ម៉ាថាយ 26:23-75

ម៉ាថាយ 26:23-75 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​វិញ​ថា៖ «អ្នក​ណា​ជ្រលក់​នំប៉័ង​ក្នុង​ចាន​ជា​មួយ​ខ្ញុំ គឺ​អ្នក​នោះ​ហើយ​ដែល​នាំ​គេ​មក​ចាប់​ខ្ញុំ ។ បុត្រ​មនុស្ស*​ត្រូវ​តែ​ស្លាប់ ដូច​មាន​ចែង​ទុក​ក្នុង​គម្ពីរ​អំពី​លោក​ស្រាប់។ ប៉ុន្តែ អ្នក​ដែល​នាំ​គេ​មក​ចាប់​បុត្រ​មនុស្ស នឹង​ត្រូវ​វេទនា​ជា​មិន​ខាន។ ចំពោះ​អ្នក​នោះ បើ​មិន​បាន​កើត​មក​ទេ ទើប​ប្រសើរ​ជាង!»។ យូដាស​ជា​អ្នក​ក្បត់​ព្រះអង្គ ទូល​សួរ​ថា៖ «ព្រះ‌គ្រូ! តើ​ខ្ញុំ​ឬ?»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «អ្នក​និយាយ​ដូច្នេះ ត្រូវ​ហើយ!»។ នៅ​ពេល​កំពុង​បរិភោគ ព្រះ‌យេស៊ូ​យក​នំប៉័ង​មក​កាន់ ព្រះអង្គ​សរ‌សើរ​តម្កើង​ព្រះ‌ជាម្ចាស់ ហើយ​កាច់​ប្រទាន​ឲ្យ​ពួក​សិស្ស* ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «នេះ​ជា​រូប​កាយ​ខ្ញុំ សុំ​យក​ពិសា​ចុះ»។ បន្ទាប់​មក ព្រះអង្គ​យក​ពែង​មក​កាន់ អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ រួច​ប្រទាន​ឲ្យ​ពួក​សិស្ស ទាំង​មាន​ព្រះ‌បន្ទូល​ថា៖ «សុំ​យក​ពិសា​ទាំង​អស់​គ្នា​ចុះ នេះ​ជា​លោហិត​របស់​ខ្ញុំ គឺ​លោហិត​នៃ​សម្ពន្ធ‌មេត្រី*​ដែល​ត្រូវ​បង្ហូរ ដើម្បី​លើក‌លែង​ទោស​មនុស្ស​ទាំង​អស់​ឲ្យ​រួច​ពី​បាប។ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អំណើះ​ត​ទៅ ខ្ញុំ​នឹង​មិន​ពិសា​ស្រា​ទំពាំង‌បាយជូរ​ទៀត​ឡើយ រហូត​ដល់​ថ្ងៃ​ដែល​ខ្ញុំ​នឹង​ពិសា​ស្រា​ទំពាំង‌បាយជូរ​ថ្មី​ជា​មួយ​អ្នក​រាល់​គ្នា នៅ​ក្នុង​ព្រះ‌រាជ្យ*​នៃ​ព្រះ‌បិតា​ខ្ញុំ»។ ក្រោយ​ពី​បាន​ច្រៀង​ទំនុកតម្កើង *​រួច​ហើយ ព្រះ‌យេស៊ូ​យាង​ឆ្ពោះ​ទៅ​ភ្នំ​ដើម​អូលីវ​ជា​មួយ​ពួក​សិស្ស។ ពេល​នោះ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «យប់​នេះ អ្នក​ទាំង​អស់​គ្នា​នឹង​បោះ‌បង់​ខ្ញុំ​ចោល ដ្បិត​មាន​ចែង​ទុក​មក​ថា: “យើង​នឹង​វាយ​សម្លាប់​គង្វាល ហើយ​ចៀម​នៅ​ក្នុង​ហ្វូង​នឹង​ត្រូវ​ខ្ចាត់‌ខ្ចាយ” ។ ប៉ុន្តែ ក្រោយ​ពេល​ខ្ញុំ​មាន​ជីវិត​រស់​ឡើង​វិញ ខ្ញុំ​នឹង​ទៅ​ស្រុក​កាលី‌ឡេ មុន​អ្នក​រាល់​គ្នា»។ លោក​ពេត្រុស​ទូល​ព្រះអង្គ​ថា៖ «ទោះ​បី​អ្នក​ឯ​ទៀត​បោះ‌បង់​ចោល​ព្រះអង្គ​ក៏​ដោយ ក៏​ទូលបង្គំ​មិន​សុខ​ចិត្ត​បោះ‌បង់​ចោល​ព្រះអង្គ​ជា​ដាច់​ខាត!»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​ដឹង​ច្បាស់​ថា នៅ​យប់​នេះ​ឯង មុន​មាន់​រងាវ អ្នក​នឹង​បដិសេធ​បី​ដង​ថា​មិន​ស្គាល់​ខ្ញុំ»។ លោក​ពេត្រុស​ទូល​ព្រះអង្គ​ថា៖ «ទោះ​បី​ទូលបង្គំ​ត្រូវ​ស្លាប់​ជា​មួយ​ព្រះអង្គ​ក៏​ដោយ ក៏​ទូលបង្គំ​មិន​បដិសេធ​ថា​មិន​ស្គាល់​ព្រះអង្គ​ជា​ដាច់​ខាត»។ សិស្ស​ឯ​ទៀតៗ​ក៏​ទូល​ព្រះអង្គ​ដូច​លោក​ពេត្រុស​ដែរ។ ពេល​នោះ ព្រះ‌យេស៊ូ​យាង​ទៅ​ជា​មួយ​ពួក​សិស្ស*​ដល់​កន្លែង​មួយ ឈ្មោះ​កេតសេ‌ម៉ានី ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​អង្គុយ​នៅ​ទី​នេះ​សិន ចាំ​ខ្ញុំ​ទៅ​អធិស្ឋាន*​នៅ​ត្រង់​កន្លែង​នោះ»។ ព្រះអង្គ​នាំ​លោក​ពេត្រុស និង​កូន​របស់​លោក​សេបេ‌ដេ​ទាំង​ពីរ​នាក់​ទៅ​ជា​មួយ។ ពេល​នោះ ព្រះអង្គ​ចាប់​ផ្ដើម​ព្រួយ​ព្រះ‌ហឫទ័យ ហើយ​ចុក​ចាប់​អន្ទះ‌សា​ពន់‌ប្រមាណ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​អ្នក​ទាំង​បី​ថា៖ «ខ្ញុំ​ព្រួយ​ចិត្ត​យ៉ាង​ខ្លាំង​ស្ទើរ​តែ​ស្លាប់ អ្នក​រាល់​គ្នា​នៅ​ទី​នេះ​សិន​ហើយ ចូរ​ប្រុង​ស្មារតី ​ជា​មួយ​ខ្ញុំ»។ ព្រះអង្គ​យាង​ទៅ​មុខ​បន្ដិច ក្រាប​ព្រះ‌ភ័ក្ត្រ​ដល់​ដី ទូល‌អង្វរ​ថា៖ «ឱ​ព្រះ‌បិតា​អើយ! ប្រសិន​បើ​បាន សូម​ឲ្យ​ពែង​នៃ​ទុក្ខ​លំបាក នេះ​ចេញ​ឆ្ងាយ​ពី​ទូលបង្គំ​ទៅ ប៉ុន្តែ សូម​កុំ​ធ្វើ​តាម​បំណង​ទូលបង្គំ​ឡើយ គឺ​សូម​ឲ្យ​បាន​សម្រេច​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ​វិញ»។ ព្រះអង្គ​យាង​មក​រក​ពួក​សិស្ស ឃើញ​គេ​កំពុង​តែ​ដេក​លក់ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ពេត្រុស​ថា៖ «អ្នក​រាល់​គ្នា​មិន​ស៊ូ‌ទ្រាំ​ប្រុង​ស្មារតី​ជា​មួយ​ខ្ញុំ សូម្បី​តែ​មួយ​ម៉ោង​ក៏​មិន​បាន​ដែរ​ឬ!