ម៉ាថាយ 4:18-25
ម៉ាថាយ 4:18-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលព្រះយេស៊ូវយាងតាមឆ្នេរសមុទ្រកាលីឡេ ព្រះអង្គទតឃើញបងប្អូនពីរនាក់ គឺស៊ីម៉ូន ដែលហៅថា ពេត្រុស និងអនទ្រេ ជាប្អូន កំពុងតែបង់សំណាញ់ក្នុងសមុទ្រ ដ្បិតពួកគេជាអ្នកនេសាទ។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ចូរមកតាមខ្ញុំ ខ្ញុំនឹងតាំងអ្នកឲ្យធ្វើជាអ្នកនេសាទមនុស្សវិញ»។ គេក៏ទុកសំណាញ់ចោល ហើយដើរតាមព្រះអង្គភ្លាម។ ពេលយាងហួសពីទីនោះបន្តិច ព្រះអង្គទតឃើញបងប្អូនពីរនាក់ទៀត គឺយ៉ាកុប ជាកូនសេបេដេ និងយ៉ូហានជាប្អូន កំពុងតែជួសជុលសំណាញ់នៅក្នុងទូកជាមួយសេបេដេជាឪពុក ព្រះអង្គក៏ត្រាស់ហៅអ្នកទាំងពីរ។ ភ្លាមនោះ គេក៏ចេញពីទូក និងពីឪពុករបស់ខ្លួន ហើយដើរតាមព្រះអង្គទៅ។ ព្រះយេស៊ូវយាងទៅពាសពេញក្នុងស្រុកកាលីឡេ ព្រះអង្គបង្រៀននៅតាមសាលាប្រជុំរបស់ពួកគេ ហើយប្រកាសដំណឹងល្អអំពីព្រះរាជ្យ ទាំងប្រោសជំងឺរោគាគ្រប់ប្រភេទ ក្នុងចំណោមប្រជាជនឲ្យបានជា។ ដូច្នេះ ព្រះកិត្តិនាមរបស់ព្រះអង្គក៏ឮសុសសាយពេញស្រុកស៊ីរីទាំងមូល ហើយគេនាំមនុស្សដែលមានជំងឺរោគាផ្សេងៗ មានមនុស្សអារក្សចូល មនុស្សឆ្កួតជ្រូក និងមនុស្សស្លាប់ដៃស្លាប់ជើង មករកព្រះអង្គ ហើយព្រះអង្គក៏ប្រោសគេឲ្យបានជា។ មានមហាជនច្រើនកុះករ មកពីស្រុកកាលីឡេ ស្រុកដេកាប៉ូល ក្រុងយេរូសាឡិម ស្រុកយូដា និងពីខាងនាយទន្លេយ័រដាន់ គេនាំគ្នាដើរតាមព្រះអង្គ។
ម៉ាថាយ 4:18-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កាលព្រះអង្គយាងតាមឆ្នេរសមុទ្រកាលីឡេ ព្រះអង្គទតឃើញបងប្អូនពីរនាក់ជាអ្នកនេសាទ កំពុងតែបង់សំណាញ់ គឺលោកស៊ីម៉ូន ហៅពេត្រុស និងលោកអនទ្រេ ជាប្អូនរបស់គាត់។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «សូមអញ្ជើញមកតាមខ្ញុំ ខ្ញុំនឹងតាំងអ្នកឲ្យនេសាទមនុស្សវិញ»។ អ្នកទាំងពីរក៏ទុកសំណាញ់នៅទីនោះភ្លាម រួចដើរតាមព្រះអង្គទៅ។ ព្រះយេស៊ូយាងទៅមុខឆ្ងាយបន្ដិច ព្រះអង្គទតឃើញបងប្អូនពីរនាក់ទៀត គឺលោកយ៉ាកុប និងលោកយ៉ូហាន ជាកូនរបស់លោកសេបេដេ កំពុងតែរៀបចំអួននៅក្នុងទូកជាមួយលោកសេបេដេ ជាឪពុក។ ព្រះអង្គក៏ត្រាស់ហៅអ្នកទាំងពីរ។ អ្នកទាំងពីរចាកចោលទូក ចាកចោលឪពុកភ្លាម រួចដើរតាមព្រះយេស៊ូទៅ។ ព្រះយេស៊ូយាងកាត់ស្រុកកាលីឡេទាំងមូល ព្រះអង្គបង្រៀនអ្នកស្រុកនៅក្នុងសាលាប្រជុំ*របស់ពួកគេ ព្រះអង្គប្រកាសដំណឹងល្អអំពីព្រះរាជ្យ* ហើយប្រោសអ្នកជំងឺគ្រប់យ៉ាង និងមនុស្សពិការគ្រប់ប្រភេទ ក្នុងចំណោមប្រជាជនឲ្យជាផង។ ព្រះកិត្តិនាមរបស់ព្រះអង្គក៏ល្បីឮខ្ចរខ្ចាយពាសពេញស្រុកស៊ីរីទាំងមូល។ គេបាននាំអ្នកជំងឺគ្រប់យ៉ាង និងអ្នកកើតទុក្ខគ្រាំគ្រា មនុស្សអារក្សចូល មនុស្សឆ្កួតជ្រូក និងមនុស្សខ្វិនដៃខ្វិនជើង មករកព្រះអង្គ ព្រះអង្គក៏ប្រោសគេឲ្យជាទាំងអស់គ្នា។ មានមហាជនជាច្រើនពីស្រុកកាលីឡេ ស្រុកដេកាប៉ូល ក្រុងយេរូសាឡឹម ស្រុកយូដា និងពីតំបន់ខាងនាយទន្លេយ័រដាន់ នាំគ្នាដើរតាមព្រះយេស៊ូ។
ម៉ាថាយ 4:18-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលព្រះយេស៊ូវ ទ្រង់កំពុងយាងតាមឆ្នេរសមុទ្រកាលីឡេ នោះក៏ទតឃើញបងប្អូន២នាក់ ជាអ្នកនេសាទត្រី គឺស៊ីម៉ូន ដែលហៅថា ពេត្រុស នឹងអនទ្រេ ជាប្អូន កំពុងតែបង់សំណាញ់ក្នុងសមុទ្រ រួចទ្រង់មានបន្ទូលទៅគេថា ចូរមកតាមខ្ញុំៗនឹងតាំងអ្នក ឲ្យជាអ្នកនេសាទមនុស្សវិញ គេក៏ទុកសំណាញ់ចោល ទៅតាមទ្រង់ភ្លាម លុះយាងហួសពីនោះបន្តិចទៅ ទ្រង់ទតឃើញបងប្អូន២នាក់ទៀត គឺយ៉ាកុប ជាកូនសេបេដេ នឹងយ៉ូហាន ជាប្អូន ដែលនៅក្នុងទូកជាមួយនឹងសេបេដេ ជាឪពុក គេកំពុងតែជួសជុលសំណាញ់ ហើយទ្រង់មានបន្ទូលហៅអ្នកទាំង២នោះមក គេក៏លះបង់ទូក នឹងឪពុក ដើរតាមទ្រង់ជាមួយរំពេចទៅ។ ព្រះយេស៊ូវ ទ្រង់យាងគ្រប់សព្វក្នុងស្រុកកាលីឡេ ទ្រង់បង្រៀនក្នុងអស់ទាំងសាលាប្រជុំ ក៏ប្រកាសដំណឹងល្អពីនគរ ព្រមទាំងប្រោសជំងឺគ្រប់មុខ នឹងអស់ទាំងជរាពិការ ក្នុងពួកបណ្តាជនឲ្យជាផង ដំណឹងពីទ្រង់បានឮសុសសាយទួទៅ ពេញក្នុងស្រុកស៊ីរី គេក៏នាំអស់ទាំងមនុស្សដែលមានជំងឺរោគាគ្រាំគ្រាផ្សេងៗ ទាំងមនុស្សអារក្សចូល មនុស្សឆ្កួតជ្រូក នឹងមនុស្សស្លាប់ដៃស្លាប់ជើង មកឯទ្រង់ ហើយទ្រង់ក៏ប្រោសឲ្យបានជាទាំងអស់គ្នា មានមនុស្សកកកុញជាប់តាមទ្រង់ គឺជាមនុស្សដែលមកពីស្រុកកាលីឡេ ស្រុកដេកាប៉ូល ពីក្រុងយេរូសាឡិម ពីស្រុកយូដា ហើយពីខាងនាយទន្លេយ័រដាន់។