ម៉ាថាយ 18:23-28
ម៉ាថាយ 18:23-28 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«ហេតុនេះ ព្រះរាជ្យនៃស្ថានបរមសុខ*ប្រៀបបាននឹងស្ដេចមួយអង្គ ដែលចង់គិតបញ្ជីជាមួយអ្នកបម្រើ។ ពេលព្រះរាជាចាប់ផ្ដើមគិតបញ្ជី មានគេនាំកូនបំណុលម្នាក់ដែលជំពាក់ប្រាក់រាប់លានណែន មក។ ដោយអ្នកនោះគ្មានប្រាក់សង ស្ដេចក៏ចេញបញ្ជាឲ្យលក់ទាំងគាត់ ទាំងប្រពន្ធ ទាំងកូន ទាំងរបស់របរដែលគាត់មាន ដើម្បីយកប្រាក់មកសងបំណុល។ អ្នកបម្រើនោះលុតជង្គង់ក្រាបទៀបព្រះបាទាស្ដេច ទូលអង្វរថា: “សូមព្រះរាជាមេត្តាអត់ឱន ពន្យារពេលឲ្យទូលបង្គំផង ទូលបង្គំនឹងសងព្រះអង្គវិញគ្រប់ចំនួន”។ ព្រះរាជាមានព្រះហឫទ័យអាណិតអាសូរអ្នកបម្រើនោះពន់ពេកណាស់ ព្រះអង្គក៏ឲ្យគាត់ទៅវិញ ទាំងលុបបំណុលចោលថែមទៀតផង។ ពេលអ្នកបម្រើនោះចេញទៅ គាត់បានជួបនឹងគូកនម្នាក់ ដែលជំពាក់ប្រាក់គាត់មួយរយដួង* គាត់ចាប់អ្នកនោះច្របាច់-ក ទាំងពោលថា: “សងប្រាក់អញទាំងអស់មក!”។
ម៉ាថាយ 18:23-28 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ ព្រះរាជ្យនៃស្ថានសួគ៌ប្រៀបបាននឹងស្តេចមួយអង្គ ដែលចង់គិតបញ្ជីជាមួយពួកអ្នកបម្រើ។ ពេលស្តេចចាប់ផ្ដើមគិតបញ្ជី មានគេនាំកូនបំណុលម្នាក់ ដែលជំពាក់ប្រាក់ពីរកោដិ មកជួបស្ដេច ហើយដោយព្រោះអ្នកនោះគ្មានអ្វីសង ចៅហ្វាយរបស់គាត់បញ្ជាឲ្យលក់ខ្លួនគាត់ ទាំងប្រពន្ធ ទាំងកូន ទាំងរបស់របរដែលគាត់មាន ដើម្បីយកប្រាក់មកសងបំណុលនោះ។ ដូច្នេះ អ្នកបម្រើនោះក៏លុតជង្គង់នៅចំពោះស្ដេច ទូលអង្វរថា "បពិត្រព្រះករុណា សូមទ្រង់មេត្តាពន្យាពេលឲ្យទូលបង្គំសិន ទូលបង្គំនឹងសងព្រះអង្គគ្រប់ចំនួន"។ ដោយព្រោះមានព្រះហឫទ័យអាណិតអាសូរដល់គាត់ ចៅហ្វាយក៏ដោះលែងគាត់ ទាំងលុបបំណុលរបស់គាត់ចោលទៀតផង។ ប៉ុន្តែ ពេលអ្នកបម្រើនោះចេញទៅ គាត់បានជួបនឹងគូកនរបស់ខ្លួនម្នាក់ ដែលជំពាក់ប្រាក់គាត់មួយរយដេណារី គាត់ក៏ចាប់ច្របាច់កអ្នកនោះ ទាំងពោលថា "សងប្រាក់ដែលជំពាក់ខ្ញុំនោះមក"។
ម៉ាថាយ 18:23-28 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ នគរស្ថានសួគ៌ត្រូវប្រៀបដូចជាស្តេច១អង្គ ដែលចង់គិតបញ្ជីនឹងពួកបាវព្រាវ កាលទ្រង់ចាប់តាំងគិត នោះគេនាំកូនបំណុលម្នាក់មក ដែលជំពាក់ប្រាក់២កោដិ តែដោយព្រោះអ្នកនោះគ្មានអ្វីនឹងសង បានជាចៅហ្វាយបង្គាប់ឲ្យលក់ខ្លួនវា ព្រមទាំងប្រពន្ធកូន នឹងរបស់ទាំងអស់ ដើម្បីនឹងសងបំណុលនោះ ហេតុដូច្នេះ បាវនោះបានទំលាក់ខ្លួនក្រាបចុះថ្វាយបង្គំទូលថា បពិត្រព្រះករុណា សូមទ្រង់មេត្តាបង្អង់ឲ្យទូលបង្គំសិន ទូលបង្គំនឹងសងថ្វាយទ្រង់គ្រប់ចំនួន ឯចៅហ្វាយរបស់បាវនោះ មានព្រះទ័យក្តួលអាណិត ក៏លែងវាឲ្យទៅ ព្រមទាំងលែងទារបំណុលផង តែកាលបាវនោះបានចេញទៅហើយ ក៏ចួបប្រទះនឹងគូកនម្នាក់ ដែលជំពាក់ខ្លួន២០រៀល នោះវាចាប់ច្របាច់កអ្នកនោះ ដោយពាក្យថា ចូរសងប្រាក់ដែលជំពាក់អញនោះមក