។ ចូរ​ប្រុង​ស្មារតី ហើយ​អធិស្ឋាន* កុំ​ឲ្យ​ចាញ់​ការ​ល្បួង​ឡើយ។ វិញ្ញាណ​របស់​មនុស្ស​ប្រុង​ប្រៀប​ជា​ស្រេច​មែន តែ​គេ​នៅ​ទន់​ខ្សោយ ព្រោះ​និស្ស័យ​លោកីយ៍»។ ព្រះអង្គ​យាង​ចេញ​ទៅ​ម្ដង​ទៀត​ជា​លើក​ទី​ពីរ ហើយ​ទូល‌អង្វរ​ថា៖ «ឱ​ព្រះ‌បិតា​អើយ ប្រសិន​បើ​ទូលបង្គំ​ត្រូវ​តែ​ទទួល​ពែង​នៃ​ទុក្ខ​លំបាក​នេះ​ចៀស​ពុំ​បាន​ទេ​នោះ សូម​ឲ្យ​សម្រេច​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ​ចុះ!»។ ព្រះ‌យេស៊ូ​វិល​ត្រឡប់​ទៅ​រក​ពួក​សិស្ស​ម្ដង​ទៀត ឃើញ​គេ​ដេក​លក់ ដ្បិត​គេ​ងងុយ​ពេក បើក​ភ្នែក​ពុំ​រួច​សោះ។ ព្រះអង្គ​ក៏​យាង​ចាក​ចេញ​ពី​គេ​ទៅ​អធិស្ឋាន*​ជា​លើក​ទី​បី ហើយ​ទូល‌អង្វរ​ដោយ​ពាក្យ​ដដែល។ បន្ទាប់​មក ព្រះអង្គ​វិល​មក​រក​សិស្ស​វិញ មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​នៅ​តែ​ដេក​លក់ អ្នក​រាល់​គ្នា​សម្រាក​ដល់​អង្កាល់​ទៀត? ឥឡូវ​នេះ ជិត​ដល់​ពេល​កំណត់​ដែល​បុត្រ​មនុស្ស​ត្រូវ​គេ​បញ្ជូន​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស​បាប​ហើយ។ ចូរ​ក្រោក​ឡើង! យើង​នាំ​គ្នា​ទៅ ដ្បិត​អ្នក​ដែល​នាំ​គេ​មក​ចាប់​ខ្ញុំ មក​ជិត​ដល់​ហើយ!»។ ព្រះអង្គ​កំពុង​តែ​មាន​ព្រះ‌បន្ទូល​នៅ​ឡើយ ស្រាប់​តែ​យូដាស​ជា​សិស្ស*​ម្នាក់ ក្នុង​ចំណោម​សិស្ស​ទាំង​ដប់‌ពីរ​មក​ដល់ ទាំង​មាន​បណ្ដា‌ជន​ជា​ច្រើន​កាន់​ដាវ កាន់​ដំបង​មក​ជា​មួយ​ផង។ ពួក​នាយក​បូជា‌ចារ្យ* និង​ពួក​ព្រឹទ្ធា‌ចារ្យ*​របស់​ប្រជា‌ជន​បាន​ចាត់​អ្នក​ទាំង​នោះ​ឲ្យ​មក។ យូដាស​ដែល​នាំ​គេ​មក​ចាប់​ព្រះ‌យេស៊ូ បាន​សន្មត​ជា​មួយ​គេ​នូវ​សញ្ញា​មួយ​ថា៖ «ខ្ញុំ​ថើប​អ្នក​ណា គឺ​អ្នក​នោះ​ហើយ សុំ​ចាប់​គាត់​ទៅ!»។ កាល​យូដាស​មក​ដល់​ភ្លាម គាត់​ដើរ​តម្រង់​មក​រក​ព្រះ‌យេស៊ូ​ទូល​ថា៖ «ជម្រាប​សួរ​ព្រះ‌គ្រូ!» រួច​ថើប​ព្រះអង្គ។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «សម្លាញ់​អើយ អ្នក​មក​នេះ​ចង់​ធ្វើ​អ្វី ធ្វើ​ទៅ​ចុះ!»។ ពេល​នោះ បណ្ដា‌ជន​ក៏​នាំ​គ្នា​ចូល​មក​ចាប់​ព្រះអង្គ។ មាន​ម្នាក់​ក្នុង​ចំណោម​ពួក​អ្នក​ដែល​នៅ​ជា​មួយ​ព្រះ‌យេស៊ូ បាន​ហូត​ដាវ​កាប់​អ្នក​បម្រើ​របស់​លោក​មហា​បូជា‌ចារ្យ* ដាច់​ស្លឹក​ត្រចៀក។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​អ្នក​នោះ​ថា៖ «ស៊ក​ដាវ​អ្នក​ទៅ​ក្នុង​ស្រោម​វិញ​ទៅ ដ្បិត​អស់​អ្នក​ដែល​ប្រើ​ដាវ​នឹង​ត្រូវ​ស្លាប់​ដោយ​មុខ​ដាវ​ជា​មិន​ខាន។ អ្នក​ស្មាន​ថា ខ្ញុំ​មិន​អាច​អង្វរ‌ករ​ព្រះ‌បិតា​ខ្ញុំ​ឲ្យ​ចាត់​ទេវតា​ជាង​ដប់‌ពីរ​កង‌ពល មក​ជួយ​ខ្ញុំ​បាន​ភ្លាមៗ​ទេ​ឬ? តែ​បើ​ធ្វើ​ដូច្នោះ ធ្វើ​ម្ដេច​នឹង​បាន​ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ អំពី​ហេតុ‌ការណ៍​ដែល​ត្រូវ​តែ​កើត​ឡើង​យ៉ាង​នេះ!»។ ពេល​នោះ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​មហា‌ជន​ថា៖ «ខ្ញុំ​ជា​ចោរ​ព្រៃ​ឬ បាន​ជា​អស់​លោក​កាន់​ដាវ​កាន់​ដំបង​មក​ចាប់​ខ្ញុំ​ដូច្នេះ? ខ្ញុំ​តែង​អង្គុយ​បង្រៀន​នៅ​ក្នុង​ព្រះ‌វិហារ*​ជា​រៀង​រាល់​ថ្ងៃ តែ​អស់​លោក​ពុំ​បាន​ចាប់​ខ្ញុំ​ទេ»។ ហេតុ‌ការណ៍​ទាំង​នេះ​កើត​ឡើង ដើម្បី​ឲ្យ​ស្រប​តាម​សេចក្ដី ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ព្យាការី*។ ពេល​នោះ ពួក​សិស្ស​នាំ​គ្នា​បោះ​បង់​ចោល​ព្រះអង្គ ហើយ​រត់​បាត់​អស់​ទៅ។ លុះ​ចាប់​ព្រះ‌យេស៊ូ​បាន​ហើយ គេ​បណ្ដើរ​ព្រះអង្គ​ទៅ​ដល់​ដំណាក់​របស់​លោក​កៃផា ជា​មហា​បូជា‌ចារ្យ*។ ពួក​អាចារ្យ* និង​ពួក​ព្រឹទ្ធា​ចារ្យ* ជួប‌ជុំ​គ្នា​នៅ​ទី​នោះ។ លោក​ពេត្រុស​ដើរ​តាម​ព្រះអង្គ​ពី​ចម្ងាយ គាត់​តាម​រហូត​ដល់​ទីធ្លា​ខាង​ក្នុង​ដំណាក់​របស់​មហា​បូជា‌ចារ្យ ហើយ​អង្គុយ​ជា​មួយ​កង​រក្សា​ព្រះ‌វិហារ ចង់​ដឹង​ថា​ហេតុ‌ការណ៍​នឹង​ទៅ​ជា​យ៉ាង​ណា។ ពួក​នាយក​បូជា‌ចារ្យ និង​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់*​ទាំង​មូល នាំ​គ្នា​រក​ពាក្យ​ចោទ​ប្រកាន់ មួល​បង្កាច់​ព្រះ‌យេស៊ូ ដើម្បី​កាត់​ទោស​ប្រហារ​ជីវិត​ព្រះអង្គ ទោះ​បី​មាន​មនុស្ស​ជា​ច្រើន​ធ្វើ​សាក្សី​ក្លែង‌ក្លាយ​ក៏​ដោយ ក៏​គេ​រក​មិន​បាន​ដែរ។ នៅ​ទី​បំផុត មាន​បុរស​ពីរ​នាក់​នាំ​គ្នា​ចូល​មក ពោល​ថា៖ «អ្នក​នេះ​បាន​អះ‌អាង​ថា “ខ្ញុំ​អាច​រុះ​ព្រះ‌វិហារ​របស់​ព្រះ‌ជាម្ចាស់​ចោល ហើយ​សង់​ឡើង​វិញ​បាន​ក្នុង​រវាង​បី​ថ្ងៃ”»។ ពេល​នោះ លោក​មហា​បូជា‌ចារ្យ​ក្រោក​ឈរ​ឡើង សួរ​ព្រះអង្គ​ថា៖ «ម្ដេច​ក៏​អ្នក​មិន​ឆ្លើយ​នឹង​ពាក្យ​ចោទ​ប្រកាន់​របស់​អ្នក​ទាំង​នេះ?»