ម៉ាថាយ 27:27-56

ម៉ាថាយ 27:27-56 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​នោះ ពួក​ទាហាន​របស់​លោក​ទេសា‌ភិបាល​នាំ​ព្រះ‌យេស៊ូវ​ទៅ​ក្នុង​ទីធ្លា​បន្ទាយ ហើយ​ប្រមូល​ទ័ព​ទាំង​អស់​មក​ចោម​រោម​ព្រះ‌អង្គ។ គេ​ដោះ​ព្រះ‌ពស្ត្រ​ព្រះ‌អង្គ​ចេញ ហើយ​យក​អាវ​វែង​ពណ៌​ក្រហម​មក​បំពាក់​លើ​ព្រះ‌អង្គ គេ​ក្រង​បន្លា​ធ្វើ​ជា​មកុដ​មក​បំពាក់​លើ​ព្រះ‌សិរ​របស់​ព្រះ‌អង្គ ហើយ​យក​ដើម​ត្រែង​ដាក់​ក្នុង​ព្រះ‌ហស្ត​ស្តាំ​ឲ្យ​ព្រះ‌អង្គ​កាន់ រួច​គេ​លុត​ជង្គង់​នៅ​មុខ​ព្រះ‌អង្គ​ទាំង​ពោល​ចំអក​ថា៖ «សូម​ក្រាប​ថ្វាយ‌បង្គំ​ស្តេច​សាសន៍​យូដា!» គេ​ស្តោះ​ដាក់​ព្រះ‌អង្គ ហើយ​យក​ដើម​ត្រែង​នោះ​វាយ​ព្រះ‌សិរ​ព្រះ‌អង្គ។ ក្រោយ​ពី​បាន​ចំអក​មើល​ងាយ​ព្រះ‌អង្គ​រួច​ហើយ គេ​ក៏​ដោះ​អាវ​វែង​នោះ​ចេញ ហើយ​យក​ព្រះ‌ពស្ត្រ​របស់​ព្រះ‌អង្គ​មក​បំពាក់​វិញ រួច​នាំ​ព្រះ‌អង្គ​ចេញ​ទៅ​ឆ្កាង។ ពេល​ចេញ​ទៅ គេ​ប្រទះ​ឃើញ​បុរស​ម្នាក់ ជា​អ្នក​ស្រុក​គីរេន ឈ្មោះ​ស៊ីម៉ូន គេ​ក៏​បង្ខំ​បុរស​នេះ​ឲ្យ​លី​ឈើ​ឆ្កាង​ព្រះ‌អង្គ។ លុះ​មក​ដល់​កន្លែង​មួយ​ឈ្មោះ «គាល់‌កូថា» ដែល​ប្រែ​ថា «ភ្នំ​លលាដ៍​ក្បាល» គេ​យក​ស្រា​ទំពាំង​បាយ​ជូរ​លាយ​ជា​មួយ​ទឹក​ប្រមាត់ មក​ថ្វាយ​ព្រះ‌អង្គ​សោយ តែ​ពេល​ព្រះ‌អង្គ​ភ្លក់​មើល ព្រះ‌អង្គ​មិន​ព្រម​សោយ​ទេ។ ក្រោយ​ពី​ឆ្កាង​ព្រះ‌អង្គ​ហើយ គេ​យក​ព្រះ‌ពស្ត្រ​ព្រះ‌អង្គ​ទៅ​ចាប់​ឆ្នោត​ចែក​គ្នា [ដើម្បី​ឲ្យ​បាន​សម្រេច​សេចក្ដី​ដែល​បាន​ថ្លែង​ទុក​មក តាម​រយៈ​ហោរា​ថា៖ «គេ​យក​សម្លៀក‌បំពាក់​ខ្ញុំ​ចែក​គ្នា ហើយ​គេ​ចាប់​ឆ្នោត​យក​សម្លៀក​បំពាក់​ខ្ញុំ»] រួច​គេ​អង្គុយ​ចាំ​យាម​ព្រះ‌អង្គ​នៅ​ទី​នោះ។ គេ​បិទ​ប្រកាស​ពី​ទោស​ចោទ​ប្រកាន់​ព្រះ‌អង្គ​ដាក់​ពី​លើ​ព្រះ‌សិរ​ព្រះ‌អង្គ​ថា៖ «អ្នក​នេះ​ឈ្មោះ​យេស៊ូវ ជា​ស្តេច​សាសន៍​យូដា»។ ពេល​នោះ គេ​បាន​ឆ្កាង​ចោរ​ពីរ​នាក់​ជា​មួយ​ព្រះ‌អង្គ​ដែរ ម្នាក់​នៅ​ខាង​ស្តាំ ហើយ​ម្នាក់​នៅ​ខាង​ឆ្វេង។ អស់​អ្នក​ដែល​ដើរ​តាម​ទី​នោះ គេ​ប្រមាថ​មើល​ងាយ​ព្រះ‌អង្គ​ទាំង​គ្រវី​ក្បាល ហើយ​និយាយ​ថា៖ «អ្នក​បំផ្លាញ​ព្រះ‌វិហារ ហើយ​សង់​ឡើង​វិញ​ក្នុង​រវាង​បី​ថ្ងៃ​អើយ! ចូរ​សង្គ្រោះ​ខ្លួន​ឯង​ទៅ! បើ​អ្នក​ជា​ព្រះ‌រាជ​បុត្រា​របស់​ព្រះ‌មែន សូម​ចុះ​ពី​ឈើ​ឆ្កាង​មក»។ ពួក​សង្គ្រាជ ព្រម​ទាំង​ពួក​អាចារ្យ និង​ពួក​ចាស់​ទុំ គេ​ក៏​ចំអក​មើល​ងាយ​ព្រះ‌អង្គ​បែប​ដូច្នោះ​ដែរ ដោយ​ពោល​ថា៖ «វា​សង្គ្រោះ​អ្នក​ដទៃ​បាន តែ​មិន​អាច​សង្គ្រោះ​ខ្លួន​ឯង​បាន​ទេ បើ​វា​ជា​ស្តេច​សាសន៍​អ៊ីស្រា‌អែល​មែន ចូរ​ឲ្យ​វា​ចុះ​ពី​ឈើ​ឆ្កាង​មក ដើម្បី​ឲ្យ​យើង​ជឿ​ដល់​វា​ផង! វា​ទុក​ចិត្ត​ដល់​ព្រះ សូម​ឲ្យ​ព្រះ​រំដោះ​វា​ឥឡូវ​ចុះ ប្រសិន‌បើ​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​វា! ដ្បិត​វា​ពោល​ថា "ខ្ញុំ​ជា​ព្រះ‌រាជ​បុត្រា​របស់​ព្រះ"»។ ចោរ​ពីរ​នាក់​ដែល​គេ​ឆ្កាង​ជា​មួយ​ព្រះ‌អង្គ​ក៏​ជេរ​ប្រមាថ​ព្រះ‌អង្គ​ដូច្នោះ​ដែរ។ តាំង​ពី​ថ្ងៃ​ត្រង់​រហូត​ដល់​ម៉ោង​បី​រសៀល មេឃ​ងងឹត​គ្រប​ដណ្ដប់​លើ​ទឹក​ដី​នោះ​ទាំង​មូល ហើយ​ប្រហែល​ជា​ម៉ោង​បី ព្រះ‌យេស៊ូវ​ស្រែក​ឡើង​យ៉ាង​ខ្លាំង​ថា៖ «អេលី អេលី ឡាម៉ា សាបាច់ថានី!» មាន​ន័យ​ថា «ព្រះ‌នៃ​ទូល‌បង្គំ ព្រះ‌នៃ​ទូល‌បង្គំ​អើយ! ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​បោះ‌បង់​ទូល‌បង្គំ?» ពេល​អ្នក​ខ្លះ​ដែល​ឈរ​នៅ​ទី​នោះ​ឮ​ដូច្នោះ ក៏​ពោល​ថា៖ «វា​ស្រែក​រក​លោក​អេលីយ៉ា​ហើយ!» រំពេច​នោះ​មាន​ម្នាក់​រត់​ទៅ​យក​សារាយ​ស្ងួត ជ្រលក់​ទឹក​ខ្មេះ ហើយ​រុំ​នឹង​ដើម​ត្រែង ហុច​ឲ្យ​ព្រះ‌អង្គ​សោយ។ ប៉ុន្តែ អ្នក​ឯ​ទៀត​និយាយ​ថា៖ «ឈប់​សិន ចាំ​មើល​មើល៍ ក្រែង​លោក​អេលីយ៉ា​មក​សង្គ្រោះ​វា!»។ ព្រះ‌យេស៊ូវ​ស្រែក​ឡើង​យ៉ាង​ខ្លាំង​ម្តង​ទៀត រួច​ក៏​ផុត​ដង្ហើម​ទៅ។ នៅ​វេលា​នោះ វាំង‌នន​នៅ​ក្នុង​ព្រះ‌វិហារ​រហែក​ជា​ពីរ តាំង​ពី​លើ​ចុះ​ដល់​ក្រោម ផែនដី​ញ័រ​រញ្ជួយ ហើយ​ថ្ម​ប្រេះ​ចេញ​ពី​គ្នា ផ្នូរ​របើក​ឡើង ហើយ​សាក‌សព​របស់​ពួក​បរិសុទ្ធ​ជា​ច្រើន ដែល​ដេក​លក់​ទៅ​ហើយ បាន​រស់​ឡើង​វិញ ហើយ​ចេញ​ពី​ផ្នូរ។ ក្រោយ​ពេល​ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ គេ​បាន​ចូល​ទៅ​ក្នុង​ទី​ក្រុង​បរិសុទ្ធ ហើយ​បង្ហាញ​ខ្លួន​ឲ្យ​មនុស្ស​ជា​ច្រើន​បាន​ឃើញ។ ពេល​មេ​ទ័ព និង​ពួក​ទាហាន​ដែល​នៅ​ចាំ​យាម​ព្រះ‌យេស៊ូវ​ជា​មួយ​លោក ឃើញ​ផែនដី​រញ្ជួយ និង​ហេតុ‌ការណ៍​កើត​ឡើង​ដូច្នោះ គេ​ភ័យ​ខ្លាច​ជា​ខ្លាំង ហើយ​ពោល​ថា៖ «អ្នក​នេះ​ពិត​ជា​ព្រះ‌រាជ​បុត្រា​របស់​ព្រះ​មែន!» នៅ​ទី​នោះ មាន​ស្ត្រី​ជា​ច្រើន​ឈរ​មើល​ពី​ចម្ងាយ ស្ត្រី​ទាំង​នោះ​តាម​បម្រើ​ព្រះ‌យេស៊ូវ​តាំង​ពី​ស្រុក​កាលីឡេ​មក។ ក្នុង​ចំណោម​ស្ត្រី​ទាំង​នោះ មាន​នាង​ម៉ារា ជា​អ្នក​ស្រុក​ម៉ាក់ដាឡា នាង​ម៉ារា ជា​ម្តាយ​យ៉ាកុប និង​យ៉ូសែប ព្រម​ទាំង​ម្តាយ​របស់​ពួក​កូន​ប្រុស​លោក​សេបេដេ។

ចែក​រំលែក
អាន ម៉ាថាយ 27

ម៉ាថាយ 27:27-56 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពួក​ទាហាន​របស់​លោក​ទេសា​ភិបាល​នាំ​ព្រះ‌យេស៊ូ​ទៅ​ក្នុង​ទី‌ធ្លា​បន្ទាយ ហើយ​ប្រមូល​គ្នី‌គ្នា​ក្នុង​កង​នោះ​មក​ចោម‌រោម​ព្រះអង្គ។ គេ​ដោះ​ព្រះ‌ពស្ដ្រ​របស់​ព្រះអង្គ​ចេញ ហើយ​យក​អាវ​ធំ ដែល​មាន​ពណ៌​ក្រហម​ទុំ មក​បំពាក់​ថ្វាយ​ព្រះអង្គ។ គេ​យក​បន្លា​មក​ក្រង​ធ្វើ​ជា​ភួង បំពាក់​លើ​ព្រះ‌សិរសា​ព្រះអង្គ និង​យក​ដើម​ត្រែង​មក​ដាក់​ក្នុង​ព្រះ‌ហស្ដ​ស្ដាំ​ឲ្យ​ព្រះអង្គ​កាន់ រួច​គេ​នាំ​គ្នា​លុត​ជង្គង់​នៅ​មុខ​ព្រះអង្គ ទាំង​ពោល​ចំអក​ថា៖ «សូម​គោរព​ថ្វាយ‌បង្គំ​ស្ដេច​យូដា!»