ម៉ាថាយ 27:11-66
ម៉ាថាយ 27:11-66 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះយេស៊ូឈរនៅចំពោះមុខលោកទេសាភិបាលលោកសួរព្រះអង្គថា៖ «តើអ្នកជាស្ដេចយូដាមែនឬ?»។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «លោកទេតើដែលមានប្រសាសន៍ដូច្នេះ»។ ពួកនាយកបូជាចារ្យ* និងពួកព្រឹទ្ធាចារ្យ*នាំគ្នាចោទប្រកាន់ព្រះអង្គ តែព្រះអង្គពុំឆ្លើយអ្វីទាល់តែសោះ។ លោកពីឡាតសួរព្រះអង្គថា៖ «អ្នកមិនឮសេចក្ដីទាំងប៉ុន្មាន ដែលគេចោទប្រកាន់អ្នកទេឬ?»។ ព្រះយេស៊ូពុំបានឆ្លើយតបមួយម៉ាត់សោះឡើយ ជាហេតុនាំឲ្យលោកទេសាភិបាលងឿងឆ្ងល់ជាខ្លាំង។ ជារៀងរាល់ឆ្នាំ ក្នុងឱកាសបុណ្យចម្លង* លោកទេសាភិបាលតែងតែលែងអ្នកទោសម្នាក់ តាមសំណូមពររបស់បណ្ដាជន។ នៅពេលនោះ មានអ្នកទោសដ៏ល្បីម្នាក់ ឈ្មោះយេស៊ូបារ៉ាបាស។ កាលបណ្ដាជនមកជុំគ្នាហើយ លោកពីឡាតសួរគេថា៖ «តើអ្នករាល់គ្នាចង់ឲ្យខ្ញុំដោះលែងអ្នកណា ដោះលែងយេស៊ូបារ៉ាបាស ឬយេស៊ូហៅព្រះគ្រិស្ត?»។ លោកពីឡាតមានប្រសាសន៍ដូច្នេះ មកពីលោកជ្រាបថា ពួកគេបញ្ជូនព្រះយេស៊ូមកលោក ព្រោះគេមានចិត្តច្រណែន។ នៅពេលលោកពីឡាតអង្គុយនៅលើវេទិកាកាត់ក្ដី ភរិយារបស់លោកបានចាត់គេឲ្យមកជម្រាបថា៖ «កុំឡូកឡំនឹងរឿងមនុស្សឥតទោសនេះធ្វើអ្វី។ យប់មិញ ព្រោះតែរឿងបុរសនេះ ខ្ញុំយល់សប្ដិអាក្រក់ណាស់»។ ពួកនាយកបូជាចារ្យ* និងពួកព្រឹទ្ធាចារ្យ*នាំគ្នាញុះញង់បណ្ដាជនឲ្យសុំដោះលែងបារ៉ាបាស និងសុំប្រហារជីវិតព្រះយេស៊ូ។ លោកទេសាភិបាលមានប្រសាសន៍ទៅគេថា៖ «ក្នុងចំណោមអ្នកទាំងពីរនេះ តើអ្នករាល់គ្នាចង់ឲ្យខ្ញុំដោះលែងអ្នកណា?»។ ពួកគេឆ្លើយថា៖ «បារ៉ាបាស!»។ លោកពីឡាតសួរទៅគេថា៖ «បើដូច្នេះ តើអ្នករាល់គ្នាចង់ឲ្យខ្ញុំធ្វើអ្វីដល់ឈ្មោះ យេស៊ូ ហៅព្រះគ្រិស្តនេះ?»។ គេស្រែកឡើងទាំងអស់គ្នាថា៖ «យកទៅឆ្កាងទៅ!»។ លោកមានប្រសាសន៍ថា៖ «តើអ្នកនេះបានប្រព្រឹត្តអំពើអាក្រក់អ្វី?»។ គេនាំគ្នាស្រែកកាន់តែខ្លាំងឡើងថា៖ «យកទៅឆ្កាងទៅ!»។ ដោយលោកពីឡាតឃើញថានិយាយទៅឥតបានការ ហើយផ្ទុយទៅវិញ ឃើញគេកើតចលាចលកាន់តែខ្លាំងឡើងៗដូច្នេះ លោកក៏យកទឹកមកលាងដៃនៅមុខបណ្ដាជន ទាំងពោលថា៖ «នេះជាបញ្ហារបស់អ្នករាល់គ្នាទេ ខ្ញុំឥតទទួលខុសត្រូវក្នុងការបង្ហូរឈាមបុរសនេះឡើយ»។ ប្រជាជនឆ្លើយឡើងទាំងអស់គ្នាថា៖ «យើងខ្ញុំ និងកូនចៅរបស់យើងខ្ញុំ ទទួលខុសត្រូវក្នុងការប្រហារជីវិតជននេះ!»។ លោកពីឡាតក៏ដោះលែងបារ៉ាបាស រីឯព្រះយេស៊ូវិញ លោកឲ្យគេវាយនឹងរំពាត់ រួចបញ្ជូនព្រះអង្គទៅឲ្យគេឆ្កាង។ ពួកទាហានរបស់លោកទេសាភិបាលនាំព្រះយេស៊ូទៅក្នុងទីធ្លាបន្ទាយ ហើយប្រមូលគ្នីគ្នាក្នុងកងនោះមកចោមរោមព្រះអង្គ។ គេដោះព្រះពស្ដ្ររបស់ព្រះអង្គចេញ ហើយយកអាវធំ ដែលមានពណ៌ក្រហមទុំ មកបំពាក់ថ្វាយព្រះអង្គ។ គេយកបន្លាមកក្រងធ្វើជាភួង បំពាក់លើព្រះសិរសាព្រះអង្គ និងយកដើមត្រែងមកដាក់ក្នុងព្រះហស្ដស្ដាំឲ្យព្រះអង្គកាន់ រួចគេនាំគ្នាលុតជង្គង់នៅមុខព្រះអង្គ ទាំងពោលចំអកថា៖ «សូមគោរពថ្វាយបង្គំស្ដេចយូដា!»