ម៉ាថាយ 5:3-16

ម៉ាថាយ 5:3-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

«អ្នក​ណា​ដាក់​ចិត្ត​ជា​អ្នក​ក្រ‌ខ្សត់ អ្នក​នោះ​មាន​សុភមង្គល*​ហើយ ដ្បិត​ពួក​គេ​បាន​ទទួល​ព្រះ‌រាជ្យ នៃ​ស្ថាន​បរម‌សុខ! អ្នក​ណា​សោក‌សៅ អ្នក​នោះ​មាន​សុភមង្គល​ហើយ ដ្បិត​ព្រះ‌ជាម្ចាស់​នឹង​សម្រាល​ទុក្ខ​ពួក​គេ! អ្នក​ណា​មាន​ចិត្ត​ស្លូត‌បូត អ្នក​នោះ​មាន​សុភមង្គល​ហើយ ដ្បិត​ពួក​គេ​នឹង​ទទួល​ផែនដី​ទុក​ជា​មត៌ក! អ្នក​ណា​ស្រេក​ឃ្លាន​សេចក្ដី​សុចរិត* អ្នក​នោះ​មាន​សុភមង្គល​ហើយ ដ្បិត​ព្រះ‌ជាម្ចាស់​នឹង​ប្រទាន​ឲ្យ ពួក​គេ​បាន​ឆ្អែត! អ្នក​ណា​មាន​ចិត្ត​មេត្តា‌ករុណា អ្នក​នោះ​មាន​សុភមង្គល​ហើយ ដ្បិត​ព្រះ‌ជាម្ចាស់​នឹង​សម្តែង​ព្រះ‌ហឫទ័យ មេត្តា‌ករុណា​ដល់​ពួក​គេ​វិញ! អ្នក​ណា​មាន​ចិត្ត​បរិសុទ្ធ* អ្នក​នោះ​មាន​សុភមង្គល​ហើយ ដ្បិត​ពួក​គេ​នឹង​ឃើញ​ព្រះ‌ជាម្ចាស់! អ្នក​ណា​កសាង​សន្តិ‌ភាព អ្នក​នោះ​មាន​សុភមង្គល​ហើយ ដ្បិត​ពួក​គេ​នឹង​មាន​ឈ្មោះ​ជា​បុត្រ របស់​ព្រះ‌ជាម្ចាស់! អ្នក​ណា​ត្រូវ​គេ​បៀត‌បៀន ព្រោះ​តែ​បាន​ធ្វើ​តាម​សេចក្ដី​សុចរិត* អ្នក​នោះ​មាន​សុភមង្គល​ហើយ ដ្បិត​គេ​បាន​ទទួល​ក្នុង​ព្រះ‌រាជ្យ នៃ​ស្ថាន​បរម‌សុខ! ប្រសិន​បើ​មាន​គេ​ត្មះ‌តិះ‌ដៀល បៀត‌បៀន