ម៉ាថាយ 26:36-56
ម៉ាថាយ 26:36-56 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលនោះ ព្រះយេស៊ូវយាងទៅជាមួយពួកសិស្ស ដល់កន្លែងមួយឈ្មោះ សួនគែតសេម៉ានី ហើយព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ចូរអង្គុយនៅទីនេះចុះ នៅពេលខ្ញុំទៅអធិស្ឋាននៅទីនោះ»។ ព្រះអង្គយកពេត្រុស និងកូនរបស់សេបេដេទាំងពីរនាក់ទៅជាមួយ។ ព្រះអង្គចាប់ផ្ដើមមានព្រះហឫទ័យព្រួយ ហើយតប់ប្រមល់ជាខ្លាំង ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំព្រួយចិត្តខ្លាំងណាស់ ស្ទើរតែនឹងស្លាប់ ចូរនៅទីនេះ ហើយចាំយាម ជាមួយខ្ញុំ»។ កាលយាងទៅមុខបានបន្តិច ព្រះអង្គក៏ក្រាបចុះព្រះភក្ត្រដល់ដី ហើយអធិស្ឋានថា៖ «ឱព្រះវរបិតារបស់ទូលបង្គំអើយ! ប្រសិនបើបាន សូមឲ្យពែងនេះចៀសផុតពីទូលបង្គំទៅ ប៉ុន្តែ កុំតាមចិត្តទូលបង្គំឡើយ គឺតាមព្រះហឫទ័យព្រះអង្គវិញ»។ បន្ទាប់មក ព្រះអង្គយាងត្រឡប់មករកពួកសិស្ស ហើយឃើញគេកំពុងដេកលក់ ព្រះអង្គក៏មានព្រះបន្ទូលទៅពេត្រុសថា៖ «តើអ្នករាល់គ្នាទ្រាំនៅចាំយាមជាមួយខ្ញុំ សូម្បីតែមួយម៉ោងមិនបានទេឬ? ចូរចាំយាម ហើយអធិស្ឋាន ដើម្បីកុំឲ្យធ្លាក់ទៅក្នុងសេចក្តីល្បួង ដ្បិតវិញ្ញាណប្រុងប្រៀបជាស្រេចមែន តែសាច់ឈាមខ្សោយទេ»។ ព្រះអង្គយាងចេញទៅម្តងទៀត ជាលើកទីពីរ ហើយអធិស្ឋានថា៖ «ឱព្រះវរបិតារបស់ទូលបង្គំអើយ ប្រសិនបើទូលបង្គំត្រូវតែផឹកពីពែងនេះ ដោយចៀសពុំបាន សូមឲ្យបានសម្រេចតាមព្រះហឫទ័យរបស់ព្រះអង្គចុះ»។ កាលព្រះអង្គយាងត្រឡប់មកវិញ ព្រះអង្គឃើញពួកគេដេកលក់ទៀត ដ្បិតភ្នែករបស់គេធ្ងន់ជ្រប់។ ដូច្នេះ ព្រះអង្គក៏យាងចេញពីពួកគេម្តងទៀត ហើយអធិស្ឋានជាលើកទីបី ដោយមានព្រះបន្ទូលជាពាក្យដដែល។ បន្ទាប់មក ព្រះអង្គយាងមករកពួកសិស្ស ហើយមានព្រះបន្ទូលទៅគេថា៖ «តើអ្នករាល់គ្នានៅតែដេកលក់ ហើយសម្រាកទៀតឬ? មើល៍ ពេលកំណត់ជិតដល់ហើយ កូនមនុស្សត្រូវគេបញ្ជូនទៅក្នុងកណ្តាប់ដៃរបស់មនុស្សបាប។ ចូរក្រោកឡើង យើងនាំគ្នាទៅ! មើល៍ អ្នកក្បត់ខ្ញុំមកជិតដល់ហើយ»។ កាលព្រះអង្គកំពុងមានព្រះបន្ទូលនៅឡើយ នោះយូដាស ជាម្នាក់ក្នុងចំណោមអ្នកទាំងដប់ពីរក៏មកដល់ ទាំងមានមនុស្សជាច្រើនកាន់ដាវ និងដំបងមកជាមួយ។ អ្នកទាំងនោះត្រូវបានពួកសង្គ្រាជ និងពួកចាស់ទុំរបស់ប្រជាជនចាត់ឲ្យមក។ អ្នកដែលក្បត់ព្រះអង្គបានឲ្យសញ្ញាមួយដល់គេ ដោយនិយាយថា៖ «ខ្ញុំថើបអ្នកណា គឺអ្នកនោះហើយ សុំចាប់គាត់ទៅ!» យូដាសក៏ចូលមករកព្រះយេស៊ូវភ្លាម ហើយទូលថា៖ «ជម្រាបសួររ៉ាប៊ី!» រួចក៏ថើបព្រះអង្គ។ ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «សម្លាញ់អើយ អ្នកមកនេះចង់ធ្វើអ្វី ចូរធ្វើទៅចុះ!» ពេលនោះ គេក៏ចូលមកចាប់ព្រះអង្គ។ ខណៈនោះ មានម្នាក់ក្នុងចំណោមពួកអ្នកដែលនៅជាមួយព្រះយេស៊ូវលូកដៃហូតដាវរបស់ខ្លួន ហើយកាប់អ្នកបម្រើរបស់សម្ដេចសង្ឃ ដាច់ស្លឹកត្រចៀក។ ពេលនោះ ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «ចូរស៊កដាវអ្នកទៅក្នុងស្រោមវិញទៅ ដ្បិតអស់អ្នកដែលប្រើដាវ នឹងត្រូវស្លាប់ដោយដាវ។ តើអ្នកស្មានថា ខ្ញុំមិនអាចសូមដល់ព្រះវរបិតាខ្ញុំ ហើយព្រះអង្គនឹងចាត់ទេវតាលើសជាងដប់ពីរកង មកជួយខ្ញុំបានភ្លាមទេឬ? បើធ្វើដូច្នោះ តើបទគម្ពីរនឹងសម្រេចដូចម្ដេចបាន ដែលថា ហេតុការណ៍នេះត្រូវតែកើតឡើងយ៉ាងនេះ?» នៅវេលានោះ ព្រះយេស៊ូវមានព្រះបន្ទូលទៅកាន់បណ្តាជនថា៖ «តើខ្ញុំនេះជាចោរឬ បានជាអ្នករាល់គ្នាចេញមកចាប់ខ្ញុំ ទាំងកាន់ដាវ កាន់ដំបងដូច្នេះ? រាល់ថ្ងៃ ខ្ញុំអង្គុយបង្រៀននៅក្នុងព្រះវិហារ តែអ្នករាល់គ្នាមិនបានចាប់ខ្ញុំទេ ប៉ុន្តែ ការទាំងអស់នេះបានកើតមក ដើម្បីឲ្យបានសម្រេចសេចក្ដីដែលពួកហោរាបានចែងទុកនៅក្នុងបទគម្ពីរ»។ ពេលនោះ ពួកសិស្សទាំងអស់ក៏រត់ចោលព្រះអង្គ ហើយគេចខ្លួនអស់ទៅ។
ម៉ាថាយ 26:36-56 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលនោះ ព្រះយេស៊ូយាងទៅជាមួយពួកសិស្ស*ដល់កន្លែងមួយ ឈ្មោះកេតសេម៉ានី ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «អ្នករាល់គ្នាអង្គុយនៅទីនេះសិន ចាំខ្ញុំទៅអធិស្ឋាន*នៅត្រង់កន្លែងនោះ»។ ព្រះអង្គនាំលោកពេត្រុស និងកូនរបស់លោកសេបេដេទាំងពីរនាក់ទៅជាមួយ។ ពេលនោះ ព្រះអង្គចាប់ផ្ដើមព្រួយព្រះហឫទ័យ ហើយចុកចាប់អន្ទះសាពន់ប្រមាណ ព្រះអង្គមានព្រះបន្ទូលទៅកាន់អ្នកទាំងបីថា៖ «ខ្ញុំព្រួយចិត្តយ៉ាងខ្លាំងស្ទើរតែស្លាប់ អ្នករាល់គ្នានៅទីនេះសិនហើយ ចូរប្រុងស្មារតី ជាមួយខ្ញុំ»។ ព្រះអង្គយាងទៅមុខបន្ដិច ក្រាបព្រះភ័ក្ត្រដល់ដី ទូលអង្វរថា៖ «ឱព្រះបិតាអើយ! ប្រសិនបើបាន សូមឲ្យពែងនៃទុក្ខលំបាក នេះចេញឆ្ងាយពីទូលបង្គំទៅ ប៉ុន្តែ សូមកុំធ្វើតាមបំណងទូលបង្គំឡើយ គឺសូមឲ្យបានសម្រេចតាមព្រះហឫទ័យរបស់ព្រះអង្គវិញ»។ ព្រះអង្គយាងមករកពួកសិស្ស ឃើញគេកំពុងតែដេកលក់ ព្រះអង្គមានព្រះបន្ទូលទៅលោកពេត្រុសថា៖ «អ្នករាល់គ្នាមិនស៊ូទ្រាំប្រុងស្មារតីជាមួយខ្ញុំ សូម្បីតែមួយម៉ោងក៏មិនបានដែរឬ!។ ចូរប្រុងស្មារតី ហើយអធិស្ឋាន* កុំឲ្យចាញ់ការល្បួងឡើយ។ វិញ្ញាណរបស់មនុស្សប្រុងប្រៀបជាស្រេចមែន តែគេនៅទន់ខ្សោយ ព្រោះនិស្ស័យលោកីយ៍»។ ព្រះអង្គយាងចេញទៅម្ដងទៀតជាលើកទីពីរ ហើយទូលអង្វរថា៖ «ឱព្រះបិតាអើយ ប្រសិនបើទូលបង្គំត្រូវតែទទួលពែងនៃទុក្ខលំបាកនេះចៀសពុំបានទេនោះ សូមឲ្យសម្រេចតាមព្រះហឫទ័យរបស់ព្រះអង្គចុះ!»។ ព្រះយេស៊ូវិលត្រឡប់ទៅរកពួកសិស្សម្ដងទៀត ឃើញគេដេកលក់ ដ្បិតគេងងុយពេក បើកភ្នែកពុំរួចសោះ។ ព្រះអង្គក៏យាងចាកចេញពីគេទៅអធិស្ឋាន*ជាលើកទីបី ហើយទូលអង្វរដោយពាក្យដដែល។ បន្ទាប់មក ព្រះអង្គវិលមករកសិស្សវិញ មានព្រះបន្ទូលទៅគេថា៖ «អ្នករាល់គ្នានៅតែដេកលក់ អ្នករាល់គ្នាសម្រាកដល់អង្កាល់ទៀត? ឥឡូវនេះ ជិតដល់ពេលកំណត់ដែលបុត្រមនុស្សត្រូវគេបញ្ជូនទៅក្នុងកណ្ដាប់ដៃរបស់មនុស្សបាបហើយ។ ចូរក្រោកឡើង! យើងនាំគ្នាទៅ ដ្បិតអ្នកដែលនាំគេមកចាប់ខ្ញុំ មកជិតដល់ហើយ!»។ ព្រះអង្គកំពុងតែមានព្រះបន្ទូលនៅឡើយ ស្រាប់តែយូដាសជាសិស្ស*ម្នាក់ ក្នុងចំណោមសិស្សទាំងដប់ពីរមកដល់ ទាំងមានបណ្ដាជនជាច្រើនកាន់ដាវ កាន់ដំបងមកជាមួយផង។ ពួកនាយកបូជាចារ្យ* និងពួកព្រឹទ្ធាចារ្យ*របស់ប្រជាជនបានចាត់អ្នកទាំងនោះឲ្យមក។ យូដាសដែលនាំគេមកចាប់ព្រះយេស៊ូ បានសន្មតជាមួយគេនូវសញ្ញាមួយថា៖ «ខ្ញុំថើបអ្នកណា គឺអ្នកនោះហើយ សុំចាប់គាត់ទៅ!»។ កាលយូដាសមកដល់ភ្លាម គាត់ដើរតម្រង់មករកព្រះយេស៊ូទូលថា៖ «ជម្រាបសួរព្រះគ្រូ!» រួចថើបព្រះអង្គ។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «សម្លាញ់អើយ អ្នកមកនេះចង់ធ្វើអ្វី ធ្វើទៅចុះ!»