ម៉ាថាយ 19:23-30
ម៉ាថាយ 19:23-30 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលនោះ ព្រះយេស៊ូវមានព្រះបន្ទូលទៅពួកសិស្សរបស់ព្រះអង្គថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកមានពិបាកនឹងចូលទៅក្នុងព្រះរាជ្យនៃស្ថានសួគ៌ណាស់។ ខ្ញុំប្រាប់អ្នករាល់គ្នាទៀតថា សត្វអូដ្ឋចូលតាមប្រហោងម្ជុល នោះងាយជាងអ្នកមានចូលទៅក្នុងព្រះរាជ្យរបស់ព្រះ»។ កាលពួកសិស្សបានឮដូច្នោះ គេនឹកប្លែកក្នុងចិត្តជាខ្លាំង ហើយពោលថា៖ «ដូច្នេះ តើអ្នកណាអាចទទួលការសង្គ្រោះបាន?» ព្រះយេស៊ូវទតទៅគេ ហើយមានព្រះបន្ទូលថា៖ «មនុស្សមិនអាចធ្វើការនេះបានទេ តែព្រះអាចធ្វើគ្រប់ការទាំងអស់បាន»។ ពេលនោះ ពេត្រុសទូលសួរថា៖ «មើល៍ យើងខ្ញុំបានលះចោលអ្វីៗទាំងអស់មកតាមព្រះអង្គហើយ។ ដូច្នេះ តើយើងខ្ញុំនឹងបានអ្វីទៅ?» ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នៅក្នុងពិភពលោកថ្មី ពេលកូនមនុស្សអង្គុយលើបល្ល័ង្កដ៏រុងរឿងរបស់លោក នោះអ្នករាល់គ្នាដែលបានមកតាមខ្ញុំ ក៏នឹងអង្គុយលើបល្ល័ង្កដប់ពីរ ហើយជំនុំជម្រះកុលសម្ព័ន្ធអ៊ីស្រាអែលទាំងដប់ពីរដែរ។ ឯអស់អ្នកណាដែលលះចោលផ្ទះសំបែង បងប្អូនប្រុសស្រី ឪពុកម្តាយ កូន ឬស្រែចម្ការ ដោយព្រោះនាមខ្ញុំ អ្នកនោះនឹងបានទទួលមួយជាមួយរយ ព្រមទាំងទទួលបានជីវិតអស់កល្បជានិច្ច ជាមត៌កទៀតផង។ ប៉ុន្តែ មនុស្សជាច្រើនដែលជាអ្នកមុន នឹងទៅជាក្រោយ ហើយអ្នកក្រោយនឹងទៅជាមុនវិញ»។
ម៉ាថាយ 19:23-30 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះយេស៊ូមានព្រះបន្ទូលទៅពួកសិស្ស*ថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកមានពិបាកចូលទៅក្នុងព្រះរាជ្យ*នៃស្ថានបរមសុខ*ណាស់!។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាទៀតថា សត្វអូដ្ឋចូលតាមប្រហោងម្ជុល ងាយជាងអ្នកមានចូលទៅក្នុងព្រះរាជ្យនៃស្ថានបរមសុខទៅទៀត»។ កាលពួកសិស្សឮដូច្នោះ គេងឿងឆ្ងល់យ៉ាងខ្លាំង ហើយពោលថា៖ «បើដូច្នេះ តើអ្នកណានឹងអាចទទួលការសង្គ្រោះ?»។ ព្រះយេស៊ូទតមើលគេ រួចមានព្រះបន្ទូលថា៖ «ការនេះមនុស្សធ្វើពុំកើតទេ រីឯព្រះជាម្ចាស់វិញ អ្វីក៏ដោយព្រះអង្គធ្វើកើតទាំងអស់»។ ពេលនោះ លោកពេត្រុស*ទូលព្រះអង្គថា៖ «ព្រះអង្គទតឃើញស្រាប់ហើយ យើងខ្ញុំបានលះបង់អ្វីៗទាំងអស់ ដើម្បីមកតាមព្រះអង្គ។ តើយើងខ្ញុំនឹងទៅជាយ៉ាងណា?