និង​មាន​គេ​និយាយ​អាក្រក់​គ្រប់​យ៉ាង បង្ខូច​ឈ្មោះ​អ្នក​រាល់​គ្នា ព្រោះ​តែ​ខ្ញុំ នោះ​អ្នក​រាល់​គ្នា​មាន​សុភមង្គល​ហើយ! ចូរ​អរ​សប្បាយ​រីក‌រាយ​ឡើង ព្រោះ​អ្នក​រាល់​គ្នា​នឹង​ទទួល​រង្វាន់​យ៉ាង​ធំ​នៅ​ស្ថាន​បរម‌សុខ ដ្បិត​ពួក​ព្យាការី*​ដែល​រស់​នៅ​មុន​អ្នក​រាល់​គ្នា ក៏​ត្រូវ​គេ​បៀត‌បៀន​ដូច្នោះ​ដែរ»។ «អ្នក​រាល់​គ្នា​ជា​អំបិល​សម្រាប់​មនុស្ស​លោក ប៉ុន្តែ បើ​អំបិល​បាត់​ជាតិ​ប្រៃ​ហើយ តើ​គេ​នឹង​យក​អ្វី​មក​ធ្វើ​ឲ្យ​ប្រៃ​ឡើង​វិញ​បាន? អំបិល​នោះ​គ្មាន​ប្រយោជន៍​អ្វី​ទៀត​ទេ គឺ​មាន​តែ​បោះ​ចោល​ទៅ​ខាង​ក្រៅ ឲ្យ​មនុស្ស​ដើរ​ជាន់​ប៉ុណ្ណោះ។ អ្នក​រាល់​គ្នា​ជា​ពន្លឺ​សម្រាប់​បំភ្លឺ​មនុស្ស​លោក។ គេ​មិន​អាច​លាក់​បំបាំង​ក្រុង​ណា​ដែល​សង់​នៅ​លើ​ភ្នំ​ឡើយ។ គេ​មិន​ដែល​អុជ​ចង្កៀង ហើយ​យក​ធុង​គ្រប​ពី​លើ​នោះ​ទេ គឺ​គេ​តែង​យក​ចង្កៀង​ទៅ​ដាក់​លើ​ជើង​ចង្កៀង​វិញ ហើយ​ចង្កៀង​នោះ​បំភ្លឺ​អស់​អ្នក​ដែល​នៅ​ក្នុង​ផ្ទះ។ ចូរ​ឲ្យ​ពន្លឺ​របស់​អ្នក​រាល់​គ្នា បំភ្លឺ​មនុស្ស​ទាំង‌ឡាយ​ដូច្នោះ​ដែរ គេ​នឹង​ឃើញ​អំពើ​ល្អ​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត ហើយ​លើក​តម្កើង​សិរី‌រុងរឿង​ព្រះ‌បិតា​របស់​អ្នក​រាល់​គ្នា ដែល​គង់​នៅ​ស្ថាន​បរម‌សុខ*»។

