ម៉ាថាយ 12:1-21

ម៉ាថាយ 12:1-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​វេលា​នោះ ព្រះ‌យេស៊ូវ​យាង​កាត់​ស្រែ​នៅ​ថ្ងៃ​សប្ប័ទ ពួក​សិស្ស​របស់​ព្រះ‌អង្គ​ឃ្លាន ហើយ​គេ​ចាប់​ផ្ដើម​បូត​គួរ​ស្រូវ​បរិ‌ភោគ។ ពេល​ពួក​ផារិស៊ី​ឃើញ គេ​ទូល​ព្រះ‌អង្គ​ថា៖ «មើល៍ ពួក​សិស្ស​របស់​លោក​កំពុង​ធ្វើ​អ្វី​ដែល​ច្បាប់​ហាម​មិន​ឲ្យ​ធ្វើ នៅ​ថ្ងៃ​សប្ប័ទ!»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​មិន​បាន​អាន​អំពី​ការ​ដែល​ព្រះ‌បាទ​ដាវីឌ​បាន​ធ្វើ ពេល​ព្រះ‌អង្គ និង​ពួក​អ្នក​រួម​ដំណើរ​ជា​មួយ​បាន​ឃ្លាន​ទេ​ឬ? ស្ដេច​បាន​យាង​ចូល​ទៅ​ក្នុង​ដំណាក់​របស់​ព្រះ ហើយ​សោយ​នំបុ័ង​តាំង​ថ្វាយ​ព្រះ ដែល​ច្បាប់​ហាម​មិន​ឲ្យ​ស្ដេច​សោយ ឬ​ពួក​អ្នក​ដែល​នៅ​ជា​មួយ​បរិ‌ភោគ​ទេ គឺ​សម្រាប់​តែ​ពួក​សង្ឃ​ប៉ុណ្ណោះ។ តើ​អ្នក​រាល់​គ្នា​មិន​បាន​អាន​គម្ពីរ​ក្រឹត្យ‌វិន័យ​ដែល​ថា នៅ​ថ្ងៃ​សប្ប័ទ ពួក​សង្ឃ​នៅ​ក្នុង​ព្រះ‌វិហារ​ប្រព្រឹត្ត​រំលង​ច្បាប់​ថ្ងៃ​សប្ប័ទ តែ​គ្មាន​ទោស​ទេ​ឬ? ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ទី​នេះ មាន​ម្នាក់​វិសេស​ជាង​ព្រះ‌វិហារ​ទៅ​ទៀត ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​យល់​អត្ថន័យ​នៃ​សេចក្តី​ដែល​ចែង​ថា "យើង​ចង់​បាន​សេចក្តី​មេត្តា‌ករុណា មិន​មែន​យញ្ញបូជា​ទេ" នោះ​អ្នក​រាល់​គ្នា​មិន​បន្ទោស​ពួក​អ្នក​ដែល​គ្មាន​ទោស​ឡើយ ដ្បិត​កូន​មនុស្ស​ជា​ម្ចាស់​លើ​ថ្ងៃ​សប្ប័ទ»។ ព្រះ‌អង្គ​យាង​ចេញ​ពី​ទី​នោះ ហើយ​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ​របស់​គេ។ មាន​បុរស​ស្វិត​ដៃ​ម្នាក់​នៅ​ទី​នោះ ហើយ​គេ​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «តើ​មាន​ច្បាប់​នឹង​ប្រោស​ឲ្យ​ជា នៅ​ថ្ងៃ​សប្ប័ទ​ឬ​ទេ?» គេ​សួរ​នេះ​ដើម្បី​ឲ្យ​មាន​រឿង​ចោទ​ប្រកាន់​ព្រះ‌អង្គ។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​អ្នក​ណា​ម្នាក់​មាន​ចៀម​តែ​មួយ ហើយ​ចៀម​នោះ​ធ្លាក់​រណ្តៅ​នៅ​ថ្ងៃ​សប្ប័ទ តើ​អ្នក​នោះ​មិន​ចាប់​ស្រង់​វា​ចេញ​ពី​រណ្ដៅ​ទេ​ឬ? ចុះ​មនុស្ស​វិញ តើ​មាន​តម្លៃ​លើស​ជាង​ចៀម​មួយ​ក្បាល​អម្បាល‌ម៉ាន​ទៅ​ទៀត? ដូច្នេះ មាន​ច្បាប់​នឹង​ធ្វើ​ការ​ល្អ​នៅ​ថ្ងៃ​សប្ប័ទ​បាន»។ បន្ទាប់​មក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​បុរស​នោះ​ថា៖ «ចូរ​លាត​ដៃ​អ្នក​ទៅ!»។ គាត់​ក៏​លាត​ដៃ ហើយ​ដៃ​គាត់​ក៏​បាន​ជា ដូច​ដៃ​ម្ខាង​ទៀត។ ពេល​នោះ ពួក​ផារិស៊ី​បាន​ចេញ​ទៅ ហើយ​ពិគ្រោះ​គ្នា​រក​ហេតុ​នឹង​ធ្វើ​គុត​ព្រះ‌អង្គ។ កាល​ព្រះ‌យេស៊ូវ​ជ្រាប​ពី​ការ​នោះ ទ្រង់​ក៏​យាង​ថយ​ពី​ទី​នោះ ហើយ​មាន​មហា‌ជន​ជា​ច្រើន​ដើរ​តាម​ព្រះ‌អង្គ។ ព្រះ‌អង្គ​ប្រោស​គេ​គ្រប់​គ្នា​ឲ្យ​បាន​ជា តែ​ព្រះ‌អង្គ​ហាម​មិន​ឲ្យ​គេ​និយាយ​ពី​ព្រះ‌អង្គ​ប្រាប់​អ្នក​ណា​ឡើយ។ ការ​នេះ​ត្រូវ​តែ​បាន​សម្រេច​តាម​សេចក្តី​ដែល​បាន​ថ្លែង​ទុក​មក តាម​រយៈ​ហោរា​អេសាយ​ថា៖ «នេះ​ជា​អ្នក​បម្រើ​របស់​យើង ដែល​យើង​បាន​ជ្រើស​រើស ជា​ស្ងួន‌ភ្ងា​របស់​យើង យើង​ពេញ​ចិត្ត​នឹង​ព្រះ‌អង្គ​ណាស់។ យើង​នឹង​ដាក់​វិញ្ញាណរបស់​យើង សណ្ឋិត​លើ​ព្រះ‌អង្គ ហើយ​ទ្រង់​នឹង​ប្រកាស​ប្រាប់ ពី​សេចក្តី​យុត្តិធម៌​ដល់​សាសន៍​ដទៃ។ ទ្រង់​នឹង​មិន​ឈ្លោះ​ប្រ‌កែក ក៏​មិន​ស្រែក​ឡើង​ផង គ្មាន​អ្នក​ណា​ឮ​សំឡេង​ព្រះ‌អង្គ​នៅ​តាម​ផ្លូវ​ទេ។ ទ្រង់​នឹង​មិន​ផ្តាច់​ដើម​ត្រែង​ដែល​បាក់ ក៏​មិន​ពន្លត់​ប្រឆេះ​ដែល​នៅ​ហុយ​ដែរ រហូត​ដល់​ព្រះ‌អង្គ​នាំ​សេចក្តី​យុត្តិធម៌​ឲ្យ​មាន​ជ័យ‌ជម្នះ ហើយ​ក្នុង​នាម​ព្រះ‌អង្គ សាសន៍​ដទៃ​នឹង​មាន​សង្ឃឹម »។

ចែក​រំលែក
អាន ម៉ាថាយ 12

