​ដឹង​ជា​សេចក្ដី​ងងឹត​នឹង​ទៅ​ជា​សូន្យ‌សុង ដល់​កម្រិត​ណា​ទៀត​ទេ»។ «គ្មាន​អ្នក​ណា​ម្នាក់​អាច​បម្រើ​ម្ចាស់​ពីរ​បាន​ទេ ព្រោះ​អ្នក​នោះ​នឹង​ស្អប់​មួយ ស្រឡាញ់​មួយ ស្មោះ​ត្រង់​នឹង​ម្នាក់ មើល‌ងាយ​ម្នាក់​ទៀត​ជា​ពុំ‌ខាន។ អ្នក​រាល់​គ្នា​ក៏​ពុំ​អាច​គោរព​បម្រើ​ព្រះ‌ជាម្ចាស់​ផង ហើយ​គោរព​បម្រើ​ទ្រព្យ​សម្បត្តិ​ទុក​ជា​ព្រះ​ផង​ឡើយ»។

ចែក​រំលែក
អាន ម៉ាថាយ 6

ម៉ាថាយ 6:19-24 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កុំ​ឲ្យ​ប្រមូល​ទ្រព្យ​សម្បត្តិ ទុក​សំរាប់​ខ្លួន នៅ​ផែនដី ជា​កន្លែង​ដែល​មាន​កន្លាត នឹង​ច្រែះ​ស៊ី​បំផ្លាញ ហើយ​ចោរ​ទំលុះ​ប្លន់​នោះ​ឡើយ ត្រូវ​ប្រមូល​ទ្រព្យ​សម្បត្តិ ទុក​សំរាប់​ខ្លួន នៅ​ឯ​ស្ថាន‌សួគ៌​វិញ ដែល​ជា​កន្លែង​គ្មាន​កន្លាត ឬ​ច្រែះ​ស៊ី​បំផ្លាញ​ឡើយ ក៏​គ្មាន​ចោរ​ទំលុះ ឬ​ប្លន់​ផង ពី​ព្រោះ​សម្បត្តិ​ទ្រព្យ​របស់​អ្នក​ស្ថិត​នៅ​កន្លែង​ណា នោះ​ចិត្ត​អ្នក​ក៏​នឹង​នៅ​កន្លែង​នោះ​ដែរ។ ឯ​ចង្កៀង​របស់​រូប‌កាយ គឺ​ជា​ភ្នែក ដូច្នេះ បើ​ភ្នែក​អ្នក​ល្អ នោះ​រូប‌កាយ​អ្នក​ទាំង​មូល​នឹង​បាន​ភ្លឺ តែ​បើ​ភ្នែក​អ្នក​អាក្រក់​វិញ នោះ​រូប‌កាយ​អ្នក​ទាំង​មូល នឹង​ត្រូវ​ងងឹត​សូន្យ យ៉ាង​នោះ បើ​ពន្លឺ​ដែល​នៅ​ក្នុង​ខ្លួន​អ្នក ជា​សេចក្ដី​ងងឹត​ហើយ ចុះ​សេចក្ដី​ងងឹត​នោះ​នឹង​បាន​ជា​ខ្លាំង​អម្បាល‌ម៉ាន​ទៅ​ហ្ន៎។ គ្មាន​អ្នក​ណា​អាច​នឹង​បំរើ​ចៅហ្វាយ​២​នាក់​បាន​ទេ ដ្បិត​អ្នក​នោះ​នឹង​ស្អប់​១ ហើយ​ស្រឡាញ់​១ ឬ​ស្មោះ‌ត្រង់​នឹង​១ ហើយ​មើល‌ងាយ​១ អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​គោរព​ដល់​ព្រះ នឹង​ទ្រព្យ​សម្បត្តិ​ផង​បាន​ទេ

ចែក​រំលែក
អាន ម៉ាថាយ 6

ម៉ាថាយ 6:19-24

ម៉ាថាយ 6:19-24 គខបម៉ាថាយ 6:19-24 គខប

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