ម៉ាថាយ 24:23-51

ម៉ាថាយ 24:23-51 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​នោះ បើ​អ្នក​ណា​ប្រាប់​អ្នក​រាល់​គ្នា​ថា "មើល៍ ព្រះ‌គ្រីស្ទ​គង់​នៅ​ទី​នេះ" ឬ "នៅ​ទី​នោះ" កុំ​ជឿ​គេ​ឡើយ។ ដ្បិត​នឹង​មាន​ព្រះ‌គ្រីស្ទ​ក្លែង‌ក្លាយ និង​ហោរា​ក្លែង‌ក្លាយ​លេច​មក ហើយ​សម្តែង​ទី​សម្គាល់ និង​ការ​អស្ចារ្យ​យ៉ាង​ធំ ដើម្បី​នាំ​មនុស្ស​ឲ្យ​វង្វេង សូម្បី​តែ​ពួក​រើស​តាំង​ផង ប្រសិន‌បើ​គេ​អាច​ធ្វើ​បាន។ មើល៍ ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ជា​មុន​ហើយ ដូច្នេះ បើ​គេ​ប្រាប់​អ្នក​រាល់​គ្នា​ថា "មើល៍ ព្រះ‌អង្គ​គង់​នៅ​ទី​រហោ‌ស្ថាន" នោះ​កុំ​ចេញ​ទៅ​ឡើយ។ បើ​គេ​ថា "មើល៍ ព្រះ‌អង្គ​គង់​នៅ​ក្នុង​បន្ទប់" នោះ​ក៏​កុំ​ជឿ​ឲ្យ​សោះ។ ដ្បិត​កូន​មនុស្ស​នឹង​មក ដូច​ផ្លេក​បន្ទោរ ដែល​ចាំង​ពន្លឺ​ភ្លែតៗ ពី​ទិស​ខាង​កើត ដល់​ទិស​ខាង​លិច។ សាក​សព​នៅ​ទី​ណា ត្មាត​នឹង​ប្រមូល​ផ្ដុំ​គ្នា​នៅ​ទី​នោះ »។ «លុះ​គ្រា​ទុក្ខ​វេទនា​នោះ​កន្លង​ផុត​ភ្លាម ថ្ងៃ​នឹង​ទៅ​ជា​ងងឹត ហើយ​ខែ​នឹង​លែង​បញ្ចេញ​ពន្លឺ ផ្កាយ​នឹង​ធ្លាក់​ចុះ​ពី​លើ​មេឃ ហើយ​អំណាច​នានា​នៅ​លើ​មេឃ នឹង​ត្រូវ​កក្រើក​រំពើក ពេល​នោះ ទី​សម្គាល់​របស់​កូន​មនុស្ស​នឹង​លេច​មក​នៅ​លើ​មេឃ ហើយ​មនុស្ស​ទាំង​អស់​នៅ​លើ​ផែនដី​នឹង​គក់​ទ្រូង យំ រួច​គេ​នឹង​ឃើញ​កូន​មនុស្ស​យាង​មក​លើ​ពពក នៅ​លើ​មេឃ ប្រកប​ដោយ​ចេស្តា និង​សិរី​ល្អ​យ៉ាង​ខ្លាំង។ លោក​នឹង​ចាត់​ពួក​ទេវតា​របស់​លោក​ឲ្យ​ចេញ​ទៅ ទាំង​មាន​សំឡេង​ត្រែ​ឮ​រំពង ទេវតា​ទាំង​នោះ​នឹង​ប្រមូល​ពួក​រើស​តាំង​របស់​លោក​ពី​ទិស​ទាំង​បួន ចាប់​ពី​ជើង​មេឃ​ម្ខាង រហូត​ដល់​ជើង​មេឃ​ម្ខាង»។ «ចូរ​រៀន​ជា​សេចក្ដី​ប្រៀប​ធៀប​អំពី​ដើម​ល្វា​នេះ​ចុះ។ កាល​ណា​មែក​របស់​វា​ត្រឡប់​ជា​ទន់ ហើយ​ស្លឹក​លាស់​ឡើង