ម៉ាថាយ 5:1-26

ម៉ាថាយ 5:1-26 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​ព្រះ‌យេស៊ូវ​ទត​ឃើញ​មហា‌ជន​ទាំង​នេះ ព្រះ‌អង្គ​ក៏​យាង​ឡើង​ទៅ​លើ​ភ្នំ កាល​បាន​គង់​ចុះ​ហើយ ពួក​សិស្ស​ក៏​ចូល​មក​រក​ព្រះ‌អង្គ។ ពេល​នោះ ព្រះ‌អង្គ​ចាប់​ផ្តើម​មាន​ព្រះ‌បន្ទូល​បង្រៀន​គេ​ថា៖ «មាន​ពរ​ហើយ អស់​អ្នក​ដែល​មាន សេចក្តី​កម្សត់​ខាង​វិញ្ញាណ ដ្បិត​ព្រះរាជ្យ​នៃ​ស្ថាន​សួគ៌​ជា​របស់​អ្នក​ទាំង​នោះ។ មាន​ពរ​ហើយ អស់​អ្នក​ដែល​យំ​សោក ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​កម្សាន្ត​ចិត្ត។ មាន​ពរ​ហើយ អស់​អ្នក​ដែល​ស្លូត​ត្រង់ ដ្បិត​អ្នក​ទាំង​នោះ​នឹង​គ្រង​ផែនដី​ជា​មត៌ក។ មាន​ពរ​ហើយ អស់​អ្នក​ដែល​ស្រេក​ឃ្លាន​សេចក្តី​សុចរិត ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​ឆ្អែត។ មាន​ពរ​ហើយ អស់​អ្នក​ដែល​មាន​ចិត្ត​មេត្តា‌ករុណា ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា​វិញ។ មាន​ពរ​ហើយ អស់​អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធ ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​ឃើញ​ព្រះ។ មាន​ពរ​ហើយ អស់​អ្នក​ដែល​ផ្សះ‌ផ្សា​គេ ដ្បិត​អ្នក​ទាំង​នោះ​នឹង​មាន​ឈ្មោះ​ថា​ជា​កូន​របស់​ព្រះ។ មាន​ពរ​ហើយ អស់​អ្នក​ដែល​ត្រូវ​គេ​បៀតបៀន ដោយ​ព្រោះ​សេចក្តី​សុចរិត ដ្បិត​ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌​ជា​របស់​អ្នក​ទាំង​នោះ។ អ្នក​រាល់​គ្នា​មាន​ពរ ក្នុង​កាល​ដែល​គេ​ជេរ បៀតបៀន ហើយ​និយាយ​បង្ខុស​គ្រប់​ទាំង​សេចក្តី​អាក្រក់ ទាស់​នឹង​អ្នក​រាល់​គ្នា​ដោយ​ព្រោះ​ខ្ញុំ។ ចូរ​អរ​សប្បាយ ហើយ​រីក‌រាយ​ឡើង ដ្បិត​អ្នក​រាល់​គ្នា​មាន​រង្វាន់​យ៉ាង​ធំ​នៅ​ស្ថាន‌សួគ៌ ព្រោះ​ពួក​ហោរា​ដែល​នៅ​មុន​អ្នក​រាល់​គ្នា​ក៏​ត្រូវ​គេ​បៀតបៀន​ដូច្នោះ​ដែរ»។ «អ្នក​រាល់​គ្នា​ជា​អំបិល​នៃ​ផែនដី តែ​បើ​អំបិល​បាត់​ជាតិ​ប្រៃ​ហើយ តើ​ធ្វើ​ដូច​ម្តេច​ដើម្បី​ឲ្យ​ប្រៃ​ឡើង​វិញ​បាន? វា​គ្មាន​ប្រយោជន៍​អ្វី​ទៀត​ទេ មាន​តែ​បោះ​ចោល​ទៅ​ខាង​ក្រៅ ហើយ​ត្រូវ​គេ​ដើរ​ជាន់​ប៉ុណ្ណោះ។ អ្នក​រាល់​គ្នា​ជា​ពន្លឺ​បំភ្លឺ​មនុស្ស​លោក ទី​ក្រុង​ណា​ដែល​សង់​នៅ​លើ​ភ្នំ មិន​អាច​លាក់​កំបាំង​បាន​ឡើយ។ គ្មាន​អ្នក​ណា​អុជ​ចង្កៀង​យក​ទៅ​ដាក់​ក្រោម​ថាំង​នោះ​ទេ គឺ​គេ​ដាក់​វា​លើ​ជើង​ចង្កៀង​វិញ ទើប​ចង្កៀង​នោះ​ភ្លឺ​ដល់​មនុស្ស​គ្រប់​គ្នា​ដែល​នៅ​ក្នុង​ផ្ទះ។ ដូច្នេះ ចូរ​ឲ្យ​ពន្លឺ​របស់​អ្នក​រាល់​គ្នា​ភ្លឺ​ដល់​មនុស្ស​លោក​យ៉ាង​នោះ​ដែរ ដើម្បី​ឲ្យ​គេ​ឃើញ​ការ​ល្អ​របស់​អ្នក​រាល់​គ្នា ហើយ​សរសើរ​តម្កើង​ដល់​ព្រះ‌វរបិតា​របស់​អ្នក​រាល់​គ្នា​ដែល​គង់​នៅ​ស្ថាន‌សួគ៌»។ «កុំ​នឹក​ស្មាន​ថា ខ្ញុំ​មក​ដើម្បី​លុប​បំបាត់​ក្រឹត្យ‌វិន័យ ឬ​គម្ពីរ​ហោរា​ចោល​ឡើយ ខ្ញុំ​មិន​មែន​មក​ដើម្បី​លុប​បំបាត់​ចោល​ទេ គឺ​មក​ដើម្បី​ធ្វើ​ឲ្យ​សម្រេច​វិញ ។ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ដរាប​ណា​ផ្ទៃ​មេឃ និង​ផែនដី​នៅ​ស្ថិត‌ស្ថេរ នោះ​គ្មាន​ក្បៀស ឬ​បន្តក់​ណា​មួយ​នៅ​ក្នុង​ក្រឹត្យ‌វិន័យ​ត្រូវ​បាត់​ឡើយ គឺ​រហូត​ទាល់​តែ​គ្រប់​ទាំង​អស់​បាន​សម្រេច។ ដូច្នេះ អ្នក​ណា​ដែល​រំលង​បទ‌បញ្ជា​ណា​មួយ សូម្បី​យ៉ាង​តូច​បំផុត ក្នុង​ចំណោម​បទ‌បញ្ជា​ទាំង​នេះ ហើយ​បង្រៀន​មនុស្ស​ឲ្យ​ធ្វើ​តាម នោះ​នឹង​ត្រូវ​ហៅ​ថា​ជា​អ្នក​តូច​បំផុត​ក្នុង​ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌ តែ​អ្នក​ណា​ដែល​ប្រព្រឹត្ត​តាម ហើយ​បង្រៀន​បទ‌បញ្ជា​ទាំង​នេះ នោះ​នឹង​ត្រូវ​ហៅ​ថា​ជា​អ្នក​ធំ​ក្នុង​ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌​វិញ។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា បើ​សេចក្តី​សុចរិត​របស់​អ្នក​រាល់​គ្នា​មិន​លើស​ពី​សេចក្តី​សុចរិត​របស់​ពួក​អាចារ្យ និង​ពួក​ផារិស៊ី​ទេ នោះ​អ្នក​រាល់​គ្នា​ពុំ​អាច​ចូល​ទៅ​ក្នុង​ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌​បាន​ឡើយ»។ «អ្នក​រាល់​គ្នា​បាន​ឮ​សេចក្តី​ដែល​ថ្លែង​ប្រាប់​ដល់​មនុស្ស​ពី​បុរាណ​ថា "កុំ​សម្លាប់​មនុស្ស​ឲ្យ​សោះ អ្នក​ណា​សម្លាប់​មនុស្ស នោះ​នឹង​ត្រូវ​ជាប់​ជំនុំ‌ជម្រះ"។ ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ប្រសិន‌បើ​អ្នក​ណា​ខឹង​នឹង​បង‌ប្អូន នោះ​នឹង​ត្រូវ​ជាប់​ជំនុំ‌ជម្រះ ហើយ​អ្នក​ណា​ជេរ​ប្រមាថ​បង‌ប្អូន​ថា "អា​ចោល​ម្សៀត" នោះ​នឹង​ត្រូវ​គេ​នាំ​ទៅ​ជួប​ក្រុម​ប្រឹក្សា ហើយ​បើ​អ្នក​ណា​ថា "អា​ឆ្កួត" នោះ​នឹង​ត្រូវ​ធ្លាក់​ទៅ​ក្នុង​ភ្លើង​នរក។ ដូច្នេះ កាល​ណា​អ្នក​យក​តង្វាយ​មក​ថ្វាយ​នៅ​នឹង​អាសនា ហើយ​នៅ​ទី​នោះ អ្នក​នឹក​ឃើញ​ថា បង‌ប្អូន​ណា​មាន​ហេតុ​អ្វី​ទាស់​នឹង​អ្នក នោះ​ត្រូវ​ទុក​តង្វាយ​របស់​អ្នក​នៅ​មុខ​អាសនា ហើយ​ទៅ​ជា​នា​នឹង​បង‌ប្អូន​ជា​មុន​សិន រួច​សឹម​មក​ថ្វាយ​តង្វាយ​របស់​អ្នក។ ចូរ​ទៅ​ស្រុះ​ស្រួល​ជា​មួយ​ដើម​ចោទ​ជា​ប្រញាប់ កាល​អ្នក​កំពុង​តែ​ដើរ​តាម​ផ្លូវ​ទៅ​តុលាការ​ជា​មួយ​អ្នក​នោះ ក្រែង​ដើម​ចោទ​បញ្ជូន​អ្នក​ទៅ​ចៅ​ក្រម ហើយ​ចៅ​ក្រម​ប្រគល់​អ្នក​ទៅ​ឲ្យ​ពួក​ឆ្មាំ រួច​អ្នក​នឹង​ត្រូវ​ជាប់​គុក។ ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា អ្នក​នឹង​ចេញ​ពី​ទី​នោះ​មិន​រួច​ឡើយ រហូត​ទាល់​តែ​អ្នក​សង​គេ​គ្រប់​ចំនួន ឥត​ខ្វះ​មួយ​សេន»។

ចែក​រំលែក
អាន ម៉ាថាយ 5

ម៉ាថាយ 5:1-26 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌យេស៊ូ​ទត​ឃើញ​មហា‌ជន​ទាំង​នេះ ព្រះអង្គ​យាង​ឡើង​ទៅ​លើ​ភ្នំ រួច​ព្រះអង្គ​គង់​នៅ​ទី​នោះ។ សិស្ស*​នាំ​គ្នា​ចូល​មក​គាល់​ព្រះអង្គ ព្រះអង្គ​ក៏​មាន​ព្រះ‌បន្ទូល​បង្រៀន​គេ​ថា៖ «អ្នក​ណា​ដាក់​ចិត្ត​ជា​អ្នក​ក្រ‌ខ្សត់ អ្នក​នោះ​មាន​សុភមង្គល*​ហើយ ដ្បិត​ពួក​គេ​បាន​ទទួល​ព្រះ‌រាជ្យ នៃ​ស្ថាន​បរម‌សុខ! អ្នក​ណា​សោក‌សៅ អ្នក​នោះ​មាន​សុភមង្គល​ហើយ ដ្បិត​ព្រះ‌ជាម្ចាស់​នឹង​សម្រាល​ទុក្ខ​ពួក​គេ! អ្នក​ណា​មាន​ចិត្ត​ស្លូត‌បូត អ្នក​នោះ​មាន​សុភមង្គល​ហើយ ដ្បិត​ពួក​គេ​នឹង​ទទួល​ផែនដី​ទុក​ជា​មត៌ក! អ្នក​ណា​ស្រេក​ឃ្លាន​សេចក្ដី​សុចរិត* អ្នក​នោះ​មាន​សុភមង្គល​ហើយ ដ្បិត​ព្រះ‌ជាម្ចាស់​នឹង​ប្រទាន​ឲ្យ ពួក​គេ​បាន​ឆ្អែត! អ្នក​ណា​មាន​ចិត្ត​មេត្តា‌ករុណា អ្នក​នោះ​មាន​សុភមង្គល​ហើយ ដ្បិត​ព្រះ‌ជាម្ចាស់​នឹង​សម្តែង​ព្រះ‌ហឫទ័យ មេត្តា‌ករុណា​ដល់​ពួក​គេ​វិញ! អ្នក​ណា​មាន​ចិត្ត​បរិសុទ្ធ* អ្នក​នោះ​មាន​សុភមង្គល​ហើយ ដ្បិត​ពួក​គេ​នឹង​ឃើញ​ព្រះ‌ជាម្ចាស់! អ្នក​ណា​កសាង​សន្តិ‌ភាព អ្នក​នោះ​មាន​សុភមង្គល​ហើយ ដ្បិត​ពួក​គេ​នឹង​មាន​ឈ្មោះ​ជា​បុត្រ របស់​ព្រះ‌ជាម្ចាស់! អ្នក​ណា​ត្រូវ​គេ​បៀត‌បៀន ព្រោះ​តែ​បាន​ធ្វើ​តាម​សេចក្ដី​សុចរិត* អ្នក​នោះ​មាន​សុភមង្គល​ហើយ ដ្បិត​គេ​បាន​ទទួល​ក្នុង​ព្រះ‌រាជ្យ នៃ​ស្ថាន​បរម‌សុខ! ប្រសិន​បើ​មាន​គេ​ត្មះ‌តិះ‌ដៀល បៀត‌បៀន និង​មាន​គេ​និយាយ​អាក្រក់​គ្រប់​យ៉ាង បង្ខូច​ឈ្មោះ​អ្នក​រាល់​គ្នា ព្រោះ​តែ​ខ្ញុំ នោះ​អ្នក​រាល់​គ្នា​មាន​សុភមង្គល​ហើយ! ចូរ​អរ​សប្បាយ​រីក‌រាយ​ឡើង ព្រោះ​អ្នក​រាល់​គ្នា​នឹង​ទទួល​រង្វាន់​យ៉ាង​ធំ​នៅ​ស្ថាន​បរម‌សុខ ដ្បិត​ពួក​ព្យាការី*​ដែល​រស់​នៅ​មុន​អ្នក​រាល់​គ្នា ក៏​ត្រូវ​គេ​បៀត‌បៀន​ដូច្នោះ​ដែរ»។ «អ្នក​រាល់​គ្នា​ជា​អំបិល​សម្រាប់​មនុស្ស​លោក ប៉ុន្តែ បើ​អំបិល​បាត់​ជាតិ​ប្រៃ​ហើយ តើ​គេ​នឹង​យក​អ្វី​មក​ធ្វើ​ឲ្យ​ប្រៃ​ឡើង​វិញ​បាន? អំបិល​នោះ​គ្មាន​ប្រយោជន៍​អ្វី​ទៀត​ទេ គឺ​មាន​តែ​បោះ​ចោល​ទៅ​ខាង​ក្រៅ ឲ្យ​មនុស្ស​ដើរ​ជាន់​ប៉ុណ្ណោះ។ អ្នក​រាល់​គ្នា​ជា​ពន្លឺ​សម្រាប់​បំភ្លឺ​មនុស្ស​លោក។ គេ​មិន​អាច​លាក់​បំបាំង​ក្រុង​ណា​ដែល​សង់​នៅ​លើ​ភ្នំ​ឡើយ។ គេ​មិន​ដែល​អុជ​ចង្កៀង ហើយ​យក​ធុង​គ្រប​ពី​លើ​នោះ​ទេ គឺ​គេ​តែង​យក​ចង្កៀង​ទៅ​ដាក់​លើ​ជើង​ចង្កៀង​វិញ ហើយ​ចង្កៀង​នោះ​បំភ្លឺ​អស់​អ្នក​ដែល​នៅ​ក្នុង​ផ្ទះ។ ចូរ​ឲ្យ​ពន្លឺ​របស់​អ្នក​រាល់​គ្នា បំភ្លឺ​មនុស្ស​ទាំង‌ឡាយ​ដូច្នោះ​ដែរ គេ​នឹង​ឃើញ​អំពើ​ល្អ​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត ហើយ​លើក​តម្កើង​សិរី‌រុងរឿង​ព្រះ‌បិតា​របស់​អ្នក​រាល់​គ្នា ដែល​គង់​នៅ​ស្ថាន​បរម‌សុខ*»។ «សុំ​កុំ​នឹក​ស្មាន​ថា ខ្ញុំ​មក​លុប​បំបាត់​គម្ពីរ‌វិន័យ ឬ​គម្ពីរ​ព្យាការី*​ចោល​ឡើយ។ ខ្ញុំ​មិន​មែន​មក​លុប​បំបាត់​ទេ គឺ​ខ្ញុំ​មក​ធ្វើ​ឲ្យ​គម្ពីរ​មាន​អត្ថ‌ន័យ​ពេញ​លក្ខណៈ​ទៅ​វិញ ។ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ដរាប​ណា​ផ្ទៃ​មេឃ និង​ផែនដី​នៅ​ស្ថិត‌ស្ថេរ ដរាប​នោះ​គ្មាន​ក្បៀស ឬ​បន្តក់​ណា​មួយ​ក្នុង​គម្ពីរ‌វិន័យ*​ត្រូវ​រលុប​បាត់​ឡើយ គឺ​គម្ពីរ​ទាំង​មូល​នឹង​នៅ​ស្ថិត‌ស្ថេរ​រហូត​ដល់​ទី​បំផុត។ អ្នក​ណា​ល្មើស​បទ‌បញ្ជា​តូច​មួយ​នេះ ហើយ​បង្រៀន​អ្នក​ផ្សេង​ឲ្យ​ធ្វើ​តាម អ្នក​នោះ​នឹង​មាន​ឋានៈ​តូច​ជាង​គេ ក្នុង​ព្រះ‌រាជ្យ*​នៃ​ស្ថាន​បរម‌សុខ។ ផ្ទុយ​ទៅ​វិញ អ្នក​ណា​ប្រព្រឹត្ត​តាម​បទ‌បញ្ជា​ទាំង​នេះ ហើយ​បង្រៀន​អ្នក​ផ្សេង​ឲ្យ​ប្រព្រឹត្ត​តាម អ្នក​នោះ​នឹង​មាន​ឋានៈ​ធំ​ក្នុង​ព្រះ‌រាជ្យ​នៃ​ស្ថាន​បរម‌សុខ។ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា បើ​សេចក្ដី​សុចរិត*​របស់​អ្នក​រាល់​គ្នា​មិន​ប្រសើរ​ជាង​សេចក្ដី​សុចរិត​របស់​ពួក​អាចារ្យ* និង​ពួក​ផារីស៊ី*​ទេ អ្នក​រាល់​គ្នា​ពុំ​អាច​ចូល​ទៅ​ក្នុង​ព្រះ‌រាជ្យ​នៃ​ស្ថាន​បរម‌សុខ​ឡើយ»។ «អ្នក​រាល់​គ្នា​ធ្លាប់​ឮ​សេចក្ដី​ដែល​មាន​ថ្លែង​ប្រាប់​បុព្វ​បុរស*​ថា “កុំ​សម្លាប់​មនុស្ស” អ្នក​ណា​សម្លាប់​គេ អ្នក​នោះ​នឹង​ត្រូវ​គេ​ផ្ដន្ទា‌ទោស។ រីឯ​ខ្ញុំ​វិញ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​ណា​ខឹង​នឹង​បងប្អូន អ្នក​នោះ​នឹង​ត្រូវ​គេ​ផ្ដន្ទា‌ទោស​ដែរ។ អ្នក​ណា​ជេរ​ប្រទេច‌ផ្តាសា​បងប្អូន អ្នក​នោះ​នឹង​ត្រូវ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់*​កាត់​ទោស ហើយ​អ្នក​ណា​ត្មះ‌តិះ‌ដៀល​គេ អ្នក​នោះ​នឹង​ត្រូវ​គេ​ផ្ដន្ទា‌ទោស​ធ្លាក់​ក្នុង​ភ្លើង​នរក​អវិចី។ ដូច្នេះ កាល​ណា​អ្នក​យក​តង្វាយ​ទៅ​ថ្វាយ​ព្រះ‌ជាម្ចាស់ ហើយ​នៅ​ទី​នោះ អ្នក​នឹក​ឃើញ​ថា​បងប្អូន​ណា​ម្នាក់​មាន​ទំនាស់​នឹង​អ្នក ចូរ​ទុក​តង្វាយ​របស់​អ្នក​នៅ​កន្លែង​ថ្វាយ​តង្វាយ ហើយ​ទៅ​ស្រុះ‌ស្រួល​នឹង​បងប្អូន​របស់​អ្នក​ជា​មុន​សិន រួច​សឹម​វិល​មក​ថ្វាយ​តង្វាយ​របស់​អ្នក​វិញ។ កាល​ណា​អ្នក​ធ្វើ​ដំណើរ​ទៅ​តុលា​ការ​ជា​មួយ​គូ‌វិវាទ​របស់​អ្នក ចូរ​ស្រុះ‌ស្រួល​ជា​មួយ​អ្នក​នោះ​ជា​ប្រញាប់ ក្រែង​លោ​គេ​បញ្ជូន​អ្នក​ទៅ​ចៅ‌ក្រម ចៅ‌ក្រម​បញ្ជូន​អ្នក​ទៅ​នគរ‌បាល ហើយ​អ្នក​ត្រូវ​ជាប់​គុក។ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​ដឹង​ច្បាស់​ថា ដរាប​ណា​អ្នក​មិន​បាន​បង់​ប្រាក់​ពិន័យ​គ្រប់​ចំនួន ឥត​ខ្វះ​មួយ​សេន​ទេ​នោះ អ្នក​នឹង​មិន​រួច​ខ្លួន​ឡើយ»។

ចែក​រំលែក
អាន ម៉ាថាយ 5

ម៉ាថាយ 5:1-26 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​បាន​ឃើញ​ហ្វូង​មនុស្ស ទ្រង់​ក៏​យាង​ឡើង​ទៅ​លើ​ភ្នំ រួច​កាល​បាន​គង់​ចុះ​ហើយ នោះ​ពួក​សិស្ស​ចូល​មក​ឯ​ទ្រង់ ហើយ​ទ្រង់​បើក​ព្រះ‌ឱស្ឋ​បង្រៀន​គេ​ថា មាន​ពរ​ហើយ អស់​អ្នក​ដែល​មាន​សេចក្ដី​កំសត់​ខាង​ឯ​វិញ្ញាណ ដ្បិត​នគរ​ស្ថាន‌សួគ៌​ជា​របស់​ផង​អ្នក​ទាំង​នោះ មាន​ពរ​ហើយ អស់​អ្នក​ដែល​យំ​សោក ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​សេចក្ដី​កំសាន្ត​ចិត្ត មាន​ពរ​ហើយ អស់​អ្នក​ដែល​ស្លូត‌ត្រង់ ដ្បិត​អ្នក​ទាំង​នោះ​នឹង​គ្រង​ផែនដី​ជា​មរដក មាន​ពរ​ហើយ អស់​អ្នក​ដែល​ស្រេក​ឃ្លាន​នូវ​សេចក្ដី​សុចរិត ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​ឆ្អែត មាន​ពរ​ហើយ អស់​អ្នក​ដែល​មាន​ចិត្ត​មេត្តា‌ករុណា ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​សេចក្ដី​មេត្តា‌ករុណា​វិញ មាន​ពរ​ហើយ អស់​អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធ ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​ឃើញ​ព្រះ មាន​ពរ​ហើយ អស់​អ្នក​ដែល​ផ្សះ‌ផ្សា​គេ ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​ហៅ​ជា​កូន​របស់​ព្រះ មាន​ពរ​ហើយ អស់​អ្នក​ដែល​ត្រូវ​គេ​បៀត‌បៀន ដោយ​ព្រោះ​សេចក្ដី​សុចរិត ដ្បិត​នគរ​ស្ថាន‌សួគ៌​ជា​របស់​ផង​អ្នក​ទាំង​នោះ អ្នក​រាល់​គ្នា​មាន​ពរ ក្នុង​កាល​ដែល​គេ​ជេរ បៀត‌បៀន ហើយ​និយាយ​បង្ខុស​គ្រប់​ទាំង​សេចក្ដី​អាក្រក់ ពី​អ្នក​រាល់​គ្នា ដោយ​ព្រោះ​ខ្ញុំ ចូរ​មាន​ចិត្ត​អំណរ ហើយ​រីក‌រាយ​ជា​ខ្លាំង​ចុះ ដ្បិត​អ្នក​រាល់​គ្នា​មាន​រង្វាន់​ជា​ធំ​នៅ​ឯ​ស្ថាន‌សួគ៌ ពី​ព្រោះ​គេ​ក៏​បាន​ធ្វើ​ទុក្ខ​ដល់​ពួក​ហោរា ដែល​នៅ​មុន​អ្នក​រាល់​គ្នា បែប​ដូច្នោះ​ដែរ។ អ្នក​រាល់​គ្នា​ជា​អំបិល​នៃ​ផែនដី បើ​អំបិល​បាត់​ជាតិ​ប្រៃ​ហើយ នោះ​តើ​នឹង​យក​អ្វី ដើម្បី​ធ្វើ​ឲ្យ​ប្រៃ​ឡើង​វិញ​បាន ជា​របស់​គ្មាន​ប្រយោជន៍​ទៀត​សោះ មាន​តែ​បោះ​បង់​ចោល​ទៅ​ក្រៅ ឲ្យ​មនុស្ស​ដើរ​ជាន់​ប៉ុណ្ណោះ អ្នក​រាល់​គ្នា​ជា​ពន្លឺ​នៃ​លោកីយ ឯ​ទី​ក្រុង​ណា​ដែល​នៅ​លើ​ភ្នំ នោះ​លាក់​មិន​កំបាំង​ទេ ក៏​គ្មាន​អ្នក​ណា​អុជ​ចង្កៀង យក​ទៅ​ដាក់​ក្រោម​ថាំង​ដែរ គេ​តែង​ដាក់​លើ​ជើង​ចង្កៀង​វិញ នោះ​ទើប​ភ្លឺ​ដល់​អ្នក​ដែល​នៅ​ក្នុង​ផ្ទះ​ទាំង​អស់​គ្នា ដូច្នេះ ចូរ​ឲ្យ​ពន្លឺ​របស់​អ្នក​រាល់​គ្នា បាន​ភ្លឺ​នៅ​មុខ​មនុស្ស​លោក​យ៉ាង​នោះ​ដែរ ដើម្បី​ឲ្យ​គេ​ឃើញ​ការ​ល្អ ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត រួច​សរសើរ​ដំកើង ដល់​ព្រះវរ‌បិតា​នៃ​អ្នក​រាល់​គ្នា ដែល​គង់​នៅ​ស្ថាន‌សួគ៌។ កុំ​ឲ្យ​គិត​ស្មាន​ថា ខ្ញុំ​មក​ដើម្បី​នឹង​លើក​ក្រិត្យ‌វិន័យ ឬ​ទំនាយ​ពួក​ហោរា​ចោល​ឡើយ ខ្ញុំ​មិន​មែន​មក​នឹង​លើក​ចោល​ទេ គឺ​មក​នឹង​ធ្វើ​ឲ្យ​សំរេច​វិញ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា នឹង​គ្មាន​បាំង​ឈើ​១ ឬ​ក្បៀស​១​នៅ​ក្នុង​ក្រិត្យ‌វិន័យ ត្រូវ​បាត់​ឡើយ ដរាប​ដល់​កាល​ណា​មេឃ នឹង​ផែនដី បាន​កន្លង​បាត់​ទៅ គឺ​ទាល់​តែ​សេចក្ដី​ទាំង​អស់​បាន​សំរេច ដោយ​សព្វ​គ្រប់ ដូច្នេះ អ្នក​ណា​ដែល​នឹង​រំលង​បទ​ណា​មួយ សូម្បី​យ៉ាង​តូច​បំផុត ក្នុង​បញ្ញត្ត​ទាំង​នេះ ហើយ​បង្រៀន​មនុស្ស​ឲ្យ​ធ្វើ​ដូច្នោះ​ដែរ នោះ​នឹង​ត្រូវ​ហៅ​ជា​អ្នក​តូច​បំផុត​ក្នុង​នគរ​ស្ថាន‌សួគ៌ តែ​អ្នក​ណា​ដែល​កាន់​តាម ហើយ​បង្រៀន​ចំពោះ​បញ្ញត្ត​ទាំង​នេះ នោះ​នឹង​បាន​ហៅ​ជា​អ្នក​ធំ​ក្នុង​នគរ​ស្ថាន‌សួគ៌​វិញ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា បើ​សេចក្ដី​សុចរិត​របស់​អ្នក​រាល់​គ្នា មិន​លើស​ពី​សេចក្ដី​សុចរិត​នៃ​ពួក​អាចារ្យ នឹង​ពួក​ផារិស៊ី​ទេ នោះ​អ្នក​រាល់​គ្នា​នឹង​ចូល​ទៅ​ក្នុង​នគរ​ស្ថាន‌សួគ៌​ពុំ​បាន​ឡើយ។ អ្នក​រាល់​គ្នា​បាន​ឮ​សេចក្ដី​ដែល​សំដែង​ដល់​មនុស្ស​ពី​បុរាណ ថា «កុំ​ឲ្យ​សំឡាប់​មនុស្ស​ឲ្យ​សោះ» បើ​អ្នក​ណា​សំឡាប់​មនុស្ស នោះ​ក្រែង​ត្រូវ​ជាប់​ជំនុំ​ជំរះ​ហើយ តែ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ដូច្នេះ​វិញ ថា សូម្បី​តែ​អ្នក​ណា​ដែល​ខឹង​នឹង​បង​ប្អូន នោះ​ក្រែង​ត្រូវ​ជាប់​ជំនុំ​ជំរះ​ដែរ ហើយ​អ្នក​ណា ដែល​ស្ដី​ឲ្យ​បង​ប្អូន​ថា «អា​ចោល‌ម្សៀត» នោះ​ក្រែង​ពួក​ក្រុម​ជំនុំ​ធ្វើ​ទោស តែ​ចំណែក​អ្នក​ណា​ដែល​ថា «អា​ឆ្កួត» នោះ​ក្រែង​ធ្លាក់​ទៅ​ក្នុង​ភ្លើង​នរក ដូច្នេះ បើ​កាល​ណា​អ្នក​នាំ​យក​ដង្វាយ​មក​ដល់​អាសនា ហើយ​នៅ​ទី​នោះ​អ្នក​នឹក​ឃើញ​ថា បង​ប្អូន​ណា​មាន​ហេតុ​អ្វី​ទាស់​នឹង​អ្នក នោះ​ត្រូវ​ទុក​ដង្វាយ​របស់​អ្នក​នៅ​មុខ​អាសនា ហើយ​ទៅ​រក​ជា​នឹង​បង​ប្អូន​ជា​មុន​សិន រួច​សឹម​មក​ថ្វាយ​ដង្វាយ​អ្នក​ចុះ ចូរ​ឲ្យ​អ្នក​ជា​ស្រុះ‌ស្រួល នឹង​អ្នក​ដើម​ចោទ​វិញ​ជា​ប្រញាប់ ដែល​កំពុង​តែ​ដើរ​តាម​ផ្លូវ​ជា​មួយ​គ្នា ក្រែង​គេ​បញ្ជូន​អ្នក​ទៅ​ឯ​ចៅ‌ក្រម ហើយ​ចៅ‌ក្រម​ប្រគល់​អ្នក​ទៅ​នាយ​ភូឃុំ រួច​អ្នក​ត្រូវ​ជាប់​គុក ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ដែល​អ្នក​នៅ​ខ្វះ​តែ​១​សេន នឹង​សង​គេ​ឲ្យ​គ្រប់ នោះ​នឹង​ចេញ​ពី​ទី​នោះ​មិន​រួច​ឡើយ។

ចែក​រំលែក
អាន ម៉ាថាយ 5