ម៉ាថាយ 26:47-55

ម៉ាថាយ 26:47-55 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កាល​ព្រះ‌អង្គ​កំពុង​មាន​ព្រះ‌បន្ទូល​នៅ​ឡើយ នោះ​យូដាស ជា​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​ដប់​ពីរ​ក៏​មក​ដល់ ទាំង​មាន​មនុស្ស​ជា​ច្រើន​កាន់​ដាវ និង​ដំបង​មក​ជា​មួយ។ អ្នក​ទាំង​នោះ​ត្រូវ​បាន​ពួក​សង្គ្រាជ និង​ពួក​ចាស់​ទុំ​របស់​ប្រជា‌ជន​ចាត់​ឲ្យ​មក។ អ្នក​ដែល​ក្បត់​ព្រះ‌អង្គ​បាន​ឲ្យ​សញ្ញា​មួយ​ដល់​គេ ដោយ​និយាយ​ថា៖ «ខ្ញុំ​ថើប​អ្នក​ណា គឺ​អ្នក​នោះ​ហើយ សុំ​ចាប់​គាត់​ទៅ!» យូដាស​ក៏​ចូល​មក​រក​ព្រះ‌យេស៊ូវ​ភ្លាម ហើយ​ទូល​ថា៖ «ជម្រាប​សួរ​រ៉ាប៊ី!» រួច​ក៏​ថើប​ព្រះ‌អង្គ។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «សម្លាញ់​អើយ អ្នក​មក​នេះ​ចង់​ធ្វើ​អ្វី ចូរ​ធ្វើ​ទៅ​ចុះ!» ពេល​នោះ គេ​ក៏​ចូល​មក​ចាប់​ព្រះ‌អង្គ។ ខណៈ​នោះ មាន​ម្នាក់​ក្នុង​ចំណោម​ពួក​អ្នក​ដែល​នៅ​ជា​មួយ​ព្រះ‌យេស៊ូវ​លូក​ដៃ​ហូត​ដាវ​របស់​ខ្លួន ហើយ​កាប់​អ្នក​បម្រើ​របស់​សម្ដេច​សង្ឃ ដាច់​ស្លឹក​ត្រចៀក។ ពេល​នោះ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ចូរ​ស៊ក​ដាវ​អ្នក​ទៅ​ក្នុង​ស្រោម​វិញ​ទៅ ដ្បិត​អស់​អ្នក​ដែល​ប្រើ​ដាវ នឹង​ត្រូវ​ស្លាប់​ដោយ​ដាវ។ តើ​អ្នក​ស្មាន​ថា ខ្ញុំ​មិន​អាច​សូម​ដល់​ព្រះ‌វរបិតា​ខ្ញុំ ហើយ​ព្រះ‌អង្គ​នឹង​ចាត់​ទេវតា​លើស​ជាង​ដប់​ពីរ​កង មក​ជួយ​ខ្ញុំ​បាន​ភ្លាម​ទេ​ឬ? បើ​ធ្វើ​ដូច្នោះ តើ​បទ​គម្ពីរ​នឹង​សម្រេច​ដូច​ម្ដេច​បាន ដែល​ថា ហេតុ‌ការណ៍​នេះ​ត្រូវ​តែ​កើត​ឡើង​យ៉ាង​នេះ?» នៅ​វេលា​នោះ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​បណ្តា‌ជន​ថា៖ «តើ​ខ្ញុំ​នេះ​ជា​ចោរ​ឬ បាន​ជា​អ្នក​រាល់​គ្នា​ចេញ​មក​ចាប់​ខ្ញុំ ទាំង​កាន់​ដាវ កាន់​ដំបង​ដូច្នេះ? រាល់​ថ្ងៃ ខ្ញុំ​អង្គុយ​បង្រៀន​នៅ​ក្នុង​ព្រះ‌វិហារ តែ​អ្នក​រាល់​គ្នា​មិន​បាន​ចាប់​ខ្ញុំ​ទេ

