ម៉ាថាយ 5:1-11

ម៉ាថាយ 5:1-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​ព្រះ‌យេស៊ូវ​ទត​ឃើញ​មហា‌ជន​ទាំង​នេះ ព្រះ‌អង្គ​ក៏​យាង​ឡើង​ទៅ​លើ​ភ្នំ កាល​បាន​គង់​ចុះ​ហើយ ពួក​សិស្ស​ក៏​ចូល​មក​រក​ព្រះ‌អង្គ។ ពេល​នោះ ព្រះ‌អង្គ​ចាប់​ផ្តើម​មាន​ព្រះ‌បន្ទូល​បង្រៀន​គេ​ថា៖ «មាន​ពរ​ហើយ អស់​អ្នក​ដែល​មាន សេចក្តី​កម្សត់​ខាង​វិញ្ញាណ ដ្បិត​ព្រះរាជ្យ​នៃ​ស្ថាន​សួគ៌​ជា​របស់​អ្នក​ទាំង​នោះ។ មាន​ពរ​ហើយ អស់​អ្នក​ដែល​យំ​សោក ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​កម្សាន្ត​ចិត្ត។ មាន​ពរ​ហើយ អស់​អ្នក​ដែល​ស្លូត​ត្រង់ ដ្បិត​អ្នក​ទាំង​នោះ​នឹង​គ្រង​ផែនដី​ជា​មត៌ក។ មាន​ពរ​ហើយ អស់​អ្នក​ដែល​ស្រេក​ឃ្លាន​សេចក្តី​សុចរិត ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​ឆ្អែត។ មាន​ពរ​ហើយ អស់​អ្នក​ដែល​មាន​ចិត្ត​មេត្តា‌ករុណា ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា​វិញ។ មាន​ពរ​ហើយ អស់​អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធ ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​ឃើញ​ព្រះ។ មាន​ពរ​ហើយ អស់​អ្នក​ដែល​ផ្សះ‌ផ្សា​គេ ដ្បិត​អ្នក​ទាំង​នោះ​នឹង​មាន​ឈ្មោះ​ថា​ជា​កូន​របស់​ព្រះ។ មាន​ពរ​ហើយ អស់​អ្នក​ដែល​ត្រូវ​គេ​បៀតបៀន ដោយ​ព្រោះ​សេចក្តី​សុចរិត ដ្បិត​ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌​ជា​របស់​អ្នក​ទាំង​នោះ។ អ្នក​រាល់​គ្នា​មាន​ពរ ក្នុង​កាល​ដែល​គេ​ជេរ បៀតបៀន ហើយ​និយាយ​បង្ខុស​គ្រប់​ទាំង​សេចក្តី​អាក្រក់ ទាស់​នឹង​អ្នក​រាល់​គ្នា​ដោយ​ព្រោះ​ខ្ញុំ។

