ម៉ាថាយ 13:18-23

ម៉ាថាយ 13:18-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

«ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​ស្តាប់​រឿង​ប្រៀប​ធៀប​ពី​អ្នក​ព្រោះ​ពូជ​នោះ​ចុះ។ ពេល​នរណា​ម្នាក់​ឮ​ព្រះ‌បន្ទូល​អំពី​ព្រះរាជ្យ ហើយ​មិន​យល់ អា​កំណាច​ចូល​មក​ឆក់​យក​សេចក្តី​ដែល​បាន​ព្រោះ​នៅ​ក្នុង​ចិត្ត​អ្នក​នោះ​ទៅ។ នេះ​ហើយ​ជា​ពូជ​ដែល​បាន​ធ្លាក់​លើ​ផ្លូវ។ រីឯ​ពូជ​ដែល​បាន​ធ្លាក់​ទៅ​លើ​ដី​ថ្ម នេះ​គឺ​ជា​អ្នក​ដែល​ឮ​ព្រះ‌បន្ទូល ហើយ​ក៏​ទទួល​យក​ភ្លាម​ដោយ​អំណរ តែ​អ្នក​នោះ​មិន​ចាក់​ឫស​ទេ គេ​ធន់​បាន​តែ​មួយ​រយៈ​ប៉ុណ្ណោះ ហើយ​ពេល​មាន​ទុក្ខ​លំបាក ឬ​ការ​បៀតបៀន​កើត​ឡើង​ដោយ​ព្រោះ​ព្រះ‌បន្ទូល អ្នក​នោះ​ក៏​រសាយ​ចិត្ត​ចេញ​ភ្លាម។ រីឯ​ពូជ​ដែល​បាន​ធ្លាក់​ទៅ​ក្នុង​គុម្ព​បន្លា នេះ​គឺ​ជា​អ្នក​ដែល​ឮ​ព្រះ‌បន្ទូល តែ​សេចក្តី​ខ្វល់‌ខ្វាយ​អំពី​ជីវិត​នេះ និង​សេចក្តី​បញ្ឆោត​របស់​ទ្រព្យ​សម្បត្តិ ខ្ទប់​ព្រះ‌បន្ទូល​ជាប់ មិន​ឲ្យ​កើត​ផល​បាន​ឡើយ។ រីឯ​ពូជ​ដែល​ធ្លាក់​ទៅ​លើ​ដី​ល្អ​វិញ នេះ​គឺ​ជា​អ្នក​ដែល​ឮ​ព្រះ‌បន្ទូល ហើយ​យល់ ក៏​បង្កើត​ផល​ផ្លែ មួយ​បាន​ជា​មួយ​រយ មួយ​ជា​ហុក‌សិប ហើយ​មួយ​ទៀត​ជា​សាម‌សិប»។

ចែក​រំលែក
អាន ម៉ាថាយ 13

ម៉ាថាយ 13:18-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ដូច្នេះ សុំ​ស្ដាប់​អត្ថ‌ន័យ​នៃ​ប្រស្នា​អំពី​អ្នក​ព្រោះ​ស្រូវ​ដូច​ត​ទៅ: អ្នក​ដែល​បាន​ឮ​ព្រះ‌បន្ទូល​អំពី​ព្រះ‌រាជ្យ* តែ​មិន​យល់ ប្រៀប​បាន​នឹង​អ្នក​ដែល​ទទួល​គ្រាប់​ពូជ​នៅ​តាម​ផ្លូវ ដ្បិត​មារ​កំណាច​មក​ឆក់​យក​ព្រះ‌បន្ទូល ដែល​បាន​ធ្លាក់​ក្នុង​ចិត្ត​គេ​នោះ​ទៅ។ រីឯ​អ្នក​ដែល​ទទួល​គ្រាប់​ពូជ​លើ​ដី​មាន​ថ្ម គឺ​អស់​អ្នក​ដែល​បាន​ឮ​ព្រះ‌បន្ទូល​ហើយ​ក៏​ទទួល​យក​ភ្លាម​ដោយ​អំណរ ប៉ុន្តែ គេ​ពុំ​បាន​ទុក​ឲ្យ​ព្រះ‌បន្ទូល​ចាក់​ឫស​នៅ​ក្នុង​ខ្លួន​គេ​ឡើយ គេ​ជាប់​ចិត្ត​តែ​មួយ‌ភ្លែត​ប៉ុណ្ណោះ លុះ​ដល់​មាន​ទុក្ខ​លំបាក ឬ​ត្រូវ​គេ​បៀត‌បៀន ព្រោះ​តែ​ព្រះ‌បន្ទូល គេ​ក៏​បោះ​បង់​ចោល​ជំនឿ​ភ្លាម។ អ្នក​ដែល​ទទួល​គ្រាប់​ពូជ​ក្នុង​ដី​មាន​បន្លា គឺ​អ្នក​ដែល​បាន​ឮ​ព្រះ‌បន្ទូល ប៉ុន្តែ ការ​ខ្វល់​ខ្វាយ​អំពី​ជីវិត​ក្នុង​លោកីយ៍ ចិត្ត​លោភ‌លន់​ចង់​បាន​ទ្រព្យ​សម្បត្តិ រួប​រឹត​ព្រះ‌បន្ទូល​មិន​ឲ្យ​បង្កើត​ផល​ឡើយ។ រីឯ​អ្នក​ដែល​ទទួល​គ្រាប់​ពូជ​ក្នុង​ដី​មាន​ជី‌ជាតិ​ល្អ គឺ​អស់​អ្នក​ដែល​បាន​ឮ​ព្រះ‌បន្ទូល ហើយ​យល់ គេ​បង្ក​បង្កើត​ផល ខ្លះ​បាន​មួយ​ជា​មួយ​រយ ខ្លះ​បាន​មួយ​ជា​ហុក‌សិប និង​ខ្លះ​ទៀត​បាន​មួយ​ជា​សាម‌សិប»។