ចែក​រំលែក
អាន ម៉ាថាយ 5

ម៉ាថាយ 5:3-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

«មាន​ពរ​ហើយ អស់​អ្នក​ដែល​មាន សេចក្តី​កម្សត់​ខាង​វិញ្ញាណ ដ្បិត​ព្រះរាជ្យ​នៃ​ស្ថាន​សួគ៌​ជា​របស់​អ្នក​ទាំង​នោះ។ មាន​ពរ​ហើយ អស់​អ្នក​ដែល​យំ​សោក ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​កម្សាន្ត​ចិត្ត។ មាន​ពរ​ហើយ អស់​អ្នក​ដែល​ស្លូត​ត្រង់ ដ្បិត​អ្នក​ទាំង​នោះ​នឹង​គ្រង​ផែនដី​ជា​មត៌ក។ មាន​ពរ​ហើយ អស់​អ្នក​ដែល​ស្រេក​ឃ្លាន​សេចក្តី​សុចរិត ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​ឆ្អែត។ មាន​ពរ​ហើយ អស់​អ្នក​ដែល​មាន​ចិត្ត​មេត្តា‌ករុណា ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា​វិញ។ មាន​ពរ​ហើយ អស់​អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធ ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​ឃើញ​ព្រះ។ មាន​ពរ​ហើយ អស់​អ្នក​ដែល​ផ្សះ‌ផ្សា​គេ ដ្បិត​អ្នក​ទាំង​នោះ​នឹង​មាន​ឈ្មោះ​ថា​ជា​កូន​របស់​ព្រះ។ មាន​ពរ​ហើយ អស់​អ្នក​ដែល​ត្រូវ​គេ​បៀតបៀន ដោយ​ព្រោះ​សេចក្តី​សុចរិត ដ្បិត​ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌​ជា​របស់​អ្នក​ទាំង​នោះ។ អ្នក​រាល់​គ្នា​មាន​ពរ ក្នុង​កាល​ដែល​គេ​ជេរ បៀតបៀន ហើយ​និយាយ​បង្ខុស​គ្រប់​ទាំង​សេចក្តី​អាក្រក់ ទាស់​នឹង​អ្នក​រាល់​គ្នា​ដោយ​ព្រោះ​ខ្ញុំ។ ចូរ​អរ​សប្បាយ ហើយ​រីក‌រាយ​ឡើង ដ្បិត​អ្នក​រាល់​គ្នា​មាន​រង្វាន់​យ៉ាង​ធំ​នៅ​ស្ថាន‌សួគ៌ ព្រោះ​ពួក​ហោរា​ដែល​នៅ​មុន​អ្នក​រាល់​គ្នា​ក៏​ត្រូវ​គេ​បៀតបៀន​ដូច្នោះ​ដែរ»។ «អ្នក​រាល់​គ្នា​ជា​អំបិល​នៃ​ផែនដី តែ​បើ​អំបិល​បាត់​ជាតិ​ប្រៃ​ហើយ តើ​ធ្វើ​ដូច​ម្តេច​ដើម្បី​ឲ្យ​ប្រៃ​ឡើង​វិញ​បាន? វា​គ្មាន​ប្រយោជន៍​អ្វី​ទៀត​ទេ មាន​តែ​បោះ​ចោល​ទៅ​ខាង​ក្រៅ ហើយ​ត្រូវ​គេ​ដើរ​ជាន់​ប៉ុណ្ណោះ។ អ្នក​រាល់​គ្នា​ជា​ពន្លឺ​បំភ្លឺ​មនុស្ស​លោក ទី​ក្រុង​ណា​ដែល​សង់​នៅ​លើ​ភ្នំ មិន​អាច​លាក់​កំបាំង​បាន​ឡើយ។ គ្មាន​អ្នក​ណា​អុជ​ចង្កៀង​យក​ទៅ​ដាក់​ក្រោម​ថាំង​នោះ​ទេ គឺ​គេ​ដាក់​វា​លើ​ជើង​ចង្កៀង​វិញ ទើប​ចង្កៀង​នោះ​ភ្លឺ​ដល់​មនុស្ស​គ្រប់​គ្នា​ដែល​នៅ​ក្នុង​ផ្ទះ។ ដូច្នេះ ចូរ​ឲ្យ​ពន្លឺ​របស់​អ្នក​រាល់​គ្នា​ភ្លឺ​ដល់​មនុស្ស​លោក​យ៉ាង​នោះ​ដែរ ដើម្បី​ឲ្យ​គេ​ឃើញ​ការ​ល្អ​របស់​អ្នក​រាល់​គ្នា ហើយ​សរសើរ​តម្កើង​ដល់​ព្រះ‌វរបិតា​របស់​អ្នក​រាល់​គ្នា​ដែល​គង់​នៅ​ស្ថាន‌សួគ៌»។