។ ព្រះ‌យេស៊ូ​នៅ​ស្ងៀម។ លោក​មហា​បូជា‌ចារ្យ​សួរ​ព្រះអង្គ​ទៀត​ថា៖ «ចូរ​ស្បថ​ដោយ​យក​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ​ធ្វើ​ជា​ប្រធាន តើ​អ្នក​ពិត​ជា​ព្រះ‌គ្រិស្ត* ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់​មែន​ឬ?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ថា៖ «ត្រូវ​ដូច​លោក​មាន​ប្រសាសន៍​មែន ប៉ុន្តែ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អស់​លោក​ថា អំណើះ​ត​ទៅ អស់​លោក​នឹង​ឃើញ បុត្រ​មនុស្ស*​គង់​នៅ​ខាង​ស្ដាំ​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព ហើយ​នឹង​យាង​មក​លើ​ពពក*​ក្នុង​ផ្ទៃ​មេឃ »។ ពេល​នោះ លោក​មហា​បូជា‌ចារ្យ​ហែក​អាវ​របស់​លោក ហើយ​មាន​ប្រសាសន៍​ថា៖ «ជន​នេះ​បាន​ពោល​ពាក្យ​ប្រមាថ​ព្រះ‌ជាម្ចាស់​ហើយ! យើង​មិន​បាច់​រក​សាក្សី​ឯ​ណា​ទៀត​ទេ អស់​លោក​ឮ​អ្នក​នេះ​ពោល​ពាក្យ​ប្រមាថ​ព្រះ‌ជាម្ចាស់​អម្បាញ់​មិញ​ស្រាប់! តើ​អស់​លោក​យល់​យ៉ាង​ណា?»។ ពួក​គេ​ឆ្លើយ​ឡើង​ថា៖ «អ្នក​នេះ​ត្រូវ​មាន​ទោស​ដល់​ជីវិត!»។ គេ​ក៏​នាំ​គ្នា​ស្ដោះ​ទឹក​មាត់​ដាក់​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ គេ​វាយ​តប់​ព្រះអង្គ ហើយ​អ្នក​ខ្លះ​ទះ​កំផ្លៀង​ព្រះអង្គ ទាំង​ពោល​ថា៖ «ទាយ​មើល៍ ព្រះ‌គ្រិស្ត​អើយ អ្នក​ណា​វាយ​ឯង!»។ ពេល​នោះ លោក​ពេត្រុស​អង្គុយ​នៅ​ខាង​ក្រៅ​ក្នុង​ទីធ្លា។ មាន​ស្ត្រី​បម្រើ​របស់​មហា​បូជា‌ចារ្យ*​ម្នាក់​ចូល​មក​ជិត​គាត់ ពោល​ថា៖ «អ្នក​ឯង​ជា​បក្ស​ពួក​របស់​យេស៊ូ ជា​អ្នក​ស្រុក​កាលី‌ឡេ​ដែរ!»។ ប៉ុន្តែ គាត់​ប្រកែក​ថា៖ «ខ្ញុំ​មិន​ដឹង​ថា នាង​ចង់​និយាយ​អំពី​រឿង​អ្វី​ឡើយ!»។ ពេល​លោក​ពេត្រុស​ដើរ​ចេញ​ពី​ទី​នោះ​ឆ្ពោះ​ទៅ​រក​ខ្លោង​ទ្វារ មាន​ស្ត្រី​បម្រើ​ម្នាក់​ទៀត​ឃើញ​គាត់ ហើយ​ពោល​ថា៖ «អ្នក​នេះ​ជា​បក្ស​ពួក​របស់​យេស៊ូ ជា​អ្នក​ភូមិ​ណាសា‌រ៉ែត​ដែរ!»។ លោក​ពេត្រុស​ក៏​ប្រកែក​សា​ជា​ថ្មី ទាំង​ស្បថ​ថា៖ «ខ្ញុំ​មិន​ស្គាល់​អ្នក​នោះ​ទេ!»។ បន្តិច​ក្រោយ​មក អស់​អ្នក​ដែល​នៅ​ទី​នោះ​នាំ​គ្នា​ចូល​ទៅ​ជិត​លោក​ពេត្រុស ហើយ​ពោល​ថា៖ «អ្នក​ឯង​ពិត​ជា​បក្ស​ពួក​របស់​អ្នក​ទាំង​នោះ ព្រោះ​សម្ដី​អ្នក​ឯង​បញ្ជាក់​ច្បាស់​ថា អ្នក​ឯង​មក​ពី​ស្រុក​កាលី‌ឡេ​មែន!»។ លោក​ពេត្រុស​ក៏​ពោល​ឡើង​ថា៖ «បើ​ខ្ញុំ​កុហក សូម​ព្រះ‌ជាម្ចាស់​ដាក់​ទោស​ខ្ញុំ​ចុះ!។ ខ្ញុំ​សុំ​ស្បថ​ថា ខ្ញុំ​មិន​ដែល​ស្គាល់​អ្នក​នោះ​ទាល់​តែ​សោះ!»។ រំពេច​នោះ ស្រាប់​តែ​មាន់​រងាវ​ឡើង លោក​ពេត្រុស​ក៏​នឹក​ឃើញ​ព្រះ‌បន្ទូល​របស់​ព្រះ‌យេស៊ូ​ដែល​ថា៖ «មុន​មាន់​រងាវ អ្នក​នឹង​បដិសេធ​បី​ដង​ថា មិន​ស្គាល់​ខ្ញុំ» ។ លោក​ពេត្រុស​ចាក​ចេញ​ពី​ទី​នោះ ហើយ​យំ​សោក​យ៉ាង​ខ្លោច‌ផ្សា។

ចែក​រំលែក
អាន ម៉ាថាយ 26

ម៉ាថាយ 26:23-75 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «អ្នក​ដែល​លូក​ដៃ​ទៅ​ក្នុង​ចាន​ជា​មួយ​ខ្ញុំ អ្នក​នោះ​ឯង​នឹង​ក្បត់​ខ្ញុំ ។ កូន​មនុស្ស​ត្រូវ​ទៅ​មែន ដូច​សេចក្តី​ដែល​បាន​ចែង​ទុក​អំពី​លោក ប៉ុន្តែ វេទនា​ដល់​អ្នក​នោះ ដែល​ក្បត់​កូន​មនុស្ស! ប្រសិន‌បើ​អ្នក​នោះ​មិន​បាន​កើត​មក​ទេ នោះ​ប្រសើរ​ជាង»។ ពេល​នោះ យូដាស ជា​អ្នក​ដែល​ក្បត់​ព្រះ‌អង្គ​ទូល​សួរ​ថា៖ «រ៉ាប៊ី! តើ​ខ្ញុំ​ឬ?» ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «អ្នក​និយាយ​ដូច្នេះ ត្រូវ​ហើយ!»។ កាល​គេ​កំពុង​បរិ‌ភោគ ព្រះ‌យេស៊ូវ​យក​នំបុ័ង​មក ហើយ​អរ​ព្រះ‌គុណ រួច​កាច់​ប្រទាន​ឲ្យ​ពួក​សិស្ស ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​យក ហើយ​បរិ‌ភោគ​ចុះ នេះ​ជា​រូប‌កាយ​ខ្ញុំ»។ បន្ទាប់​មក ព្រះ‌អង្គ​យក​ពែង​មក ហើយ​អរ​ព្រះ‌គុណ រួច​ប្រទាន​ឲ្យ​ពួក​គេ ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​បរិ‌ភោគ​ពី​ពែង​នេះ​ទាំង​អស់​គ្នា​ចុះ ដ្បិត​នេះ​ជា​ឈាម​របស់​ខ្ញុំ គឺ​ជា​ឈាម​នៃ​សេចក្ដី​សញ្ញា [ថ្មី] ដែល​បាន​បង្ហូរ​ចេញ ដើម្បី​អត់​ទោស​បាប​ដល់​មនុស្ស​ជា​ច្រើន។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ចាប់​ពី​ពេល​នេះ​ទៅ ខ្ញុំ​នឹង​មិន​ផឹក​ពី​ផល​ផ្លែ​ទំពាំង​បាយ​ជូរ​នេះ​ទៀត​ទេ រហូត​ដល់​ថ្ងៃ​ដែល​ខ្ញុំ​នឹង​ផឹក​វា​ជា​ថ្មី​ជា​មួយ​អ្នក​រាល់​គ្នា នៅ​ក្នុង​ព្រះរាជ្យ​នៃ​ព្រះ‌វរបិតា​ខ្ញុំ»។ ក្រោយ​ពី​បាន​ច្រៀង​ទំនុក​តម្កើង​មួយ​រួច​ហើយ គេ​ក៏​នាំ​គ្នា​ចេញ​ទៅ​ភ្នំ​ដើម​អូលីវ។ ពេល​នោះ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «យប់​នេះ អ្នក​រាល់​គ្នា​នឹង​រវាត​ចិត្ត ដោយ​ព្រោះ​ខ្ញុំ ដ្បិត​មាន​សេចក្តី​ចែង​ទុក​មក​ថា "យើង​នឹង​វាយ​គង្វាល ហើយ​ហ្វូង​ចៀម​នឹង​ត្រូវ​ខ្ចាត់‌ខ្ចាយ" ប៉ុន្តែ ក្រោយ​ពេល​ខ្ញុំ​រស់​ឡើង​វិញ ខ្ញុំ​នឹង​ទៅ​ស្រុក​កាលីឡេ​មុន​អ្នក​រាល់​គ្នា»។ ពេត្រុស​ទូល​ព្រះ‌អង្គ​ថា៖ «ទោះ​បើ​មនុស្ស​ទាំង​អស់​រវាត​ចិត្ត ដោយ​ព្រោះ​ព្រះ‌អង្គ​ក៏​ដោយ ក៏​ទូល‌បង្គំ​មិន​រវាត​ចិត្ត​ជា​ដាច់​ខាត»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា នៅ​យប់​នេះ​ឯង មុន​មាន់​រងាវ អ្នក​នឹង​ប្រ‌កែក​បី​ដង​ថា​មិន​ស្គាល់​ខ្ញុំ»។ ពេត្រុស​ទូល​ព្រះ‌អង្គ​ថា៖ «ទោះ​បើ​ទូល‌បង្គំ​ត្រូវ​ស្លាប់​ជា​មួយ​ព្រះ‌អង្គ​ក៏​ដោយ ក៏​ទូល‌បង្គំ​មិន​ប្រ‌កែក​ថា មិន​ស្គាល់​ព្រះ‌អង្គ​ជា​ដាច់​ខាត» ហើយ​ពួក​សិស្ស​ទាំង​អស់​ក៏​និយាយ​ដូច​គ្នា។ ពេល​នោះ ព្រះ‌យេស៊ូវ​យាង​ទៅ​ជា​មួយ​ពួក​សិស្ស ដល់​កន្លែង​មួយ​ឈ្មោះ សួន​គែតសេម៉ានី ហើយ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ចូរ​អង្គុយ​នៅ​ទី​នេះ​ចុះ នៅ​ពេល​ខ្ញុំ​ទៅ​អធិស្ឋាន​នៅ​ទី​នោះ»។ ព្រះ‌អង្គ​យក​ពេត្រុស និង​កូន​របស់​សេបេដេ​ទាំង​ពីរ​នាក់​ទៅ​ជា​មួយ។ ព្រះ‌អង្គ​ចាប់​ផ្ដើម​មាន​ព្រះ‌ហឫ‌ទ័យ​ព្រួយ ហើយ​តប់‌ប្រមល់​ជា​ខ្លាំង ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​ព្រួយ​ចិត្ត​ខ្លាំង​ណាស់ ស្ទើរ​តែ​នឹង​ស្លាប់ ចូរ​នៅ​ទី​នេះ ហើយ​ចាំ​យាម ជា​មួយ​ខ្ញុំ»។ កាល​យាង​ទៅ​មុខ​បាន​បន្តិច ព្រះ‌អង្គ​ក៏​ក្រាប​ចុះ​ព្រះ‌ភក្ត្រ​ដល់​ដី ហើយ​អធិស្ឋាន​ថា៖ «ឱ​ព្រះ‌វរបិតា​របស់​ទូល‌បង្គំ​អើយ! ប្រសិន‌បើ​បាន សូម​ឲ្យ​ពែង​នេះ​ចៀស​ផុត​ពី​ទូល‌បង្គំ​ទៅ ប៉ុន្តែ កុំ​តាម​ចិត្ត​ទូល‌បង្គំ​ឡើយ គឺ​តាម​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ​វិញ»។ បន្ទាប់​មក ព្រះ‌អង្គ​យាង​ត្រឡប់​មក​រក​ពួក​សិស្ស ហើយ​ឃើញ​គេ​កំពុង​ដេក​លក់ ព្រះ‌អង្គ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​ពេត្រុស​ថា៖ «តើ​អ្នក​រាល់​គ្នា​ទ្រាំ​នៅ​ចាំ​យាម​ជា​មួយ​ខ្ញុំ សូម្បី​តែ​មួយ​ម៉ោង​មិន​បាន​ទេ​ឬ? ចូរ​ចាំ​យាម ហើយ​អធិស្ឋាន ដើម្បី​កុំ​ឲ្យ​ធ្លាក់​ទៅ​ក្នុង​សេចក្តី​ល្បួង ដ្បិត​វិញ្ញាណ​ប្រុង​ប្រៀប​ជា​ស្រេច​មែន តែ​សាច់​ឈាម​ខ្សោយ​ទេ»។ ព្រះ‌អង្គ​យាង​ចេញ​ទៅ​ម្តង​ទៀត ជា​លើក​ទី​ពីរ ហើយ​អធិស្ឋាន​ថា៖ «ឱ​ព្រះ‌វរបិតា​របស់​ទូល‌បង្គំ​អើយ ប្រសិន‌បើ​ទូល‌បង្គំ​ត្រូវ​តែ​ផឹក​ពី​ពែង​នេះ ដោយ​ចៀស​ពុំ​បាន សូម​ឲ្យ​បាន​សម្រេច​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ​ចុះ»។ កាល​ព្រះ‌អង្គ​យាង​ត្រឡប់​មក​វិញ ព្រះ‌អង្គ​ឃើញ​ពួក​គេ​ដេក​លក់​ទៀត ដ្បិត​ភ្នែក​របស់​គេ​ធ្ងន់​ជ្រប់។ ដូច្នេះ ព្រះ‌អង្គ​ក៏​យាង​ចេញ​ពី​ពួក​គេ​ម្តង​ទៀត ហើយ​អធិស្ឋាន​ជា​លើក​ទី​បី ដោយ​មាន​ព្រះ‌បន្ទូល​ជា​ពាក្យ​ដដែល។ បន្ទាប់​មក ព្រះ‌អង្គ​យាង​មក​រក​ពួក​សិស្ស ហើយ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​នៅ​តែ​ដេក​លក់ ហើយ​សម្រាក​ទៀត​ឬ? មើល៍ ពេល​កំណត់​ជិត​ដល់​ហើយ កូន​មនុស្ស​ត្រូវ​គេ​បញ្ជូន​ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​មនុស្ស​បាប។ ចូរ​ក្រោក​ឡើង យើង​នាំ​គ្នា​ទៅ! មើល៍ អ្នក​ក្បត់​ខ្ញុំ​មក​ជិត​ដល់​ហើយ»។ កាល​ព្រះ‌អង្គ​កំពុង​មាន​ព្រះ‌បន្ទូល​នៅ​ឡើយ នោះ​យូដាស ជា​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​ដប់​ពីរ​ក៏​មក​ដល់ ទាំង​មាន​មនុស្ស​ជា​ច្រើន​កាន់​ដាវ និង​ដំបង​មក​ជា​មួយ។ អ្នក​ទាំង​នោះ​ត្រូវ​បាន​ពួក​សង្គ្រាជ និង​ពួក​ចាស់​ទុំ​របស់​ប្រជា‌ជន​ចាត់​ឲ្យ​មក។ អ្នក​ដែល​ក្បត់​ព្រះ‌អង្គ​បាន​ឲ្យ​សញ្ញា​មួយ​ដល់​គេ ដោយ​និយាយ​ថា៖ «ខ្ញុំ​ថើប​អ្នក​ណា គឺ​អ្នក​នោះ​ហើយ សុំ​ចាប់​គាត់​ទៅ!» យូដាស​ក៏​ចូល​មក​រក​ព្រះ‌យេស៊ូវ​ភ្លាម ហើយ​ទូល​ថា៖ «ជម្រាប​សួរ​រ៉ាប៊ី!» រួច​ក៏​ថើប​ព្រះ‌អង្គ។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «សម្លាញ់​អើយ អ្នក​មក​នេះ​ចង់​ធ្វើ​អ្វី ចូរ​ធ្វើ​ទៅ​ចុះ!» ពេល​នោះ គេ​ក៏​ចូល​មក​ចាប់​ព្រះ‌អង្គ។ ខណៈ​នោះ មាន​ម្នាក់​ក្នុង​ចំណោម​ពួក​អ្នក​ដែល​នៅ​ជា​មួយ​ព្រះ‌យេស៊ូវ​លូក​ដៃ​ហូត​ដាវ​របស់​ខ្លួន ហើយ​កាប់​អ្នក​បម្រើ​របស់​សម្ដេច​សង្ឃ ដាច់​ស្លឹក​ត្រចៀក។ ពេល​នោះ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ចូរ​ស៊ក​ដាវ​អ្នក​ទៅ​ក្នុង​ស្រោម​វិញ​ទៅ ដ្បិត​អស់​អ្នក​ដែល​ប្រើ​ដាវ នឹង​ត្រូវ​ស្លាប់​ដោយ​ដាវ។ តើ​អ្នក​ស្មាន​ថា ខ្ញុំ​មិន​អាច​សូម​ដល់​ព្រះ‌វរបិតា​ខ្ញុំ ហើយ​ព្រះ‌អង្គ​នឹង​ចាត់​ទេវតា​លើស​ជាង​ដប់​ពីរ​កង មក​ជួយ​ខ្ញុំ​បាន​ភ្លាម​ទេ​ឬ? បើ​ធ្វើ​ដូច្នោះ តើ​បទ​គម្ពីរ​នឹង​សម្រេច​ដូច​ម្ដេច​បាន ដែល​ថា ហេតុ‌ការណ៍​នេះ​ត្រូវ​តែ​កើត​ឡើង​យ៉ាង​នេះ?» នៅ​វេលា​នោះ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​បណ្តា‌ជន​ថា៖ «តើ​ខ្ញុំ​នេះ​ជា​ចោរ​ឬ បាន​ជា​អ្នក​រាល់​គ្នា​ចេញ​មក​ចាប់​ខ្ញុំ ទាំង​កាន់​ដាវ កាន់​ដំបង​ដូច្នេះ? រាល់​ថ្ងៃ ខ្ញុំ​អង្គុយ​បង្រៀន​នៅ​ក្នុង​ព្រះ‌វិហារ តែ​អ្នក​រាល់​គ្នា​មិន​បាន​ចាប់​ខ្ញុំ​ទេ ប៉ុន្តែ ការ​ទាំង​អស់​នេះ​បាន​កើត​មក ដើម្បី​ឲ្យ​បាន​សម្រេច​សេចក្ដី​ដែល​ពួក​ហោរា​បាន​ចែង​ទុក​នៅ​ក្នុង​បទ​គម្ពីរ»។ ពេល​នោះ ពួក​សិស្ស​ទាំង​អស់​ក៏​រត់​ចោល​ព្រះ‌អង្គ ហើយ​គេច​ខ្លួន​អស់​ទៅ។ បន្ទាប់​មក ពួក​អ្នក​ដែល​បាន​ចាប់​ព្រះ‌យេស៊ូវ​បាន​នាំ​ព្រះ‌អង្គ​ទៅ​ជួប​លោក​កៃផាស ជា​សម្ដេច​សង្ឃ នៅ​កន្លែង​ដែល​ពួក​អាចារ្យ និង​ពួក​ចាស់​ទុំ​បាន​ជួប​ជុំ​គ្នា។ ពេត្រុស​បាន​ដើរ​តាម​ព្រះ‌អង្គ​ពី​ចម្ងាយ រហូត​ដល់​ទីលាន​របស់​សម្ដេច​សង្ឃ ហើយ​ចូល​ទៅ​អង្គុយ​ខាង​ក្នុង​ជា​មួយ​កង​រក្សា​ព្រះ‌វិហារ ដើម្បី​ចង់​ដឹង​លទ្ធ‌ផល។ ចំណែក​ពួក​សង្គ្រាជ និង​ក្រុម​ប្រឹក្សា​ទាំង​មូល ស្វែង​រក​បន្ទាល់​ក្លែង‌ក្លាយ មក​ចោទ​ប្រកាន់​ព្រះ‌យេស៊ូវ ដើម្បី​ឲ្យ​គេ​មាន​ហេតុ​នឹង​សម្លាប់​ព្រះ‌អង្គ តែ​គេ​រក​មិន​បាន​សោះ ទោះ​ជា​មាន​ស្មរ​បន្ទាល់​ក្លែង‌ក្លាយ​ជា​ច្រើន​បាន​ចូល​មក​ក៏​ដោយ។ នៅ​ទី​បំផុត មាន​បុរស​ពីរ​នាក់​ចូល​មក ហើយ​និយាយ​ថា៖ «អ្នក​នេះ​បាន​និយាយ​ថា "ខ្ញុំ​អាច​បំផ្លាញ​ព្រះ‌វិហារ​របស់​ព្រះ‌ចោល ហើយ​សង់​ឡើង​វិញ​បាន ក្នុង​រវាង​បី​ថ្ងៃ"»។ ពេល​នោះ សម្ដេច​សង្ឃ​ក៏​ឈរ​ឡើង ហើយ​សួរ​ព្រះ‌អង្គ​ថា៖ «តើ​អ្នក​មិន​ឆ្លើយ​អ្វី​សោះ​ដូច្នេះ​ឬ? ពាក្យ​ដែល​បុរស​ទាំង​នេះ​ចោទ​ប្រកាន់​អ្នក តើ​យ៉ាង​ដូច​ម្តេច​ដែរ?» ព្រះ‌យេស៊ូវ​នៅ​តែ​ស្ងៀម។ ពេល​នោះ សម្ដេច​សង្ឃ​បង្គាប់​ព្រះ‌អង្គ​ថា៖ «ចូរ​ស្បថ​នឹង​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​ទៅ ហើយ​ប្រាប់​យើង​មក ប្រសិន‌បើ​អ្នក​ជា​ព្រះ‌គ្រីស្ទ ជា​ព្រះ‌រាជ​បុត្រា​របស់​ព្រះ‌មែន»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ថា៖ «ត្រូវ​ដូច​លោក​មាន​ប្រសាសន៍​ហើយ។ ប៉ុន្តែ ខ្ញុំ​សូម​ប្រាប់​អស់​លោក​ថា អំណឹះ​ត​ទៅ អស់​លោក​នឹង​ឃើញ​កូន​មនុស្ស​អង្គុយ​នៅ​ខាង​ស្តាំ​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា ហើយ​មក​លើ​ពពក នៅ​លើ​មេឃ »។ ពេល​នោះ សម្ដេច​សង្ឃ​ក៏​ហែក​អាវ​ខ្លួន ហើយ​ពោល​ឡើង​ថា៖ «ជន​នេះ​បាន​ពោល​ពាក្យ​ប្រមាថ​ដល់​ព្រះ​ហើយ​ទេ​តើ! តើ​យើង​ចាំ​បាច់​ត្រូវ​ការ​ស្មរ​បន្ទាល់​អ្វី​ទៀត? ឥឡូវ​នេះ អ្នក​រាល់​គ្នា​បាន​ឮ​ពាក្យ​ប្រមាថ​របស់​ជន​នេះ​ស្រាប់​ហើយ។ តើ​អ្នក​រាល់​គ្នា​សម្រេច​ដូច​ម្តេច?» គេ​ឆ្លើយ​ឡើង​ថា៖ «ជន​នេះ​សម​នឹង​ស្លាប់!» ពេល​នោះ គេ​ស្តោះ​ទឹក​មាត់​ដាក់​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ វាយ​តប់​ព្រះ‌អង្គ ហើយ​អ្នក​ខ្លះ​ទះកំផ្លៀង​ព្រះ‌អង្គ ទាំង​ពោល​ថា៖ «ចូរ​ទាយ​ប្រាប់​យើង​មើល៍ ព្រះ‌គ្រីស្ទ​អើយ តើ​អ្នក​ណា​វាយ​ឯង?» នៅ​វេលា​នោះ ពេត្រុស​កំពុង​អង្គុយ​នៅ​ក្នុង​ទីលាន​ខាង​ក្រៅ។ ស្រី​បម្រើ​ម្នាក់​ចូល​មក​ជិត​គាត់ ហើយ​និយាយ​ថា៖ «អ្នក​ឯង​ក៏​នៅ​ជា​មួយ​យេស៊ូវ ជា​អ្នក​ស្រុក​កាលីឡេ​នោះ​ដែរ!» ប៉ុន្តែ គាត់​ប្រ‌កែក​នៅ​មុខ​គេ​ទាំង​អស់​គ្នា​ថា៖ «ខ្ញុំ​មិន​ដឹង​ថា​នាង​ចង់​និយាយ​ពី​អ្វី​ទេ!»។ ពេល​គាត់​ចេញ​ទៅ​ខ្លោង​ទ្វារ ស្រី​បម្រើ​ម្នាក់​ទៀត​ឃើញ​គាត់ ហើយ​ប្រាប់​អ្នក​នៅ​ទី​នោះ​ថា៖ «អ្នក​នេះ​នៅ​ជា​មួយ​យេស៊ូវ ជា​អ្នក​ស្រុក​ណាសា‌រ៉ែត»។ គាត់​ក៏​ប្រ‌កែក​ម្តង​ទៀត ទាំង​ស្បថ​ថា៖ «ខ្ញុំ​មិន​ស្គាល់​អ្នក​នោះ​ទេ»។ បន្តិច​ក្រោយ​មក ពួក​អ្នក​ដែល​នៅ​ទី​នោះ នាំ​គ្នា​ចូល​មក​ជិត​ពេត្រុស ហើយ​ពោល​ថា៖ «ប្រាកដ​ហើយ អ្នក​ឯង​ក៏​ជា​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​នោះ​ដែរ ដ្បិត​សំឡេង​និយាយ​របស់​អ្នក​ឯង​បង្ហាញ​ច្បាស់​ហើយ»។ ពេល​នោះ គាត់​ចាប់​ផ្ដើម​យក​ខ្លួន​ស្បថ​ស្បែ​ថា៖ «ខ្ញុំ​មិន​ស្គាល់​អ្នក​នោះ​ទេ!» ខណៈ​នោះ មាន់​ក៏​រងាវ​ឡើង​ភ្លាម។ ពេត្រុស​នឹក​ឃើញ​ព្រះ‌បន្ទូល​របស់​ព្រះ‌យេស៊ូវ​ដែល​ថា៖ «មុន​មាន់​រងាវ អ្នក​នឹង​ប្រ‌កែក​បី​ដង​ថា​មិន​ស្គាល់​ខ្ញុំ» ។ គាត់​ក៏​ចេញ​ទៅ​ទាំង​យំ​សោក​យ៉ាង​ខ្លោច​ផ្សា។

ចែក​រំលែក
អាន ម៉ាថាយ 26

ម៉ាថាយ 26:23-75 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

តែ​ទ្រង់​មាន​បន្ទូល​ឆ្លើយ​ថា គឺ​ជា​អ្នក​មួយ ដែល​លូក​ដៃ​ចុះ​ក្នុង​ចាន​ជា​មួយ​នឹង​ខ្ញុំ អ្នក​នោះ​ឯង​នឹង​បញ្ជូន​ខ្ញុំ​ទៅ ឯ​កូន​មនុស្ស ត្រូវ​ទៅ​មែន តាម​សេចក្ដី​ដែល​បាន​ចែង​ទុក​ពី​ដំណើរ​លោក ប៉ុន្តែ​វេទនា​ដល់​អ្នក​នោះ ដែល​នឹង​បញ្ជូន​កូន​មនុស្ស​ទៅ បើ​វា​មិន​បាន​កើត​មក នោះ​ល្អ​ដល់​វា​ជា​ជាង នោះ​យូដាស ជា​អ្នក​ដែល​បញ្ជូន​ទ្រង់ វា​ចាប់​ពាក្យ​ទូល​ថា លោក​គ្រូ​អើយ តើ​ខ្ញុំ​ឬ​អី ទ្រង់​មាន​បន្ទូល​ទៅ​វា​ថា ត្រូវ​ដូច​អ្នក​និយាយ​ហើយ។ គ្រា​ដែល​កំពុង​តែ​បរិភោគ នោះ​ព្រះ‌យេស៊ូវ​ទ្រង់​យក​នំបុ័ង ហើយ​កាល​ទ្រង់​បាន​ប្រទាន​ពរ នោះ​ក៏​កាច់​ប្រទាន​ទៅ​ពួក​សិស្ស ដោយ​បន្ទូល​ថា ចូរ​យក​បរិភោគ​ចុះ នេះ​ហើយ​ជា​រូប‌កាយ​ខ្ញុំ រួច​ទ្រង់​យក​ពែង​មក​ប្រទាន​ពរ ក៏​ហុច​ទៅ​ឲ្យ​គេ ដោយ​បន្ទូល​ថា ចូរ​បរិភោគ​ពី​ពែង​នេះ​ទាំង​អស់​គ្នា​ចុះ ដ្បិត​នេះ​ជា​ឈាម​ខ្ញុំ គឺ​ជា​ឈាម​នៃ​សញ្ញា​ថ្មី ដែល​បាន​ច្រួច​ចេញ សំរាប់​មនុស្ស​ជា​ច្រើន​ប្រយោជន៍​នឹង​ផ្តាច់​បាប តែ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ពី​នេះ​ត​ទៅ​មុខ ខ្ញុំ​មិន​ផឹក​ពី​ផល​ផ្លែ​ទំពាំង‌បាយ‌ជូរ​ទៀត​ទេ ដរាប​ដល់​ថ្ងៃ​ណា​ដែល​ខ្ញុំ​នឹង​ផឹក​ជា​ថ្មី ជា​មួយ​នឹង​អ្នក​រាល់​គ្នា​នៅ​ក្នុង​នគរ​ព្រះវរ‌បិតា​នៃ​ខ្ញុំ រួច​កាល​បាន​ច្រៀង​ទំនុក​មួយ​ហើយ នោះ​ក៏​នាំ​គ្នា​ចេញ​ទៅ​ឯ​ភ្នំ​ដើម​អូលីវ។ ខណ​នោះ ព្រះ‌យេស៊ូវ​ទ្រង់​មាន​បន្ទូល​ទៅ​គេ​ថា នៅ​វេលា​យប់​នេះ​ឯង អ្នក​រាល់​គ្នា​នឹង​មាន​ចិត្ត​រវាត​ចេញ​ដោយ​ព្រោះ​ខ្ញុំ ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា «អញ​នឹង​វាយ​អ្នក​គង្វាល ហើយ​ហ្វូង​ចៀម​នឹង​ត្រូវ​ខ្ចាត់​ខ្ចាយ​ទៅ» ប៉ុន្តែ កាល​ណា​ខ្ញុំ​បាន​រស់​ឡើង​វិញ នោះ​ខ្ញុំ​នឹង​ទៅ​ឯ​ស្រុក​កាលី‌ឡេ​មុន​អ្នក​រាល់​គ្នា ពេត្រុស​ទូល​ទ្រង់​ថា ទោះ​បើ​មនុស្ស​ទាំង​អស់​នឹង​រវាត​ចិត្ត ដោយ​ព្រោះ​ទ្រង់​ក៏​ដោយ គង់​តែ​ទូលបង្គំ​មិន​ដូច្នោះ​ទេ ព្រះ‌យេស៊ូវ​ទ្រង់​មាន​បន្ទូល​ទៅ​គាត់​ថា ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា នៅ​វេលា​យប់​នេះ មុន​ដែល​មាន់​រងាវ នោះ​អ្នក​នឹង​ប្រកែក​៣​ដង​ថា មិន​ស្គាល់​ខ្ញុំ ពេត្រុស​ទូល​តប​ថា ទោះ​បើ​ទូលបង្គំ​ត្រូវ​ស្លាប់​ជា​មួយ​នឹង​ទ្រង់​ក៏​ដោយ គង់​តែ​មិន​ព្រម​ថា មិន​ស្គាល់​ទ្រង់​ឡើយ ហើយ​ពួក​សិស្ស​ទាំង​អស់​ក៏​ថា​ឡើង​ដូច​គ្នា។ នោះ​ព្រះ‌យេស៊ូវ ព្រម​ទាំង​ពួក​សិស្ស ក៏​ទៅ​ដល់​កន្លែង​ហៅ​ថា ច្បារ​គែត‌សេ‌ម៉ានី ហើយ​ទ្រង់​មាន​បន្ទូល​ទៅ​គេ​ថា ចូរ​អង្គុយ​នៅ​ទី​នេះ​សិន ចាំ​ខ្ញុំ​នឹង​ទៅ​អធិស្ឋាន​នៅ​ឯ​ណោះ រួច​ទ្រង់​យក​ពេត្រុស នឹង​កូន​សេបេដេ​ទាំង​២​នាក់​ទៅ​ជា​មួយ​ផង ទ្រង់​ចាប់​តាំង​មាន​ព្រះ‌ហឫទ័យ​ព្រួយ ហើយ​តប់‌ប្រមល់​ជា​ខ្លាំង ក៏​មាន​បន្ទូល​ទៅ​គេ​ថា ចិត្ត​ខ្ញុំ​ព្រួយ​ពន់‌ពេក ស្ទើរ​តែ​នឹង​ស្លាប់ ចូរ​នៅ​ទី​នេះ ចាំ​យាម​ជា​មួយ​នឹង​ខ្ញុំ​សិន កាល​ទ្រង់​បាន​យាង​ទៅ​មុខ​បន្តិច​ទៀត នោះ​ទ្រង់​ទំលាក់​អង្គ ផ្កាប់​ព្រះ‌ភក្ត្រ​ចុះ​អធិស្ឋាន​ថា ឱ​ព្រះវរ‌បិតា​នៃ​ទូលបង្គំ​អើយ បើ​សិន​ជា​បាន នោះ​សូម​ឲ្យ​ពែង​នេះ​កន្លង​ហួស​ពី​ទូលបង្គំ​ទៅ ប៉ុន្តែ កុំ​តាម​ចិត្ត​ទូលបង្គំ​ឡើយ សូម​តាម​តែ​ព្រះ‌ហឫទ័យ​ទ្រង់​វិញ នោះ​ទ្រង់​យាង​មក​ដល់​ពួក​សិស្ស ឃើញ​គេ​ដេក​លក់ ក៏​មាន​បន្ទូល​ទៅ​ពេត្រុស​ថា ដូច្នេះ តើ​អ្នក​រាល់​គ្នា​ចាំ​យាម​ជា​មួយ​នឹង​ខ្ញុំ​តែ​១​ម៉ោង​មិន​បាន​ទេ​ឬ​អី ចូរ​ចាំ​យាម ហើយ​អធិស្ឋាន​ចុះ ដើម្បី​មិន​ឲ្យ​កើត​សេចក្ដី​ល្បួង​នាំ​ចិត្ត​ឡើយ ឯ​វិញ្ញាណ ក៏​ប្រុង​ជា​ស្រេច​មែន តែ​សាច់​ឈាម​ខ្សោយ​ទេ កាល​ទ្រង់​បាន​យាង​ទៅ​ម្តង​ទៀត នោះ​ក៏​អធិស្ឋាន​ថា ឱ​ព្រះវរ‌បិតា​នៃ​ទូលបង្គំ​អើយ បើ​សិន​ជា​ពែង​នេះ​កន្លង​ហួស​ពី​ទូលបង្គំ​ទៅ​ពុំ​បាន លើក​តែ​ទូលបង្គំ​ទទួល នោះ​សូម​តាម​ព្រះ‌ហឫទ័យ​ទ្រង់​ចុះ កាល​ទ្រង់​បាន​យាង​មក​វិញ នោះ​ក៏​ឃើញ​ពួក​សិស្ស​ដេក​លក់​ទៀត ដ្បិត​ភ្នែក​គេ​ធ្ងន់​ជ្រប់ រួច​ទ្រង់​យាង​ចោល​គេ​ទៅ​ម្តង​ទៀត នឹង​អធិស្ឋាន​ជា​គំរប់​៣​ដង ដោយ​បន្ទូល​ជា​សេចក្ដី​ដដែល នោះ​ទ្រង់​យាង​មក​ឯ​ពួក​សិស្ស​មាន​បន្ទូល​ថា ឥឡូវ​នេះ អ្នក​រាល់​គ្នា​ដេក​លក់ ហើយ​សំរាក​កំឡាំង​ទៀត​ឬ មើល កំណត់​ជិត​ដល់​ហើយ កូន​មនុស្ស​ត្រូវ​គេ​បញ្ជូន​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​មនុស្ស​មាន​បាប ចូរ​ក្រោក​ឡើង យើង​ទៅ ន៏ អ្នក​ដែល​បញ្ជូន​ខ្ញុំ​ជិត​មក​ដល់​ហើយ។ កាល​ទ្រង់​កំពុង​តែ​មាន​បន្ទូល​នៅ​ឡើយ នោះ​ឃើញ​យូដាស ជា​ម្នាក់​ក្នុង​ពួក​១២​មក​ដល់ នាំ​ទាំង​ហ្វូង​មនុស្ស​ជា​ធំ ដែល​កាន់​ដាវ កាន់​ដំបង មក​ពី​ពួក​សង្គ្រាជ​នឹង​ពួក​ចាស់‌ទុំ​នៃ​បណ្តាជន ឯ​អ្នក​ដែល​បញ្ជូន​ទ្រង់ ក៏​ប្រាប់​ទី​សំគាល់​នេះ​ដល់​គេ​ថា អ្នក​ណា​ដែល​ខ្ញុំ​ថើប គឺ​អ្នក​នោះ​ហើយ ចូរ​ចាប់​វា​ចុះ ស្រាប់​តែ​វា​មក​ដល់​ព្រះ‌យេស៊ូវ​គំនាប់​ទូល​ថា ជំរាប​សួរ​លោក​គ្រូ រួច​ក៏​ថើប​ទ្រង់ តែ​ព្រះ‌យេស៊ូវ​ទ្រង់​មាន​បន្ទូល​តប​ថា សំឡាញ់​អើយ ឯង​មក​ធ្វើ​អី នោះ​គេ​ក៏​មក​លូក​ដៃ​ចាប់​ព្រះ‌អង្គ ខណ​នោះ មាន​ម្នាក់​ដែល​នៅ​ជា​មួយ​នឹង​ព្រះ‌យេស៊ូវ គាត់​លូក​ដៃ​ទៅ​ហូត​ដាវ កាប់​ដាច់​ស្លឹក​ត្រចៀក​របស់​បាវ​សំដេច​សង្ឃ​ម្នាក់ តែ​ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​ថា ចូរ​ស៊ក​ដាវ​អ្នក​ទៅ​ក្នុង​ស្រោម​វិញ​ទៅ ដ្បិត​អស់​អ្នក​ដែល​យក​ដាវ នោះ​ត្រូវ​ស្លាប់​ដោយ​ដាវ​ដែរ តើ​អ្នក​ស្មាន​ថា ខ្ញុំ​មិន​អាច​នឹង​សូម​ដល់​ព្រះវរ‌បិតា​ខ្ញុំ​ឥឡូវ ដែល​ទ្រង់​នឹង​ចាត់​ពួក​ទេវតា​១២​កង​មក​ខ្ញុំ​ជា​១​រំពេច​ទេ​ឬ​អី បើ​យ៉ាង​នោះ ធ្វើ​ដូច​ម្តេច​នឹង​បាន​សំរេច​តាម​គម្ពីរ ដែល​ថា​ត្រូវ​តែ​កើត​មាន​ដូច្នេះ។ នៅ​វេលា​នោះ​ឯង ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​ហ្វូង​មនុស្ស​ថា តើ​អ្នក​រាល់​គ្នា​បាន​ចេញ​មក​ចាប់​ខ្ញុំ ដោយ​កាន់​ដាវ កាន់​ដំបង ដូច​ជា​មក​ចាប់​ចោរ​ឬ​អី ខ្ញុំ​បាន​អង្គុយ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា ហើយ​បង្រៀន​ក្នុង​ព្រះ‌វិហារ​រាល់​តែ​ថ្ងៃ តែ​អ្នក​រាល់​គ្នា​មិន​បាន​ចាប់​ខ្ញុំ​ទេ ប៉ុន្តែ ការ​ទាំង​នេះ​បាន​កើត​មក ដើម្បី​ឲ្យ​បាន​សំរេច​តាម​ទំនាយ​ពួក​ហោរា​វិញ នោះ​ពួក​សិស្ស​ទាំង​អស់​ក៏​រត់​ចោល​ទ្រង់​ទៅ។ ឯ​ពួក​អ្នក​ដែល​បាន​ចាប់​ព្រះ‌យេស៊ូវ គេ​ដឹក‌នាំ​ទ្រង់​ទៅ​ឯ​លោក​កៃផា ជា​សំដេច​សង្ឃ នៅ​កន្លែង​ដែល​ពួក​អាចារ្យ នឹង​ពួក​ចាស់‌ទុំ​បាន​ប្រជុំ​គ្នា រីឯ​ពេត្រុស គាត់​តាម​ទ្រង់​ពី​ចំងាយ​ទៅ រហូត​ដល់​ព្រះ‌លាន​នៃ​សំដេច​សង្ឃ ក៏​ចូល​ទៅ​អង្គុយ​ខាង​ក្នុង ជា​មួយ​នឹង​ពួក​អាជ្ញា ដើម្បី​ចង់​ឃើញ​ទី​បំផុត​នៃ​ការ​នោះ។ ចំណែក​ពួក​សង្គ្រាជ នឹង​ពួក​ចាស់‌ទុំ ហើយ​ក្រុម‌ជំនុំ​ទាំង​អស់​គ្នា គេ​ស្វែង​រក​សេចក្ដី​បន្ទាល់​ក្លែង​ទាស់​នឹង​ព្រះ‌យេស៊ូវ ប្រយោជន៍​ឲ្យ​បាន​សំឡាប់​ទ្រង់ តែ​ទោះ​បើ​មាន​ស្មរ​បន្ទាល់​ក្លែង‌ក្លាយ​មក​ជា​ច្រើន​នាក់​ក៏​ដោយ គង់​តែ​រក​មិន​បាន​សោះ តែ​ក្រោយ​បង្អស់ មាន​ស្មរ​បន្ទាល់​២​នាក់​មក​ចោទ​ថា អា​នេះ​បាន​និយាយ​ថា ខ្ញុំ​អាច​នឹង​បំផ្លាញ​ព្រះ‌វិហារ​ចេញ ហើយ​នឹង​សង់​ឡើង​វិញ ក្នុង​រវាង​៣​ថ្ងៃ​បាន នោះ​សំដេច​សង្ឃ​ក៏​ក្រោក​ឡើង​ដណ្តឹង​សួរ​ទ្រង់​ថា តើ​ឯង​មិន​ព្រម​ឆ្លើយ​សោះ​ឬ​អី សេចក្ដី​ដែល​គេ​ចោទ​ប្រកាន់​ឯង​ទាំង​ប៉ុន្មាន​នេះ តើ​យ៉ាង​ដូច​ម្តេច ឯ​ព្រះ‌យេស៊ូវ​ទ្រង់​នៅ​តែ​ស្ងៀម រួច​សំដេច​សង្ឃ​បង្គាប់​ទ្រង់​ថា ចូរ​ស្បថ​នឹង​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​ចុះ បើ​ឯង​ជា​ព្រះ‌គ្រីស្ទ ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​មែន នោះ​ចូរ​ប្រាប់​យើង​មក ព្រះ‌យេស៊ូវ​ទ្រង់​មាន​បន្ទូល​ទៅ​លោក​ថា ត្រូវ​ដូច​លោក​មាន​ប្រសាសន៍​ហើយ ១​ទៀត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អំណឹះ​ទៅ​មុខ អ្នក​រាល់​គ្នា​នឹង​ឃើញ​កូន​មនុស្ស​អង្គុយ នៅ​ខាង​ស្តាំ​នៃ​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា ហើយ​ទាំង​មក​លើ​ពពក​នៅ​លើ​មេឃ​ផង នោះ​សំដេច​សង្ឃ​ក៏​ហែក​អាវ​ខ្លួន ហើយ​និយាយ​ឡើង​ថា វា​បាន​ពោល​ពាក្យ​ប្រមាថ​ដល់​ព្រះ ដូច្នេះ តើ​យើង​ចាំ​បាច់​ត្រូវ​ការ​នឹង​ទី​បន្ទាល់​ណា​ថែម​ទៀត មើល អ្នក​រាល់​គ្នា​ទើប​នឹង​ឮ​ពាក្យ ដែល​វា​ប្រមាថ​នោះ​ស្រាប់​ហើយ តើ​គិត​យ៉ាង​ដូច​ម្តេច អ្នក​ទាំង​នោះ​ឆ្លើយ​ឡើង​ថា វា​គួរ​ស្លាប់​ហើយ គេ​ក៏​ស្តោះ​ដាក់​ព្រះ‌ភក្ត្រ ហើយ​ដាល់​តប់​ទ្រង់ មាន​អ្នក​ខ្លះ​ទះ​ទ្រង់ ទាំង​ទូល​ថា ចូរ​ទាយ​ប្រាប់​យើង​ចុះ ព្រះ‌គ្រីស្ទ​អើយ តើ​អ្នក​ណា​បាន​វាយ​ឯង។ ឯ​ពេត្រុស គាត់​អង្គុយ​នៅ​ក្នុង​ព្រះ‌លាន​ឰដ៏​ខាង​ក្រៅ នោះ​មាន​បាវ​ស្រី​ម្នាក់​មក​ឯ​គាត់​និយាយ​ថា អ្នក​ឯង​បាន​នៅ​ជា​មួយ​នឹង​យេស៊ូវ ជា​អ្នក​ស្រុក​កាលី‌ឡេ​នេះ​ដែរ តែ​គាត់​ប្រកែក​នៅ​មុខ​អ្នក​ទាំង​អស់​ថា ខ្ញុំ​មិន​ដឹង​ជា​អ្នក​ថា​អ្វី​ទេ កាល​គាត់​បាន​ចេញ​ទៅ​ដល់​មាត់​ទ្វារ​ហើយ នោះ​បាវ​ស្រី​ម្នាក់​ទៀត​ឃើញ​គាត់ ក៏​ប្រាប់​ដល់​ពួក​អ្នក​នៅ​ទី​នោះ​ថា អ្នក​នេះ​បាន​នៅ​ជា​មួយ​នឹង​យេស៊ូវ ជា​អ្នក​ស្រុក​ណា‌សារ៉ែត​ដែរ គាត់​ក៏​ប្រកែក​ម្តង​ទៀត ទាំង​ស្បថ​ថា ខ្ញុំ​មិន​ស្គាល់​មនុស្ស​នោះ​ទេ ក្រោយ​បន្តិច​មក ពួក​អ្នក​ដែល​នៅ​ទី​នោះ គេ​មក​ឯ​ពេត្រុស​ចោទ​ថា ឯង​ប្រាកដ​ជា​ពួក​មនុស្ស​នោះ​ដែរ ដ្បិត​សំដី​ឯង​ស​ពី​ខ្លួន​ឯង​ឲ្យ​ដឹង​ហើយ នោះ​គាត់​ចាប់​តាំង​ប្រមាថ ហើយ​ស្បថ​ថា ខ្ញុំ​មិន​ស្គាល់​មនុស្ស​នោះ​ទេ ស្រាប់​តែ​មាន់​ក៏​រងាវ​ឡើង ពេត្រុស​នឹក​ឃើញ​ពី​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេស៊ូវ ដែល​ទ្រង់​ប្រាប់​គាត់​ថា មុន​ដែល​មាន់​រងាវ នោះ​អ្នក​នឹង​ប្រកែក​៣​ដង​ថា មិន​ស្គាល់​ខ្ញុំ រួច​គាត់​ក៏​ចេញ​ទៅ​ដោយ​យំ​ក្តួល។

ចែក​រំលែក
អាន ម៉ាថាយ 26