ម៉ាថាយ 27:11-14
ម៉ាថាយ 27:11-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះយេស៊ូឈរនៅចំពោះមុខលោកទេសាភិបាលលោកសួរព្រះអង្គថា៖ «តើអ្នកជាស្ដេចយូដាមែនឬ?»។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «លោកទេតើដែលមានប្រសាសន៍ដូច្នេះ»។ ពួកនាយកបូជាចារ្យ* និងពួកព្រឹទ្ធាចារ្យ*នាំគ្នាចោទប្រកាន់ព្រះអង្គ តែព្រះអង្គពុំឆ្លើយអ្វីទាល់តែសោះ។ លោកពីឡាតសួរព្រះអង្គថា៖ «អ្នកមិនឮសេចក្ដីទាំងប៉ុន្មាន ដែលគេចោទប្រកាន់អ្នកទេឬ?»។ ព្រះយេស៊ូពុំបានឆ្លើយតបមួយម៉ាត់សោះឡើយ ជាហេតុនាំឲ្យលោកទេសាភិបាលងឿងឆ្ងល់ជាខ្លាំង។
ម៉ាថាយ 27:11-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅវេលានេះ ព្រះយេស៊ូវឈរនៅមុខលោកទេសាភិបាល ហើយលោកទេសាភិបាលសួរព្រះអង្គថា៖ «តើអ្នកជាស្តេចរបស់សាសន៍យូដាឬ?» ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «ត្រូវដូចលោកមានប្រសាសន៍ហើយ»។ ប៉ុន្តែ ពេលពួកសង្គ្រាជ និងពួកចាស់ទុំចោទប្រកាន់ព្រះអង្គ នោះព្រះអង្គមិនបានឆ្លើយអ្វីសោះ។ ពេលនោះ លោកពីឡាត់សួរព្រះអង្គថា៖ «តើអ្នកមិនឮសេចក្ដីទាំងប៉ុន្មានដែលគេចោទប្រកាន់អ្នកទេឬ?» ព្រះយេស៊ូវពុំបានមានព្រះបន្ទូលឆ្លើយនឹងពាក្យណាមួយរបស់លោកសោះ ជាហេតុធ្វើឲ្យលោកទេសាភិបាលឆ្ងល់ជាខ្លាំង។
ម៉ាថាយ 27:11-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯព្រះយេស៊ូវ ទ្រង់ឈរនៅមុខលោកចៅហ្វាយ ហើយលោកក៏ពិចារណាសួរទ្រង់ថា តើអ្នកជាស្តេចរបស់សាសន៍យូដាឬអី ព្រះយេស៊ូវ ទ្រង់មានបន្ទូលទៅលោកថា ត្រូវដូចលោកមានប្រសាសន៍ហើយ តែកាលពួកសង្គ្រាជ នឹងពួកចាស់ទុំចោទប្រកាន់ទ្រង់ នោះទ្រង់មិនបានមានបន្ទូលឆ្លើយសោះ លោកពីឡាត់ក៏ទូលសួរទ្រង់ថា តើអ្នកមិនឮរឿងទាំងប៉ុន្មាន ដែលគេចោទប្រកាន់អ្នកទេឬអី តែព្រះយេស៊ូវ ទ្រង់មិនមានបន្ទូលឆ្លើយនឹងពាក្យណាមួយរបស់លោកសោះ បានជាលោកចៅហ្វាយឆ្ងល់ខ្លាំងណាស់។