ម៉ាថាយ 27:33-43

ម៉ាថាយ 27:33-43 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

លុះ​មក​ដល់​កន្លែង​មួយ​ឈ្មោះ «គាល់‌កូថា» ដែល​ប្រែ​ថា «ភ្នំ​លលាដ៍​ក្បាល» គេ​យក​ស្រា​ទំពាំង​បាយ​ជូរ​លាយ​ជា​មួយ​ទឹក​ប្រមាត់ មក​ថ្វាយ​ព្រះ‌អង្គ​សោយ តែ​ពេល​ព្រះ‌អង្គ​ភ្លក់​មើល ព្រះ‌អង្គ​មិន​ព្រម​សោយ​ទេ។ ក្រោយ​ពី​ឆ្កាង​ព្រះ‌អង្គ​ហើយ គេ​យក​ព្រះ‌ពស្ត្រ​ព្រះ‌អង្គ​ទៅ​ចាប់​ឆ្នោត​ចែក​គ្នា [ដើម្បី​ឲ្យ​បាន​សម្រេច​សេចក្ដី​ដែល​បាន​ថ្លែង​ទុក​មក តាម​រយៈ​ហោរា​ថា៖ «គេ​យក​សម្លៀក‌បំពាក់​ខ្ញុំ​ចែក​គ្នា ហើយ​គេ​ចាប់​ឆ្នោត​យក​សម្លៀក​បំពាក់​ខ្ញុំ»] រួច​គេ​អង្គុយ​ចាំ​យាម​ព្រះ‌អង្គ​នៅ​ទី​នោះ។ គេ​បិទ​ប្រកាស​ពី​ទោស​ចោទ​ប្រកាន់​ព្រះ‌អង្គ​ដាក់​ពី​លើ​ព្រះ‌សិរ​ព្រះ‌អង្គ​ថា៖ «អ្នក​នេះ​ឈ្មោះ​យេស៊ូវ ជា​ស្តេច​សាសន៍​យូដា»។ ពេល​នោះ គេ​បាន​ឆ្កាង​ចោរ​ពីរ​នាក់​ជា​មួយ​ព្រះ‌អង្គ​ដែរ ម្នាក់​នៅ​ខាង​ស្តាំ ហើយ​ម្នាក់​នៅ​ខាង​ឆ្វេង។ អស់​អ្នក​ដែល​ដើរ​តាម​ទី​នោះ គេ​ប្រមាថ​មើល​ងាយ​ព្រះ‌អង្គ​ទាំង​គ្រវី​ក្បាល ហើយ​និយាយ​ថា៖ «អ្នក​បំផ្លាញ​ព្រះ‌វិហារ ហើយ​សង់​ឡើង​វិញ​ក្នុង​រវាង​បី​ថ្ងៃ​អើយ! ចូរ​សង្គ្រោះ​ខ្លួន​ឯង​ទៅ! បើ​អ្នក​ជា​ព្រះ‌រាជ​បុត្រា​របស់​ព្រះ‌មែន សូម​ចុះ​ពី​ឈើ​ឆ្កាង​មក»។ ពួក​សង្គ្រាជ ព្រម​ទាំង​ពួក​អាចារ្យ និង​ពួក​ចាស់​ទុំ គេ​ក៏​ចំអក​មើល​ងាយ​ព្រះ‌អង្គ​បែប​ដូច្នោះ​ដែរ ដោយ​ពោល​ថា៖ «វា​សង្គ្រោះ​អ្នក​ដទៃ​បាន តែ​មិន​អាច​សង្គ្រោះ​ខ្លួន​ឯង​បាន​ទេ បើ​វា​ជា​ស្តេច​សាសន៍​អ៊ីស្រា‌អែល​មែន ចូរ​ឲ្យ​វា​ចុះ​ពី​ឈើ​ឆ្កាង​មក ដើម្បី​ឲ្យ​យើង​ជឿ​ដល់​វា​ផង! វា​ទុក​ចិត្ត​ដល់​ព្រះ សូម​ឲ្យ​ព្រះ​រំដោះ​វា​ឥឡូវ​ចុះ ប្រសិន‌បើ​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​វា! ដ្បិត​វា​ពោល​ថា "ខ្ញុំ​ជា​ព្រះ‌រាជ​បុត្រា​របស់​ព្រះ"»។