ចែក​រំលែក
អាន ម៉ាថាយ 13

ម៉ាថាយ 13:18-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​ស្តាប់​ពាក្យ​ប្រៀប​ប្រដូច ពី​អ្នក​ព្រោះ​ពូជ​នោះ គឺ​កាល​ណា​បើ​អ្នក​ណា​ស្តាប់​ព្រះ‌បន្ទូល​ពី​នគរ តែ​មិន​យល់ នោះ​អា​កំណាច​ក៏​មក​ឆក់​យក​សេចក្ដី ដែល​បាន​ព្រោះ​ក្នុង​ចិត្ត​អ្នក​នោះ​ទៅ​បាត់ នេះ​គឺ​ជា​អ្នក​ដែល​បាន​ទទួល​ពូជ​តាម​ផ្លូវ ហើយ​អ្នក​ដែល​បាន​ទទួល​ពូជ​ក្នុង​កន្លែង​ថ្ម នោះ​គឺ​ជា​អ្នក​ដែល​ឮ​ព្រះ‌បន្ទូល​រួច​ទទួល​ភ្លាម​ដោយ​អំណរ តែ​គ្មាន​ចាក់​ឫស​នៅ​ក្នុង​ខ្លួន ហើយ​មិន​នៅ​ជាប់​ជា​យូរ​ប៉ុន្មាន​ទេ លុះ​កាល​ណា​កើត​មាន​សេចក្ដី​ទុក្ខ​លំបាក ឬ​សេចក្ដី​បៀត‌បៀន​ដោយ​ព្រោះ​ព្រះ‌បន្ទូល នោះ​គេ​រសាយ​ចិត្ត​ចេញ​ភ្លាម ហើយ​អ្នក​ដែល​បាន​ទទួល​ពូជ​នៅ​ក្នុង​បន្លា នោះ​គឺ​ជា​អ្នក​ដែល​ឮ​ព្រះ‌បន្ទូល រួច​សេចក្ដី​ខ្វល់‌ខ្វាយ​នៅ​ជីវិត​នេះ នឹង​សេចក្ដី​ឆ‌បោក​របស់​ទ្រព្យ​សម្បត្តិ​មក​ខ្ទប់​ព្រះ‌បន្ទូល​ជាប់ មិន​ឲ្យ​ពូជ​នោះ​កើត​ផល​ឡើយ តែ​អ្នក​ដែល​ទទួល​ពូជ​ក្នុង​ដី​ល្អ​វិញ នោះ​គឺ​ជា​អ្នក​ដែល​ឮ​ព្រះ‌បន្ទូល ហើយ​យល់ ក៏​បង្កើត​ផល​ផ្លែ មួយ​ជា​១​រយ មួយ​ជា​៦០ ហើយ​មួយ​ទៀត​ជា​៣០។

ចែក​រំលែក
អាន ម៉ាថាយ 13