ម៉ាថាយ 26:26-29
ម៉ាថាយ 26:26-29 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលគេកំពុងបរិភោគ ព្រះយេស៊ូវយកនំបុ័ងមក ហើយអរព្រះគុណ រួចកាច់ប្រទានឲ្យពួកសិស្ស ដោយមានព្រះបន្ទូលថា៖ «ចូរយក ហើយបរិភោគចុះ នេះជារូបកាយខ្ញុំ»។ បន្ទាប់មក ព្រះអង្គយកពែងមក ហើយអរព្រះគុណ រួចប្រទានឲ្យពួកគេ ដោយមានព្រះបន្ទូលថា៖ «ចូរបរិភោគពីពែងនេះទាំងអស់គ្នាចុះ ដ្បិតនេះជាឈាមរបស់ខ្ញុំ គឺជាឈាមនៃសេចក្ដីសញ្ញា [ថ្មី] ដែលបានបង្ហូរចេញ ដើម្បីអត់ទោសបាបដល់មនុស្សជាច្រើន។ ខ្ញុំប្រាប់អ្នករាល់គ្នាថា ចាប់ពីពេលនេះទៅ ខ្ញុំនឹងមិនផឹកពីផលផ្លែទំពាំងបាយជូរនេះទៀតទេ រហូតដល់ថ្ងៃដែលខ្ញុំនឹងផឹកវាជាថ្មីជាមួយអ្នករាល់គ្នា នៅក្នុងព្រះរាជ្យនៃព្រះវរបិតាខ្ញុំ»។
ម៉ាថាយ 26:26-29 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅពេលកំពុងបរិភោគ ព្រះយេស៊ូយកនំប៉័ងមកកាន់ ព្រះអង្គសរសើរតម្កើងព្រះជាម្ចាស់ ហើយកាច់ប្រទានឲ្យពួកសិស្ស* ដោយមានព្រះបន្ទូលថា៖ «នេះជារូបកាយខ្ញុំ សុំយកពិសាចុះ»។ បន្ទាប់មក ព្រះអង្គយកពែងមកកាន់ អរព្រះគុណព្រះជាម្ចាស់ រួចប្រទានឲ្យពួកសិស្ស ទាំងមានព្រះបន្ទូលថា៖ «សុំយកពិសាទាំងអស់គ្នាចុះ នេះជាលោហិតរបស់ខ្ញុំ គឺលោហិតនៃសម្ពន្ធមេត្រី*ដែលត្រូវបង្ហូរ ដើម្បីលើកលែងទោសមនុស្សទាំងអស់ឲ្យរួចពីបាប។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា អំណើះតទៅ ខ្ញុំនឹងមិនពិសាស្រាទំពាំងបាយជូរទៀតឡើយ រហូតដល់ថ្ងៃដែលខ្ញុំនឹងពិសាស្រាទំពាំងបាយជូរថ្មីជាមួយអ្នករាល់គ្នា នៅក្នុងព្រះរាជ្យ*នៃព្រះបិតាខ្ញុំ»។
ម៉ាថាយ 26:26-29 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គ្រាដែលកំពុងតែបរិភោគ នោះព្រះយេស៊ូវទ្រង់យកនំបុ័ង ហើយកាលទ្រង់បានប្រទានពរ នោះក៏កាច់ប្រទានទៅពួកសិស្ស ដោយបន្ទូលថា ចូរយកបរិភោគចុះ នេះហើយជារូបកាយខ្ញុំ រួចទ្រង់យកពែងមកប្រទានពរ ក៏ហុចទៅឲ្យគេ ដោយបន្ទូលថា ចូរបរិភោគពីពែងនេះទាំងអស់គ្នាចុះ ដ្បិតនេះជាឈាមខ្ញុំ គឺជាឈាមនៃសញ្ញាថ្មី ដែលបានច្រួចចេញ សំរាប់មនុស្សជាច្រើនប្រយោជន៍នឹងផ្តាច់បាប តែខ្ញុំប្រាប់អ្នករាល់គ្នាថា ពីនេះតទៅមុខ ខ្ញុំមិនផឹកពីផលផ្លែទំពាំងបាយជូរទៀតទេ ដរាបដល់ថ្ងៃណាដែលខ្ញុំនឹងផឹកជាថ្មី ជាមួយនឹងអ្នករាល់គ្នានៅក្នុងនគរព្រះវរបិតានៃខ្ញុំ