ម៉ាថាយ 12:1-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

មាន​គ្រា​មួយ ព្រះ‌យេស៊ូ​យាង​កាត់​វាល​ស្រែ​នៅ​ថ្ងៃ​សប្ប័ទ* សិស្ស*​របស់​ព្រះអង្គ​ឃ្លាន​ពេក​ក៏​នាំ​គ្នា​បូត​កួរ​ស្រូវ​មក​បរិភោគ។ ពួក​ខាង​គណៈ​ផារីស៊ី*​ឃើញ​ដូច្នោះ ទូល​ព្រះអង្គ​ថា៖ «សូម​លោក​មើល​ចុះ ពួក​សិស្ស​របស់​លោក​នាំ​គ្នា​ធ្វើ​ការ ដែល​បញ្ញត្តិ​ហាម​មិន​ឲ្យ​ធ្វើ​នៅ​ថ្ងៃ​សប្ប័ទ!»។ ព្រះ‌យេស៊ូ​តប​ទៅ​គេ​វិញ​ថា៖ «ក្នុង​គម្ពីរ មាន​អត្ថ‌បទ​មួយ​ស្ដី​អំពី​ការ​ដែល​ព្រះ‌បាទ​ដាវីឌ និង​បរិពារ​បាន​ប្រព្រឹត្ត​នៅ​ពេល​ឃ្លាន គឺ​ស្ដេច​យាង​ចូល​ទៅ​ក្នុង​ដំណាក់​របស់​ព្រះ‌ជាម្ចាស់ ហើយ​យក​នំប៉័ង​ដែល​គេ​តាំង​ថ្វាយ​ព្រះ‌ជាម្ចាស់ មក​សោយ​ជា​មួយ​ពួក​បរិពារ។ តាម​គម្ពីរ‌វិន័យ* មាន​តែ​ពួក​បូជា‌ចារ្យ*​ប៉ុណ្ណោះ ដែល​បរិភោគ​នំប៉័ង​នេះ​បាន រីឯ​ព្រះ‌រាជា​គ្មាន​សិទ្ធិ​សោយ​ទេ ហើយ​ពួក​បរិពារ​ក៏​គ្មាន​សិទ្ធិ​បរិភោគ​ដែរ តើ​អ្នក​រាល់​គ្នា​ធ្លាប់​អាន​អត្ថ‌បទ​នោះ​ឬ​ទេ? ម្យ៉ាង​ទៀត នៅ​ថ្ងៃ​សប្ប័ទ ពួក​បូជា‌ចារ្យ​ដែល​បំពេញ​មុខងារ​នៅ​ក្នុង​ព្រះ‌វិហារ* សុទ្ធ​តែ​រំលោភ​លើ​ក្រឹត្យ‌វិន័យ​ថ្ងៃ​សប្ប័ទ តែ​ឥត​មាន​ទោស​ឡើយ តើ​អ្នក​រាល់​គ្នា​ដែល​អាន​គម្ពីរ‌វិន័យ​នោះ​ទេ? ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ទី​នេះ មាន​ម្នាក់​ប្រសើរ​ជាង​ព្រះ‌វិហារ​ទៅ​ទៀត។ ប្រសិន​បើ​អ្នក​រាល់​គ្នា​យល់​អត្ថ‌ន័យ​នៃ​សេចក្ដី​ដែល​មាន​ចែង​ទុក​មក​ថា “យើង​មិន​ចង់​បាន​យញ្ញ‌បូជា​ទេ គឺ​ចង់​បាន​តែ​ចិត្ត​មេត្តា‌ករុណា​ប៉ុណ្ណោះ” នោះ​អ្នក​រាល់​គ្នា​មុខ​ជា​មិន​ប្រកាន់​ទោស​ជន​ដែល​គ្មាន​ទោស​ទាំង​នេះ​ឡើយ ដ្បិត​បុត្រ​មនុស្ស*​ជា​ម្ចាស់​លើ​ថ្ងៃ​សប្ប័ទ*»។ ព្រះ‌យេស៊ូ​ចាក​ចេញ​ពី​ទី​នោះ យាង​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ*​របស់​គេ។ មាន​បុរស​ស្វិត​ដៃ​ម្នាក់​នៅ​ក្នុង​សាលា​ប្រជុំ​នោះ​ដែរ។ គេ​នាំ​គ្នា​ទូល​សួរ​ព្រះអង្គ​ថា៖ «នៅ​ថ្ងៃ​សប្ប័ទ* តើ​យើង​មាន​សិទ្ធិ​ប្រោស​អ្នក​ជំងឺ​ឲ្យ​ជា​ឬ​ទេ?»