អ្នក​រាល់​គ្នា​ដឹង​ថា រដូវ​ក្តៅ​ជិត​មក​ដល់​ហើយ។ ដំណើរ​នេះ​ក៏​ដូច្នោះ​ដែរ កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​ការ​ទាំង​នេះ ត្រូវ​ដឹង​ថា លោក​មក​ជិត​ដល់​ហើយ ក៏​នៅ​មាត់​ទ្វារ​ផង។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា មនុស្ស​ជំនាន់​នេះ​នឹង​មិន​កន្លង​ផុត​ឡើយ រហូត​ទាល់​តែ​ការ​ទាំង​អស់​នេះ​បាន​កើត​មក។ ផ្ទៃ​មេឃ និង​ផែនដី នឹង​កន្លង​បាត់​ទៅ តែ​ពាក្យ​របស់​ខ្ញុំ​នឹង​មិន​កន្លង​បាត់​ឡើយ»។ «ប៉ុន្តែ ត្រង់​ឯ​ថ្ងៃ និង​ពេល​កំណត់ គ្មាន​អ្នក​ណា​ដឹង​ទេ ទោះ​បី​ពួក​ទេវតា​នៅ​ស្ថាន‌សួគ៌ ឬ​ព្រះ‌រាជ​បុត្រា​ក៏​មិន​ដឹង​ដែរ មាន​តែ​ព្រះ‌វរបិតា​មួយ​ប៉ុណ្ណោះ​ដែល​ជ្រាប។ ដ្បិត​ដូច​សម័យ​របស់​លោក​ណូអេ​យ៉ាង​ណា ពេល​កូន​មនុស្ស​មក​ក៏​នឹង​កើត​មាន​ដូច្នោះ​ដែរ។ ដ្បិត​នៅ​សម័យ​មុន​ទឹក​ជំនន់​នោះ គេ​កំពុង​តែ​ស៊ី​ផឹក ហើយ​រៀបការ​ប្តី​ប្រពន្ធ រហូត​ដល់​ថ្ងៃ​ដែល​លោក​ណូអេ​ចូល​ទៅ​ក្នុង​ទូក​ធំ គេ​មិន​បាន​ដឹង​អ្វី​សោះ រហូត​ទាល់​តែ​ទឹក​ជន់​ឡើង ហើយ​យក​គេ​ទាំង​អស់​ទៅ។ ពេល​កូន​មនុស្ស​មក ក៏​នឹង​កើត​មាន​ដូច្នោះ​ដែរ។ ពេល​នោះ នឹង​មាន​មនុស្ស​ពីរ​នាក់​នៅ​ចម្ការ ម្នាក់​ត្រូវ​យក​ទៅ ហើយ​ម្នាក់​ទៀត​ទុក​នៅ។ ស្ត្រី​ពីរ​នាក់​កំពុង​តែ​កិន​ម្សៅ ម្នាក់​ត្រូវ​យក​ទៅ ហើយ​ម្នាក់​ទៀត​ទុក​នៅ។ ដូច្នេះ ចូរ​ប្រុង​ស្មារតី ដ្បិត​អ្នក​រាល់​គ្នា​មិន​ដឹង​ថា ព្រះ‌អម្ចាស់​របស់​អ្នក​រាល់​គ្នា​នឹង​យាង​មក​ថ្ងៃ​ណា​ទេ។ ប៉ុន្តែ ចូរ​យល់​សេចក្តី​នេះ​ចុះ បើ​ម្ចាស់​ផ្ទះ​បាន​ដឹង​ថា ចោរ​នឹង​ចូល​មក​នៅ​យាម​ណា​មួយ នោះ​គាត់​មុខ​ជា​នៅ​ចាំ​យាម​មិន​ឲ្យ​ចោរ​ទម្លុះ​ចូល​ផ្ទះ​គាត់​បាន​ឡើយ។ ដូច្នេះ អ្នក​រាល់​គ្នា​ក៏​ត្រូវ​ប្រុង​ប្រៀប​ជានិច្ច​ដែរ ដ្បិត​កូន​មនុស្ស​នឹង​មក​នៅ​វេលា​ដែល​អ្នក​រាល់​គ្នា​មិន​បាន​គិត»។ «ដូច្នេះ តើ​អ្នក​ណា​ជា​អ្នក​បម្រើ​ស្មោះ​ត្រង់​ហើយ​ឈ្លាស‌វៃ ដែល​ចៅហ្វាយ​បាន​តាំង​ឲ្យ​មើល​ខុស​ត្រូវ​លើ​ពួក​ផ្ទះ​របស់​លោក ដើម្បី​ចែក​ម្ហូប​អាហារ​ឲ្យ​គេ​បរិ‌ភោគ​តាម​ពេល​ត្រឹម‌ត្រូវ? មាន​ពរ​ហើយ អ្នក​បម្រើ​ណា​ដែល​កាល​ណា​ចៅហ្វាយ​របស់​ខ្លួន​មក​ដល់ ឃើញ​កំពុង​តែ​ធ្វើ​ដូច្នោះ។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ចៅហ្វាយ​នឹង​តាំង​អ្នក​នោះ ឲ្យ​មើល​ខុស​ត្រូវ​លើ​ទ្រព្យ​សម្បត្តិ​របស់​លោក​ទាំង​អស់។ ប៉ុន្តែ បើ​អ្នក​បម្រើ​នោះ​អាក្រក់ ហើយ​គិត​ក្នុង​ចិត្ត​ថា ចៅហ្វាយ​របស់​ខ្ញុំ​ក្រ​មក​ដល់​ណាស់ ហើយ​ចាប់​ផ្ដើម​វាយ​ដំ​ពួក​អ្នក​បម្រើ​ដែល​ជា​គូកន​របស់​ខ្លួន ព្រម​ទាំង​ស៊ី​ផឹក​ជា​មួយ​ពួក​មនុស្ស​ប្រមឹក ចៅហ្វាយ​នឹង​មក​ដល់ នៅ​ថ្ងៃ​មួយ​ដែល​អ្នក​បម្រើ​នោះ​មិន​រង់‌ចាំ និង​នៅ​វេលា​មួយ​ដែល​គាត់​មិន​ដឹង ចៅហ្វាយ​នឹង​ធ្វើ​ទោស​គាត់​យ៉ាង​ធ្ងន់ ហើយ​ឲ្យ​គាត់​មាន​ចំណែក​ជា​មួយ​ពួក​មនុស្ស​មាន​ពុត នៅ​ទី​នោះ​នឹង​យំ ហើយ​សង្កៀត​ធ្មេញ»។

ចែក​រំលែក
អាន ម៉ាថាយ 24

ម៉ាថាយ 24:23-51 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ប្រសិន​បើ​មាន​គេ​ប្រាប់​អ្នក​រាល់​គ្នា​ថា “ព្រះ‌គ្រិស្ត*​គង់​នៅ​ទី​នេះ ឬ​នៅ​ទី​នោះ” កុំ​ជឿ​គេ​ឡើយ ដ្បិត​នឹង​មាន​មនុស្ស​ក្លែង​ខ្លួន​ធ្វើ​ជា​ព្រះ‌គ្រិស្ត ព្រម​ទាំង​មាន​ព្យាការី*​ក្លែង‌ក្លាយ​នាំ​គ្នា​សម្តែង​ទី​សម្គាល់​ធំ​អស្ចារ្យ និង​ឫទ្ធិ​បាដិ‌ហារិយ៍​ផ្សេងៗ ដើម្បី​បញ្ឆោត​មនុស្ស រហូត​ដល់​ទៅ​នាំ​ពួក​អ្នក​ដែល​ព្រះ‌ជាម្ចាស់​បាន​ជ្រើស​រើស​ឲ្យ​វង្វេង​ថែម​ទៀត​ផង ប្រសិន​បើ​គេ​អាច​ធ្វើ​បាន។ ខ្ញុំ​និយាយ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ជា​មុន​ឲ្យ​ហើយ។ បើ​មាន​គេ​ប្រាប់​អ្នក​រាល់​គ្នា​ថា “ព្រះអង្គ​នៅ​វាល​រហោ‌ស្ថាន​ឯ‌ណោះ!” កុំ​ចេញ​ទៅ​តាម​គេ​ឡើយ ឬ​មួយ​បើ​គេ​ថា “ព្រះអង្គ​នៅ​ក្នុង​បន្ទប់​ឯ‌ណេះ!” ក៏​កុំ​ជឿ​ពាក្យ​គេ​ដែរ ដ្បិត​បុត្រ​មនុស្ស*​នឹង​យាង​មក​ប្រៀប​បី​ដូច​ជា​ផ្លេក​បន្ទោរ​ភ្លឺ‌ឆ្វាច ឆូត​កាត់​ពី​ទិស​ខាង​កើត​ទៅ​ទិស​ខាង​លិច។ សាក‌សព​នៅ​ទី​ណា ត្មាត​ក៏​មក​ប្រមូល​ផ្ដុំ​គ្នា​នៅ​ទី​នោះ​ដែរ »។ «លុះ​គ្រា​មាន​ទុក្ខ​វេទនា​នេះ​កន្លង​ផុត​ទៅ ភ្លាម​នោះ ព្រះ‌អាទិត្យ​នឹង​បាត់​រស្មី ព្រះ‌ច័ន្ទ​លែង​មាន​ពន្លឺ​ទៀត​ហើយ។ រីឯ​ផ្កាយ​ទាំង‌ឡាយ​នឹង​ធ្លាក់​ចុះ​ពី​លើ​មេឃ អំណាច​នានា​នៅ​លើ​មេឃ​នឹង​ត្រូវ​កក្រើក​រំពើក ។ ពេល​នោះ ទី​សម្គាល់​របស់​បុត្រ​មនុស្ស*​នឹង​លេច​ចេញ​ពី​ផ្ទៃ​មេឃ​មក។ កុល‌សម្ព័ន្ធ*​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី​នឹង​នាំ​គ្នា​យំ​គក់​ទ្រូង គេ​នឹង​ឃើញ បុត្រ​មនុស្ស​យាង​មក​លើ​ពពក*​ក្នុង​ផ្ទៃ​មេឃ ប្រកប​ដោយ​ឫទ្ធា‌នុភាព និង​សិរី‌រុងរឿង​ដ៏​អស្ចារ្យ។ ពេល​នោះ មាន​សំឡេង​ត្រែ​លាន់​ឮ​រំពង​ឡើង លោក​ក៏​ចាត់​ពួក​ទេវតា*​របស់​លោក​ឲ្យ​ទៅ​ទិស​ទាំង​បួន ដើម្បី​ប្រមូល​ពួក​អ្នក​ដែល​ព្រះ‌ជាម្ចាស់​បាន​ជ្រើស​រើស ចាប់​ពី​ជើង​មេឃ​ម្ខាង​ទៅ​ជើង​មេឃ​ម្ខាង»។ «ចូរ​អ្នក​រាល់​គ្នា​យក​ប្រស្នា*​ស្ដី​អំពី​ដើម​ឧទុម្ពរ*​ទៅ​រិះគិត​ចុះ។ កាល​ណា​មែក​របស់​វា​មាន​ស្លឹក​លាស់​ខៀវ​ខ្ចី អ្នក​រាល់​គ្នា​ដឹង​ថា រដូវ​ប្រាំង ជិត​មក​ដល់​ហើយ។ ដូច្នេះ កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​ព្រឹត្តិ‌ការណ៍​ទាំង​អស់​នោះ​កើត​ឡើង ត្រូវ​ដឹង​ថា បុត្រ​មនុស្ស​ក៏​ជិត​មក​ដល់​ហើយ​ដែរ គឺ​លោក​មក​ជិត​បង្កើយ​ហើយ។ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ហេតុ‌ការណ៍​ទាំង​នោះ​នឹង​កើត​ឡើង