ចែក​រំលែក
អាន ម៉ាថាយ 26

ម៉ាថាយ 26:47-55 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះអង្គ​កំពុង​តែ​មាន​ព្រះ‌បន្ទូល​នៅ​ឡើយ ស្រាប់​តែ​យូដាស​ជា​សិស្ស*​ម្នាក់ ក្នុង​ចំណោម​សិស្ស​ទាំង​ដប់‌ពីរ​មក​ដល់ ទាំង​មាន​បណ្ដា‌ជន​ជា​ច្រើន​កាន់​ដាវ កាន់​ដំបង​មក​ជា​មួយ​ផង។ ពួក​នាយក​បូជា‌ចារ្យ* និង​ពួក​ព្រឹទ្ធា‌ចារ្យ*​របស់​ប្រជា‌ជន​បាន​ចាត់​អ្នក​ទាំង​នោះ​ឲ្យ​មក។ យូដាស​ដែល​នាំ​គេ​មក​ចាប់​ព្រះ‌យេស៊ូ បាន​សន្មត​ជា​មួយ​គេ​នូវ​សញ្ញា​មួយ​ថា៖ «ខ្ញុំ​ថើប​អ្នក​ណា គឺ​អ្នក​នោះ​ហើយ សុំ​ចាប់​គាត់​ទៅ!»។ កាល​យូដាស​មក​ដល់​ភ្លាម គាត់​ដើរ​តម្រង់​មក​រក​ព្រះ‌យេស៊ូ​ទូល​ថា៖ «ជម្រាប​សួរ​ព្រះ‌គ្រូ!» រួច​ថើប​ព្រះអង្គ។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «សម្លាញ់​អើយ អ្នក​មក​នេះ​ចង់​ធ្វើ​អ្វី ធ្វើ​ទៅ​ចុះ!»។ ពេល​នោះ បណ្ដា‌ជន​ក៏​នាំ​គ្នា​ចូល​មក​ចាប់​ព្រះអង្គ។ មាន​ម្នាក់​ក្នុង​ចំណោម​ពួក​អ្នក​ដែល​នៅ​ជា​មួយ​ព្រះ‌យេស៊ូ បាន​ហូត​ដាវ​កាប់​អ្នក​បម្រើ​របស់​លោក​មហា​បូជា‌ចារ្យ* ដាច់​ស្លឹក​ត្រចៀក។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​អ្នក​នោះ​ថា៖ «ស៊ក​ដាវ​អ្នក​ទៅ​ក្នុង​ស្រោម​វិញ​ទៅ ដ្បិត​អស់​អ្នក​ដែល​ប្រើ​ដាវ​នឹង​ត្រូវ​ស្លាប់​ដោយ​មុខ​ដាវ​ជា​មិន​ខាន។ អ្នក​ស្មាន​ថា ខ្ញុំ​មិន​អាច​អង្វរ‌ករ​ព្រះ‌បិតា​ខ្ញុំ​ឲ្យ​ចាត់​ទេវតា​ជាង​ដប់‌ពីរ​កង‌ពល មក​ជួយ​ខ្ញុំ​បាន​ភ្លាមៗ​ទេ​ឬ? តែ​បើ​ធ្វើ​ដូច្នោះ ធ្វើ​ម្ដេច​នឹង​បាន​ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ អំពី​ហេតុ‌ការណ៍​ដែល​ត្រូវ​តែ​កើត​ឡើង​យ៉ាង​នេះ!»។ ពេល​នោះ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​មហា‌ជន​ថា៖ «ខ្ញុំ​ជា​ចោរ​ព្រៃ​ឬ បាន​ជា​អស់​លោក​កាន់​ដាវ​កាន់​ដំបង​មក​ចាប់​ខ្ញុំ​ដូច្នេះ? ខ្ញុំ​តែង​អង្គុយ​បង្រៀន​នៅ​ក្នុង​ព្រះ‌វិហារ*​ជា​រៀង​រាល់​ថ្ងៃ តែ​អស់​លោក​ពុំ​បាន​ចាប់​ខ្ញុំ​ទេ»។

