ម៉ាថាយ 24:36-44

ម៉ាថាយ 24:36-44 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

«ប៉ុន្តែ ត្រង់​ឯ​ថ្ងៃ និង​ពេល​កំណត់ គ្មាន​អ្នក​ណា​ដឹង​ទេ ទោះ​បី​ពួក​ទេវតា​នៅ​ស្ថាន‌សួគ៌ ឬ​ព្រះ‌រាជ​បុត្រា​ក៏​មិន​ដឹង​ដែរ មាន​តែ​ព្រះ‌វរបិតា​មួយ​ប៉ុណ្ណោះ​ដែល​ជ្រាប។ ដ្បិត​ដូច​សម័យ​របស់​លោក​ណូអេ​យ៉ាង​ណា ពេល​កូន​មនុស្ស​មក​ក៏​នឹង​កើត​មាន​ដូច្នោះ​ដែរ។ ដ្បិត​នៅ​សម័យ​មុន​ទឹក​ជំនន់​នោះ គេ​កំពុង​តែ​ស៊ី​ផឹក ហើយ​រៀបការ​ប្តី​ប្រពន្ធ រហូត​ដល់​ថ្ងៃ​ដែល​លោក​ណូអេ​ចូល​ទៅ​ក្នុង​ទូក​ធំ គេ​មិន​បាន​ដឹង​អ្វី​សោះ រហូត​ទាល់​តែ​ទឹក​ជន់​ឡើង ហើយ​យក​គេ​ទាំង​អស់​ទៅ។ ពេល​កូន​មនុស្ស​មក ក៏​នឹង​កើត​មាន​ដូច្នោះ​ដែរ។ ពេល​នោះ នឹង​មាន​មនុស្ស​ពីរ​នាក់​នៅ​ចម្ការ ម្នាក់​ត្រូវ​យក​ទៅ ហើយ​ម្នាក់​ទៀត​ទុក​នៅ។ ស្ត្រី​ពីរ​នាក់​កំពុង​តែ​កិន​ម្សៅ ម្នាក់​ត្រូវ​យក​ទៅ ហើយ​ម្នាក់​ទៀត​ទុក​នៅ។ ដូច្នេះ ចូរ​ប្រុង​ស្មារតី ដ្បិត​អ្នក​រាល់​គ្នា​មិន​ដឹង​ថា ព្រះ‌អម្ចាស់​របស់​អ្នក​រាល់​គ្នា​នឹង​យាង​មក​ថ្ងៃ​ណា​ទេ។ ប៉ុន្តែ ចូរ​យល់​សេចក្តី​នេះ​ចុះ បើ​ម្ចាស់​ផ្ទះ​បាន​ដឹង​ថា ចោរ​នឹង​ចូល​មក​នៅ​យាម​ណា​មួយ នោះ​គាត់​មុខ​ជា​នៅ​ចាំ​យាម​មិន​ឲ្យ​ចោរ​ទម្លុះ​ចូល​ផ្ទះ​គាត់​បាន​ឡើយ។ ដូច្នេះ អ្នក​រាល់​គ្នា​ក៏​ត្រូវ​ប្រុង​ប្រៀប​ជានិច្ច​ដែរ ដ្បិត​កូន​មនុស្ស​នឹង​មក​នៅ​វេលា​ដែល​អ្នក​រាល់​គ្នា​មិន​បាន​គិត»។

ចែក​រំលែក
អាន ម៉ាថាយ 24

ម៉ាថាយ 24:36-44 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

«រីឯ​ថ្ងៃ​កំណត់ និង​ពេល​វេលា គ្មាន​នរណា​ដឹង​ឡើយ ទោះ​បី​ទេវតា*​នៅ​ស្ថាន​បរម‌សុខ* ឬ​ព្រះ‌បុត្រា​ក៏​ពុំ​ជ្រាប​ដែរ មាន​តែ​ព្រះ‌បិតា​មួយ​ព្រះអង្គ​ប៉ុណ្ណោះ​ដែល​ជ្រាប។ នៅ​គ្រា​បុត្រ​មនុស្ស​យាង​មក ក៏​ដូច​កាល​នៅ​សម័យ​លោក​ណូអេ​ដែរ គឺ​មុន​ពេល​ទឹក​ជំនន់​ធំ មនុស្ស‌ម្នា​តែងតែ​នាំ​គ្នា​ស៊ី​ផឹក រៀបការ​ប្ដី​ប្រពន្ធ រហូត​ដល់​ថ្ងៃ​ដែល​លោក​ណូអេ​ចូល​ក្នុង​ទូក​ធំ។ គេ​មិន​បាន​ចាប់​អារម្មណ៍​អ្វី​សោះ ទាល់​តែ​ទឹក​ជំនន់​ឡើង​មក​ដល់​បំផ្លាញ​គេ​អស់​ទៅ។ នៅ​គ្រា​ដែល​បុត្រ​មនុស្ស​យាង​មក ក៏​កើត​មាន​ដូច្នោះ​ដែរ។ បើ​មាន​មនុស្ស​ពីរ​នាក់​ធ្វើ​ការ​ក្នុង​ចម្ការ​ជា​មួយ​គ្នា ព្រះ‌ជាម្ចាស់​នឹង​យក​ម្នាក់​ទៅ ទុក​ម្នាក់​ទៀត​ឲ្យ​នៅ។ បើ​មាន​ស្ត្រី​ពីរ​នាក់​កិន​ស្រូវ​ជា​មួយ​គ្នា ព្រះ‌ជាម្ចាស់​នឹង​យក​ម្នាក់​ទៅ ទុក​ម្នាក់​ទៀត​ឲ្យ​នៅ។ ដូច្នេះ ចូរ​ប្រុង​ស្មារតី​ឲ្យ​មែន​ទែន ដ្បិត​អ្នក​រាល់​គ្នា​ពុំ​ដឹង​ថា ព្រះ‌អម្ចាស់​របស់​អ្នក​រាល់​គ្នា​នឹង​មក​ដល់​នៅ​ពេល​ណា​ឡើយ។ អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា បើ​ម្ចាស់​ផ្ទះ​ដឹង​ចោរ​ចូល​មក​ប្លន់​ថ្មើរ​ណា គាត់​មុខ​ជា​ប្រុង​ស្មារតី​ពុំ‌ខាន មិន​បណ្ដោយ​ឲ្យ​ចោរ​ចូល​មក​ប្លន់​ផ្ទះ​គាត់​ឡើយ។ ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​ត្រៀម​ខ្លួន​ជានិច្ច ដ្បិត​បុត្រ​មនុស្ស​នឹង​មក​ដល់​នៅ​វេលា ដែល​អ្នក​រាល់​គ្នា​ពុំ​បាន​គិត»។

ចែក​រំលែក
អាន ម៉ាថាយ 24

ម៉ាថាយ 24:36-44 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឯ​ត្រង់​ថ្ងៃ​នឹង​ពេល​កំណត់ នោះ​គ្មាន​អ្នក​ណា​ដឹង​ទេ ទោះ​ទាំង​ពួក​ទេវតា​ដែល​នៅ​លើ​ស្ថាន‌សួគ៌​ក៏​មិន​ដឹង​ដែរ ជ្រាប​តែ​ព្រះវរ‌បិតា​នៃ​ខ្ញុំ​ប៉ុណ្ណោះ ដ្បិត​កាល​ណា​កូន​មនុស្ស​មក នោះ​នឹង​បាន​ដូច​ជា​នៅ​ជំនាន់​លោក​ណូអេ​ដែរ ដ្បិត​នៅ​គ្រា​មុន​ទឹក​ជន់​លិច នោះ​គេ​កំពុង​តែ​ស៊ី​ផឹក ហើយ​រៀប‌ការ​ប្ដី​ប្រពន្ធ ដរាប​ដល់​ថ្ងៃ​ដែល​លោក​ណូអេ​ចូល​ទៅ​ក្នុង​ទូក​ធំ គេ​ឥត​បាន​ដឹង​ខ្លួន​ឡើយ ទាល់​តែ​ទឹក​ជន់​ឡើង យក​គេ​ទៅ​ទាំង​អស់​គ្នា នោះ​ដល់​កាល​ណា​កូន​មនុស្ស​មក ក៏​នឹង​មាន​ដូច្នោះ​ដែរ នៅ​គ្រា​នោះ នឹង​មាន​មនុស្ស​២​នាក់​នៅ​ចំការ ម្នាក់​នឹង​បាន​យក​ទៅ ហើយ​ម្នាក់​ទុក​នៅ ស្ត្រី​២​នាក់​កំពុង​តែ​កិន​ម្សៅ ម្នាក់​នឹង​បាន​យក​ទៅ ហើយ​ម្នាក់​ទុក​នៅ ដូច្នេះ ឲ្យ​ចាំ​យាម ដ្បិត​អ្នក​រាល់​គ្នា​មិន​ដឹង​ជា​ពេល​ណា ដែល​ព្រះ‌អម្ចាស់​នៃ​អ្នក​រាល់​គ្នា​នឹង​យាង​មក​ទេ ចូរ​ដឹង​សេចក្ដី​នេះ​ចុះ បើ​ម្ចាស់​ផ្ទះ​បាន​ដឹង​ជា​ចោរ​នឹង​មក​នៅ​យាម​ណា នោះ​គេ​នឹង​បាន​ចាំ​យាម​មិន​ឲ្យ​ចោរ​ទំលុះ​ចូល​ផ្ទះ​បាន​ទេ ដូច្នេះ ឲ្យ​អ្នក​រាល់​គ្នា​ប្រុង​ប្រៀប​ខ្លួន​ជា​ស្រេច​ដែរ ដ្បិត​កូន​មនុស្ស​នឹង​មក​នៅ​វេលា​ដែល​អ្នក​រាល់​គ្នា​មិន​គិត។

ចែក​រំលែក
អាន ម៉ាថាយ 24