។ គេស្ដោះទឹកមាត់ដាក់ព្រះអង្គ និងយកដើមត្រែងនោះវាយព្រះសិរសាព្រះអង្គទៀតផង។ ក្រោយពីបានប្រមាថមើលងាយព្រះអង្គរួចហើយ ពួកគេដោះអាវធំចេញ យកព្រះពស្ដ្ររបស់ព្រះអង្គមកបំពាក់ថ្វាយព្រះអង្គវិញ រួចបណ្ដើរនាំយកទៅឆ្កាង។ ពេលចេញពីទីក្រុងទៅ គេជួបបុរសម្នាក់ឈ្មោះស៊ីម៉ូន ជាអ្នកស្រុកគីរេន គេបង្ខំគាត់ឲ្យលីឈើឆ្កាងរបស់ព្រះយេស៊ូ។ លុះមកដល់កន្លែងមួយឈ្មោះ «គាល់កូថា» ដែលប្រែថា «ភ្នំលលាដ៍ក្បាល» គេយកស្រាទំពាំងបាយជូរលាយជាមួយប្រមាត់ មកថ្វាយព្រះអង្គសោយ។ ព្រះយេស៊ូក្រេបបន្ដិច ព្រះអង្គពុំព្រមសោយទេ។ ក្រោយពីឆ្កាងព្រះអង្គរួចហើយ ពួកទាហានយកសម្លៀកបំពាក់របស់ព្រះអង្គមកចាប់ឆ្នោតចែកគ្នា រួចអង្គុយយាមព្រះអង្គនៅទីនោះ។ គេបានសរសេរប្រកាសអំពីហេតុដែលគេធ្វើទោសព្រះអង្គថា «អ្នកនេះឈ្មោះយេស៊ូ ជាស្ដេចជនជាតិយូដា» ហើយគេបោះប្រកាសនោះ នៅពីខាងលើព្រះសិរសាព្រះអង្គ។ ពេលនោះ គេបានឆ្កាងចោរព្រៃពីរនាក់ជាមួយព្រះយេស៊ូដែរ ម្នាក់នៅខាងស្ដាំ ម្នាក់ទៀតនៅខាងឆ្វេង។ មនុស្សម្នាដើរកាត់តាមនោះ ប្រមាថមើលងាយព្រះអង្គ គ្រវីក្បាលដាក់ព្រះអង្គ ទាំងពោលថា៖ «អ្នករុះព្រះវិហារ* ហើយសង់ឡើងវិញតែបីថ្ងៃអើយ! ចូរសង្គ្រោះខ្លួនឯងទៅ! បើអ្នកពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន អញ្ជើញចុះពីឈើឆ្កាងមក!»។ រីឯពួកនាយកបូជាចារ្យ ពួកអាចារ្យ* និងពួកព្រឹទ្ធាចារ្យ*ក៏នាំគ្នាចំអកដាក់ព្រះអង្គដូចគេដែរ ដោយពោលថា៖ «គាត់បានសង្គ្រោះអ្នកឯទៀតៗ តែមិនអាចសង្គ្រោះខ្លួនឯងទេ! គាត់ជាស្ដេចអ៊ីស្រាអែល ឲ្យគាត់ចុះពីឈើឆ្កាងឥឡូវនេះមក ដើម្បីយើងជឿផង! គាត់បានទុកចិត្តលើព្រះជាម្ចាស់ បើព្រះជាម្ចាស់គាប់ព្រះហឫទ័យនឹងគាត់មែន សូមឲ្យព្រះអង្គដោះលែងគាត់ឥឡូវនេះទៅ! ដ្បិតគាត់ពោលថា “ខ្ញុំជាព្រះបុត្រារបស់ព្រះជាម្ចាស់”» ។ សូម្បីតែចោរព្រៃដែលជាប់ឆ្កាងជាមួយព្រះយេស៊ូ ក៏ជេរប្រមាថព្រះអង្គដូច្នោះដែរ។ ផែនដីទាំងមូលងងឹតសូន្យ ចាប់ពីពេលថ្ងៃត្រង់រហូតដល់ម៉ោងបីរសៀល។ ប្រមាណជាម៉ោងបីរសៀល ព្រះយេស៊ូស្រែកអង្វរខ្លាំងៗថា៖ «អេលី អេលី ឡាម៉ាសាបាច់ថានី!» ដែលមានន័យថា «ឱព្រះនៃទូលបង្គំ ព្រះនៃទូលបង្គំអើយ ហេតុអ្វីបានជាព្រះអង្គបោះបង់ទូលបង្គំចោលដូច្នេះ?» ។ អ្នកខ្លះឈរនៅទីនោះបានឮព្រះបន្ទូលរបស់ព្រះអង្គ ក៏ពោលថា៖ «គាត់ហៅលោកអេលីយ៉ា!»។ រំពេចនោះ មានគ្នាគេម្នាក់រត់ទៅយកសារាយស្ងួត ជ្រលក់នឹងទឹកខ្មេះ រុំជាប់នៅចុងត្រែងមួយដើម ហុចថ្វាយព្រះអង្គសោយ។ ប៉ុន្តែ អ្នកឯទៀតៗពោលថា៖ «ចាំមើលមើល៍! តើលោកអេលីយ៉ាមកសង្គ្រោះគាត់ឬទេ?»