ចែក​រំលែក
អាន ម៉ាថាយ 27

ម៉ាថាយ 27:33-43 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លុះ​មក​ដល់​កន្លែង​មួយ​ឈ្មោះ «គាល់‌កូថា» ដែល​ប្រែ​ថា «ភ្នំ​លលាដ៍​ក្បាល» គេ​យក​ស្រា​ទំពាំង‌បាយជូរ​លាយ​ជា​មួយ​ប្រមាត់ មក​ថ្វាយ​ព្រះអង្គ​សោយ។ ព្រះ‌យេស៊ូ​ក្រេប​បន្ដិច ព្រះអង្គ​ពុំ​ព្រម​សោយ​ទេ។ ក្រោយ​ពី​ឆ្កាង​ព្រះអង្គ​រួច​ហើយ ពួក​ទាហាន​យក​សម្លៀក‌បំពាក់​របស់​ព្រះអង្គ​មក​ចាប់​ឆ្នោត​ចែក​គ្នា រួច​អង្គុយ​យាម​ព្រះអង្គ​នៅ​ទី​នោះ។ គេ​បាន​សរសេរ​ប្រកាស​អំពី​ហេតុ​ដែល​គេ​ធ្វើ​ទោស​ព្រះអង្គ​ថា «អ្នក​នេះ​ឈ្មោះ​យេស៊ូ ជា​ស្ដេច​ជន‌ជាតិ​យូដា» ហើយ​គេ​បោះ​ប្រកាស​នោះ នៅ​ពី​ខាង​លើ​ព្រះ‌សិរសា​ព្រះអង្គ។ ពេល​នោះ គេ​បាន​ឆ្កាង​ចោរ​ព្រៃ​ពីរ​នាក់​ជា​មួយ​ព្រះ‌យេស៊ូ​ដែរ ម្នាក់​នៅ​ខាង​ស្ដាំ ម្នាក់​ទៀត​នៅ​ខាង​ឆ្វេង។ មនុស្ស‌ម្នា​ដើរ​កាត់​តាម​នោះ ប្រមាថ​មើល‌ងាយ​ព្រះអង្គ គ្រវី​ក្បាល​ដាក់​ព្រះអង្គ ទាំង​ពោល​ថា៖ «អ្នក​រុះ​ព្រះ‌វិហារ* ហើយ​សង់​ឡើង​វិញ​តែ​បី​ថ្ងៃ​អើយ! ចូរ​សង្គ្រោះ​ខ្លួន​ឯង​ទៅ! បើ​អ្នក​ពិត​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់​មែន អញ្ជើញ​ចុះ​ពី​ឈើ​ឆ្កាង​មក!»។ រីឯ​ពួក​នាយក​បូជា‌ចារ្យ ពួក​អាចារ្យ* និង​ពួក​ព្រឹទ្ធា‌ចារ្យ*​ក៏​នាំ​គ្នា​ចំអក​ដាក់​ព្រះអង្គ​ដូច​គេ​ដែរ ដោយ​ពោល​ថា៖ «គាត់​បាន​សង្គ្រោះ​អ្នក​ឯ​ទៀតៗ តែ​មិន​អាច​សង្គ្រោះ​ខ្លួន​ឯង​ទេ! គាត់​ជា​ស្ដេច​អ៊ីស្រា‌អែល ឲ្យ​គាត់​ចុះ​ពី​ឈើ​ឆ្កាង​ឥឡូវ​នេះ​មក ដើម្បី​យើង​ជឿ​ផង! គាត់​បាន​ទុក​ចិត្ត​លើ​ព្រះ‌ជាម្ចាស់ បើ​ព្រះ‌ជាម្ចាស់​គាប់​ព្រះ‌ហឫទ័យ​នឹង​គាត់​មែន សូម​ឲ្យ​ព្រះអង្គ​ដោះ​លែង​គាត់​ឥឡូវ​នេះ​ទៅ! ដ្បិត​គាត់​ពោល​ថា “ខ្ញុំ​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់”» ។