។ គេ​សួរ​ដូច្នេះ ក្នុង​គោល​បំណង​រក​លេស​ដើម្បី​ចោទ​ប្រកាន់​ព្រះអង្គ។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​នរណា​ម្នាក់​មាន​ចៀម​តែ​មួយ ហើយ​ចៀម​នោះ​ធ្លាក់​អណ្ដូង​នៅ​ថ្ងៃ​សប្ប័ទ តើ​អ្នក​នោះ​មិន​ទៅ​ស្រង់​យក​ចៀម​ឡើង​មក​វិញ​ទេ​ឬ? រីឯ​មនុស្ស​វិញ គេ​មាន​តម្លៃ​លើស​ចៀម​ឆ្ងាយ​ណាស់! ដូច្នេះ យើង​មាន​សិទ្ធិ​ធ្វើ​អំពើ​ល្អ​នៅ​ថ្ងៃ​សប្ប័ទ»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​បុរស​ស្វិត​ដៃ​នោះ​ថា៖ «ចូរ​លាត​ដៃ​មើល៍!»។ បុរស​នោះ​លាត​ដៃ ហើយ​ដៃ​គាត់​ក៏​បាន​ជា​ដូច​ដៃ​ម្ខាង​ទៀត។ ពួក​ខាង​គណៈ​ផារីស៊ី*​ចេញ​ពី​សាលា​ប្រជុំ* ហើយ​ពិគ្រោះ​គ្នា​រក​មធ្យោ‌បាយ​ធ្វើ​គុត​ព្រះអង្គ។ កាល​ព្រះ‌យេស៊ូ​ជ្រាប​ដូច្នោះ ព្រះអង្គ​យាង​ចាក​ចេញ​ពី​ទី​នោះ ទាំង​មាន​មហា‌ជន​ជា​ច្រើន​ដើរ​តាម​ព្រះអង្គ​ទៅ​ដែរ។ ព្រះអង្គ​បាន​ប្រោស​ពួក​គេ​ឲ្យ​ជា​ពី​ជំងឺ​ទាំង​អស់​គ្នា តែ​ព្រះអង្គ​គំរាម​គេ​យ៉ាង​ម៉ឺង​ម៉ាត់ មិន​ឲ្យ​និយាយ​ប្រាប់​អ្នក​ដទៃ​ថា ព្រះអង្គ​ជា​នរណា​ឡើយ ដើម្បី​ឲ្យ​ស្រប​នឹង​សេចក្ដី​ដែល​មាន​ចែង​ទុក តាម​រយៈ​ព្យាការី*​អេសាយ​ថា៖ «លោក​នេះ​ហើយ​ជា​អ្នក​បម្រើ​ដែល​យើង​បាន ជ្រើស​រើស ជា​អ្នក​ដែល​យើង​ស្រឡាញ់ ហើយ​ធ្វើ​ឲ្យ​ចិត្ត​យើង​រីក‌រាយ។ យើង​នឹង​ដាក់​វិញ្ញាណ​របស់​យើង ឲ្យ​សណ្ឋិត​លើ​លោក ហើយ​លោក​នឹង​ប្រាប់​ឲ្យ​ជាតិ​សាសន៍ ទាំង​អស់​ស្គាល់​សេចក្ដី​សុចរិត។ លោក​នឹង​មិន​ឈ្លោះ​ប្រកែក​ជា​មួយ​នរណា​ឡើយ ហើយ​ក៏​មិន​ស្រែក​ដាក់​នរណា​ផង គ្មាន​នរណា​ឮ​សំឡេង​របស់​លោក​នៅ តាម​ទី‌ផ្សារ​ទេ។ លោក​នឹង​មិន​កាច់​ដើម​ត្រែង​ណា​ដែល ទក់​ហើយ​នោះ​ឡើយ ហើយ​ក៏​មិន​ផ្លុំ​ពន្លត់​ភ្លើង​ណា​ដែល​ហៀប​នឹង រលត់​នោះ​ដែរ។ លោក​ធ្វើ​ដូច្នេះ រហូត​ដល់​លោក​នាំ សេចក្ដី​សុចរិត​ឲ្យ​មាន​ជ័យ‌ជម្នះ។ ជាតិ​សាសន៍​ទាំង​អស់​នឹង​នាំ​គ្នា សង្ឃឹម​លើ​លោក» ។

ចែក​រំលែក
អាន ម៉ាថាយ 12

ម៉ាថាយ 12:1-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នៅ​គ្រា​នោះ ព្រះ‌យេស៊ូវ​ទ្រង់​យាង​កាត់​ស្រែ នៅ​ថ្ងៃ​ឈប់​សំរាក ឯ​ពួក​សិស្ស​ទ្រង់​គេ​ឃ្លាន ហើយ​គេ​ចាប់​បូត​គួរ​ស្រូវ​បរិភោគ​ទៅ ពួក​ផារិស៊ី​ក៏​ឃើញ ហើយ​គេ​ទូល​ទ្រង់​ថា មើល​ន៏ សិស្ស​លោក​ធ្វើ​អំពើ ដែល​គ្មាន​ច្បាប់​ធ្វើ នៅ​ថ្ងៃ​ឈប់​សំរាក​ហើយ តែ​ទ្រង់​មាន​បន្ទូល​តប​ថា តើ​អ្នក​រាល់​គ្នា​មិន​ដែល​មើល​រឿង ពី​ការ​ដែល​ហ្លួង​ដាវីឌ​ទ្រង់​ធ្វើ ក្នុង​កាល​ដែល​ទ្រង់ នឹង​ពួក​អ្នក​នៅ​ជា​មួយ​បាន​ឃ្លាន​ទេ​ឬ​អី គឺ​ដែល​ទ្រង់​បាន​យាង​ចូល​ទៅ​ក្នុង​ដំណាក់​ព្រះ ហើយ​បាន​សោយ​នំបុ័ង​តាំង​ទុក ដែល​គ្មាន​ច្បាប់​ឲ្យ​ទ្រង់​សោយ ឬ​ពួក​ដែល​នៅ​ជា​មួយ​នឹង​ទ្រង់​ផង ជា​របស់​ទុក​សំរាប់​តែ​ពួក​សង្ឃ​ប៉ុណ្ណោះ ឬ​អ្នក​រាល់​គ្នា​មិន​បាន​មើល​ក្នុង​ក្រិត្យ‌វិន័យ​ទេ​ឬ​អី​ថា នៅ​ថ្ងៃ​ឈប់​សំរាក នោះ​ពួក​សង្ឃ នៅ​ក្នុង​ព្រះ‌វិហារ ក៏​ប្រព្រឹត្ត​រំលង​ច្បាប់​នៃ​ថ្ងៃ​ឈប់​សំរាក ឥត​មាន​ទោស​វិញ ប៉ុន្តែ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ទី​នេះ មាន​១​អង្គ ដែល​វិសេស​ជាង​ព្រះ‌វិហារ​ទៅ​ទៀត បើ​អ្នក​រាល់​គ្នា​បាន​យល់​ន័យ​សេចក្ដី​ដែល​ថា «អញ​ចង់​បាន​សេចក្ដី​មេត្តា‌ករុណា មិន​មែន​យញ្ញ‌បូជា​ទេ» នោះ​អ្នក​រាល់​គ្នា​មិន​បាន​បន្ទោស ដល់​ពួក​អ្នក​ដែល​គ្មាន​ទោស​ឡើយ ដ្បិត​កូន​មនុស្ស​ជា​ម្ចាស់​លើ​ថ្ងៃ​ឈប់​សំរាក់​ដែរ។ ទ្រង់​ក៏​យាង​ចេញ​ពី​ទី​នោះ ចូល​ទៅ​ក្នុង​សាលា​ប្រជុំ​របស់​គេ នោះ​ឃើញ​មនុស្ស​ម្នាក់​មាន​ដៃ​ស្វិត ហើយ​គេ​ទូល​សួរ​ទ្រង់​ថា តើ​មាន​ច្បាប់​នឹង​ប្រោស​ឲ្យ​ជា នៅ​ថ្ងៃ​ឈប់​សំរាក​បាន​ឬ​ទេ នេះ​គឺ​ដើម្បី​ឲ្យ​តែ​បាន​រឿង​ចោទ​ប្រកាន់​ទ្រង់​ប៉ុណ្ណោះ តែ​ទ្រង់​ឆ្លើយ​ថា បើ​អ្នក​ណា ក្នុង​ពួក​អ្នក​រាល់​គ្នា មាន​ចៀម​តែ​១ ហើយ​ចៀម​នោះ​ធ្លាក់​ទៅ​ក្នុង​រណ្តៅ នៅ​ថ្ងៃ​ឈប់​សំរាក នោះ​តើ​មិន​ទៅ​ចាប់​ស្រង់​វា​មក​ទេ​ឬ​អី ឯ​មនុស្ស តើ​មាន​ដំឡៃ​លើស​ជាង​ចៀម​អម្បាល‌ម៉ាន​ទៅ​ទៀត ដូច្នេះ មាន​ច្បាប់​ឲ្យ​ធ្វើ​ការ​ល្អ​នៅ​ថ្ងៃ​ឈប់​សំរាក​ដែរ រួច​ទ្រង់​មាន​បន្ទូល​ទៅ​មនុស្ស​នោះ​ថា ចូរ​លាត​ដៃ​អ្នក​ទៅ គាត់​ក៏​លាត ហើយ​ដៃ​នោះ​បាន​ជា ដូច​ដៃ​ម្ខាង។ កាល​ពួក​ផារិស៊ី​បាន​ចេញ​ទៅ​ក្រៅ គេ​ក៏​ពិគ្រោះ​គ្នា​រក​ហេតុ​នឹង​ធ្វើ​ឲ្យ​ទ្រង់​វិនាស តែ​កាល​ព្រះ‌យេស៊ូវ​បាន​ជ្រាប នោះ​ទ្រង់​យាង​ថយ​ចេញ​ពី​ទី​នោះ មាន​ទាំង​មនុស្ស​កក‌កុញ​ដើរ​តាម​ទ្រង់​ទៅ ហើយ​ទ្រង់​ក៏​ប្រោស​គេ​ឲ្យ​ជា​គ្រប់​គ្នា​ដែរ ទ្រង់​ហាម​ផ្តាច់ មិន​ឲ្យ​គេ​ប្រាប់​ឲ្យ​បណ្តា​មនុស្ស​ស្គាល់​ទ្រង់​ឡើយ ដើម្បី​ឲ្យ​បាន​សំរេច​តាម​ទំនាយ ដែល​ហោរា​អេសាយ បាន​ទាយ​ទុក​មក​ថា «មើល អ្នក​បំរើ​ដែល​អញ​បាន​រើស​តាំង ជា​អ្នក​ស្ងួន‌ភ្ងា ដែល​ជា​ទី​ពេញ​ចិត្ត​អញ អញ​នឹង​ដាក់​វិញ្ញាណ​អញ ឲ្យ​សណ្ឋិត​នៅ​លើ​ទ្រង់ ហើយ​ទ្រង់​នឹង​ថ្លែង​ប្រាប់ ពី​សេចក្ដី​យុត្តិ‌ធម៌ ដល់​សាសន៍​ដទៃ ទ្រង់​នឹង​មិន​តតាំង​នឹង​គេ ឬ​ស្រែក​សំរែក​ឡើយ នឹង​គ្មាន​អ្នក​ណា​ឮ​សំឡេង​ទ្រង់​នៅ​ក្នុង​ផ្លូវ​ទេ ទ្រង់​នឹង​មិន​ផ្តាច់​ដើម​ត្រែង​ដែល​បាក់ ក៏​មិន​លត់​ប្រឆេះ​ដែល​នៅ​ហុយ​ឡើយ ទាល់​តែ​បាន​នាំ​សេចក្ដី​យុត្តិ‌ធម៌​ឲ្យ​មាន​ជ័យ‌ជំនះ ហើយ​អស់​ទាំង​សាសន៍​ដទៃ នឹង​មាន​សេចក្ដី​សង្ឃឹម ដោយ​នូវ​ឈ្មោះ​ទ្រង់»។

ចែក​រំលែក
អាន ម៉ាថាយ 12