ម៉ាថាយ 13:10-17

ម៉ាថាយ 13:10-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​នោះ ពួក​សិស្ស​នាំ​គ្នា​ចូល​មក​ជិត​ព្រះអង្គ ទូល​សួរ​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​ព្រះ‌គ្រូ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​បណ្ដា‌ជន ដោយ​ប្រើ​ពាក្យ​ប្រស្នា​ដូច្នេះ?»។ ព្រះអង្គ​តប​ទៅ​គេ​វិញ​ថា៖ «មក​ពី​ព្រះ‌ជាម្ចាស់​បាន​ប្រោស​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា យល់​គម្រោង‌ការ​ដ៏​លាក់​កំបាំង​របស់​ព្រះ‌រាជ្យ*​នៃ​ស្ថាន​បរម‌សុខ* រីឯ​អ្នក​ដទៃ​វិញ ព្រះអង្គ​មិន​ប្រទាន​ឲ្យ​យល់​ឡើយ។ អ្នក​ណា​មាន​ហើយ ព្រះ‌ជាម្ចាស់​នឹង​ប្រទាន​ថែម​ទៀត ដើម្បី​ឲ្យ​អ្នក​នោះ​បាន​បរិបូណ៌ រីឯ​អ្នក​ដែល​គ្មាន ព្រះអង្គ​នឹង​ហូត​យក​អ្វីៗ​ដែល​អ្នក​នោះ​មាន​ផង។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​និយាយ​ទៅ​គេ ដោយ​ប្រើ​ពាក្យ​ប្រស្នា គឺ​ទោះ​បី​គេ​មើល​ក៏​ពុំ​ឃើញ ទោះ​បី​គេ​ស្ដាប់​ក៏​ពុំ​ឮ ហើយ​ក៏​ពុំ​យល់​ដែរ ដើម្បី​ឲ្យ​ស្រប​នឹង​សេចក្ដី​ដែល​ព្យាការី*​អេសាយ​ថ្លែង​ទុក​អំពី​ពួក​គេ​ថា៖ “អ្នក​រាល់​គ្នា​ស្ដាប់​មែន តែ​ពុំ​ឮ​ទេ ហើយ​ក៏​ពុំ​យល់​ផង។ អ្នក​រាល់​គ្នា​មើល​មែន តែ​មិន​ឃើញ​សោះ ដ្បិត​ចិត្ត​ប្រជា​រាស្ដ្រ​នេះ​រឹង​ណាស់ ហើយ​ត្រចៀក​គេ​ក៏​ធ្ងន់។ គេ​នាំ​គ្នា​បិទ​ភ្នែក​មិន​ឲ្យ​មើល​ឃើញ មិន​ឲ្យ​ត្រចៀក​ស្ដាប់​ឮ មិន​ឲ្យ​ប្រាជ្ញា​យល់ ហើយ​មិន​ចង់​វិល​មក​វិញ​ទេ ក្រែង​លោ​យើង​ប្រោស​គេ​ឲ្យ​ជា” ។ រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​មាន​សុភមង្គល​ហើយ ព្រោះ​ភ្នែក​អ្នក​រាល់​គ្នា​មើល​ឃើញ ត្រចៀក​អ្នក​រាល់​គ្នា​ស្ដាប់​ឮ! ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា មាន​ព្យាការី និង​មនុស្ស​សុចរិត*​ជា​ច្រើន មាន​បំណង​ចង់​ឃើញ​ហេតុ‌ការណ៍​ដែល​អ្នក​រាល់​គ្នា​ឃើញ​នេះ​ដែរ តែ​មិន​បាន​ឃើញ​ទេ គេ​ចង់​ឮ​សេចក្ដី​ដែល​អ្នក​រាល់​គ្នា​ឮ​នេះ​ដែរ តែ​មិន​បាន​ឮ​ឡើយ!។

ចែក​រំលែក
អាន ម៉ាថាយ 13

ម៉ាថាយ 13:10-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​នោះ ពួក​សិស្ស​ចូល​មក​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ ជា​រឿង​ប្រៀប​ធៀប​ដូច្នេះ?» ទ្រង់​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «មក​ពី​ព្រះ​បាន​ប្រទាន​សេចក្ដី​នេះ​ឲ្យ​អ្នក​រាល់​គ្នា​ស្គាល់​អាថ៌​កំបាំង​របស់​ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌ តែ​ទ្រង់​មិន​បាន​ប្រទាន​ឲ្យ​អ្នក​ទាំង​នោះ​ស្គាល់​ទេ។ ដ្បិត​អ្នក​ណា​ដែល​មាន នឹង​ត្រូវ​បន្ថែម​ឲ្យ ហើយ​គេ​នឹង​មាន​ជា​បរិបូរ តែ​អ្នក​ណា​ដែល​គ្មាន សូម្បី​តែ​អ្វី​ដែល​គេ​មាន ក៏​នឹង​ត្រូវ​ដក​យក​ដែរ។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​និយាយ​ទៅ​គេ​ជា​រឿង​ប្រៀប​ធៀប ដ្បិត​ដែល​គេ​មើល តែ​មិន​ឃើញ គេ​ស្ដាប់ តែ​មិន​ឮ ហើយ​ក៏​មិន​យល់​ដែរ។ សេចក្ដី​ទំនាយ​របស់​ហោរា​អេសាយ ពិត​ជា​បាន​សម្រេច​នៅ​ក្នុង​អ្នក​ទាំង​នោះ​មែន ដែល​ថា "អ្នក​រាល់​គ្នា​នឹង​ស្ដាប់​មែន តែ​មិន​យល់ ហើយ​ក៏​មើល តែ​មិន​ឃើញ​សោះ។ ដ្បិត​ចិត្ត​របស់​ប្រជា‌ជន​នេះ​បាន​ត្រឡប់​ជា​ស្ពឹក ត្រចៀក​របស់​គេ​ធ្ងន់​ពិបាក​នឹង​ស្ដាប់ ភ្នែក​គេ​បិទ​ក្រែង​គេ​មើល​ឃើញ​នឹង​ភ្នែក ស្ដាប់​ឮ​នឹង​ត្រចៀក ហើយ​យល់​នៅ​ក្នុង​ចិត្ត រួច​គេ​វិល​បែរ ហើយ​យើង​ប្រោស​គេ​ឲ្យ​បាន​ជា" ។ តែ​អ្នក​រាល់​គ្នា​វិញ​មាន​ពរ​ហើយ ដ្បិត​ភ្នែក​អ្នក​រាល់​គ្នា​មើល​ឃើញ ត្រចៀក​អ្នក​រាល់​គ្នា​ស្តាប់​ឮ។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា មាន​ហោរា និង​មនុស្ស​សុចរិត​ជា​ច្រើន​ចង់​ឃើញ​ការ​ដែល​អ្នក​រាល់​គ្នា​ឃើញ​នេះ តែ​មិន​បាន​ឃើញ​ទេ ក៏​ចង់​ឮ​សេចក្តី​ដែល​អ្នក​រាល់​គ្នា​ឮ​នេះ​ដែរ តែ​មិន​បាន​ឮ​ឡើយ»។

ចែក​រំលែក
អាន ម៉ាថាយ 13

ម៉ាថាយ 13:10-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រួច​ពួក​សិស្ស​មក​ឯ​ទ្រង់​ទូល​សួរ​ថា ហេតុ​អ្វី​បាន​ជា​ទ្រង់​មាន​បន្ទូល​នឹង​គេ ជា​ពាក្យ​ប្រៀប​ប្រដូច​ដូច្នេះ ទ្រង់​មាន​បន្ទូល​ឆ្លើយ​ថា ពី​ព្រោះ​បាន​ប្រទាន​មក​អ្នក​រាល់​គ្នា ឲ្យ​បាន​ស្គាល់​ការ​អាថ៌‌កំបាំង​របស់​នគរ​ស្ថាន‌សួគ៌ តែ​មិន​បាន​ប្រទាន​ឲ្យ​អ្នក​ទាំង​នោះ​ស្គាល់​ទេ ដ្បិត​អ្នក​ណា​ដែល​មាន គេ​នឹង​ឲ្យ​ទៅ​អ្នក​នោះ ហើយ​អ្នក​នោះ​នឹង​មាន​ជា​បរិបូរ​ឡើង តែ​អ្នក​ណា​ដែល​គ្មាន នោះ​គេ​នឹង​យក​ទាំង​អ្វីៗ​ដែល​អ្នក​នោះ​មាន​ចេញ​ផង ហេតុ​នោះ​បាន​ជា​ខ្ញុំ​និយាយ​នឹង​គេ ជា​ពាក្យ​ប្រៀប​ប្រដូច ដ្បិត​ដែល​គេ​មើល នោះ​មិន​ឃើញ​វិញ ហើយ​ដែល​គេ​ស្តាប់ នោះ​ក៏​មិន​ឮ ហើយ​មិន​យល់​ផង ពាក្យ​ទំនាយ​របស់​ហោរា​អេសាយ​បាន​សំរេច នៅ​លើ​អ្នក​ទាំង​នោះ​ហើយ គឺ​ជា​សេចក្ដី​ដែល​ទាយ​ទុក​មក​ថា «ដែល​ឯង​រាល់​គ្នា​ឮ នោះ​នឹង​ឮ​មែន តែ​ស្ដាប់​មិន​បាន ហើយ​ដែល​ឃើញ នោះ​នឹង​ឃើញ​មែន តែ​មិន​យល់​សោះ ព្រោះ​ចិត្ត​របស់​ជន‌ជាតិ​នេះ​បាន​ត្រឡប់​ជា​ស្ពឹក​វិញ គេ​ឮ​ដោយ​ត្រចៀក​ធ្ងន់ ហើយ​ធ្មេច​ភ្នែក ក្រែង​មើល​ឃើញ​នឹង​ភ្នែក ស្តាប់​ឮ​នឹង​ត្រចៀក ហើយ​យល់​ក្នុង​ចិត្ត រួច​គេ​ប្រែ​ចិត្ត ហើយ​អញ​ប្រោស​ឲ្យ​គេ​បាន​ជា» តែ​អ្នក​រាល់​គ្នា​វិញ ភ្នែក​អ្នក​មាន​ពរ​ហើយ ដ្បិត​មើល​ឃើញ ត្រចៀក​អ្នក​ក៏​ដែរ ដ្បិត​ស្តាប់​ឮ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ពី​ដើម​មាន​ហោរា នឹង​មនុស្ស​សុចរិត​ជា​ច្រើន គេ​ចង់​ឃើញ​ការ​ដែល​អ្នក​រាល់​គ្នា​ឃើញ តែ​មិន​មាន​ឃើញ​សោះ ក៏​ចង់​ឮ​សេចក្ដី​ដែល​អ្នក​រាល់​គ្នា​ឮ​ដែរ តែ​មិន​មាន​ឮ​ឡើយ។

ចែក​រំលែក
អាន ម៉ាថាយ 13