ម៉ាថាយ 5:21-30
ម៉ាថាយ 5:21-30 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
«អ្នករាល់គ្នាបានឮសេចក្តីដែលថ្លែងប្រាប់ដល់មនុស្សពីបុរាណថា "កុំសម្លាប់មនុស្សឲ្យសោះ អ្នកណាសម្លាប់មនុស្ស នោះនឹងត្រូវជាប់ជំនុំជម្រះ"។ ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា ប្រសិនបើអ្នកណាខឹងនឹងបងប្អូន នោះនឹងត្រូវជាប់ជំនុំជម្រះ ហើយអ្នកណាជេរប្រមាថបងប្អូនថា "អាចោលម្សៀត" នោះនឹងត្រូវគេនាំទៅជួបក្រុមប្រឹក្សា ហើយបើអ្នកណាថា "អាឆ្កួត" នោះនឹងត្រូវធ្លាក់ទៅក្នុងភ្លើងនរក។ ដូច្នេះ កាលណាអ្នកយកតង្វាយមកថ្វាយនៅនឹងអាសនា ហើយនៅទីនោះ អ្នកនឹកឃើញថា បងប្អូនណាមានហេតុអ្វីទាស់នឹងអ្នក នោះត្រូវទុកតង្វាយរបស់អ្នកនៅមុខអាសនា ហើយទៅជានានឹងបងប្អូនជាមុនសិន រួចសឹមមកថ្វាយតង្វាយរបស់អ្នក។ ចូរទៅស្រុះស្រួលជាមួយដើមចោទជាប្រញាប់ កាលអ្នកកំពុងតែដើរតាមផ្លូវទៅតុលាការជាមួយអ្នកនោះ ក្រែងដើមចោទបញ្ជូនអ្នកទៅចៅក្រម ហើយចៅក្រមប្រគល់អ្នកទៅឲ្យពួកឆ្មាំ រួចអ្នកនឹងត្រូវជាប់គុក។ ខ្ញុំប្រាប់អ្នកជាប្រាកដថា អ្នកនឹងចេញពីទីនោះមិនរួចឡើយ រហូតទាល់តែអ្នកសងគេគ្រប់ចំនួន ឥតខ្វះមួយសេន»។ «អ្នករាល់គ្នាបានឮសេចក្តីដែលថ្លែងទុកមកថា "កុំប្រព្រឹត្តអំពើផិតក្បត់" ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកណាដែលសម្លឹងមើលស្ត្រីណាម្នាក់ ដោយចិត្តស្រើបស្រាល នោះឈ្មោះថា បានប្រព្រឹត្តសេចក្តីកំផិតនឹងនាងនៅក្នុងចិត្តរបស់ខ្លួនរួចទៅហើយ។ ប្រសិនបើភ្នែកស្តាំរបស់អ្នក នាំឲ្យអ្នកប្រព្រឹត្តអំពើបាប ចូរខ្វេះវាចេញ ហើយបោះចោលទៅ ដ្បិតដែលបាត់បង់អវយវៈណាមួយ នោះប្រសើរជាងរូបកាយទាំងមូលត្រូវបោះទៅក្នុងនរក។ ប្រសិនបើដៃស្ដាំរបស់អ្នក នាំឲ្យអ្នកប្រព្រឹត្តអំពើបាប ចូរកាត់វាចេញ ហើយបោះចោលទៅ ដ្បិតដែលបាត់បង់អវយវៈណាមួយ នោះប្រសើរជាងរូបកាយទាំងមូលធ្លាក់នរក»។
ម៉ាថាយ 5:21-30 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«អ្នករាល់គ្នាធ្លាប់ឮសេចក្ដីដែលមានថ្លែងប្រាប់បុព្វបុរស*ថា “កុំសម្លាប់មនុស្ស” អ្នកណាសម្លាប់គេ អ្នកនោះនឹងត្រូវគេផ្ដន្ទាទោស។ រីឯខ្ញុំវិញ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា អ្នកណាខឹងនឹងបងប្អូន អ្នកនោះនឹងត្រូវគេផ្ដន្ទាទោសដែរ។ អ្នកណាជេរប្រទេចផ្តាសាបងប្អូន អ្នកនោះនឹងត្រូវក្រុមប្រឹក្សាជាន់ខ្ពស់*កាត់ទោស ហើយអ្នកណាត្មះតិះដៀលគេ អ្នកនោះនឹងត្រូវគេផ្ដន្ទាទោសធ្លាក់ក្នុងភ្លើងនរកអវិចី។ ដូច្នេះ កាលណាអ្នកយកតង្វាយទៅថ្វាយព្រះជាម្ចាស់ ហើយនៅទីនោះ អ្នកនឹកឃើញថាបងប្អូនណាម្នាក់មានទំនាស់នឹងអ្នក ចូរទុកតង្វាយរបស់អ្នកនៅកន្លែងថ្វាយតង្វាយ ហើយទៅស្រុះស្រួលនឹងបងប្អូនរបស់អ្នកជាមុនសិន រួចសឹមវិលមកថ្វាយតង្វាយរបស់អ្នកវិញ។ កាលណាអ្នកធ្វើដំណើរទៅតុលាការជាមួយគូវិវាទរបស់អ្នក ចូរស្រុះស្រួលជាមួយអ្នកនោះជាប្រញាប់ ក្រែងលោគេបញ្ជូនអ្នកទៅចៅក្រម ចៅក្រមបញ្ជូនអ្នកទៅនគរបាល ហើយអ្នកត្រូវជាប់គុក។ ខ្ញុំសុំប្រាប់ឲ្យអ្នកដឹងច្បាស់ថា ដរាបណាអ្នកមិនបានបង់ប្រាក់ពិន័យគ្រប់ចំនួន ឥតខ្វះមួយសេនទេនោះ អ្នកនឹងមិនរួចខ្លួនឡើយ»។ «អ្នករាល់គ្នាធ្លាប់ឮសេចក្ដីថ្លែងទុកមកថា “កុំប្រព្រឹត្តអំពើផិតក្បត់” ។ រីឯខ្ញុំវិញ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា អ្នកណាមើលស្ត្រីម្នាក់ ហើយមានចិត្តស្រើបស្រាលចង់រួមបវេណីជាមួយនាង អ្នកនោះដូចជាបានប្រព្រឹត្តអំពើផិតក្បត់ជាមួយនាង នៅក្នុងចិត្តរបស់ខ្លួនរួចស្រេចទៅហើយ។ ប្រសិនបើភ្នែកស្ដាំរបស់អ្នកនាំអ្នកឲ្យប្រព្រឹត្តអំពើបាប ចូរខ្វេះចេញ ហើយបោះចោលឲ្យឆ្ងាយពីអ្នកទៅ បើអ្នកបាត់ភ្នែកតែមួយនេះ ប្រសើរជាងបណ្ដោយឲ្យរូបកាយទាំងមូលធ្លាក់ទៅក្នុងនរក។ ប្រសិនបើដៃស្ដាំរបស់អ្នកនាំអ្នកឲ្យប្រព្រឹត្តអំពើបាប ចូរកាត់វា ហើយបោះចោលឲ្យឆ្ងាយពីអ្នកទៅ បើអ្នកបាត់តែអវយវៈមួយនេះ ប្រសើរជាងបណ្ដោយឲ្យរូបកាយទាំងមូលធ្លាក់ទៅក្នុងនរក»។
ម៉ាថាយ 5:21-30 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
អ្នករាល់គ្នាបានឮសេចក្ដីដែលសំដែងដល់មនុស្សពីបុរាណ ថា «កុំឲ្យសំឡាប់មនុស្សឲ្យសោះ» បើអ្នកណាសំឡាប់មនុស្ស នោះក្រែងត្រូវជាប់ជំនុំជំរះហើយ តែខ្ញុំប្រាប់អ្នករាល់គ្នាដូច្នេះវិញ ថា សូម្បីតែអ្នកណាដែលខឹងនឹងបងប្អូន នោះក្រែងត្រូវជាប់ជំនុំជំរះដែរ ហើយអ្នកណា ដែលស្ដីឲ្យបងប្អូនថា «អាចោលម្សៀត» នោះក្រែងពួកក្រុមជំនុំធ្វើទោស តែចំណែកអ្នកណាដែលថា «អាឆ្កួត» នោះក្រែងធ្លាក់ទៅក្នុងភ្លើងនរក ដូច្នេះ បើកាលណាអ្នកនាំយកដង្វាយមកដល់អាសនា ហើយនៅទីនោះអ្នកនឹកឃើញថា បងប្អូនណាមានហេតុអ្វីទាស់នឹងអ្នក នោះត្រូវទុកដង្វាយរបស់អ្នកនៅមុខអាសនា ហើយទៅរកជានឹងបងប្អូនជាមុនសិន រួចសឹមមកថ្វាយដង្វាយអ្នកចុះ ចូរឲ្យអ្នកជាស្រុះស្រួល នឹងអ្នកដើមចោទវិញជាប្រញាប់ ដែលកំពុងតែដើរតាមផ្លូវជាមួយគ្នា ក្រែងគេបញ្ជូនអ្នកទៅឯចៅក្រម ហើយចៅក្រមប្រគល់អ្នកទៅនាយភូឃុំ រួចអ្នកត្រូវជាប់គុក ខ្ញុំប្រាប់អ្នកជាប្រាកដថា ដែលអ្នកនៅខ្វះតែ១សេន នឹងសងគេឲ្យគ្រប់ នោះនឹងចេញពីទីនោះមិនរួចឡើយ។ អ្នករាល់គ្នាបានឮសេចក្ដី ដែលសំដែងពីដើមថា «កុំផិតឲ្យសោះ» ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា សូម្បីតែអ្នកណាដែលគ្រាន់តែក្រឡេកឃើញស្ត្រី ហើយមានដំរេកសំរើបចង់បាន នោះឈ្មោះថា បានប្រព្រឹត្តសេចក្ដីកំផិតនឹងនាងនោះ នៅក្នុងចិត្តខ្លួនហើយ បើភ្នែកស្តាំអ្នកនាំឲ្យរវាតចិត្ត នោះចូរខ្វែះចេញបោះចោលទៅ ដ្បិតដែលភ្នែកអ្នក១ត្រូវវិនាស នោះមានប្រយោជន៍ជាជាងឲ្យរូបកាយទាំងមូល ត្រូវបោះទៅក្នុងនរក ហើយបើដៃស្តាំអ្នកនាំឲ្យរវាតចិត្ត នោះចូរកាត់ចេញបោះចោលទៅ ដ្បិតដែលដៃអ្នកម្ខាងត្រូវវិនាស នោះមានប្រយោជន៍ ជាជាងឲ្យរូបកាយទាំងមូល ត្រូវបោះទៅក្នុងនរក។