ម៉ាថាយ 15:32-38

ម៉ាថាយ 15:32-38 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​នោះ ព្រះ‌យេស៊ូវ​ហៅ​ពួក​សិស្សរ​បស់​ព្រះ‌អង្គ​មក​ជិត ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​មាន​ចិត្ត​ក្តួល​អាណិត​ដល់​បណ្តា‌ជន​ទាំង​នេះ​ណាស់ ព្រោះ​គេ​បាន​នៅ​ជា​មួយ​ខ្ញុំ​អស់​បី​ថ្ងៃ​មក​ហើយ គេ​គ្មាន​អ្វី​បរិ‌ភោគ​សោះ ហើយ​ខ្ញុំ​មិន​ចង់​ឲ្យ​គេ​ទៅ​វិញ​ទាំង​ឃ្លាន​ទេ ក្រែង​គេ​អស់​កម្លាំង​ដួល​តាម​ផ្លូវ»។ ពួក​សិស្ស​ទូល​ព្រះ‌អង្គ​ថា៖ «នៅ​ទី​រហោ‌ស្ថាន​ដូច្នេះ តើ​យើង​រក​នំបុ័ង​ឯ​ណា ល្មម​នឹង​ឲ្យ​បណ្ដា‌ជន​ច្រើន​យ៉ាង​នេះ​បរិ‌ភោគ​បាន?» ព្រះ‌យេស៊ូវ​សួរ​ពួក​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​មាន​នំបុ័ង​ប៉ុន្មាន?» គេ​ទូល​ថា៖ «មាន​ប្រាំ​ពីរ​ដុំ និង​ត្រី​តូចៗ​ខ្លះ»។ ក្រោយ​ពី​ប្រាប់​ឲ្យ​បណ្តា‌ជន​អង្គុយ​ផ្ទាល់​នឹង​ដី​ហើយ ទ្រង់​ក៏​យក​នំបុ័ង​ប្រាំ​ពីរ​ដុំ និង​ត្រី​ទាំង​នោះ​មក អរ​ព្រះ‌គុណ​ដល់​ព្រះ ហើយ​កាច់​ប្រទាន​ឲ្យ​ពួក​សិស្ស ពួក​សិស្ស​ក៏​យក​ទៅ​ចែក​ឲ្យ​បណ្តា‌ជន។ ពួក​គេ​ទាំង​អស់​គ្នា​បាន​បរិ‌ភោគ​ឆ្អែត​ស្កប់‌ស្កល់ ហើយ​គេ​ប្រមូល​ចំណិត​ដែល​នៅ​សល់ ដាក់​ពេញ​បាន​ប្រាំ​ពីរ​កន្ត្រក។ អស់​អ្នក​ដែល​បាន​បរិ‌ភោគ មាន​បុរស​បួន​ពាន់​នាក់ មិន​រាប់​ស្ត្រី និង​កូន​ក្មេង​ទេ។