ចែក​រំលែក
អាន ម៉ាថាយ 5

ម៉ាថាយ 5:1-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌យេស៊ូ​ទត​ឃើញ​មហា‌ជន​ទាំង​នេះ ព្រះអង្គ​យាង​ឡើង​ទៅ​លើ​ភ្នំ រួច​ព្រះអង្គ​គង់​នៅ​ទី​នោះ។ សិស្ស*​នាំ​គ្នា​ចូល​មក​គាល់​ព្រះអង្គ ព្រះអង្គ​ក៏​មាន​ព្រះ‌បន្ទូល​បង្រៀន​គេ​ថា៖ «អ្នក​ណា​ដាក់​ចិត្ត​ជា​អ្នក​ក្រ‌ខ្សត់ អ្នក​នោះ​មាន​សុភមង្គល*​ហើយ ដ្បិត​ពួក​គេ​បាន​ទទួល​ព្រះ‌រាជ្យ នៃ​ស្ថាន​បរម‌សុខ! អ្នក​ណា​សោក‌សៅ អ្នក​នោះ​មាន​សុភមង្គល​ហើយ ដ្បិត​ព្រះ‌ជាម្ចាស់​នឹង​សម្រាល​ទុក្ខ​ពួក​គេ! អ្នក​ណា​មាន​ចិត្ត​ស្លូត‌បូត អ្នក​នោះ​មាន​សុភមង្គល​ហើយ ដ្បិត​ពួក​គេ​នឹង​ទទួល​ផែនដី​ទុក​ជា​មត៌ក! អ្នក​ណា​ស្រេក​ឃ្លាន​សេចក្ដី​សុចរិត* អ្នក​នោះ​មាន​សុភមង្គល​ហើយ ដ្បិត​ព្រះ‌ជាម្ចាស់​នឹង​ប្រទាន​ឲ្យ ពួក​គេ​បាន​ឆ្អែត! អ្នក​ណា​មាន​ចិត្ត​មេត្តា‌ករុណា អ្នក​នោះ​មាន​សុភមង្គល​ហើយ ដ្បិត​ព្រះ‌ជាម្ចាស់​នឹង​សម្តែង​ព្រះ‌ហឫទ័យ មេត្តា‌ករុណា​ដល់​ពួក​គេ​វិញ! អ្នក​ណា​មាន​ចិត្ត​បរិសុទ្ធ* អ្នក​នោះ​មាន​សុភមង្គល​ហើយ ដ្បិត​ពួក​គេ​នឹង​ឃើញ​ព្រះ‌ជាម្ចាស់! អ្នក​ណា​កសាង​សន្តិ‌ភាព អ្នក​នោះ​មាន​សុភមង្គល​ហើយ ដ្បិត​ពួក​គេ​នឹង​មាន​ឈ្មោះ​ជា​បុត្រ របស់​ព្រះ‌ជាម្ចាស់! អ្នក​ណា​ត្រូវ​គេ​បៀត‌បៀន ព្រោះ​តែ​បាន​ធ្វើ​តាម​សេចក្ដី​សុចរិត* អ្នក​នោះ​មាន​សុភមង្គល​ហើយ ដ្បិត​គេ​បាន​ទទួល​ក្នុង​ព្រះ‌រាជ្យ នៃ​ស្ថាន​បរម‌សុខ! ប្រសិន​បើ​មាន​គេ​ត្មះ‌តិះ‌ដៀល បៀត‌បៀន និង​មាន​គេ​និយាយ​អាក្រក់​គ្រប់​យ៉ាង បង្ខូច​ឈ្មោះ​អ្នក​រាល់​គ្នា ព្រោះ​តែ​ខ្ញុំ នោះ​អ្នក​រាល់​គ្នា​មាន​សុភមង្គល​ហើយ!

ចែក​រំលែក
អាន ម៉ាថាយ 5

ម៉ាថាយ 5:1-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​បាន​ឃើញ​ហ្វូង​មនុស្ស ទ្រង់​ក៏​យាង​ឡើង​ទៅ​លើ​ភ្នំ រួច​កាល​បាន​គង់​ចុះ​ហើយ នោះ​ពួក​សិស្ស​ចូល​មក​ឯ​ទ្រង់ ហើយ​ទ្រង់​បើក​ព្រះ‌ឱស្ឋ​បង្រៀន​គេ​ថា មាន​ពរ​ហើយ អស់​អ្នក​ដែល​មាន​សេចក្ដី​កំសត់​ខាង​ឯ​វិញ្ញាណ ដ្បិត​នគរ​ស្ថាន‌សួគ៌​ជា​របស់​ផង​អ្នក​ទាំង​នោះ មាន​ពរ​ហើយ អស់​អ្នក​ដែល​យំ​សោក ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​សេចក្ដី​កំសាន្ត​ចិត្ត មាន​ពរ​ហើយ អស់​អ្នក​ដែល​ស្លូត‌ត្រង់ ដ្បិត​អ្នក​ទាំង​នោះ​នឹង​គ្រង​ផែនដី​ជា​មរដក មាន​ពរ​ហើយ អស់​អ្នក​ដែល​ស្រេក​ឃ្លាន​នូវ​សេចក្ដី​សុចរិត ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​ឆ្អែត មាន​ពរ​ហើយ អស់​អ្នក​ដែល​មាន​ចិត្ត​មេត្តា‌ករុណា ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​សេចក្ដី​មេត្តា‌ករុណា​វិញ មាន​ពរ​ហើយ អស់​អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធ ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​ឃើញ​ព្រះ មាន​ពរ​ហើយ អស់​អ្នក​ដែល​ផ្សះ‌ផ្សា​គេ ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​ហៅ​ជា​កូន​របស់​ព្រះ មាន​ពរ​ហើយ អស់​អ្នក​ដែល​ត្រូវ​គេ​បៀត‌បៀន ដោយ​ព្រោះ​សេចក្ដី​សុចរិត ដ្បិត​នគរ​ស្ថាន‌សួគ៌​ជា​របស់​ផង​អ្នក​ទាំង​នោះ អ្នក​រាល់​គ្នា​មាន​ពរ ក្នុង​កាល​ដែល​គេ​ជេរ បៀត‌បៀន ហើយ​និយាយ​បង្ខុស​គ្រប់​ទាំង​សេចក្ដី​អាក្រក់ ពី​អ្នក​រាល់​គ្នា ដោយ​ព្រោះ​ខ្ញុំ

ចែក​រំលែក
អាន ម៉ាថាយ 5

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