ម៉ាថាយ 13:24-30

ម៉ាថាយ 13:24-30 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ជា​ពាក្យ​ប្រស្នា​មួយ​ទៀត​ទៅ​គេ​ថា៖ «ព្រះ‌រាជ្យ*​នៃ​ស្ថាន​បរម‌សុខ*​ប្រៀប​បាន​នឹង​បុរស​ម្នាក់ ដែល​បាន​ព្រោះ​គ្រាប់​ពូជ​ល្អ​ទៅ​ក្នុង​ស្រែ​របស់​គាត់។ ពេល​មនុស្ស‌ម្នា​ដេក​លក់​អស់ មារ​សត្រូវ​របស់​គាត់​បាន​មក​ព្រោះ​ស្រងែ​នៅ​ក្នុង​ស្រែ​នោះ​ដែរ រួច​ចេញ​បាត់​ទៅ។ ពេល​ស្រូវ​ដុះ​ឡើង​ដាក់​គ្រាប់ ស្រងែ​ក៏​ដុះ​ឡើង​ដែរ។ ពួក​អ្នក​បម្រើ​ចូល​មក​ជម្រាប​ម្ចាស់​ស្រែ​ថា: “លោក​ម្ចាស់! លោក​បាន​ព្រោះ​តែ​គ្រាប់​ពូជ​ល្អ​ក្នុង​ស្រែ​សោះ ចុះ​ស្រងែ​នេះ​មក​ពី​ណា?”។ ម្ចាស់​តប​វិញ​ថា: “ពិត​ជា​មាន​មារ​សត្រូវ​មក​ព្រោះ​ហើយ!”។ ពួក​អ្នក​បម្រើ​សួរ​លោក​ទៀត​ថា: “តើ​លោក​ចង់​ឲ្យ​យើង​ខ្ញុំ​ទៅ​ដក​ស្រងែ​នោះ​ចេញ​ឬ?”។ ម្ចាស់​តប​ថា: “កុំ​អី! បើ​អ្នក​រាល់​គ្នា​ដក ក្រែង​លោ​ដោយ​ស្រូវ​មក​ជា​មួយ​ដែរ ទុក​ឲ្យ​វា​ដុះ​ជា​មួយ​គ្នា​រហូត​ដល់​ស្រូវ​ទុំ​ចុះ ពេល​នោះ ខ្ញុំ​នឹង​ប្រាប់​ពួក​អ្នក​ច្រូត​ថា ចូរ​ប្រមូល​ស្រងែ​ចង​ជា​បាច់ យក​ទៅ​ដុត​ចោល​ជា​មុន​សិន រួច​សឹម​ប្រមូល​ស្រូវ​ដាក់​ជង្រុក​ឲ្យ​ខ្ញុំ”»។

ចែក​រំលែក
អាន ម៉ាថាយ 13

ម៉ាថាយ 13:24-30 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ ជា​រឿង​ប្រៀប​ធៀប​មួយ​ទៀត​ថា៖ «ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌​ប្រៀប​បាន​នឹង​បុរស​ម្នាក់ ដែល​ព្រោះ​ពូជ​ល្អ​នៅ​ក្នុង​ស្រែ​របស់​ខ្លួន ប៉ុន្តែ កាល​គ្រប់​គ្នា​ដេក​លក់ សត្រូវ​របស់​គាត់​ចូល​មក​ព្រោះ​ស្រងែ​នៅ​ក្នុង​ស្រូវ​សាលី រួច​ក៏​ចេញ​បាត់​ទៅ។ ដូច្នេះ ពេល​ស្រូវ​ដុះ​ឡើង ហើយ​ដាក់​គ្រាប់ នោះ​ស្រងែ​ក៏​លេច​មក​ដែរ។ ពួក​អ្នក​បម្រើ​ចូល​មក​ជម្រាប​ម្ចាស់​ផ្ទះ​ថា "លោក​ម្ចាស់! តើ​លោក​មិន​បាន​ព្រោះ​ពូជ​ល្អ​ក្នុង​ស្រែ​របស់​លោក​ទេ​ឬ? ចុះ​ស្រងែ​ទាំង​នេះ​មក​ពី​ណា?" លោក​ឆ្លើយ​ថា "គឺ​សត្រូវ​ហើយ​ដែល​ធ្វើ​ដូច្នេះ"។ ពួក​អ្នក​បម្រើ​សួរ​លោក​ថា "ដូច្នេះ តើ​លោក​ម្ចាស់​ចង់​ឲ្យ​យើង​ខ្ញុំ​ទៅ​ដក​វា​ចេញ​ឬ​ទេ?" តែ​លោក​ឆ្លើយ​ថា "កុំ​អី! ព្រោះ​ពេល​អ្នក​ដក​ស្រងែ ស្រូវ​អាច​នឹង​ដោយ​មក​ជា​មួយ ទុក​ឲ្យ​ទាំង​ពីរ​ដុះ​ជា​មួយ​គ្នា រហូត​ដល់​ពេល​ច្រូត​ចុះ ហើយ​នៅ​ពេល​ច្រូត ខ្ញុំ​នឹង​ប្រាប់​ពួក​អ្នក​ច្រូត​ថា ចូរ​ប្រមូល​ស្រងែ​ជា​មុន​សិន ហើយ​ចង​វា​ជា​កណ្តាប់ ទុក​សម្រាប់​ដុត រីឯ​ស្រូវ​សាលី ចូរ​ប្រមូល​ដាក់​ក្នុង​ជង្រុក​របស់​ខ្ញុំ"»។

