ម៉ាថាយ 5:38-48

ម៉ាថាយ 5:38-48 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

«អ្នក​រាល់​គ្នា​បាន​ឮ​សេចក្តី​ដែល​ថ្លែង​ទុក​មក​ថា "ភ្នែក​ឲ្យ​សម​នឹង​ភ្នែក ហើយ​ធ្មេញ​ឲ្យ​សម​នឹង​ធ្មេញ" ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​តប​ត​នឹង​មនុស្ស​អាក្រក់​ឡើយ ប្រសិន‌បើ​អ្នក​ណា​ទះ​កំផ្លៀង​ស្តាំ​របស់​អ្នក ចូរ​បែរ​ឲ្យ​គេ​ទះ​ម្ខាង​ទៀត​ទៅ ហើយ​បើ​អ្នក​ណា​ចង់​ប្តឹង​យក​អាវ​ខ្លី​របស់​អ្នក ចូរ​ឲ្យ​គេ​យក​អាវ​វែង​របស់​អ្នក​ទៅ​ផង។ បើ​អ្នក​ណា​បង្ខំ​ឲ្យ​អ្នក​ធ្វើ​ដំណើរ​មួយ​យោជន៍ ចូរ​ទៅ​ជា​មួយ​គេ​ពីរ​យោជន៍​ចុះ។ ចូរ​ឲ្យ​ដល់​អ្នក​ណា​ដែល​សុំ ហើយ​កុំ​ប្រ‌កែក​នឹង​អ្នក​ណា​ដែល​ចង់​ខ្ចី​អ្វី​មួយ​ពី​អ្នក​ឡើយ»។ «អ្នក​រាល់​គ្នា​បាន​ឮ​សេចក្តី​ដែល​ថ្លែង​ទុក​មក​ថា "ចូរ​ស្រឡាញ់​អ្នក​ជិត​ខាង​របស់​អ្នក ហើយ​ស្អប់​ខ្មាំង​សត្រូវ​របស់​អ្នក"។ ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ចូរ​ស្រឡាញ់​ខ្មាំង​សត្រូវ​របស់​អ្នក ហើយ​អធិស្ឋាន​ឲ្យ​អស់​អ្នក​ដែល​បៀតបៀន​អ្នក​រាល់​គ្នា​ចុះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ធ្វើ​ជា​កូន​របស់​ព្រះ‌វរបិតា​ដែល​គង់​នៅ​ស្ថាន‌សួគ៌ ដ្បិត​ព្រះ‌អង្គ​ធ្វើ​ឲ្យ​ថ្ងៃ​របស់​ព្រះ‌អង្គ​រះ​បំភ្លឺ​ទាំង​មនុស្ស​អាក្រក់ និង​មនុស្ស​ល្អ ហើយ​ព្រះ‌អង្គ​បង្អុរ​ភ្លៀង​ធ្លាក់​មក​លើ​ទាំង​មនុស្ស​សុចរិត និង​មនុស្ស​ទុច្ចរិត។ ប្រសិន‌បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​តែ​អស់​អ្នក​ដែល​ស្រឡាញ់​អ្នក​រាល់​គ្នា តើ​អ្នក​រាល់​គ្នា​នឹង​មាន​រង្វាន់​អ្វី? សូម្បី​តែ​ពួក​អ្នក​ទារពន្ធ តើ​មិន​ប្រព្រឹត្ត​ដូច្នោះ​ទេ​ឬ? បើ​អ្នក​រាល់​គ្នា​រាក់​ទាក់​តែ​បង‌ប្អូន​របស់​ខ្លួន​ប៉ុណ្ណោះ តើ​អ្នក​រាល់​គ្នា​បាន​ធ្វើ​អ្វី​ប្លែក​ពី​គេ? សូម្បី​តែ​ពួក​សាសន៍​ដទៃ តើ​មិន​ប្រព្រឹត្ត​ដូច្នោះ​ទេ​ឬ? ដូច្នេះ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​គ្រប់​លក្ខណ៍ ដូច​ព្រះ‌វរបិតា​របស់​អ្នក​រាល់​គ្នា​ដែល​គង់​នៅ​ស្ថាន‌សួគ៌ ទ្រង់​គ្រប់​លក្ខណ៍​ដែរ»។

ចែក​រំលែក
អាន ម៉ាថាយ 5

ម៉ាថាយ 5:38-48 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

«អ្នក​រាល់​គ្នា​ធ្លាប់​បាន​ឮ​សេចក្ដី​ថ្លែង​ទុក​មក​ថា “ប្រសិន​បើ​គេ​វាយ​ភ្នែក​អ្នក​ម្ខាង ត្រូវ​វាយ​ភ្នែក​គេ​តែ​ម្ខាង​វិញ ប្រសិន​បើ​គេ​វាយ​អ្នក​បាក់​ធ្មេញ​មួយ ត្រូវ​វាយ​គេ​ឲ្យ​បាក់​ធ្មេញ​តែ​មួយ​ដែរ” ។ រីឯ​ខ្ញុំ​វិញ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​តប​ត​នឹង​មនុស្ស​កំណាច​ឲ្យ​សោះ បើ​មាន​គេ​ទះ​កំផ្លៀង​ស្ដាំ​របស់​អ្នក ចូរ​បែរ​ឲ្យ​គេ​ទះ​ម្ខាង​ទៀត​ទៅ។ បើ​មាន​គេ​ប្ដឹង​ចង់​បាន​អាវ​ក្នុង​របស់​អ្នក ចូរ​ឲ្យ​គេ​យក​អាវ​ធំ​ថែម​ទៀត​ទៅ។ បើ​មាន​គេ​បង្ខំ​អ្នក​ឲ្យ​ធ្វើ​ដំណើរ​មួយ​យោជន៍ ចូរ​ទៅ​ពីរ​យោជន៍​ជា​មួយ​គេ​ចុះ។ អ្នក​ណា​សុំ​អ្វី​ពី​អ្នក ចូរ​ឲ្យ​គេ​ទៅ ហើយ​កុំ​គេច​មុខ​ចេញ​ពី​អ្នក​ដែល​សុំ​ខ្ចី​អ្វីៗ​ពី​អ្នក​ដែរ»។ «អ្នក​រាល់​គ្នា​ធ្លាប់​បាន​ឮ​សេចក្ដី​ថ្លែង​ទុក​មក​ថា “ចូរ​ស្រឡាញ់​បងប្អូន​ឯ​ទៀតៗ ហើយ​ស្អប់​ខ្មាំង​សត្រូវ​របស់​អ្នក”។ រីឯ​ខ្ញុំ​វិញ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អ្នក​រាល់​គ្នា​ថា ចូរ​ស្រឡាញ់​ខ្មាំង​សត្រូវ​របស់​អ្នក​រាល់​គ្នា ព្រម​ទាំង​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់ សូម​ព្រះអង្គ​ប្រទាន​ពរ​ឲ្យ​អស់​អ្នក​ដែល​បៀត‌បៀន​អ្នក​រាល់​គ្នា​ផង។ ធ្វើ​ដូច្នេះ អ្នក​រាល់​គ្នា​នឹង​បាន​ទៅ​ជា​បុត្រ​របស់​ព្រះ‌បិតា​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ ដ្បិត​ព្រះអង្គ​ប្រទាន​ឲ្យ​ព្រះ‌អាទិត្យ​របស់​ព្រះអង្គ​រះ​បំភ្លឺ ទាំង​មនុស្ស​អាក្រក់ ទាំង​មនុស្ស​ល្អ ហើយ​ព្រះអង្គ​ប្រទាន​ទឹក​ភ្លៀង​ឲ្យ​ទាំង​មនុស្ស​សុចរិត ទាំង​មនុស្ស​ទុច្ចរិត​ផង​ដែរ។ ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​តែ​អស់​អ្នក​ដែល​ស្រឡាញ់​អ្នក​រាល់​គ្នា តើ​នឹង​ទទួល​រង្វាន់​អ្វី? សូម្បី​តែ​អ្នក​ទារ​ពន្ធ*​ក៏​ចេះ​ស្រឡាញ់​គ្នា​គេ​ដែរ។ បើ​អ្នក​រាល់​គ្នា​រាប់​រក​តែ​បងប្អូន​របស់​ខ្លួន​ប៉ុណ្ណោះ តើ​មាន​អ្វី​អស្ចារ្យ? សូម្បី​តែ​សាសន៍​ដទៃ​ក៏​ប្រព្រឹត្ត​ដូច្នោះ​ដែរ។ ព្រះ‌បិតា​របស់​អ្នក​រាល់​គ្នា​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ​ព្រះអង្គ​គ្រប់​លក្ខណ៍​យ៉ាង​ណា សុំ​ឲ្យ​អ្នក​រាល់​គ្នា​បាន​គ្រប់​លក្ខណ៍​យ៉ាង​នោះ​ដែរ»។