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅពួកសិស្សថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា នៅក្នុងពិភពថ្មី ពេលបុត្រមនុស្ស*គង់លើបល្ល័ង្កប្រកបដោយសិរីរុងរឿង អ្នករាល់គ្នាដែលមកតាមខ្ញុំនេះ ក៏នឹងអង្គុយលើបល្ល័ង្កទាំងដប់ពីរ ហើយគ្រប់គ្រងលើកុលសម្ព័ន្ធទាំងដប់ពីរនៃជនជាតិអ៊ីស្រាអែលទៀតផង។ អ្នកណាលះបង់ផ្ទះសំបែង បងប្អូនប្រុសស្រី ឪពុកម្ដាយ កូន ឬស្រែចម្ការ ព្រោះតែខ្ញុំ អ្នកនោះនឹងបានទទួលវិញមួយជាមួយរយ ព្រមទាំងមានជីវិតអស់កល្បជានិច្ច។ មានមនុស្សជាច្រើនដែលនៅខាងមុខនឹងត្រឡប់ទៅនៅខាងក្រោយ រីឯអ្នកដែលនៅខាងក្រោយនឹងត្រឡប់ទៅនៅខាងមុខវិញ»។
ម៉ាថាយ 19:23-30 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះព្រះយេស៊ូវ ទ្រង់មានបន្ទូលនឹងពួកសិស្សថា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា មនុស្សអ្នកមាននឹងចូលទៅក្នុងនគរស្ថានសួគ៌ពិបាកណាស់ ខ្ញុំប្រាប់អ្នករាល់គ្នាទៀតថា ដែលសត្វអូដ្ឋនឹងចូលតាមប្រហោងម្ជុល នោះងាយ ជាជាងឲ្យមនុស្សអ្នកមានចូលទៅក្នុងនគរនៃព្រះវិញ កាលពួកសិស្សបានឮដូច្នោះ នោះក៏នឹកប្លែកក្នុងចិត្តជាខ្លាំងក្រៃលែង ហើយទូលសួរថា ដូច្នេះ តើអ្នកណាអាចនឹងបានសង្គ្រោះ ព្រះយេស៊ូវទ្រង់ទតទៅគេ ដោយបន្ទូលថា ការនោះមនុស្សលោកធ្វើមិនកើតទេ តែព្រះទ្រង់អាចនឹងធ្វើកើតទាំងអស់។ ពេត្រុសទូលទ្រង់ថា មើល យើងខ្ញុំបានលះចោលទាំងអស់មកតាមទ្រង់ហើយ ដូច្នេះ តើយើងខ្ញុំនឹងបានអ្វីខ្លះ ព្រះយេស៊ូវទ្រង់មានបន្ទូលថា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ដល់គ្រាកែជាថ្មីឡើងវិញ កាលណាកូនមនុស្សបានឡើងគង់លើបល្ល័ង្កឧត្តមរបស់លោក នោះអ្នករាល់គ្នាដែលបានមកតាមខ្ញុំ នឹងបានអង្គុយលើបល្ល័ង្ក១២ដែរ ហើយនឹងជំនុំជំរះពូជអំបូរអ៊ីស្រាអែលទាំង១២ ឯអស់អ្នកណាដែលលះចោលផ្ទះសំបែង ឬបងប្អូនប្រុសស្រី ឪពុកម្តាយ ប្រពន្ធកូន ឬស្រែចំការ ដោយយល់ដល់ឈ្មោះខ្ញុំ នោះនឹងបានជា១រយភាគឡើងវិញ ហើយនឹងបានគ្រងជីវិតអស់កល្បជានិច្ច ទុកជាមរដកដែរ តែនឹងមានមនុស្សមុន ទៅជាក្រោយជាច្រើន ហើយនឹងមានមនុស្សក្រោយ ទៅជាមុនវិញ។