ក្នុង​ពេល​ដែល​មនុស្ស​ជំនាន់​នេះ មាន​ជីវិត​នៅ​ឡើយ។ ផ្ទៃ​មេឃ និង​ផែនដី​នឹង​រលាយ​បាត់​ទៅ តែ​ពាក្យ​ដែល​ខ្ញុំ​និយាយ​មិន​រលាយ​បាត់​ទេ»។ «រីឯ​ថ្ងៃ​កំណត់ និង​ពេល​វេលា គ្មាន​នរណា​ដឹង​ឡើយ ទោះ​បី​ទេវតា*​នៅ​ស្ថាន​បរម‌សុខ* ឬ​ព្រះ‌បុត្រា​ក៏​ពុំ​ជ្រាប​ដែរ មាន​តែ​ព្រះ‌បិតា​មួយ​ព្រះអង្គ​ប៉ុណ្ណោះ​ដែល​ជ្រាប។ នៅ​គ្រា​បុត្រ​មនុស្ស​យាង​មក ក៏​ដូច​កាល​នៅ​សម័យ​លោក​ណូអេ​ដែរ គឺ​មុន​ពេល​ទឹក​ជំនន់​ធំ មនុស្ស‌ម្នា​តែងតែ​នាំ​គ្នា​ស៊ី​ផឹក រៀបការ​ប្ដី​ប្រពន្ធ រហូត​ដល់​ថ្ងៃ​ដែល​លោក​ណូអេ​ចូល​ក្នុង​ទូក​ធំ។ គេ​មិន​បាន​ចាប់​អារម្មណ៍​អ្វី​សោះ ទាល់​តែ​ទឹក​ជំនន់​ឡើង​មក​ដល់​បំផ្លាញ​គេ​អស់​ទៅ។ នៅ​គ្រា​ដែល​បុត្រ​មនុស្ស​យាង​មក ក៏​កើត​មាន​ដូច្នោះ​ដែរ។ បើ​មាន​មនុស្ស​ពីរ​នាក់​ធ្វើ​ការ​ក្នុង​ចម្ការ​ជា​មួយ​គ្នា ព្រះ‌ជាម្ចាស់​នឹង​យក​ម្នាក់​ទៅ ទុក​ម្នាក់​ទៀត​ឲ្យ​នៅ។ បើ​មាន​ស្ត្រី​ពីរ​នាក់​កិន​ស្រូវ​ជា​មួយ​គ្នា ព្រះ‌ជាម្ចាស់​នឹង​យក​ម្នាក់​ទៅ ទុក​ម្នាក់​ទៀត​ឲ្យ​នៅ។ ដូច្នេះ ចូរ​ប្រុង​ស្មារតី​ឲ្យ​មែន​ទែន ដ្បិត​អ្នក​រាល់​គ្នា​ពុំ​ដឹង​ថា ព្រះ‌អម្ចាស់​របស់​អ្នក​រាល់​គ្នា​នឹង​មក​ដល់​នៅ​ពេល​ណា​ឡើយ។ អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា បើ​ម្ចាស់​ផ្ទះ​ដឹង​ចោរ​ចូល​មក​ប្លន់​ថ្មើរ​ណា គាត់​មុខ​ជា​ប្រុង​ស្មារតី​ពុំ‌ខាន មិន​បណ្ដោយ​ឲ្យ​ចោរ​ចូល​មក​ប្លន់​ផ្ទះ​គាត់​ឡើយ។ ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​ត្រៀម​ខ្លួន​ជានិច្ច ដ្បិត​បុត្រ​មនុស្ស​នឹង​មក​ដល់​នៅ​វេលា ដែល​អ្នក​រាល់​គ្នា​ពុំ​បាន​គិត»។ «បើ​អ្នក​បម្រើ​ណា​មាន​ចិត្ត​ស្មោះ​ត្រង់ ហើយ​ឈ្លាស​វៃ ម្ចាស់​មុខ​ជា​ផ្ទុក‌ផ្ដាក់​ឲ្យ​អ្នក​បម្រើ​នោះ​មើល​ខុស​ត្រូវ​លើ​អ្នក​បម្រើ​ឯ​ទៀតៗ ក្នុង​ការ​ចែក​ម្ហូប​អាហារ​ឲ្យ​គេ តាម​ពេល​កំណត់​ពុំ‌ខាន។ ពេល​ម្ចាស់​ត្រឡប់​មក​ដល់​ផ្ទះ​វិញ ឃើញ​អ្នក​បម្រើ​កំពុង​បំពេញ​កិច្ចការ​របស់​ខ្លួន​ដូច្នេះ អ្នក​បម្រើ​នោះ​ប្រាកដ​ជា​មាន​សុភមង្គល​ហើយ។ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ម្ចាស់​មុខ​ជា​ផ្ទុក‌ផ្ដាក់​ឲ្យ​គាត់​មើល​ខុស​ត្រូវ​លើ​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​របស់​លោក​ថែម​ទៀត​ផង។ ផ្ទុយ​ទៅ​វិញ បើ​អ្នក​បម្រើ​នោះ​មាន​ចិត្ត​អាក្រក់ ហើយ​គិត​ថា “ម្ចាស់​អញ​ក្រ​មក​ដល់​ណាស់” គាត់​វាយ​អ្នក​បម្រើ​ឯ​ទៀតៗ ព្រម​ទាំង​ទៅ​ស៊ី​ផឹក​ជា​មួយ​អ្នក​ប្រមឹក។ ពេល​ម្ចាស់​វិល​ត្រឡប់​មក​ផ្ទះ​វិញ នៅ​ថ្ងៃ​ដែល​អ្នក​បម្រើ​នោះ​មិន​បាន​រង់‌ចាំ ឬ​នៅ​ពេល​ដែល​គាត់​មិន​ដឹង លោក​នឹង​ធ្វើ​ទោស​គាត់​ជា​ទម្ងន់ ហើយ​ឲ្យ​គាត់​ទទួល​ទោស​រួម​ជា​មួយ​ពួក​មាន​ពុត‌ត្បុត​ដែរ គឺ​ឲ្យ​ទៅ​នៅ​កន្លែង​យំ​សោក​ខឹង​សង្កៀត​ធ្មេញ»។

ចែក​រំលែក
អាន ម៉ាថាយ 24

ម៉ាថាយ 24:23-51 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

គ្រា​នោះ បើ​មាន​អ្នក​ណា​ប្រាប់​អ្នក​រាល់​គ្នា​ថា មើល ព្រះ‌គ្រីស្ទ​គង់​នៅ​ទី​នេះ ឬ​នៅ​ទី​នោះ នោះ​កុំ​ឲ្យ​ជឿ​គេ​ឡើយ ដ្បិត​នឹង​មាន​ព្រះ‌គ្រីស្ទ​ក្លែង ហើយ​ហោរា​ក្លែង​កើត​ឡើង គេ​នឹង​ធ្វើ​ទី​សំគាល់​យ៉ាង​ធំ ហើយ​នឹង​ការ​អស្ចារ្យ ដើម្បី​នឹង​នាំ​ទាំង​ពួក​អ្នក​រើស​តាំង​ឲ្យ​វង្វេង​ផង បើ​សិន​ជា​បាន មើល ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ជា​មុន ដូច្នេះ បើ​គេ​ប្រាប់​អ្នក​រាល់​គ្នា​ថា មើល ទ្រង់​គង់​នៅ​ទី​រហោ‌ស្ថាន នោះ​កុំ​ឲ្យ​ចេញ​ទៅ​ឡើយ ឬ​ថា មើល ទ្រង់​គង់​នៅ​ក្នុង​បន្ទប់ នោះ​ក៏​កុំ​ឲ្យ​ជឿ​ឲ្យ​សោះ ព្រោះ​ដំណើរ​ដែល​កូន​មនុស្ស​មក នោះ​នឹង​បាន​ដូច​ជា​ផ្លេក‌បន្ទោរ ដែល​ភ្លឺ‌ផ្លេកៗ ពី​ទិស​ខាង​កើត​ដល់​ទិស​ខាង​លិច​ដែរ ដ្បិត​ខ្មោច​មាន​នៅ​កន្លែង​ណា ឥន្ទ្រី​នឹង​ប្រជុំ​គ្នា​នៅ​កន្លែង​នោះ​ឯង។ ក្រោយ​សេចក្ដី​វេទនា​របស់​គ្រា​នោះ​មក ស្រាប់​តែ​ថ្ងៃ​នឹង​ទៅ​ជា​ងងឹត ខែ​នឹង​លែង​ភ្លឺ អស់​ទាំង​ផ្កាយ​នឹង​ធ្លាក់​ចុះ​ពី​លើ​មេឃ ហើយ​អស់​ទាំង​អំណាច​នៅ​លើ​មេឃ​នឹង​ត្រូវ​កក្រើក​រំពើក នោះ​ទី​សំគាល់​របស់​កូន​មនុស្ស​នឹង​លេច​មក​នៅ​លើ​មេឃ គ្រប់​ទាំង​ពូជ​មនុស្ស​នៅ​ផែនដី​នឹង​គក់​ទ្រូង​យំ ក៏​នឹង​ឃើញ​កូន​មនុស្ស មក​លើ​ពពក​នៅ​លើ​មេឃ មាន​ទាំង​ព្រះ‌ចេស្តា នឹង​សិរី‌ល្អ​ជា​ខ្លាំង ហើយ​លោក​នឹង​ចាត់​ពួក​ទេវតា​របស់​លោក ឲ្យ​មក​ដោយ​សូរ​ផ្លុំ​ត្រែ​ជា​ខ្លាំង ទេវតា​ទាំង​នោះ​នឹង​ប្រមូល​ពួក​រើស​តាំង​របស់​លោក​ពី​ទិស​ទាំង​៤ ចាប់​តាំង​ពី​ជើង​មេឃ​ម្ខាង រហូត​ដល់​ជើង​មេឃ​ម្ខាង។ ប៉ុន្តែ ចូរ​រៀន​សេចក្ដី​ប្រៀប​ប្រដូច​ពី​ដើម​ល្វា កាល​ណា​មែក​វា​ត្រឡប់​ជា​ទន់ ហើយ​ស្លឹក​ក៏​ប៉ិច​ឡើង នោះ​អ្នក​រាល់​គ្នា​ដឹង​ថា រដូវ​ក្តៅ​ជិត​ដល់​ហើយ ដំណើរ​នេះ​ក៏​បែប​ដូច្នោះ​ដែរ កាល​ណា​ឃើញ​ការ​ទាំង​នេះ​កើត​មក ត្រូវ​ដឹង​ថា លោក​ជិត​មក​ដល់​ហើយ ក៏​នៅ​មាត់​ទ្វារ​ផង ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា មនុស្ស​ដំណ​នេះ​នឹង​មិន​ទាន់​កន្លង​ហួស​បាត់​ទៅ ទាល់​តែ​គ្រប់​ការ​ទាំង​នេះ​បាន​កើត​មក​ដល់ ផ្ទៃ​មេឃ ហើយ​ផែនដី​នឹង​កន្លង​បាត់​ទៅ តែ​ពាក្យ​ខ្ញុំ​មិន​ដែល​បាត់​ឡើយ ឯ​ត្រង់​ថ្ងៃ​នឹង​ពេល​កំណត់ នោះ​គ្មាន​អ្នក​ណា​ដឹង​ទេ ទោះ​ទាំង​ពួក​ទេវតា​ដែល​នៅ​លើ​ស្ថាន‌សួគ៌​ក៏​មិន​ដឹង​ដែរ ជ្រាប​តែ​ព្រះវរ‌បិតា​នៃ​ខ្ញុំ​ប៉ុណ្ណោះ ដ្បិត​កាល​ណា​កូន​មនុស្ស​មក នោះ​នឹង​បាន​ដូច​ជា​នៅ​ជំនាន់​លោក​ណូអេ​ដែរ ដ្បិត​នៅ​គ្រា​មុន​ទឹក​ជន់​លិច នោះ​គេ​កំពុង​តែ​ស៊ី​ផឹក