។ គេ​ស្ដោះ​ទឹក​មាត់​ដាក់​ព្រះអង្គ និង​យក​ដើម​ត្រែង​នោះ​វាយ​ព្រះ‌សិរសា​ព្រះអង្គ​ទៀត​ផង។ ក្រោយ​ពី​បាន​ប្រមាថ​មើល‌ងាយ​ព្រះអង្គ​រួច​ហើយ ពួក​គេ​ដោះ​អាវ​ធំ​ចេញ យក​ព្រះ‌ពស្ដ្រ​របស់​ព្រះអង្គ​មក​បំពាក់​ថ្វាយ​ព្រះអង្គ​វិញ រួច​បណ្ដើរ​នាំ​យក​ទៅ​ឆ្កាង។ ពេល​ចេញ​ពី​ទីក្រុង​ទៅ គេ​ជួប​បុរស​ម្នាក់​ឈ្មោះ​ស៊ីម៉ូន ជា​អ្នក​ស្រុក​គីរេន គេ​បង្ខំ​គាត់​ឲ្យ​លី​ឈើ​ឆ្កាង​របស់​ព្រះ‌យេស៊ូ។ លុះ​មក​ដល់​កន្លែង​មួយ​ឈ្មោះ «គាល់‌កូថា» ដែល​ប្រែ​ថា «ភ្នំ​លលាដ៍​ក្បាល» គេ​យក​ស្រា​ទំពាំង‌បាយជូរ​លាយ​ជា​មួយ​ប្រមាត់ មក​ថ្វាយ​ព្រះអង្គ​សោយ។ ព្រះ‌យេស៊ូ​ក្រេប​បន្ដិច ព្រះអង្គ​ពុំ​ព្រម​សោយ​ទេ។ ក្រោយ​ពី​ឆ្កាង​ព្រះអង្គ​រួច​ហើយ ពួក​ទាហាន​យក​សម្លៀក‌បំពាក់​របស់​ព្រះអង្គ​មក​ចាប់​ឆ្នោត​ចែក​គ្នា រួច​អង្គុយ​យាម​ព្រះអង្គ​នៅ​ទី​នោះ។ គេ​បាន​សរសេរ​ប្រកាស​អំពី​ហេតុ​ដែល​គេ​ធ្វើ​ទោស​ព្រះអង្គ​ថា «អ្នក​នេះ​ឈ្មោះ​យេស៊ូ ជា​ស្ដេច​ជន‌ជាតិ​យូដា» ហើយ​គេ​បោះ​ប្រកាស​នោះ នៅ​ពី​ខាង​លើ​ព្រះ‌សិរសា​ព្រះអង្គ។ ពេល​នោះ គេ​បាន​ឆ្កាង​ចោរ​ព្រៃ​ពីរ​នាក់​ជា​មួយ​ព្រះ‌យេស៊ូ​ដែរ ម្នាក់​នៅ​ខាង​ស្ដាំ ម្នាក់​ទៀត​នៅ​ខាង​ឆ្វេង។ មនុស្ស‌ម្នា​ដើរ​កាត់​តាម​នោះ ប្រមាថ​មើល‌ងាយ​ព្រះអង្គ គ្រវី​ក្បាល​ដាក់​ព្រះអង្គ ទាំង​ពោល​ថា៖ «អ្នក​រុះ​ព្រះ‌វិហារ* ហើយ​សង់​ឡើង​វិញ​តែ​បី​ថ្ងៃ​អើយ! ចូរ​សង្គ្រោះ​ខ្លួន​ឯង​ទៅ! បើ​អ្នក​ពិត​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់​មែន អញ្ជើញ​ចុះ​ពី​ឈើ​ឆ្កាង​មក!»។ រីឯ​ពួក​នាយក​បូជា‌ចារ្យ ពួក​អាចារ្យ* និង​ពួក​ព្រឹទ្ធា‌ចារ្យ*​ក៏​នាំ​គ្នា​ចំអក​ដាក់​ព្រះអង្គ​ដូច​គេ​ដែរ ដោយ​ពោល​ថា៖ «គាត់​បាន​សង្គ្រោះ​អ្នក​ឯ​ទៀតៗ តែ​មិន​អាច​សង្គ្រោះ​ខ្លួន​ឯង​ទេ! គាត់​ជា​ស្ដេច​អ៊ីស្រា‌អែល ឲ្យ​គាត់​ចុះ​ពី​ឈើ​ឆ្កាង​ឥឡូវ​នេះ​មក ដើម្បី​យើង​ជឿ​ផង! គាត់​បាន​ទុក​ចិត្ត​លើ​ព្រះ‌ជាម្ចាស់ បើ​ព្រះ‌ជាម្ចាស់​គាប់​ព្រះ‌ហឫទ័យ​នឹង​គាត់​មែន សូម​ឲ្យ​ព្រះអង្គ​ដោះ​លែង​គាត់​ឥឡូវ​នេះ​ទៅ! ដ្បិត​គាត់​ពោល​ថា “ខ្ញុំ​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់”» ។ សូម្បី​តែ​ចោរ​ព្រៃ​ដែល​ជាប់​ឆ្កាង​ជា​មួយ​ព្រះ‌យេស៊ូ ក៏​ជេរ​ប្រមាថ​ព្រះអង្គ​ដូច្នោះ​ដែរ។ ផែនដី​ទាំង​មូល​ងងឹត​សូន្យ ចាប់​ពី​ពេល​ថ្ងៃ​ត្រង់​រហូត​ដល់​ម៉ោង​បី​រសៀល។ ប្រមាណ​ជា​ម៉ោង​បី​រសៀល ព្រះ‌យេស៊ូ​ស្រែក​អង្វរ​ខ្លាំងៗ​ថា៖ «អេលី អេលី ឡាម៉ាសា‌បាច់‌ថានី!» ដែល​មាន​ន័យ​ថា «ឱ​ព្រះ‌នៃ​ទូលបង្គំ ព្រះ‌នៃ​ទូលបង្គំ​អើយ ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​បោះ​បង់​ទូលបង្គំ​ចោល​ដូច្នេះ?» ។ អ្នក​ខ្លះ​ឈរ​នៅ​ទី​នោះ​បាន​ឮ​ព្រះ‌បន្ទូល​របស់​ព្រះអង្គ ក៏​ពោល​ថា៖ «គាត់​ហៅ​លោក​អេលីយ៉ា!»។ រំពេច​នោះ មាន​គ្នា​គេ​ម្នាក់​រត់​ទៅ​យក​សារាយ​ស្ងួត ជ្រលក់​នឹង​ទឹក​ខ្មេះ រុំ​ជាប់​នៅ​ចុង​ត្រែង​មួយ​ដើម ហុច​ថ្វាយ​ព្រះអង្គ​សោយ។ ប៉ុន្តែ អ្នក​ឯ​ទៀតៗ​ពោល​ថា៖ «ចាំ​មើល​មើល៍! តើ​លោក​អេលីយ៉ា​មក​សង្គ្រោះ​គាត់​ឬ​ទេ?»។ ព្រះ‌យេស៊ូ​ស្រែក​យ៉ាង​ខ្លាំង​ម្ដង​ទៀត រួច​ផុត​វិញ្ញាណ​ទៅ។ ពេល​នោះ វាំងនន​នៅ​ក្នុង​ព្រះ‌វិហារ*​រហែក​ជា​ពីរ តាំង​ពី​លើ​ដល់​ក្រោម ផែនដី​ក៏​រញ្ជួយ ផ្ទាំង​ថ្ម​ក៏​ប្រេះ​ចេញ​ពី​គ្នា ផ្នូរ​ក៏​របើក​ចំហ​ឡើង ហើយ​សាក‌សព​ប្រជា‌ជន​ដ៏វិសុទ្ធ*​ជា​ច្រើន​បាន​រស់​ឡើង​វិញ និង​នាំ​គ្នា​ចេញ​ពី​ផ្នូរ។ ក្រោយ​ពេល​ព្រះ‌យេស៊ូ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ គេ​បាន​ចូល​ទៅ​ក្នុង​ក្រុង​ដ៏វិសុទ្ធ ព្រម​ទាំង​បង្ហាញ​ខ្លួន​ឲ្យ​មនុស្ស​ជា​ច្រើន​បាន​ឃើញ​ផង។ កាល​នាយ​ទាហាន​រ៉ូម៉ាំង និង​ពួក​ទាហាន​ដែល​នៅ​យាម​ព្រះ‌យេស៊ូ បាន​ឃើញ​ផែនដី​រញ្ជួយ និង​បាន​ឃើញ​ហេតុ‌ការណ៍​ទាំង‌ឡាយ​កើត​ឡើង​ដូច្នេះ គេ​កោត​ស្ញប់‌ស្ញែង​ជា​ខ្លាំង ហើយ​ពោល​ថា៖ «លោក​នេះ ពិត​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់​មែន!»។ នៅ​ទី​នោះ មាន​ស្ត្រី​ជា​ច្រើន​មើល​ពី​ចម្ងាយ គឺ​ស្ត្រីៗ​ដែល​តាម​បម្រើ​ព្រះ‌យេស៊ូ តាំង​ពី​ស្រុក​កាលី‌ឡេ​មក។ ក្នុង​ចំណោម​ស្ត្រីៗ​ទាំង​នោះ មាន​នាង​ម៉ារី​ជា​អ្នក​ស្រុក​ម៉ាដា‌ឡា នាង​ម៉ារី ជា​ម្ដាយ​របស់​យ៉ាកុប និង​យ៉ូសែប ព្រម​ទាំង​ភរិយា​របស់​លោក​សេបេ‌ដេ​ជា​ដើម។

ចែក​រំលែក
អាន ម៉ាថាយ 27

ម៉ាថាយ 27:27-56 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នោះ​ពួក​ទាហាន​របស់​លោក​ចៅហ្វាយ គេ​ក៏​នាំ​ព្រះ‌យេស៊ូវ​ទៅ​ក្នុង​សាលា រួច​ប្រមូល​ក្រុម​ទាហាន​ទាំង​អស់​មក​ទាស់​នឹង​ទ្រង់ គេ​ដោះ​ព្រះ‌ពស្ត្រ​ទ្រង់​ចេញ ហើយ​យក​អាវ​ក្រហម​មក​បំពាក់​វិញ ក៏​ក្រង​ភួង​បន្លា​បំពាក់​លើ​ព្រះ‌សិរ​ទ្រង់ ហើយ​យក​ដើម​ត្រែង​ដាក់​នៅ​ព្រះ‌ហស្ត​ស្តាំ រួច​គេ​លុត​ជង្គង់​នៅ​ចំពោះ​ទ្រង់ ទាំង​ពោល​ចំអក​ថា ថ្វាយ‌បង្គំ​ស្តេច​សាសន៍​យូដា គេ​ស្តោះ​ដាក់​ទ្រង់ ក៏​យក​ដើម​ត្រែង​នោះ​វាយ​ព្រះ‌សិរ​ផង កាល​គេ​បាន​ចំអក​មើល‌ងាយ​ទ្រង់​ស្រេច​ហើយ ក៏​ដោះ​អាវ​នោះ​ចេញ ហើយ​បំពាក់​ព្រះ‌ពស្ត្រ​ទ្រង់​ទៅ​វិញ រួច​នាំ​ចេញ​ទៅ​ឆ្កាង។ កាល​បាន​ចេញ​ទៅ​ហើយ នោះ​គេ​ប្រទះ​ឃើញ​មនុស្ស​ស្រុក​គីរេន​ម្នាក់​ឈ្មោះ​ស៊ីម៉ូន ក៏​ចាប់​បង្ខំ​ឲ្យ​លី​ឈើ​ឆ្កាង​ទ្រង់​ទៅ លុះ​បាន​ដល់​កន្លែង​ហៅ​ថា គាល់‌កូថា ដែល​ស្រាយ​ថា​ភ្នំ​រលា​ក្បាល នោះ​គេ​យក​ទឹក‌ខ្មេះ​លាយ​នឹង​ប្រមាត់​ថ្វាយ​ទ្រង់​សោយ តែ​កាល​ទ្រង់​បាន​ភ្លក់​មើល នោះ​ទ្រង់​មិន​ព្រម​សោយ​ទេ គ្រា​បាន​ឆ្កាង​ទ្រង់​ហើយ នោះ​គេ​ធ្វើ​ឆ្នោត​ចាប់​ចែក​ព្រះ‌ពស្ត្រ​ទ្រង់ ដើម្បី​ឲ្យ​បាន​សំរេច​តាម​ទំនាយ ដែល​ហោរា​បាន​ទាយ​ទុក​មក​ថា «គេ​បាន​យក​អាវ​ខ្ញុំ​ចែក​គ្នា ហើយ​បាន​ធ្វើ​ឆ្នោត​ចាប់​យក​អាវ​វែង​ខ្ញុំ» គេ​អង្គុយ​ចាំ​យាម​ទ្រង់​នៅ​ទី​នោះ ក៏​បិទ​ប្រកាស​ដែល​កត់​ទោស​ទ្រង់ ដាក់​ពី​លើ​ព្រះ‌សិរ​ថា «នេះ​ឈ្មោះ​យេស៊ូវ ជា​ស្តេច​សាសន៍​យូដា» នៅ​វេលា​នោះ ក៏​ឆ្កាង​ចោរ​២​នាក់​ជា​មួយ​នឹង​ទ្រង់​ដែរ ១​ខាង​ស្តាំ ហើយ​១​ខាង​ឆ្វេង។ ឯ​មនុស្ស​ដែល​ដើរ​តាម​ទី​នោះ គេ​ជេរ​ប្រមាថ​ដល់​ទ្រង់ ទាំង​គ្រវី​ក្បាល ហើយ​និយាយ​ថា ឯង​ដែល​បំផ្លាញ​ព្រះ‌វិហារ ហើយ​សង់​ឡើង​វិញ​ក្នុង​រវាង​៣​ថ្ងៃ​អើយ ចូរ​ជួយ​សង្គ្រោះ​ខ្លួន​ចុះ បើ​ឯង​ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​មែន នោះ​ឲ្យ​ចុះ​ពី​ឈើ​ឆ្កាង​មក ឯ​ពួក​សង្គ្រាជ ព្រម​ទាំង​ពួក​អាចារ្យ នឹង​ពួក​ចាស់‌ទុំ គេ​ក៏​ចំអក​ឲ្យ​ទ្រង់​បែប​ដូច្នោះ​ដែរ ដោយ​ថា វា​ជួយ​សង្គ្រោះ​មនុស្ស​ឯ​ទៀត​បាន តែ​មិន​អាច​នឹង​ជួយ​សង្គ្រោះ​ដល់​ខ្លួន​វា​បាន​ទេ បើ​សិន​ណា​វា​ជា​ស្តេច​សាសន៍​អ៊ីស្រាអែល​មែន ចូរ​ឲ្យ​វា​ចុះ​ពី​ឈើ​ឆ្កាង​មក នោះ​យើង​នឹង​ជឿ​ដល់​វា វា​បាន​ទុក​ចិត្ត​នឹង​ព្រះ ដូច្នេះ បើ​ព្រះ​សព្វ​ព្រះ‌ហឫទ័យ​នឹង​វា សូម​ទ្រង់​ជួយ​ដោះ​វា​ឥឡូវ​ចុះ ដ្បិត​វា​បាន​ថា ខ្ញុំ​ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ ហើយ​ចោរ​២​នាក់ ដែល​ត្រូវ​ឆ្កាង​ជា​មួយ​នឹង​ទ្រង់ គេ​ក៏​ស្តី​ឲ្យ​ទ្រង់​ដូច្នោះ​ដែរ។ តាំង​ពី​ថ្ងៃ​ត្រង់ ដរាប​ដល់​ម៉ោង​៣​រសៀល នោះ​មាន​ងងឹត​ដាប គ្រប​ពេញ​លើ​ផែនដី ប្រហែល​ជា​ម៉ោង​៣ នោះ​ព្រះ‌យេស៊ូវ​ទ្រង់​បន្លឺ​ឡើង​ជា​សំឡេង​ខ្លាំង​ថា