ចែក​រំលែក
អាន ម៉ាថាយ 13

ម៉ាថាយ 13:24-30 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ទ្រង់​មាន​បន្ទូល ដោយ​ពាក្យ​ប្រៀប​ប្រដូច​១​ទៀត​ថា នគរ​ស្ថាន‌សួគ៌​ប្រៀប​ដូច​ជា​ថៅកែ​ម្នាក់ ដែល​ព្រោះ​ពូជ​ល្អ​នៅ​ស្រែ​ខ្លួន ប៉ុន្តែ កាល​មនុស្ស​ទាំង​អស់​កំពុង​តែ​ដេក​លក់ នោះ​សត្រូវ​របស់​ថៅកែ​នោះ ក៏​មក​ព្រោះ​ស្រងែ​នៅ​ក្នុង​ស្រូវ‌សាលី​ដែរ រួច​ចេញ​បាត់​ទៅ លុះ​ពន្លក​ឡើង ហើយ​ស្រូវ​ចេញ នោះ​ស្រងែ​ក៏​លេច​មក​ឲ្យ​ស្គាល់​ដែរ ពួក​បាវ​របស់​ថៅកែ​នោះ គេ​មក​ជំរាប​ថា លោក​ម្ចាស់ តើ​លោក​មិន​បាន​ព្រោះ​ពូជ​ល្អ នៅ​ស្រែ​របស់​លោក​ទេ​ឬ​អី ដូច្នេះ តើ​ស្រងែ​នេះ​កើត​ពី​ណា​មក គាត់​ក៏​ឆ្លើយ​ថា នោះ​គឺ​ជា​ខ្មាំង​សត្រូវ​ហើយ ដែល​បាន​ធ្វើ​ការ​នោះ រួច​ពួក​បាវ​សួរ​ថា ដូច្នេះ តើ​លោក​ចង់​ឲ្យ​យើង​ខ្ញុំ​ទៅ​ដក​ចេញ​ឬ​ទេ គាត់​ឆ្លើយ​ថា កុំ ក្រែង​កាល​ណា​ដក​ស្រងែ​ចេញ នោះ​ស្រូវ‌សាលី​ក៏​រលើង​ទៅ​ដែរ ទុក​ឲ្យ​វា​ដុះ​ជា​មួយ​គ្នា ដរាប​ដល់​ពេល​ច្រូត​ចុះ ចាំ​ដល់​រដូវ​ចំរូត នោះ​អញ​នឹង​ប្រាប់​ពួក​ចំរូត​ថា ចូរ​ច្រូត​ស្រងែ​សិន ហើយ​ចង​ជា​កណ្តាប់ ទុក​សំរាប់​ដុត ឯ​ស្រូវ‌សាលី ឲ្យ​ប្រមូល​ដាក់​ក្នុង​ជង្រុក​អញ​វិញ។

ចែក​រំលែក
អាន ម៉ាថាយ 13