ហើយ​រៀប‌ការ​ប្ដី​ប្រពន្ធ ដរាប​ដល់​ថ្ងៃ​ដែល​លោក​ណូអេ​ចូល​ទៅ​ក្នុង​ទូក​ធំ គេ​ឥត​បាន​ដឹង​ខ្លួន​ឡើយ ទាល់​តែ​ទឹក​ជន់​ឡើង យក​គេ​ទៅ​ទាំង​អស់​គ្នា នោះ​ដល់​កាល​ណា​កូន​មនុស្ស​មក ក៏​នឹង​មាន​ដូច្នោះ​ដែរ នៅ​គ្រា​នោះ នឹង​មាន​មនុស្ស​២​នាក់​នៅ​ចំការ ម្នាក់​នឹង​បាន​យក​ទៅ ហើយ​ម្នាក់​ទុក​នៅ ស្ត្រី​២​នាក់​កំពុង​តែ​កិន​ម្សៅ ម្នាក់​នឹង​បាន​យក​ទៅ ហើយ​ម្នាក់​ទុក​នៅ ដូច្នេះ ឲ្យ​ចាំ​យាម ដ្បិត​អ្នក​រាល់​គ្នា​មិន​ដឹង​ជា​ពេល​ណា ដែល​ព្រះ‌អម្ចាស់​នៃ​អ្នក​រាល់​គ្នា​នឹង​យាង​មក​ទេ ចូរ​ដឹង​សេចក្ដី​នេះ​ចុះ បើ​ម្ចាស់​ផ្ទះ​បាន​ដឹង​ជា​ចោរ​នឹង​មក​នៅ​យាម​ណា នោះ​គេ​នឹង​បាន​ចាំ​យាម​មិន​ឲ្យ​ចោរ​ទំលុះ​ចូល​ផ្ទះ​បាន​ទេ ដូច្នេះ ឲ្យ​អ្នក​រាល់​គ្នា​ប្រុង​ប្រៀប​ខ្លួន​ជា​ស្រេច​ដែរ ដ្បិត​កូន​មនុស្ស​នឹង​មក​នៅ​វេលា​ដែល​អ្នក​រាល់​គ្នា​មិន​គិត។ ដូច្នេះ អ្នក​ណា​ជា​អ្នក​បំរើ​ស្មោះ‌ត្រង់ មាន​មារយាទ ដែល​ចៅហ្វាយ​បាន​តាំង​ឲ្យ​ត្រួត​លើ​ពួក​ផ្ទះ​លោក នឹង​ឲ្យ​អាហារ​គេ​បរិភោគ តាម​ត្រូវ​ពេល បើ​កាល​ណា​ចៅហ្វាយ​មក​ដល់ ឃើញ​អ្នក​បំរើ​នោះ​កំពុង​តែ​ធ្វើ​ដូច្នោះ នោះ​មាន​ពរ​ហើយ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ចៅហ្វាយ​នឹង​តាំង​អ្នក​នោះ​ឡើង ឲ្យ​ត្រួត​លើ​របស់​ទ្រព្យ​លោក​ទាំង​អស់ ប៉ុន្តែ បើ​ជា​អ្នក​បំរើ​អាក្រក់​វិញ ហើយ​គិត​ក្នុង​ចិត្ត​ថា ចៅហ្វាយ​អញ​ក្រ​មក ក៏​តាំង​វាយ‌ដំ​ពួក​គូ‌កន​ខ្លួន ព្រម​ទាំង​ស៊ី​ផឹក​ជា​មួយ​នឹង​ពួក​មនុស្ស​ប្រមឹក​ផង ដូច្នេះ នៅ​ថ្ងៃ​ណា​ដែល​វា​មិន​នៅ​ចាំ ជា​វេលា​ណា​ដែល​វា​មិន​ដឹង នោះ​ចៅហ្វាយ​នឹង​មក​ដល់ ហើយ​នឹង​ធ្វើ​ទោស​វា​ជា​យ៉ាង​ធ្ងន់ ទាំង​ឲ្យ​វា​មាន​ចំណែក​ជា​មួយ​នឹង​ពួក​មនុស្ស​មាន​ពុត​ផង នៅ​ទី​នោះ​នឹង​យំ ហើយ​សង្កៀត​ធ្មេញ។

ចែក​រំលែក
អាន ម៉ាថាយ 24