ម៉ាថាយ 12:38-42

ម៉ាថាយ 12:38-42 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​នោះ ពួក​អាចារ្យ និង​ពួក​ផារិស៊ី​ខ្លះ គេ​ទូល​ព្រះ‌អង្គ​ថា៖ «លោក​គ្រូ យើង​ខ្ញុំ​ចង់​ឃើញ​ទី​សម្គាល់​មួយ​ពី​លោក»។ តែ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​ថា៖ «ជំនាន់​មនុស្ស​អាក្រក់ ហើយ​ផិត​ក្បត់ គេ​ស្វែង​រក​តែ​ទី​សម្គាល់ តែ​នឹង​គ្មាន​ទី​សម្គាល់​ណា​ប្រទាន​ដល់​គេ ក្រៅ​ពី​ទី​សម្គាល់​របស់​ហោរា​យ៉ូណាស​ឡើយ។ ដ្បិត​ដែល​លោក​យ៉ូណាស​បាន​នៅ​ក្នុង​ពោះ​ត្រី​ធំ អស់​បី​ថ្ងៃ​បី​យប់​យ៉ាង​ណា កូន​មនុស្ស​ក៏​នឹង​នៅ​ក្នុង​ផ្ទៃ​ផែនដី បី​ថ្ងៃ​បី​យប់​យ៉ាង​នោះ​ដែរ។ ប្រជា‌ជន​ក្រុង​នីនីវេ​នឹង​ឈរ​ឡើង​ជា​មួយ​មនុស្ស​ជំនាន់​នេះ នៅ​គ្រា​ជំនុំ‌ជម្រះ ហើយ​កាត់​ទោស ព្រោះ​គេ​បាន​ប្រែ​ចិត្ត ពេល​ឮ​សេចក្តី​ប្រកាស​របស់​លោក​យ៉ូណាស ហើយ​មើល៍ នៅ​ទី​នេះ មាន​អ្វី​មួយ​វិសេស​ជាង​លោក​យ៉ូណាស​ទៅ​ទៀត។ មហា‌ក្សត្រិយ៍​ស្រុក​ខាង​ត្បូង​នឹង​ឈរ​ឡើង​ជា​មួយ​មនុស្ស​ជំនាន់​នេះ នៅ​គ្រា​ជំនុំ‌ជម្រះ ហើយ​កាត់​ទោស ព្រោះ​ព្រះ‌នាង​បាន​យាង​មក​ពី​ចុង​ផែនដី ដើម្បី​ស្តាប់​ប្រាជ្ញា​របស់​ព្រះ‌បាទ​សាឡូម៉ូន ហើយ​មើល៍ នៅ​ទី​នេះ មាន​អ្វី​មួយ​វិសេស​ជាង​ព្រះ‌បាទ​សាឡូម៉ូន​ទៅ​ទៀត»។

ចែក​រំលែក
អាន ម៉ាថាយ 12

ម៉ាថាយ 12:38-42 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​ពេល​នោះ មាន​ពួក​អាចារ្យ* និង​ពួក​ខាង​គណៈ​ផារីស៊ី*​ខ្លះ ទូល​ព្រះអង្គ​ថា៖ «លោក​គ្រូ សូម​លោក​ធ្វើ​ទី​សម្គាល់​ដ៏​អស្ចារ្យ​មួយ​ឲ្យ​យើង​ខ្ញុំ​ឃើញ​ផង!»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​ថា៖ «មនុស្ស​ជំនាន់​នេះ​អាក្រក់​ណាស់ ហើយ​ក្បត់​នឹង​ព្រះ‌ជាម្ចាស់​ផង។ គេ​ចង់​តែ​ឃើញ​ទី​សម្គាល់​ដ៏​អស្ចារ្យ ប៉ុន្តែ ព្រះ‌ជាម្ចាស់​មិន​ប្រទាន​ទី​សម្គាល់​ណា​ផ្សេង ក្រៅ​ពី​ទី​សម្គាល់​របស់​ព្យាការី*​យ៉ូណាស​ឡើយ។ លោក​យ៉ូណាស​ស្ថិត​នៅ​ក្នុង​ពោះ​ត្រី​ធំ​បី​ថ្ងៃ​បី​យប់​យ៉ាង​ណា បុត្រ​មនុស្ស​ក៏​នឹង​ស្ថិត​នៅ​ក្នុង​ដី​បី​ថ្ងៃ​បី​យប់​យ៉ាង​នោះ​ដែរ។ នៅ​ថ្ងៃ​ដែល​ព្រះ‌ជាម្ចាស់​វិនិច្ឆ័យ​ទោស​មនុស្ស​លោក អ្នក​ក្រុង​នីនីវេ​នឹង​ក្រោក​ឡើង​ជា​មួយ​មនុស្ស​ជំនាន់​នេះ ព្រម​ទាំង​ចោទ​ប្រកាន់​គេ​ផង ព្រោះ​កាល​ពី​ជំនាន់​ដើម នៅ​ពេល​ដែល​អ្នក​ក្រុង​នីនីវេ​ឮ​សេចក្ដី​លោក​យ៉ូណាស​ប្រកាស គេ​បាន​កែ​ប្រែ​ចិត្ត​គំនិត។ រីឯ​នៅ​ទី​នេះ មាន​ម្នាក់​ប្រសើរ​ជាង​លោក​យ៉ូណាស​ទៅ​ទៀត។ នៅ​ថ្ងៃ​ដែល​ព្រះ‌ជាម្ចាស់​វិនិច្ឆ័យ​ទោស​មនុស្ស​លោក មហា​ក្សត្រិយ៍​ស្រុក​ខាង​ត្បូង​នឹង​ក្រោក​ឡើង​ជា​មួយ​មនុស្ស​ជំនាន់​នេះ ព្រម​ទាំង​ចោទ​ប្រកាន់​គេ​ផង ព្រោះ​កាល​ពី​ជំនាន់​ដើម ព្រះ‌នាង​បាន​យាង​មក​ពី​តំបន់​ដាច់​ស្រយាល​នៃ​ផែនដី ដើម្បី​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌បាទ​សាឡូម៉ូន ប្រកប​ដោយ​ប្រាជ្ញា​ឈ្លាស​វៃ។ រីឯ​នៅ​ទី​នេះ មាន​ម្នាក់​ប្រសើរ​ជាង​ព្រះ‌បាទ​សាឡូម៉ូន​ទៅ​ទៀត»។