។ ព្រះយេស៊ូស្រែកយ៉ាងខ្លាំងម្ដងទៀត រួចផុតវិញ្ញាណទៅ។ ពេលនោះ វាំងនននៅក្នុងព្រះវិហារ*រហែកជាពីរ តាំងពីលើដល់ក្រោម ផែនដីក៏រញ្ជួយ ផ្ទាំងថ្មក៏ប្រេះចេញពីគ្នា ផ្នូរក៏របើកចំហឡើង ហើយសាកសពប្រជាជនដ៏វិសុទ្ធ*ជាច្រើនបានរស់ឡើងវិញ និងនាំគ្នាចេញពីផ្នូរ។ ក្រោយពេលព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ គេបានចូលទៅក្នុងក្រុងដ៏វិសុទ្ធ ព្រមទាំងបង្ហាញខ្លួនឲ្យមនុស្សជាច្រើនបានឃើញផង។ កាលនាយទាហានរ៉ូម៉ាំង និងពួកទាហានដែលនៅយាមព្រះយេស៊ូ បានឃើញផែនដីរញ្ជួយ និងបានឃើញហេតុការណ៍ទាំងឡាយកើតឡើងដូច្នេះ គេកោតស្ញប់ស្ញែងជាខ្លាំង ហើយពោលថា៖ «លោកនេះ ពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន!»។ នៅទីនោះ មានស្ត្រីជាច្រើនមើលពីចម្ងាយ គឺស្ត្រីៗដែលតាមបម្រើព្រះយេស៊ូ តាំងពីស្រុកកាលីឡេមក។ ក្នុងចំណោមស្ត្រីៗទាំងនោះ មាននាងម៉ារីជាអ្នកស្រុកម៉ាដាឡា នាងម៉ារី ជាម្ដាយរបស់យ៉ាកុប និងយ៉ូសែប ព្រមទាំងភរិយារបស់លោកសេបេដេជាដើម។ លុះដល់ល្ងាច មានសេដ្ឋីម្នាក់ ឈ្មោះយ៉ូសែប ជាអ្នកក្រុងអើរីម៉ាថេ មកដល់ គាត់ក៏ជាសិស្សរបស់ព្រះយេស៊ូដែរ។ គាត់បានអញ្ជើញទៅជួបលោកពីឡាតសុំយកព្រះសពព្រះយេស៊ូ។ លោកពីឡាតក៏បញ្ជាឲ្យគេប្រគល់ព្រះសពមកគាត់។ លោកយ៉ូសែបយកព្រះសពមករុំនឹងក្រណាត់ផាឌិបថ្មី រួចដាក់ក្នុងផ្នូរថ្មីរបស់គាត់ ជារូងថ្មដែលគេដាប់ធ្វើផ្នូរ។ បន្ទាប់មក គាត់ប្រមៀលថ្មមួយដុំធំបិទមាត់ផ្នូរ ហើយចាកចេញទៅ។ នាងម៉ារីជាអ្នកស្រុកម៉ាដាឡា និងនាងម៉ារីម្នាក់ទៀត ក៏នៅទីនោះដែរ នាងអង្គុយនៅមុខផ្នូរ។ នៅថ្ងៃបន្ទាប់ ជាថ្ងៃរៀបចំថ្ងៃឈប់សម្រាក* ពួកនាយកបូជាចារ្យ* និងពួកខាងគណៈផារីស៊ី* នាំគ្នាទៅជួបលោកពីឡាត ជម្រាបថា៖ «លោកម្ចាស់! យើងខ្ញុំនៅចាំពាក្យរបស់ជនបោកប្រាស់នោះ កាលពីគាត់នៅរស់ថា: “បីថ្ងៃក្រោយខ្ញុំស្លាប់ ខ្ញុំនឹងមានជីវិតរស់ឡើងវិញ”។ ហេតុនេះ សូមលោកបញ្ជាឲ្យគេយាមផ្នូរនោះ រហូតដល់ថ្ងៃទីបីទៅ ក្រែងលោសិស្សរបស់គាត់មកលួចយកសព ហើយប្រាប់ប្រជាជនថាគាត់រស់ឡើងវិញ។ ការបោកប្រាស់លើកនេះមុខជាអាក្រក់ជាងមុនទៅទៀត»។ លោកពីឡាតមានប្រសាសន៍ទៅគេថា៖ «អស់លោកមានទាហានស្រាប់ហើយ សុំអញ្ជើញទៅចាត់ចែងឲ្យគេយាមផ្នូរ តាមអស់លោកយល់ឃើញទៅចុះ!»។ ពួកគេក៏នាំគ្នាចេញទៅចាត់ចែងឲ្យយាមផ្នូរ គឺភ្ជិតផ្នូរ បោះត្រាពីលើ និងដាក់ទាហានឲ្យនៅយាមផង។
ម៉ាថាយ 27:11-66 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅវេលានេះ ព្រះយេស៊ូវឈរនៅមុខលោកទេសាភិបាល ហើយលោកទេសាភិបាលសួរព្រះអង្គថា៖ «តើអ្នកជាស្តេចរបស់សាសន៍យូដាឬ?» ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «ត្រូវដូចលោកមានប្រសាសន៍ហើយ»។ ប៉ុន្តែ ពេលពួកសង្គ្រាជ និងពួកចាស់ទុំចោទប្រកាន់ព្រះអង្គ នោះព្រះអង្គមិនបានឆ្លើយអ្វីសោះ។ ពេលនោះ លោកពីឡាត់សួរព្រះអង្គថា៖ «តើអ្នកមិនឮសេចក្ដីទាំងប៉ុន្មានដែលគេចោទប្រកាន់អ្នកទេឬ?» ព្រះយេស៊ូវពុំបានមានព្រះបន្ទូលឆ្លើយនឹងពាក្យណាមួយរបស់លោកសោះ ជាហេតុធ្វើឲ្យលោកទេសាភិបាលឆ្ងល់ជាខ្លាំង។ នៅឱកាសបុណ្យនោះ លោកទេសាភិបាលតែងមានទម្លាប់ដោះលែងអ្នកទោសម្នាក់ តាមសំណូមពររបស់បណ្ដាជន។ នៅពេលនោះ គេមានអ្នកទោសល្បីម្នាក់ ឈ្មោះបារ៉ាបាស។ ដូច្នេះ កាលគេបានជួបជុំគ្នាហើយ លោកពីឡាត់សួរគេថា៖ «តើអ្នករាល់គ្នាចង់ឲ្យខ្ញុំដោះលែងអ្នកណាឲ្យអ្នករាល់គ្នា បារ៉ាបាស ឬយេស៊ូវ ហៅព្រះគ្រីស្ទ?» ដ្បិតលោកជ្រាបថា គេបញ្ជូនព្រះអង្គមកនេះ ព្រោះតែសេចក្ដីច្រណែន។ កាលលោកកំពុងតែអង្គុយនៅក្នុងទីកាត់ក្តី ប្រពន្ធរបស់លោកចាត់គេឲ្យមកជម្រាបលោកថា៖ «កុំឲ្យជាប់ជំពាក់អ្វីជាមួយមនុស្សសុចរិតនេះឡើយ ដ្បិតថ្ងៃនេះ ក្នុងយល់សប្ដិ ខ្ញុំបានរងទុក្ខខ្លាំងណាស់ដោយសារគាត់»។ តែពួកសង្គ្រាជ និងពួកចាស់ទុំនាំគ្នាបញ្ចុះបញ្ចូលមហាជន ឲ្យសុំដោះលែងបារ៉ាបាស ហើយសម្លាប់ព្រះយេស៊ូវ។ លោកទេសាភិបាលមានប្រសាសន៍ទៅគេម្ដងទៀតថា៖ «ក្នុងចំណោមអ្នកទាំងពីរនេះ តើចង់ឲ្យខ្ញុំលែងអ្នកណាឲ្យអ្នករាល់គ្នា?» គេឆ្លើយថា៖ «បារ៉ាបាស»។ លោកពីឡាត់សួរគេថា៖ «ដូច្នេះ តើឲ្យខ្ញុំធ្វើដូចម្តេចជាមួយយេស៊ូវ ហៅព្រះគ្រីស្ទនេះ?» គេទាំងអស់គ្នាឆ្លើយថា៖ «ឆ្កាងវាទៅ!» លោកពីឡាត់សួរថា៖ «ហេតុអ្វី? តើគាត់បានប្រព្រឹត្តអំពើអាក្រក់អ្វី?» តែគេស្រែកកាន់តែខ្លាំងឡើងថា៖ «ឆ្កាងវាទៅ!»។ កាលលោកពីឡាត់ឃើញថា លោកមិនអាចធ្វើអ្វីទៀតបាន ហើយថែមទាំងចាប់ផ្ដើមមានចលាចលកាន់តែខ្លាំងឡើងផង លោកក៏យកទឹកមកលាងដៃនៅមុខបណ្តាជន ទាំងមានប្រសាសន៍ថា៖ «ខ្ញុំគ្មានទោសដោយសារឈាមរបស់អ្នកនេះទេ អ្នករាល់គ្នាទទួលខុសត្រូវខ្លួនឯងចុះ»។ បណ្តាជនទាំងអស់គ្នាឆ្លើយឡើងថា៖ «ចូរឲ្យឈាមរបស់វាធ្លាក់មកលើយើង និងកូនចៅរបស់យើងចុះ»។ ពេលនោះ លោកក៏ដោះលែងបារ៉ាបាសឲ្យដល់គេ ហើយបញ្ជាឲ្យគេវាយព្រះយេស៊ូវនឹងរំពាត់ រួចប្រគល់ព្រះអង្គទៅឲ្យគេឆ្កាង។ ពេលនោះ ពួកទាហានរបស់លោកទេសាភិបាលនាំព្រះយេស៊ូវទៅក្នុងទីធ្លាបន្ទាយ ហើយប្រមូលទ័ពទាំងអស់មកចោមរោមព្រះអង្គ។ គេដោះព្រះពស្ត្រព្រះអង្គចេញ ហើយយកអាវវែងពណ៌ក្រហមមកបំពាក់លើព្រះអង្គ គេក្រងបន្លាធ្វើជាមកុដមកបំពាក់លើព្រះសិររបស់ព្រះអង្គ ហើយយកដើមត្រែងដាក់ក្នុងព្រះហស្តស្តាំឲ្យព្រះអង្គកាន់ រួចគេលុតជង្គង់នៅមុខព្រះអង្គទាំងពោលចំអកថា៖ «សូមក្រាបថ្វាយបង្គំស្តេចសាសន៍យូដា!» គេស្តោះដាក់ព្រះអង្គ ហើយយកដើមត្រែងនោះវាយព្រះសិរព្រះអង្គ។ ក្រោយពីបានចំអកមើលងាយព្រះអង្គរួចហើយ គេក៏ដោះអាវវែងនោះចេញ ហើយយកព្រះពស្ត្ររបស់ព្រះអង្គមកបំពាក់វិញ រួចនាំព្រះអង្គចេញទៅឆ្កាង។ ពេលចេញទៅ គេប្រទះឃើញបុរសម្នាក់ ជាអ្នកស្រុកគីរេន ឈ្មោះស៊ីម៉ូន គេក៏បង្ខំបុរសនេះឲ្យលីឈើឆ្កាងព្រះអង្គ។ លុះមកដល់កន្លែងមួយឈ្មោះ «គាល់កូថា» ដែលប្រែថា «ភ្នំលលាដ៍ក្បាល» គេយកស្រាទំពាំងបាយជូរលាយជាមួយទឹកប្រមាត់ មកថ្វាយព្រះអង្គសោយ តែពេលព្រះអង្គភ្លក់មើល