ចែក​រំលែក
អាន ម៉ាថាយ 15

ម៉ាថាយ 15:32-38 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌យេស៊ូ​ត្រាស់​ហៅ​ពួក​សិស្ស*​មក ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​អាណិត​អាសូរ​បណ្ដា‌ជន​នេះ​ពន់​ពេក​ណាស់ ដ្បិត​គេ​នៅ​ជា​មួយ​ខ្ញុំ​អស់​រយៈ​ពេល​បី​ថ្ងៃ​មក​ហើយ ដោយ​គ្មាន​អ្វី​បរិភោគ​សោះ។ ខ្ញុំ​មិន​ចង់​ឲ្យ​គេ​ត្រឡប់​ទៅ​វិញ ទាំង​ពោះ​ទទេ​ឡើយ ក្រែង​គេ​អស់​កម្លាំង​ដួល​តាម​ផ្លូវ»។ ពួក​សិស្ស​ទូល​ព្រះអង្គ​ថា៖ «នៅ​ទី​នេះ​ស្ងាត់​ណាស់ តើ​យើង​បាន​ម្ហូប​អាហារ​ឯ​ណា​ឲ្យ​បណ្ដា‌ជន​ច្រើន​យ៉ាង​នេះ​បរិភោគ​គ្រាន់?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​មាន​នំប៉័ង​ប៉ុន្មាន​ដុំ?»។ ពួក​គេ​ទូល​ថា៖ «មាន​ប្រាំ‌ពីរ​ដុំ និង​មាន​ត្រី​តូចៗ​ខ្លះ​ដែរ»។ ព្រះអង្គ​ក៏​ប្រាប់​បណ្ដា‌ជន​ឲ្យ​អង្គុយ​ផ្ទាល់​នឹង​ដី ព្រះអង្គ​យក​នំប៉័ង​ទាំង​ប្រាំ‌ពីរ​ដុំ និង​ត្រី​មក​កាន់ អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ ហើយ​កាច់​ប្រទាន​ឲ្យ​ពួក​សិស្ស ពួក​សិស្ស​ក៏​យក​ទៅ​ចែក​បណ្ដា‌ជន។ ពួកគេ​បរិ‌ភោគ​ឆ្អែត​គ្រប់ៗ​គ្នា ហើយ​ប្រមូល​នំប៉័ង និង​ត្រី​ដែល​នៅ​សល់ បាន​ប្រាំ‌ពីរ​ជាល។ អស់​អ្នក​ដែល​បាន​បរិភោគ​មាន​ចំនួន​បួន‌ពាន់​នាក់ ឥត​គិត​ស្រីៗ និង​ក្មេងៗ​ផង​ទេ។

ចែក​រំលែក
អាន ម៉ាថាយ 15

ម៉ាថាយ 15:32-38 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌យេស៊ូវ ទ្រង់​ហៅ​ពួក​សិស្ស​មក មាន​បន្ទូល​ថា ខ្ញុំ​មាន​ចិត្ត​ក្តួល​អាណិត ដល់​ហ្វូង​មនុស្ស​នេះ​ណាស់ ដ្បិត​គេ​បាន​នៅ​ជា​មួយ​នឹង​ខ្ញុំ​អស់​៣​ថ្ងៃ​មក​ហើយ គេ​គ្មាន​អ្វី​នឹង​បរិភោគ​សោះ ហើយ​ខ្ញុំ​មិន​ចង់​ឲ្យ​គេ​ទៅ​វិញ​ទាំង​អត់‌ឃ្លាន​ទេ ក្រែង​ហេវ​តាម​ផ្លូវ ពួក​សិស្ស​ទូល​ទ្រង់​ថា នៅ​ទី​ស្ងាត់​នេះ យើង​ខ្ញុំ​នឹង​រក​នំបុ័ង​ឲ្យ​ហ្វូង​មនុស្ស​ធំ​ដល់‌ម៉្លេះ​បរិភោគ​ឆ្អែត​ឯ​ណា​បាន តែ​ព្រះ‌យេស៊ូវ​ទ្រង់​សួរ​ថា តើ​អ្នក​រាល់​គ្នា​មាន​នំបុ័ង​ប៉ុន្មាន គេ​ទូល​ថា មាន​៧ ហើយ​នឹង​ត្រី​តូចៗ​ខ្លះ នោះ​ទ្រង់​ក៏​ប្រាប់​ឲ្យ​ហ្វូង​មនុស្ស​អង្គុយ​នៅ​ដី រួច​ទ្រង់​យក​នំបុ័ង​៧ នឹង​ត្រី​ទាំង​នោះ​មក​អរ​ព្រះ‌គុណ ហើយ​កាច់​ប្រទាន​ដល់​ពួក​សិស្ស គេ​ក៏​ចែក​ដល់​ហ្វូង​មនុស្ស គ្រប់​គ្នា​បាន​បរិភោគ​ឆ្អែត ហើយ​គេ​ប្រមូល​ចំណិត​ដែល​នៅ​សល់ ដាក់​ពេញ​បាន​៧​កំប្រោង ឯ​ពួក​ប្រុសៗ​ដែល​បាន​បរិភោគ​ឆ្អែត នោះ​មាន​៤​ពាន់​នាក់​ឥត​រាប់​ស្រីៗ ហើយ​នឹង​កូន​ក្មេង​ផង​ទេ

ចែក​រំលែក
អាន ម៉ាថាយ 15