ចែក​រំលែក
អាន ម៉ាថាយ 12

ម៉ាថាយ 12:38-42 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

គ្រា​នោះ ពួក​អាចារ្យ នឹង​ពួក​ផារិស៊ី​ខ្លះ គេ​ទូល​ទ្រង់​ថា លោក​គ្រូ យើង​ខ្ញុំ​ចង់​ឃើញ​ទី​សំគាល់​ពី​លោក តែ​ទ្រង់​មាន​បន្ទូល​តប​ថា ដំណ​មនុស្ស​អាក្រក់ ហើយ​កំផិត គេ​ចេះ​តែ​ចង់​ឃើញ​ទី​សំគាល់ តែ​នឹង​គ្មាន​ទី​សំគាល់​ណា​បាន​ប្រទាន​មក​គេ ក្រៅ​ពី​ទី​សំគាល់​របស់​ហោរា​យ៉ូណាស​ឡើយ ដ្បិត​ដែល​លោក​យ៉ូណាស​បាន​នៅ​ក្នុង​ពោះ​ត្រី​ធំ អស់​៣​ថ្ងៃ​៣​យប់​យ៉ាង​ណា កូន​មនុស្ស​ក៏​នឹង​នៅ​ក្នុង​ផ្ទៃ​ផែនដី​៣​ថ្ងៃ​៣​យប់​យ៉ាង​នោះ​ដែរ ឯ​មនុស្ស​នៅ​ក្រុង​នីនីវេ​នឹង​ឈរ​ឡើង​ជា​មួយ​នឹង​មនុស្ស​ដំណ​នេះ ក្នុង​គ្រា​ជំនុំ​ជំរះ ហើយ​នឹង​កាត់​ទោស​ឲ្យ​ផង ដ្បិត​គេ​បាន​ប្រែ​ចិត្ត ដោយ​ឮ​សេចក្ដី​ដែល​លោក​យ៉ូណាស​បាន​ប្រកាស​ប្រាប់ ហើយ​មើល នៅ​ទី​នេះ​មាន​១​អង្គ ដែល​វិសេស​ជាង​លោក​យ៉ូណាស​ទៅ​ទៀត មហា‌ក្សត្រី​នៅ​ស្រុក​ខាង​ត្បូង នឹង​ឈរ​ឡើង​ជា​មួយ​នឹង​មនុស្ស​ដំណ​នេះ ក្នុង​គ្រា​ជំនុំ​ជំរះ ហើយ​នឹង​កាត់​ទោស​ឲ្យ​ផង ដោយ​ព្រះ‌នាង​បាន​យាង​មក​ពី​ចុង​ផែនដី ដើម្បី​នឹង​ស្តាប់​ចំណេះ​របស់​ហ្លួង​សាឡូម៉ូន ហើយ​មើល នៅ​ទី​នេះ​មាន​១​អង្គ​វិសេស​ជា​ហ្លួង​សាឡូម៉ូន​ទៅ​ទៀត

ចែក​រំលែក
អាន ម៉ាថាយ 12

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