ព្រះអង្គមិនព្រមសោយទេ។ ក្រោយពីឆ្កាងព្រះអង្គហើយ គេយកព្រះពស្ត្រព្រះអង្គទៅចាប់ឆ្នោតចែកគ្នា [ដើម្បីឲ្យបានសម្រេចសេចក្ដីដែលបានថ្លែងទុកមក តាមរយៈហោរាថា៖ «គេយកសម្លៀកបំពាក់ខ្ញុំចែកគ្នា ហើយគេចាប់ឆ្នោតយកសម្លៀកបំពាក់ខ្ញុំ»] រួចគេអង្គុយចាំយាមព្រះអង្គនៅទីនោះ។ គេបិទប្រកាសពីទោសចោទប្រកាន់ព្រះអង្គដាក់ពីលើព្រះសិរព្រះអង្គថា៖ «អ្នកនេះឈ្មោះយេស៊ូវ ជាស្តេចសាសន៍យូដា»។ ពេលនោះ គេបានឆ្កាងចោរពីរនាក់ជាមួយព្រះអង្គដែរ ម្នាក់នៅខាងស្តាំ ហើយម្នាក់នៅខាងឆ្វេង។ អស់អ្នកដែលដើរតាមទីនោះ គេប្រមាថមើលងាយព្រះអង្គទាំងគ្រវីក្បាល ហើយនិយាយថា៖ «អ្នកបំផ្លាញព្រះវិហារ ហើយសង់ឡើងវិញក្នុងរវាងបីថ្ងៃអើយ! ចូរសង្គ្រោះខ្លួនឯងទៅ! បើអ្នកជាព្រះរាជបុត្រារបស់ព្រះមែន សូមចុះពីឈើឆ្កាងមក»។ ពួកសង្គ្រាជ ព្រមទាំងពួកអាចារ្យ និងពួកចាស់ទុំ គេក៏ចំអកមើលងាយព្រះអង្គបែបដូច្នោះដែរ ដោយពោលថា៖ «វាសង្គ្រោះអ្នកដទៃបាន តែមិនអាចសង្គ្រោះខ្លួនឯងបានទេ បើវាជាស្តេចសាសន៍អ៊ីស្រាអែលមែន ចូរឲ្យវាចុះពីឈើឆ្កាងមក ដើម្បីឲ្យយើងជឿដល់វាផង! វាទុកចិត្តដល់ព្រះ សូមឲ្យព្រះរំដោះវាឥឡូវចុះ ប្រសិនបើព្រះអង្គសព្វព្រះហឫទ័យនឹងវា! ដ្បិតវាពោលថា "ខ្ញុំជាព្រះរាជបុត្រារបស់ព្រះ"»។ ចោរពីរនាក់ដែលគេឆ្កាងជាមួយព្រះអង្គក៏ជេរប្រមាថព្រះអង្គដូច្នោះដែរ។ តាំងពីថ្ងៃត្រង់រហូតដល់ម៉ោងបីរសៀល មេឃងងឹតគ្របដណ្ដប់លើទឹកដីនោះទាំងមូល ហើយប្រហែលជាម៉ោងបី ព្រះយេស៊ូវស្រែកឡើងយ៉ាងខ្លាំងថា៖ «អេលី អេលី ឡាម៉ា សាបាច់ថានី!» មានន័យថា «ព្រះនៃទូលបង្គំ ព្រះនៃទូលបង្គំអើយ! ហេតុអ្វីបានជាព្រះអង្គបោះបង់ទូលបង្គំ?» ពេលអ្នកខ្លះដែលឈរនៅទីនោះឮដូច្នោះ ក៏ពោលថា៖ «វាស្រែករកលោកអេលីយ៉ាហើយ!» រំពេចនោះមានម្នាក់រត់ទៅយកសារាយស្ងួត ជ្រលក់ទឹកខ្មេះ ហើយរុំនឹងដើមត្រែង ហុចឲ្យព្រះអង្គសោយ។ ប៉ុន្តែ អ្នកឯទៀតនិយាយថា៖ «ឈប់សិន ចាំមើលមើល៍ ក្រែងលោកអេលីយ៉ាមកសង្គ្រោះវា!»។ ព្រះយេស៊ូវស្រែកឡើងយ៉ាងខ្លាំងម្តងទៀត រួចក៏ផុតដង្ហើមទៅ។ នៅវេលានោះ វាំងនននៅក្នុងព្រះវិហាររហែកជាពីរ តាំងពីលើចុះដល់ក្រោម ផែនដីញ័ររញ្ជួយ ហើយថ្មប្រេះចេញពីគ្នា ផ្នូររបើកឡើង ហើយសាកសពរបស់ពួកបរិសុទ្ធជាច្រើន ដែលដេកលក់ទៅហើយ បានរស់ឡើងវិញ ហើយចេញពីផ្នូរ។ ក្រោយពេលព្រះអង្គមានព្រះជន្មរស់ឡើងវិញ គេបានចូលទៅក្នុងទីក្រុងបរិសុទ្ធ ហើយបង្ហាញខ្លួនឲ្យមនុស្សជាច្រើនបានឃើញ។ ពេលមេទ័ព និងពួកទាហានដែលនៅចាំយាមព្រះយេស៊ូវជាមួយលោក ឃើញផែនដីរញ្ជួយ និងហេតុការណ៍កើតឡើងដូច្នោះ គេភ័យខ្លាចជាខ្លាំង ហើយពោលថា៖ «អ្នកនេះពិតជាព្រះរាជបុត្រារបស់ព្រះមែន!» នៅទីនោះ មានស្ត្រីជាច្រើនឈរមើលពីចម្ងាយ ស្ត្រីទាំងនោះតាមបម្រើព្រះយេស៊ូវតាំងពីស្រុកកាលីឡេមក។ ក្នុងចំណោមស្ត្រីទាំងនោះ មាននាងម៉ារា ជាអ្នកស្រុកម៉ាក់ដាឡា នាងម៉ារា ជាម្តាយយ៉ាកុប