ចែក​រំលែក
អាន ម៉ាថាយ 27

ម៉ាថាយ 27:33-43 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

លុះ​បាន​ដល់​កន្លែង​ហៅ​ថា គាល់‌កូថា ដែល​ស្រាយ​ថា​ភ្នំ​រលា​ក្បាល នោះ​គេ​យក​ទឹក‌ខ្មេះ​លាយ​នឹង​ប្រមាត់​ថ្វាយ​ទ្រង់​សោយ តែ​កាល​ទ្រង់​បាន​ភ្លក់​មើល នោះ​ទ្រង់​មិន​ព្រម​សោយ​ទេ គ្រា​បាន​ឆ្កាង​ទ្រង់​ហើយ នោះ​គេ​ធ្វើ​ឆ្នោត​ចាប់​ចែក​ព្រះ‌ពស្ត្រ​ទ្រង់ ដើម្បី​ឲ្យ​បាន​សំរេច​តាម​ទំនាយ ដែល​ហោរា​បាន​ទាយ​ទុក​មក​ថា «គេ​បាន​យក​អាវ​ខ្ញុំ​ចែក​គ្នា ហើយ​បាន​ធ្វើ​ឆ្នោត​ចាប់​យក​អាវ​វែង​ខ្ញុំ» គេ​អង្គុយ​ចាំ​យាម​ទ្រង់​នៅ​ទី​នោះ ក៏​បិទ​ប្រកាស​ដែល​កត់​ទោស​ទ្រង់ ដាក់​ពី​លើ​ព្រះ‌សិរ​ថា «នេះ​ឈ្មោះ​យេស៊ូវ ជា​ស្តេច​សាសន៍​យូដា» នៅ​វេលា​នោះ ក៏​ឆ្កាង​ចោរ​២​នាក់​ជា​មួយ​នឹង​ទ្រង់​ដែរ ១​ខាង​ស្តាំ ហើយ​១​ខាង​ឆ្វេង។ ឯ​មនុស្ស​ដែល​ដើរ​តាម​ទី​នោះ គេ​ជេរ​ប្រមាថ​ដល់​ទ្រង់ ទាំង​គ្រវី​ក្បាល ហើយ​និយាយ​ថា ឯង​ដែល​បំផ្លាញ​ព្រះ‌វិហារ ហើយ​សង់​ឡើង​វិញ​ក្នុង​រវាង​៣​ថ្ងៃ​អើយ ចូរ​ជួយ​សង្គ្រោះ​ខ្លួន​ចុះ បើ​ឯង​ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​មែន នោះ​ឲ្យ​ចុះ​ពី​ឈើ​ឆ្កាង​មក ឯ​ពួក​សង្គ្រាជ ព្រម​ទាំង​ពួក​អាចារ្យ នឹង​ពួក​ចាស់‌ទុំ គេ​ក៏​ចំអក​ឲ្យ​ទ្រង់​បែប​ដូច្នោះ​ដែរ ដោយ​ថា វា​ជួយ​សង្គ្រោះ​មនុស្ស​ឯ​ទៀត​បាន តែ​មិន​អាច​នឹង​ជួយ​សង្គ្រោះ​ដល់​ខ្លួន​វា​បាន​ទេ បើ​សិន​ណា​វា​ជា​ស្តេច​សាសន៍​អ៊ីស្រាអែល​មែន ចូរ​ឲ្យ​វា​ចុះ​ពី​ឈើ​ឆ្កាង​មក នោះ​យើង​នឹង​ជឿ​ដល់​វា វា​បាន​ទុក​ចិត្ត​នឹង​ព្រះ ដូច្នេះ បើ​ព្រះ​សព្វ​ព្រះ‌ហឫទ័យ​នឹង​វា សូម​ទ្រង់​ជួយ​ដោះ​វា​ឥឡូវ​ចុះ ដ្បិត​វា​បាន​ថា ខ្ញុំ​ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ

ចែក​រំលែក
អាន ម៉ាថាយ 27

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