ចែក​រំលែក
អាន ម៉ាថាយ 5

ម៉ាថាយ 5:38-48 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

អ្នក​រាល់​គ្នា​បាន​ឮ​សេចក្ដី ដែល​ថ្លែង​ទុក​ថា «ភ្នែក​ឲ្យ​ធួន​នឹង​ភ្នែក ហើយ​ធ្មេញ​ឲ្យ​ធួន​នឹង​ធ្មេញ» ប៉ុន្តែ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​ឲ្យ​តតាំង​នឹង​អំពើ​អាក្រក់​ឡើយ បើ​អ្នក​ណា​ទះ​កំផ្លៀង​ស្តាំ​នៃ​អ្នក នោះ​ត្រូវ​តែ​បែរ​កំផ្លៀង​ម្ខាង​ទៅ​ឲ្យ​ទៀត បើ​អ្នក​ណា​ប្តឹង​ចង់​យក​អាវ​ខ្លី​របស់​អ្នក នោះ​ត្រូវ​បើក​ឲ្យ​គេ​យក​ទាំង​អាវ​វែង​ផង បើ​អ្នក​ណា​បង្ខំ​ឲ្យ​អ្នក​ទៅ​អស់​១​យោជន៍ នោះ​ចូរ​ទៅ​ជា​មួយ​នឹង​គេ​ដល់​២​យោជន៍​ផង ចូរ​ឲ្យ​ដល់​អ្នក​ណា​ដែល​សូម ហើយ​កុំ​ឲ្យ​គេច​ចេញ​ពី​អ្នក​ណា​ដែល​ចង់​ខ្ចី​អ្នក​ឡើយ។ អ្នក​រាល់​គ្នា​បាន​ឮ​សេចក្ដី ដែល​ថ្លែង​ទុក​មក​ថា «ចូរ​ស្រឡាញ់​អ្នក​ជិត​ខាង​ឯង តែ​ស្អប់​ខ្មាំង​សត្រូវ​ឯង​វិញ» ប៉ុន្តែ​ខ្ញុំ​ប្រាប់​ថា ត្រូវ​ស្រឡាញ់​ពួក​ខ្មាំង​សត្រូវ ត្រូវ​ឲ្យ​ពរ​ដល់​អ្នក​ណា​ដែល​ប្រទេច​ផ្តាសា ត្រូវ​ប្រព្រឹត្ត​ល្អ​នឹង​អ្នក​ណា​ដែល​ស្អប់​អ្នក​រាល់​គ្នា ហើយ​ត្រូវ​អធិស្ឋាន​ឲ្យ​អ្នក​ណា​ដែល​ធ្វើ​ទុក្ខ​បៀត‌បៀន​ដល់​អ្នក​រាល់​គ្នា​វិញ ដើម្បី​ឲ្យ​បាន​ធ្វើ​ជា​កូន​របស់​ព្រះវរ‌បិតា​នៃ​អ្នក​រាល់​គ្នា ដែល​គង់​នៅ​ស្ថាន‌សួគ៌ ព្រោះ​ទ្រង់​ធ្វើ​ឲ្យ​ថ្ងៃ​របស់​ទ្រង់​រះ​ឡើង បំភ្លឺ​ទាំង​មនុស្ស​អាក្រក់​នឹង​មនុស្ស​ល្អ ហើយ​ទ្រង់​បង្អុរ​ឲ្យ​ភ្លៀង​ធ្លាក់​មក លើ​ទាំង​មនុស្ស​សុចរិត នឹង​មនុស្ស​ទុច្ចរិត​ផង ដ្បិត​បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​តែ​អស់​អ្នក​ណា ដែល​ស្រឡាញ់​ដល់​ខ្លួន នោះ​តើ​បាន​បំណាច់​អ្វី ឯ​ពួក​អ្នក​យក​ពន្ធ តើ​គេ​មិន​ប្រព្រឹត្ត​ដូច្នោះ​ដែរ​ទេ​ឬ​អី ហើយ​បើ​អ្នក​រាល់​គ្នា​គំនាប់​តែ​បង​ប្អូន​អ្នក​ប៉ុណ្ណោះ នោះ​តើ​បាន​ធ្វើ​អ្វី​ប្លែក​ពី​គេ ឯ​ពួក​សាសន៍​ដទៃ តើ​មិន​ប្រព្រឹត្ត​ដូច​គ្នា​ទេ​ឬ​អី ដូច្នេះ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​គ្រប់​លក្ខណ៍ ដូច​ព្រះវរ‌បិតា​នៃ​អ្នក ដែល​គង់​នៅ​ស្ថាន‌សួគ៌ ទ្រង់​គ្រប់​លក្ខណ៍​ដែរ។

ចែក​រំលែក
អាន ម៉ាថាយ 5