និងយ៉ូសែប ព្រមទាំងម្តាយរបស់ពួកកូនប្រុសលោកសេបេដេ។ លុះដល់ល្ងាច មានបុរសអ្នកមានម្នាក់មកពីភូមិអើរីម៉ាថេ ឈ្មោះយ៉ូសែប បានមកដល់។ គាត់ក៏ជាសិស្សម្នាក់របស់ព្រះយេស៊ូវដែរ។ គាត់បានចូលទៅជួបលោកពីឡាត់ ហើយសុំយកព្រះសពព្រះយេស៊ូវ។ លោកពីឡាត់ក៏បង្គាប់ឲ្យគេប្រគល់ព្រះសពដល់គាត់។ យ៉ូសែបបានយកព្រះសពមក ហើយរុំនឹងក្រណាត់ទេសឯកយ៉ាងស្អាត រួចដាក់ព្រះសពនៅក្នុងផ្នូរថ្មីរបស់គាត់ ជាផ្នូរដែលគាត់បានដាប់ក្នុងថ្ម។ បន្ទាប់មក គាត់ប្រមៀលថ្មមួយផ្ទាំងធំបិទមាត់ផ្នូរ ហើយចេញទៅ។ នាងម៉ារា ជាអ្នកស្រុកម៉ាក់ដាឡា និងនាងម៉ារាម្នាក់ទៀត ក៏នៅទីនោះ អង្គុយទល់មុខផ្នូរ។ នៅថ្ងៃបន្ទាប់ ក្រោយថ្ងៃរៀបចំបុណ្យ ពួកសង្គ្រាជ និងពួកផារិស៊ីបានមកជួបជុំគ្នា នៅចំពោះលោកពីឡាត់ ហើយជម្រាបថា៖ «លោក យើងខ្ញុំនៅចាំពាក្យជនបោកប្រាស់នោះនិយាយ កាលវានៅរស់នៅឡើយថា "បីថ្ងៃក្រោយមក ខ្ញុំនឹងរស់ឡើងវិញ"។ ដូច្នេះ សូមលោកបញ្ជាឲ្យគេយាមផ្នូរនោះរហូតដល់ថ្ងៃទីបីទៅ ក្រែងពួកសិស្សរបស់វាទៅលួចយកសពរបស់វាទាំងយប់ ហើយប្រាប់ប្រជាជនថា "វារស់ពីស្លាប់ឡើងវិញ" ហើយការបោកប្រាស់លើកនេះនឹងអាក្រក់ជាងមុនទៅទៀត»។ លោកពីឡាត់មានប្រសាសន៍ទៅគេថា៖ «អស់លោកមានក្រុមទាហានការពារស្រាប់ហើយ សូមទៅការពារឲ្យមានសុវត្ថិភាព តាមអស់លោកយល់ឃើញទៅចុះ»។ ដូច្នេះ គេក៏ទៅ ហើយបិទផ្នូរចំណាំ រួចដាក់ទាហានឲ្យយាមការពារ។
ម៉ាថាយ 27:11-66 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯព្រះយេស៊ូវ ទ្រង់ឈរនៅមុខលោកចៅហ្វាយ ហើយលោកក៏ពិចារណាសួរទ្រង់ថា តើអ្នកជាស្តេចរបស់សាសន៍យូដាឬអី ព្រះយេស៊ូវ ទ្រង់មានបន្ទូលទៅលោកថា ត្រូវដូចលោកមានប្រសាសន៍ហើយ តែកាលពួកសង្គ្រាជ នឹងពួកចាស់ទុំចោទប្រកាន់ទ្រង់ នោះទ្រង់មិនបានមានបន្ទូលឆ្លើយសោះ លោកពីឡាត់ក៏ទូលសួរទ្រង់ថា តើអ្នកមិនឮរឿងទាំងប៉ុន្មាន ដែលគេចោទប្រកាន់អ្នកទេឬអី តែព្រះយេស៊ូវ ទ្រង់មិនមានបន្ទូលឆ្លើយនឹងពាក្យណាមួយរបស់លោកសោះ បានជាលោកចៅហ្វាយឆ្ងល់ខ្លាំងណាស់។ ឯនៅបុណ្យនោះ លោកចៅហ្វាយតែងធ្លាប់លែងអ្នកទោសម្នាក់ ឲ្យដល់ហ្វូងមនុស្ស តាមគេសូម នៅគ្រានោះ គេមានអ្នកទោសម្នាក់ ដែលមានល្បីឈ្មោះៗបារ៉ាបាស ដូច្នេះ កាលគេបានប្រជុំគ្នាជាស្រេច នោះលោកពីឡាត់សួរថា តើអ្នករាល់គ្នាចង់ឲ្យខ្ញុំលែងឈ្មោះណា បារ៉ាបាស ឬយេស៊ូវ ដែលហៅថា ព្រះគ្រីស្ទ ដ្បិតលោកបានជ្រាបថា គេបញ្ជូនទ្រង់ដោយចិត្តឈ្នានីសទេ កាលលោកកំពុងតែអង្គុយនៅក្នុងទីកាត់ក្តី នោះប្រពន្ធលោកប្រើបំរើមកជំរាបថា កុំឲ្យធ្វើអ្វីដល់មនុស្សសុចរិតនោះឡើយ ដ្បិតនៅថ្ងៃនេះ ខ្ញុំបានយល់សប្តិកើតទុក្ខជាច្រើន ដោយព្រោះមនុស្សនោះ តែពួកសង្គ្រាជ នឹងពួកចាស់ទុំ គេបញ្ចេះហ្វូងមនុស្ស ឲ្យសូមបារ៉ាបាសវិញ ហើយឲ្យបំផ្លាញព្រះយេស៊ូវបង់ នោះលោកចៅហ្វាយចាប់ពាក្យសួរគេថា ក្នុងមនុស្ស២នាក់នេះ តើចង់ឲ្យខ្ញុំលែងអ្នកណា គេឆ្លើយឡើងថា សូមលែងបារ៉ាបាសចុះ លោកពីឡាត់សួរគេថា ដូច្នេះ តើឲ្យខ្ញុំធ្វើអ្វីដល់យេស៊ូវ ដែលហៅជាព្រះគ្រីស្ទនេះ អ្នកទាំងអស់គ្នាក៏ឆ្លើយឡើងថា ចូរឆ្កាងវាទៅ នោះលោកចៅហ្វាយសួរថា តើអ្នកនេះបានធ្វើខុសអ្វី តែគេស្រែកកាន់តែខ្លាំងឡើងថា ចូរឆ្កាងវាទៅ កាលលោកពីឡាត់ឃើញថា មិនឈ្នះទេ កើតមានកោលាហលកាន់តែខ្លាំងឡើងដូច្នោះ នោះលោកយកទឹកមកលាងដៃ នៅមុខហ្វូងមនុស្ស ទាំងមានប្រសាសន៍ថា ខ្ញុំគ្មានទោសនឹងឈាមនៃអ្នកសុចរិតនេះទេ ការនេះស្រេចនៅអ្នករាល់គ្នាចុះ បណ្តាជនទាំងអស់គ្នាក៏ឆ្លើយឡើងថា ចូរឲ្យឈាមវាធ្លាក់មកលើយើងរាល់គ្នា នឹងកូនចៅរបស់យើងចុះ ដូច្នេះ លោកក៏លែងបារ៉ាបាសឲ្យដល់គេ ឯព្រះយេស៊ូវវិញ កាលគេបានវាយនឹងរំពាត់រួចហើយ នោះក៏បញ្ជូនទៅឲ្យគេឆ្កាងទ្រង់។ នោះពួកទាហានរបស់លោកចៅហ្វាយ គេក៏នាំព្រះយេស៊ូវទៅក្នុងសាលា រួចប្រមូលក្រុមទាហានទាំងអស់មកទាស់នឹងទ្រង់ គេដោះព្រះពស្ត្រទ្រង់ចេញ ហើយយកអាវក្រហមមកបំពាក់វិញ ក៏ក្រងភួងបន្លាបំពាក់លើព្រះសិរទ្រង់ ហើយយកដើមត្រែងដាក់នៅព្រះហស្តស្តាំ រួចគេលុតជង្គង់នៅចំពោះទ្រង់ ទាំងពោលចំអកថា ថ្វាយបង្គំស្តេចសាសន៍យូដា គេស្តោះដាក់ទ្រង់ ក៏យកដើមត្រែងនោះវាយព្រះសិរផង កាលគេបានចំអកមើលងាយទ្រង់ស្រេចហើយ ក៏ដោះអាវនោះចេញ ហើយបំពាក់ព្រះពស្ត្រទ្រង់ទៅវិញ រួចនាំចេញទៅឆ្កាង។ កាលបានចេញទៅហើយ នោះគេប្រទះឃើញមនុស្សស្រុកគីរេនម្នាក់ឈ្មោះស៊ីម៉ូន ក៏ចាប់បង្ខំឲ្យលីឈើឆ្កាងទ្រង់ទៅ លុះបានដល់កន្លែងហៅថា គាល់កូថា ដែលស្រាយថាភ្នំរលាក្បាល នោះគេយកទឹកខ្មេះលាយនឹងប្រមាត់ថ្វាយទ្រង់សោយ តែកាលទ្រង់បានភ្លក់មើល នោះទ្រង់មិនព្រមសោយទេ គ្រាបានឆ្កាងទ្រង់ហើយ នោះគេធ្វើឆ្នោតចាប់ចែកព្រះពស្ត្រទ្រង់ ដើម្បីឲ្យបានសំរេចតាមទំនាយ ដែលហោរាបានទាយទុកមកថា «គេបានយកអាវខ្ញុំចែកគ្នា ហើយបានធ្វើឆ្នោតចាប់យកអាវវែងខ្ញុំ» គេអង្គុយចាំយាមទ្រង់នៅទីនោះ ក៏បិទប្រកាសដែលកត់ទោសទ្រង់ ដាក់ពីលើព្រះសិរថា «នេះឈ្មោះយេស៊ូវ ជាស្តេចសាសន៍យូដា» នៅវេលានោះ ក៏ឆ្កាងចោរ២នាក់ជាមួយនឹងទ្រង់ដែរ ១ខាងស្តាំ ហើយ១ខាងឆ្វេង។ ឯមនុស្សដែលដើរតាមទីនោះ គេជេរប្រមាថដល់ទ្រង់ ទាំងគ្រវីក្បាល ហើយនិយាយថា ឯងដែលបំផ្លាញព្រះវិហារ ហើយសង់ឡើងវិញក្នុងរវាង៣ថ្ងៃអើយ ចូរជួយសង្គ្រោះខ្លួនចុះ បើឯងជាព្រះរាជបុត្រានៃព្រះមែន នោះឲ្យចុះពីឈើឆ្កាងមក ឯពួកសង្គ្រាជ ព្រមទាំងពួកអាចារ្យ នឹងពួកចាស់ទុំ គេក៏ចំអកឲ្យទ្រង់បែបដូច្នោះដែរ ដោយថា វាជួយសង្គ្រោះមនុស្សឯទៀតបាន តែមិនអាចនឹងជួយសង្គ្រោះដល់ខ្លួនវាបានទេ បើសិនណាវាជាស្តេចសាសន៍អ៊ីស្រាអែលមែន ចូរឲ្យវាចុះពីឈើឆ្កាងមក នោះយើងនឹងជឿដល់វា វាបានទុកចិត្តនឹងព្រះ ដូច្នេះ បើព្រះសព្វព្រះហឫទ័យនឹងវា សូមទ្រង់ជួយដោះវាឥឡូវចុះ ដ្បិតវាបានថា ខ្ញុំជាព្រះរាជបុត្រានៃព្រះ ហើយចោរ២នាក់ ដែលត្រូវឆ្កាងជាមួយនឹងទ្រង់ គេក៏ស្តីឲ្យទ្រង់ដូច្នោះដែរ។ តាំងពីថ្ងៃត្រង់ ដរាបដល់ម៉ោង៣រសៀល នោះមានងងឹតដាប គ្របពេញលើផែនដី ប្រហែលជាម៉ោង៣ នោះព្រះយេស៊ូវទ្រង់បន្លឺឡើងជាសំឡេងខ្លាំងថា អេលីៗល៉ាម៉ាសាបាច់ថានី គឺស្រាយថា ឱព្រះអង្គៗនៃទូលបង្គំអើយ ហេតុអ្វីបានជាទ្រង់ចោលទូលបង្គំ មានអ្នកខ្លះដែលឈរនៅទីនោះ កាលគេបានឮ នោះក៏និយាយថា វាស្រែកហៅរកលោកអេលីយ៉ាហើយ ស្រាប់តែមានម្នាក់រត់ទៅ យកសារាយរំហួត ជ្រលក់ទឹកខ្មេះជោកដាក់នឹងចុងដើមត្រែង ហុចទៅថ្វាយទ្រង់សោយ តែអ្នកឯទៀតនិយាយថា ឈប់សិន ចាំមើល បើលោកអេលីយ៉ាមកជួយសង្គ្រោះវា។ កាលព្រះយេស៊ូវ ទ្រង់បានស្រែកជាខ្លាំងម្តងទៀត នោះទ្រង់ប្រគល់វិញ្ញាណទ្រង់ទៅវិញ គ្រានោះ វាំងននក្នុងព្រះវិហារក៏រហែកជា២ភាគ ចាប់តាំងពីលើចុះទៅដល់ក្រោម ក៏មានកក្រើកដី ហើយថ្មប្រេះដាច់ពីគ្នា អស់ទាំងផ្នូរខ្មោចក៏របើកឡើង ឯខ្មោចពួកអ្នកបរិសុទ្ធ ដែលដេកលក់ទៅហើយ បានរស់ឡើងវិញជាច្រើន ទាំងចេញពីផ្នូរ ក្នុងពេលក្រោយដែលទ្រង់មានព្រះជន្មរស់ឡើងវិញ ហើយចូលទៅក្នុងទីក្រុងបរិសុទ្ធ លេចមកឲ្យមនុស្សជាច្រើនឃើញដែរ ឯមេទ័ពនឹងពួកអ្នកដែលចាំយាមព្រះយេស៊ូវជាមួយគ្នា កាលបានឃើញកក្រើកដី នឹងការទាំងប៉ុន្មាន ដែលកើតមកដូច្នោះ នោះក៏ភ័យញ័រជាខ្លាំង គាត់និយាយថា នេះពិតជាព្រះរាជបុត្រានៃព្រះមែន នៅទីនោះក៏មានស្ត្រីជាច្រើនដែលមកតាមព្រះយេស៊ូវ ពីស្រុកកាលីឡេ ដើម្បីបំរើទ្រង់ គេឈរមើលពីចំងាយ ក្នុងពួកស្ត្រីនោះ មានម៉ារា ជាអ្នកស្រុកម៉ាក់ដាឡា១ ម៉ារា ជាម្តាយយ៉ាកុប នឹងយ៉ូសេ១ ហើយនឹងប្រពន្ធរបស់សេបេដេ១។ ដល់ល្ងាច មានមនុស្សអ្នកមានម្នាក់ ជាសិស្សព្រះយេស៊ូវ ឈ្មោះយ៉ូសែប ដែលនៅភូមិអើរីម៉ាថេ គាត់មកដល់ បានទៅឯលោកពីឡាត់ សូមព្រះសពព្រះយេស៊ូវ លោកពីឡាត់ក៏បង្គាប់ឲ្យប្រគល់ព្រះសពដល់គាត់ រួចកាលយ៉ូសែបបានយកព្រះសពមក នោះក៏រុំនឹងសំពត់ទេសឯកយ៉ាងស្អាត ហើយបញ្ចុះក្នុងផ្នូរថ្មី ដែលគាត់បានដាប់ក្នុងថ្ម កាលគាត់បានប្រមៀលថ្ម១យ៉ាងធំទៅបិទមាត់ផ្នូរហើយ នោះក៏ចេញទៅបាត់ ឯម៉ារា ជាអ្នកស្រុកម៉ាក់ដាឡា នឹងម៉ារា១ទៀត ក៏នៅទីនោះអង្គុយប្រឈមនឹងផ្នូរ។ កាលស្អែកឡើង ក្រោយថ្ងៃរៀបបុណ្យ នោះពួកសង្គ្រាជ នឹងពួកផារិស៊ី គេមូលគ្នាទៅឯលោកពីឡាត់ជំរាបថា លោក យើងខ្ញុំនឹកចាំពីពាក្យដែលអាកំភូតនោះបាននិយាយ ពីកាលនៅរស់នៅឡើយថា ក្រោយមក៣ថ្ងៃ ខ្ញុំនឹងរស់ឡើងវិញ ដូច្នេះ សូមលោកបង្គាប់ឲ្យគេប្រុងប្រយ័តផ្នូរនោះ ដរាបដល់គំរប់៣ថ្ងៃ ក្រែងពួកសិស្សរបស់វាមកលួចយកខ្មោចវាទាំងយប់ទៅ រួចប្រាប់ដល់បណ្តាជនថា វាបានរស់ពីស្លាប់ឡើងវិញហើយ បើយ៉ាងនោះ សេចក្ដីកំភូតជាន់ក្រោយនេះ នឹងបានអាក្រក់ជាងជាន់មុនទៅទៀត លោកពីឡាត់មានប្រសាសន៍ទៅគេថា អ្នករាល់គ្នាមានអ្នកយាមល្បាតស្រាប់ហើយ ដូច្នេះ ចូរទៅរក្សាឲ្យមាំមួនតាមចិត្តចុះ រួចគេក៏ទៅបិទចំណាំធ្វើឲ្យមាំមួន ហើយដាក់គ្នាឲ្យចាំយាមផង។