អេលីៗ​ល៉ាម៉ាសា‌បាច់ថានី គឺ​ស្រាយ​ថា ឱ​ព្រះ‌អង្គៗ​នៃ​ទូលបង្គំ​អើយ ហេតុ​អ្វី​បាន​ជា​ទ្រង់​ចោល​ទូលបង្គំ មាន​អ្នក​ខ្លះ​ដែល​ឈរ​នៅ​ទី​នោះ កាល​គេ​បាន​ឮ នោះ​ក៏​និយាយ​ថា វា​ស្រែក​ហៅ​រក​លោក​អេលីយ៉ា​ហើយ ស្រាប់​តែ​មាន​ម្នាក់​រត់​ទៅ យក​សារាយ‌រំហួត ជ្រលក់​ទឹក‌ខ្មេះ​ជោក​ដាក់​នឹង​ចុង​ដើម​ត្រែង ហុច​ទៅ​ថ្វាយ​ទ្រង់​សោយ តែ​អ្នក​ឯ​ទៀត​និយាយ​ថា ឈប់​សិន ចាំ​មើល បើ​លោក​អេលីយ៉ា​មក​ជួយ​សង្គ្រោះ​វា។ កាល​ព្រះ‌យេស៊ូវ ទ្រង់​បាន​ស្រែក​ជា​ខ្លាំង​ម្តង​ទៀត នោះ​ទ្រង់​ប្រគល់​វិញ្ញាណ​ទ្រង់​ទៅ​វិញ គ្រា​នោះ វាំង‌នន​ក្នុង​ព្រះ‌វិហារ​ក៏​រហែក​ជា​២​ភាគ ចាប់​តាំង​ពី​លើ​ចុះ​ទៅ​ដល់​ក្រោម ក៏​មាន​កក្រើក​ដី ហើយ​ថ្ម​ប្រេះ​ដាច់​ពី​គ្នា អស់​ទាំង​ផ្នូរ​ខ្មោច​ក៏​របើក​ឡើង ឯ​ខ្មោច​ពួក​អ្នក​បរិសុទ្ធ ដែល​ដេក​លក់​ទៅ​ហើយ បាន​រស់​ឡើង​វិញ​ជា​ច្រើន ទាំង​ចេញ​ពី​ផ្នូរ ក្នុង​ពេល​ក្រោយ​ដែល​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ហើយ​ចូល​ទៅ​ក្នុង​ទី​ក្រុង​បរិសុទ្ធ លេច​មក​ឲ្យ​មនុស្ស​ជា​ច្រើន​ឃើញ​ដែរ ឯ​មេ​ទ័ព​នឹង​ពួក​អ្នក​ដែល​ចាំ​យាម​ព្រះ‌យេស៊ូវ​ជា​មួយ​គ្នា កាល​បាន​ឃើញ​កក្រើក​ដី នឹង​ការ​ទាំង​ប៉ុន្មាន ដែល​កើត​មក​ដូច្នោះ នោះ​ក៏​ភ័យ​ញ័រ​ជា​ខ្លាំង គាត់​និយាយ​ថា នេះ​ពិត​ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​មែន នៅ​ទី​នោះ​ក៏​មាន​ស្ត្រី​ជា​ច្រើន​ដែល​មក​តាម​ព្រះ‌យេស៊ូវ ពី​ស្រុក​កាលី‌ឡេ ដើម្បី​បំរើ​ទ្រង់ គេ​ឈរ​មើល​ពី​ចំងាយ ក្នុង​ពួក​ស្ត្រី​នោះ មាន​ម៉ារា ជា​អ្នក​ស្រុក​ម៉ាក់ដាឡា​១ ម៉ារា ជា​ម្តាយ​យ៉ាកុប នឹង​យ៉ូសេ​១ ហើយ​នឹង​ប្រពន្ធ​របស់​សេបេដេ​១។

ចែក​រំលែក
អាន ម៉ាថាយ 27

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