។ ពេលនោះ បណ្ដាជនក៏នាំគ្នាចូលមកចាប់ព្រះអង្គ។ មានម្នាក់ក្នុងចំណោមពួកអ្នកដែលនៅជាមួយព្រះយេស៊ូ បានហូតដាវកាប់អ្នកបម្រើរបស់លោកមហាបូជាចារ្យ* ដាច់ស្លឹកត្រចៀក។ ព្រះយេស៊ូមានព្រះបន្ទូលទៅអ្នកនោះថា៖ «ស៊កដាវអ្នកទៅក្នុងស្រោមវិញទៅ ដ្បិតអស់អ្នកដែលប្រើដាវនឹងត្រូវស្លាប់ដោយមុខដាវជាមិនខាន។ អ្នកស្មានថា ខ្ញុំមិនអាចអង្វរករព្រះបិតាខ្ញុំឲ្យចាត់ទេវតាជាងដប់ពីរកងពល មកជួយខ្ញុំបានភ្លាមៗទេឬ? តែបើធ្វើដូច្នោះ ធ្វើម្ដេចនឹងបានស្របតាមសេចក្ដីដែលមានចែងទុកក្នុងគម្ពីរ អំពីហេតុការណ៍ដែលត្រូវតែកើតឡើងយ៉ាងនេះ!»។ ពេលនោះ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់មហាជនថា៖ «ខ្ញុំជាចោរព្រៃឬ បានជាអស់លោកកាន់ដាវកាន់ដំបងមកចាប់ខ្ញុំដូច្នេះ? ខ្ញុំតែងអង្គុយបង្រៀននៅក្នុងព្រះវិហារ*ជារៀងរាល់ថ្ងៃ តែអស់លោកពុំបានចាប់ខ្ញុំទេ»។ ហេតុការណ៍ទាំងនេះកើតឡើង ដើម្បីឲ្យស្របតាមសេចក្ដី ដែលមានចែងទុកក្នុងគម្ពីរព្យាការី*។ ពេលនោះ ពួកសិស្សនាំគ្នាបោះបង់ចោលព្រះអង្គ ហើយរត់បាត់អស់ទៅ។
ម៉ាថាយ 26:36-56 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះព្រះយេស៊ូវ ព្រមទាំងពួកសិស្ស ក៏ទៅដល់កន្លែងហៅថា ច្បារគែតសេម៉ានី ហើយទ្រង់មានបន្ទូលទៅគេថា ចូរអង្គុយនៅទីនេះសិន ចាំខ្ញុំនឹងទៅអធិស្ឋាននៅឯណោះ រួចទ្រង់យកពេត្រុស នឹងកូនសេបេដេទាំង២នាក់ទៅជាមួយផង ទ្រង់ចាប់តាំងមានព្រះហឫទ័យព្រួយ ហើយតប់ប្រមល់ជាខ្លាំង ក៏មានបន្ទូលទៅគេថា ចិត្តខ្ញុំព្រួយពន់ពេក ស្ទើរតែនឹងស្លាប់ ចូរនៅទីនេះ ចាំយាមជាមួយនឹងខ្ញុំសិន កាលទ្រង់បានយាងទៅមុខបន្តិចទៀត នោះទ្រង់ទំលាក់អង្គ ផ្កាប់ព្រះភក្ត្រចុះអធិស្ឋានថា ឱព្រះវរបិតានៃទូលបង្គំអើយ បើសិនជាបាន នោះសូមឲ្យពែងនេះកន្លងហួសពីទូលបង្គំទៅ ប៉ុន្តែ កុំតាមចិត្តទូលបង្គំឡើយ សូមតាមតែព្រះហឫទ័យទ្រង់វិញ នោះទ្រង់យាងមកដល់ពួកសិស្ស ឃើញគេដេកលក់ ក៏មានបន្ទូលទៅពេត្រុសថា ដូច្នេះ តើអ្នករាល់គ្នាចាំយាមជាមួយនឹងខ្ញុំតែ១ម៉ោងមិនបានទេឬអី ចូរចាំយាម ហើយអធិស្ឋានចុះ ដើម្បីមិនឲ្យកើតសេចក្ដីល្បួងនាំចិត្តឡើយ ឯវិញ្ញាណ ក៏ប្រុងជាស្រេចមែន តែសាច់ឈាមខ្សោយទេ កាលទ្រង់បានយាងទៅម្តងទៀត នោះក៏អធិស្ឋានថា ឱព្រះវរបិតានៃទូលបង្គំអើយ បើសិនជាពែងនេះកន្លងហួសពីទូលបង្គំទៅពុំបាន លើកតែទូលបង្គំទទួល នោះសូមតាមព្រះហឫទ័យទ្រង់ចុះ កាលទ្រង់បានយាងមកវិញ នោះក៏ឃើញពួកសិស្សដេកលក់ទៀត ដ្បិតភ្នែកគេធ្ងន់ជ្រប់ រួចទ្រង់យាងចោលគេទៅម្តងទៀត នឹងអធិស្ឋានជាគំរប់៣ដង ដោយបន្ទូលជាសេចក្ដីដដែល នោះទ្រង់យាងមកឯពួកសិស្សមានបន្ទូលថា ឥឡូវនេះ អ្នករាល់គ្នាដេកលក់ ហើយសំរាកកំឡាំងទៀតឬ មើល កំណត់ជិតដល់ហើយ កូនមនុស្សត្រូវគេបញ្ជូនទៅក្នុងកណ្តាប់ដៃនៃមនុស្សមានបាប ចូរក្រោកឡើង យើងទៅ ន៏ អ្នកដែលបញ្ជូនខ្ញុំជិតមកដល់ហើយ។ កាលទ្រង់កំពុងតែមានបន្ទូលនៅឡើយ នោះឃើញយូដាស ជាម្នាក់ក្នុងពួក១២មកដល់ នាំទាំងហ្វូងមនុស្សជាធំ ដែលកាន់ដាវ កាន់ដំបង មកពីពួកសង្គ្រាជនឹងពួកចាស់ទុំនៃបណ្តាជន ឯអ្នកដែលបញ្ជូនទ្រង់ ក៏ប្រាប់ទីសំគាល់នេះដល់គេថា អ្នកណាដែលខ្ញុំថើប គឺអ្នកនោះហើយ ចូរចាប់វាចុះ ស្រាប់តែវាមកដល់ព្រះយេស៊ូវគំនាប់ទូលថា ជំរាបសួរលោកគ្រូ រួចក៏ថើបទ្រង់ តែព្រះយេស៊ូវទ្រង់មានបន្ទូលតបថា សំឡាញ់អើយ ឯងមកធ្វើអី នោះគេក៏មកលូកដៃចាប់ព្រះអង្គ ខណនោះ មានម្នាក់ដែលនៅជាមួយនឹងព្រះយេស៊ូវ គាត់លូកដៃទៅហូតដាវ កាប់ដាច់ស្លឹកត្រចៀករបស់បាវសំដេចសង្ឃម្នាក់ តែព្រះយេស៊ូវមានបន្ទូលទៅថា ចូរស៊កដាវអ្នកទៅក្នុងស្រោមវិញទៅ ដ្បិតអស់អ្នកដែលយកដាវ នោះត្រូវស្លាប់ដោយដាវដែរ តើអ្នកស្មានថា ខ្ញុំមិនអាចនឹងសូមដល់ព្រះវរបិតាខ្ញុំឥឡូវ ដែលទ្រង់នឹងចាត់ពួកទេវតា១២កងមកខ្ញុំជា១រំពេចទេឬអី បើយ៉ាងនោះ ធ្វើដូចម្តេចនឹងបានសំរេចតាមគម្ពីរ ដែលថាត្រូវតែកើតមានដូច្នេះ។ នៅវេលានោះឯង ព្រះយេស៊ូវមានបន្ទូលទៅហ្វូងមនុស្សថា តើអ្នករាល់គ្នាបានចេញមកចាប់ខ្ញុំ ដោយកាន់ដាវ កាន់ដំបង ដូចជាមកចាប់ចោរឬអី ខ្ញុំបានអង្គុយជាមួយនឹងអ្នករាល់គ្នា ហើយបង្រៀនក្នុងព្រះវិហាររាល់តែថ្ងៃ តែអ្នករាល់គ្នាមិនបានចាប់ខ្ញុំទេ ប៉ុន្តែ ការទាំងនេះបានកើតមក ដើម្បីឲ្យបានសំរេចតាមទំនាយពួកហោរាវិញ នោះពួកសិស្សទាំងអស់ក៏រត់ចោលទ្រង់ទៅ។