ម៉ាថាយ 26:6-13

ម៉ាថាយ 26:6-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​ព្រះ‌យេស៊ូវ​កំពុង​គង់​នៅ​ភូមិ​បេតថានី ក្នុង​ផ្ទះ​របស់​ស៊ីម៉ូន ជា​មនុស្ស​ឃ្លង់ នោះ​មាន​ស្ត្រី​ម្នាក់​ចូល​មក​គាល់​ព្រះ‌អង្គ​ទាំង​កាន់​ដប​ថ្ម​កែវ​មួយ ដាក់​ប្រេង​ក្រអូប​ដ៏​មាន​តម្លៃ​បំផុត ហើយ​ចាក់​ប្រេង​ក្រអូប​នោះ​លើ​ព្រះ‌សិរ​របស់​ព្រះ‌អង្គ ពេល​ទ្រង់​កំពុង​គង់​នៅ​តុ​អាហារ។ ពេល​ពួក​សិស្ស​ឃើញ​ដូច្នោះ គេ​ទាស់​ចិត្ត​ជា​ខ្លាំង ហើយ​ពោល​ថា៖ «ហេតុ​អ្វី​ក៏​ខ្ជះ‌ខ្ជាយ​ដូច្នេះ? ដ្បិត​ប្រេង​នេះ​អាច​យក​ទៅ​លក់​បាន​តម្លៃ​យ៉ាង​ខ្ពស់ ហើយ​យក​ប្រាក់​ទៅ​ចែក​ទាន​ឲ្យ​អ្នក​ក្រ​វិញ»។ ប៉ុន្តែ ព្រះ‌យេស៊ូវ​ជ្រាប​ពី​ការ​នោះ ហើយ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រំខាន​ចិត្ត​នាង​ដូច្នេះ? ដ្បិត​នាង​បាន​ធ្វើ​ការ​ល្អ​ចំពោះ​ខ្ញុំ។ អ្នក​រាល់​គ្នា​មាន​អ្នក​ក្រ​នៅ​ជា​មួយ​រហូត តែ​ខ្ញុំ​មិន​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​រហូត​ទេ។ ការ​ដែល​នាង​បាន​ចាក់​ប្រេង​ក្រអូប​លើ​រូប‌កាយ​ខ្ញុំ​ដូច្នេះ នាង​បាន​រៀបចំ​សម្រាប់​ពិធី​បញ្ចុះ​សព​របស់​ខ្ញុំ។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា នៅ​ក្នុង​ពិភព​លោក​ទាំង​មូល ទី​ណា​ដែល​ដំណឹង​ល្អ​នេះ​ប្រកាស​ទៅ​ដល់ នោះ​គេ​នឹង​តំណាល​ពី​ការ​ដែល​នាង​បាន​ធ្វើ ជា​ការ​រំឭក​អំពី​នាង»។

ចែក​រំលែក
អាន ម៉ាថាយ 26

ម៉ាថាយ 26:6-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌យេស៊ូ​គង់​នៅ​ភូមិ​បេតថា‌នី ក្នុង​ផ្ទះ​បុរស​ម្នាក់​ឈ្មោះ​ស៊ីម៉ូន ជា​មនុស្ស​ឃ្លង់។ មាន​ស្ត្រី​ម្នាក់​ចូល​មក​រក​ព្រះអង្គ ទាំង​កាន់​ដប​ថ្ម​កែវ​ផង។ នៅ​ក្នុង​ដប​នោះ​មាន​ប្រេង​ក្រអូប​ដ៏​មាន​តម្លៃ​លើស‌លុប។ ពេល​ព្រះ‌យេស៊ូ​កំពុង​សោយ​ព្រះ‌ស្ងោយ នាង​យក​ប្រេង​ក្រអូប​នោះ​ចាក់​លើ​ព្រះ‌សិរសា​ព្រះអង្គ។ ពួក​សិស្ស*​ឃើញ​ដូច្នេះ​ទាស់​ចិត្ត​ជា​ខ្លាំង ហើយ​ពោល​ថា៖ «ម្ដេច​ក៏​ខ្ជះ‌ខ្ជាយ​អីចឹង! បើ​យក​ប្រេង​ក្រអូប​នេះ​ទៅ​លក់​មុខ​ជា​បាន​ប្រាក់​ច្រើន សម្រាប់​ចែក​ទាន​ដល់​ជន​ក្រីក្រ​វិញ!»។ ព្រះ‌យេស៊ូ​ជ្រាប​គំនិត​របស់​គេ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ហេតុ​អ្វី​បាន​ជា​រក​រឿង​នាង​ដូច្នេះ! នាង​បាន​ធ្វើ​អំពើ​ដ៏​ល្អ​ចំពោះ​ខ្ញុំ។ អ្នក​រាល់​គ្នា​មាន​ជន​ក្រីក្រ​នៅ​ជា​មួយ​រហូត រីឯ​ខ្ញុំ​វិញ ខ្ញុំ​មិន​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​រហូត​ទេ។ នាង​បាន​ចាក់​ប្រេង​លាប​រូប​កាយ​ខ្ញុំ​ដូច្នេះ ដើម្បី​ធ្វើ​ពិធី​បញ្ចុះ​សព​ខ្ញុំ​ទុក​ជា​មុន។ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា គ្រប់​ទី​កន្លែង​ក្នុង​ពិភព​លោក​ទាំង​មូល កាល​ណា​គេ​ប្រកាស​ដំណឹង‌ល្អ*​នេះ គេ​ក៏​នឹង​តំណាល​អំពី​កិច្ចការ​ដែល​នាង​បាន​ធ្វើ​នេះ​ដែរ ដើម្បី​រំឭក​អំពី​នាង»។

ចែក​រំលែក
អាន ម៉ាថាយ 26

ម៉ាថាយ 26:6-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រីឯ​កាល​ព្រះ‌យេស៊ូវ​ទ្រង់​គង់​ក្នុង​ផ្ទះ​ស៊ីម៉ូន ជា​អ្នក​ឃ្លង់​នៅ​ភូមិ​បេថានី នោះ​មាន​ស្ត្រី​ម្នាក់​មក​ឯ​ទ្រង់ កាន់​ទាំង​ដប​ថ្ម​កែវ ដាក់​ប្រេង​ក្រអូប​មាន​ដំឡៃ​ដ៏​វិសេស នាង​ក៏​ចាក់​ប្រេង​នោះ​លើ​ព្រះ‌សិរ​ទ្រង់ ដែល​ទ្រង់​កំពុង​តែ​គង់​នៅ​តុ តែ​កាល​ពួក​សិស្ស​ទ្រង់​ឃើញ គេ​ក៏​នឹក​តូច​ចិត្ត ហើយ​និយាយ​ថា ធ្វើ​បង្ខាត​ដូច្នេះ តើ​មាន​ប្រយោជន៍​អ្វី ដ្បិត​ប្រេង​នេះ​នឹង​លក់​បាន​ប្រាក់​ជា​ច្រើន ដើម្បី​នឹង​ចែក​ឲ្យ​ដល់​មនុស្ស​ក្រីក្រ តែ​ព្រះ‌យេស៊ូវ​ទ្រង់​ជ្រាប ហើយ​ក៏​មាន​បន្ទូល​ទៅ​គេ​ថា ហេតុ​អ្វី​បាន​ជា​បង្អាក់​ដល់​ចិត្ត​នាង​ដូច្នេះ ដ្បិត​នាង​បាន​ធ្វើ​ការ​ល្អ​ដល់​ខ្ញុំ​ណាស់ ពី​ព្រោះ​អ្នក​រាល់​គ្នា​មាន​ពួក​អ្នក​ក្រ​នៅ​ជា​មួយ​ជា​ដរាប តែ​ខ្ញុំ​មិន​នៅ​ជា​មួយ​ជា​ដរាប​ទេ ដែល​នាង​នេះ​បាន​ចាក់​ប្រេង​ក្រអូប​លើ​ខ្លួន​ខ្ញុំ នោះ​គឺ​បាន​ធ្វើ​សំរាប់​រៀប​កប់​ខ្មោច​ខ្ញុំ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា កន្លែង​ណា​ដែល​គេ​នឹង​ប្រកាស​ប្រាប់​ដំណឹង​ល្អ​នេះ នៅ​គ្រប់​ក្នុង​លោកីយ​ទាំង​មូល នោះ​គេ​នឹង​ដំណាល​ពី​ការ​ដែល​នាង​បាន​ធ្វើ​នេះ​ដែរ ទុក​សំរាប់​ជា​កេរ្តិ៍​នាង។

ចែក​រំលែក
អាន ម៉ាថាយ 26

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