ម៉ាថាយ 16:21-23
ម៉ាថាយ 16:21-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
តាំងពីគ្រានោះមក ព្រះយេស៊ូវទ្រង់ចាប់ផ្តើមប្រាប់ដល់ពួកសិស្សថា ទ្រង់ត្រូវតែយាងទៅឯក្រុងយេរូសាឡិម ហើយត្រូវរងទុក្ខជាច្រើននៅដៃនៃពួកចាស់ទុំ ពួកសង្គ្រាជ នឹងពួកអាចារ្យ ហើយត្រូវគេធ្វើគុតផង តែក្រោយ៣ថ្ងៃមក ទ្រង់នឹងមានព្រះជន្មរស់ឡើងវិញ នោះពេត្រុសក៏នាំទ្រង់មកជិត ចាប់តាំងទូលជំទាស់ថា ឱព្រះអម្ចាស់អើយ សូមទ្រង់ប្រណីអង្គទ្រង់វិញ ការនោះមិនត្រូវមកដល់ទ្រង់ឡើយ តែទ្រង់បែរទៅមានបន្ទូលនឹងគាត់ថា សាតាំងអើយ ចូរថយទៅក្រោយអញទៅ ឯងជាសេចក្ដីបង្អាក់ដល់ចិត្តអញ ព្រោះមិនចេះគិតតាមគំនិតនៃព្រះសោះ គឺគិតតាមតែគំនិតរបស់មនុស្សលោកវិញ
ម៉ាថាយ 16:21-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
តាំងពីពេលនោះ មក ព្រះយេស៊ូវចាប់ផ្តើមបង្ហាញពួកសិស្សរបស់ព្រះអង្គថា ទ្រង់ត្រូវតែយាងទៅក្រុងយេរូសាឡិម ហើយត្រូវរងទុក្ខជាខ្លាំងពីពួកចាស់ទុំ ពួកសង្គ្រាជ និងពួកអាចារ្យ ក៏ត្រូវគេធ្វើគុត ហើយរស់ឡើងវិញនៅថ្ងៃទីបី។ ពេលនោះ ពេត្រុសនាំព្រះអង្គទៅដោយឡែក ហើយចាប់ផ្ដើមទូលជំទាស់ព្រះអង្គថា៖ «ព្រះអម្ចាស់អើយ សូមទ្រង់មេត្តាប្រណីផង! កុំឲ្យការនេះកើតមានដល់ព្រះអង្គឡើយ»។ ប៉ុន្តែ ព្រះអង្គបែរមក មានព្រះបន្ទូលទៅពេត្រុសថា៖ «សាតាំង! ថយទៅក្រោយយើងទៅ ឯងជាសេចក្តីបង្អាក់ដល់យើង ដ្បិតឯងមិនគិតតាមគំនិតរបស់ព្រះទេ គឺគិតតាមតែគំនិតរបស់មនុស្សប៉ុណ្ណោះ»។
ម៉ាថាយ 16:21-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
តាំងពីពេលនោះមក ព្រះយេស៊ូ ចាប់ផ្ដើមប្រាប់ឲ្យពួកសិស្សដឹងថា ព្រះអង្គត្រូវតែយាងទៅក្រុងយេរូសាឡឹម។ ពួកព្រឹទ្ធាចារ្យ* ពួកនាយកបូជាចារ្យ* និងពួកអាចារ្យ*នឹងនាំគ្នាធ្វើបាបព្រះអង្គឲ្យរងទុក្ខលំបាកយ៉ាងខ្លាំង ថែមទាំងធ្វើគុតព្រះអង្គទៀតផង តែបីថ្ងៃក្រោយមក ព្រះអង្គនឹងមានព្រះជន្មរស់ឡើងវិញ។ លោកពេត្រុស*នាំព្រះយេស៊ូទៅដាច់ឡែកពីគេ ហើយទូលជំទាស់ថា៖ «ព្រះអម្ចាស់អើយ! សូមព្រះជាម្ចាស់មេត្តាអាណិត កុំឲ្យការណ៍នេះកើតមានដល់ព្រះអង្គឡើយ»។ ព្រះយេស៊ូបែរមកមានព្រះបន្ទូលទៅលោកពេត្រុសថា៖ «នែ មារ*សាតាំងអើយ! ថយទៅខាងក្រោយខ្ញុំ ដ្បិតអ្នកកំពុងរារាំងផ្លូវខ្ញុំ គំនិតអ្នកមិនមែនជាគំនិតរបស់ព្រះជាម្ចាស់ទេ គឺជាគំនិតរបស់មនុស្សលោកសុទ្ធសាធ»។