ចែក​រំលែក
អាន ម៉ាថាយ 26

ម៉ាថាយ 26:47-55 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​ទ្រង់​កំពុង​តែ​មាន​បន្ទូល​នៅ​ឡើយ នោះ​ឃើញ​យូដាស ជា​ម្នាក់​ក្នុង​ពួក​១២​មក​ដល់ នាំ​ទាំង​ហ្វូង​មនុស្ស​ជា​ធំ ដែល​កាន់​ដាវ កាន់​ដំបង មក​ពី​ពួក​សង្គ្រាជ​នឹង​ពួក​ចាស់‌ទុំ​នៃ​បណ្តាជន ឯ​អ្នក​ដែល​បញ្ជូន​ទ្រង់ ក៏​ប្រាប់​ទី​សំគាល់​នេះ​ដល់​គេ​ថា អ្នក​ណា​ដែល​ខ្ញុំ​ថើប គឺ​អ្នក​នោះ​ហើយ ចូរ​ចាប់​វា​ចុះ ស្រាប់​តែ​វា​មក​ដល់​ព្រះ‌យេស៊ូវ​គំនាប់​ទូល​ថា ជំរាប​សួរ​លោក​គ្រូ រួច​ក៏​ថើប​ទ្រង់ តែ​ព្រះ‌យេស៊ូវ​ទ្រង់​មាន​បន្ទូល​តប​ថា សំឡាញ់​អើយ ឯង​មក​ធ្វើ​អី នោះ​គេ​ក៏​មក​លូក​ដៃ​ចាប់​ព្រះ‌អង្គ ខណ​នោះ មាន​ម្នាក់​ដែល​នៅ​ជា​មួយ​នឹង​ព្រះ‌យេស៊ូវ គាត់​លូក​ដៃ​ទៅ​ហូត​ដាវ កាប់​ដាច់​ស្លឹក​ត្រចៀក​របស់​បាវ​សំដេច​សង្ឃ​ម្នាក់ តែ​ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​ថា ចូរ​ស៊ក​ដាវ​អ្នក​ទៅ​ក្នុង​ស្រោម​វិញ​ទៅ ដ្បិត​អស់​អ្នក​ដែល​យក​ដាវ នោះ​ត្រូវ​ស្លាប់​ដោយ​ដាវ​ដែរ តើ​អ្នក​ស្មាន​ថា ខ្ញុំ​មិន​អាច​នឹង​សូម​ដល់​ព្រះវរ‌បិតា​ខ្ញុំ​ឥឡូវ ដែល​ទ្រង់​នឹង​ចាត់​ពួក​ទេវតា​១២​កង​មក​ខ្ញុំ​ជា​១​រំពេច​ទេ​ឬ​អី បើ​យ៉ាង​នោះ ធ្វើ​ដូច​ម្តេច​នឹង​បាន​សំរេច​តាម​គម្ពីរ ដែល​ថា​ត្រូវ​តែ​កើត​មាន​ដូច្នេះ។ នៅ​វេលា​នោះ​ឯង ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​ហ្វូង​មនុស្ស​ថា តើ​អ្នក​រាល់​គ្នា​បាន​ចេញ​មក​ចាប់​ខ្ញុំ ដោយ​កាន់​ដាវ កាន់​ដំបង ដូច​ជា​មក​ចាប់​ចោរ​ឬ​អី ខ្ញុំ​បាន​អង្គុយ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា ហើយ​បង្រៀន​ក្នុង​ព្រះ‌វិហារ​រាល់​តែ​ថ្ងៃ តែ​អ្នក​រាល់​គ្នា​មិន​បាន​ចាប់​ខ្ញុំ​ទេ

ចែក​រំលែក
អាន ម៉ាថាយ 26

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