ចែក​រំលែក
អាន ម៉ាថាយ 5

ម៉ាថាយ 5:3-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

មាន​ពរ​ហើយ អស់​អ្នក​ដែល​មាន​សេចក្ដី​កំសត់​ខាង​ឯ​វិញ្ញាណ ដ្បិត​នគរ​ស្ថាន‌សួគ៌​ជា​របស់​ផង​អ្នក​ទាំង​នោះ មាន​ពរ​ហើយ អស់​អ្នក​ដែល​យំ​សោក ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​សេចក្ដី​កំសាន្ត​ចិត្ត មាន​ពរ​ហើយ អស់​អ្នក​ដែល​ស្លូត‌ត្រង់ ដ្បិត​អ្នក​ទាំង​នោះ​នឹង​គ្រង​ផែនដី​ជា​មរដក មាន​ពរ​ហើយ អស់​អ្នក​ដែល​ស្រេក​ឃ្លាន​នូវ​សេចក្ដី​សុចរិត ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​ឆ្អែត មាន​ពរ​ហើយ អស់​អ្នក​ដែល​មាន​ចិត្ត​មេត្តា‌ករុណា ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​សេចក្ដី​មេត្តា‌ករុណា​វិញ មាន​ពរ​ហើយ អស់​អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធ ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​ឃើញ​ព្រះ មាន​ពរ​ហើយ អស់​អ្នក​ដែល​ផ្សះ‌ផ្សា​គេ ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​ហៅ​ជា​កូន​របស់​ព្រះ មាន​ពរ​ហើយ អស់​អ្នក​ដែល​ត្រូវ​គេ​បៀត‌បៀន ដោយ​ព្រោះ​សេចក្ដី​សុចរិត ដ្បិត​នគរ​ស្ថាន‌សួគ៌​ជា​របស់​ផង​អ្នក​ទាំង​នោះ អ្នក​រាល់​គ្នា​មាន​ពរ ក្នុង​កាល​ដែល​គេ​ជេរ បៀត‌បៀន ហើយ​និយាយ​បង្ខុស​គ្រប់​ទាំង​សេចក្ដី​អាក្រក់ ពី​អ្នក​រាល់​គ្នា ដោយ​ព្រោះ​ខ្ញុំ ចូរ​មាន​ចិត្ត​អំណរ ហើយ​រីក‌រាយ​ជា​ខ្លាំង​ចុះ ដ្បិត​អ្នក​រាល់​គ្នា​មាន​រង្វាន់​ជា​ធំ​នៅ​ឯ​ស្ថាន‌សួគ៌ ពី​ព្រោះ​គេ​ក៏​បាន​ធ្វើ​ទុក្ខ​ដល់​ពួក​ហោរា ដែល​នៅ​មុន​អ្នក​រាល់​គ្នា បែប​ដូច្នោះ​ដែរ។ អ្នក​រាល់​គ្នា​ជា​អំបិល​នៃ​ផែនដី បើ​អំបិល​បាត់​ជាតិ​ប្រៃ​ហើយ នោះ​តើ​នឹង​យក​អ្វី ដើម្បី​ធ្វើ​ឲ្យ​ប្រៃ​ឡើង​វិញ​បាន ជា​របស់​គ្មាន​ប្រយោជន៍​ទៀត​សោះ មាន​តែ​បោះ​បង់​ចោល​ទៅ​ក្រៅ ឲ្យ​មនុស្ស​ដើរ​ជាន់​ប៉ុណ្ណោះ អ្នក​រាល់​គ្នា​ជា​ពន្លឺ​នៃ​លោកីយ ឯ​ទី​ក្រុង​ណា​ដែល​នៅ​លើ​ភ្នំ នោះ​លាក់​មិន​កំបាំង​ទេ ក៏​គ្មាន​អ្នក​ណា​អុជ​ចង្កៀង យក​ទៅ​ដាក់​ក្រោម​ថាំង​ដែរ គេ​តែង​ដាក់​លើ​ជើង​ចង្កៀង​វិញ នោះ​ទើប​ភ្លឺ​ដល់​អ្នក​ដែល​នៅ​ក្នុង​ផ្ទះ​ទាំង​អស់​គ្នា ដូច្នេះ ចូរ​ឲ្យ​ពន្លឺ​របស់​អ្នក​រាល់​គ្នា បាន​ភ្លឺ​នៅ​មុខ​មនុស្ស​លោក​យ៉ាង​នោះ​ដែរ ដើម្បី​ឲ្យ​គេ​ឃើញ​ការ​ល្អ ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត រួច​សរសើរ​ដំកើង ដល់​ព្រះវរ‌បិតា​នៃ​អ្នក​រាល់​គ្នា ដែល​គង់​នៅ​ស្ថាន‌សួគ៌។

ចែក​រំលែក
អាន ម៉ាថាយ 5

ម៉ាថាយ 5:3-16

ម៉ាថាយ 5:3-16 គខបម៉ាថាយ 5:3-16 គខបម៉ាថាយ 5:3-16 គខបម៉ាថាយ 5:3-16 គខប