ម៉ាថាយ 10:1-8

ម៉ាថាយ 10:1-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌យេស៊ូ​ត្រាស់​ហៅ​សិស្ស​ទាំង​ដប់‌ពីរ​រូប​មក ព្រះអង្គ​ប្រទាន​ឲ្យ​គេ​មាន​អំណាច​លើ​វិញ្ញាណ​អាក្រក់ ព្រម​ទាំង​មាន​អំណាច​ប្រោស​អ្នក​ជំងឺ​គ្រប់​យ៉ាង និង​អ្នក​ពិការ​គ្រប់​ប្រភេទ​ឲ្យ​ជា​ផង។ សាវ័ក*​ទាំង​ដប់‌ពីរ​មាន​នាម​ដូច​ត​ទៅ: អ្នក​ទី​មួយ គឺ​ស៊ីម៉ូន​ហៅ​ពេត្រុស និង​អនទ្រេ ជា​ប្អូន​របស់​គាត់ យ៉ាកុប និង​យ៉ូហាន​ជា​ប្អូន​របស់​គាត់ ដែល​ត្រូវ​ជា​កូន​របស់​លោក​សេបេ‌ដេ ភីលីព និង​បារថូ‌ឡូមេ ថូ‌ម៉ាស និង​ម៉ាថាយ​ជា​អ្នក​ទារ​ពន្ធ* យ៉ាកុប​ជា​កូន​របស់​លោក​អាល់‌ផាយ និង​ថាដេ ស៊ីម៉ូន​ជា​អ្នក​ជាតិ​និយម និង​យូដាស​អ៊ីស្កា‌រីយ៉ុត​ជា​អ្នក​ក្បត់​ព្រះអង្គ។ ព្រះ‌យេស៊ូ​ចាត់​សិស្ស*​ទាំង​ដប់‌ពីរ​រូប​នេះ​ឲ្យ​ទៅ ដោយ​ផ្ដែ‌ផ្ដាំ​ថា៖ «កុំ​ទៅ​រក​សាសន៍​ដទៃ​ឡើយ ហើយ​ក៏​កុំ​ចូល​ទៅ​ក្នុង​ភូមិ​របស់​ជន‌ជាតិ​សាម៉ារី​ដែរ គឺ​ត្រូវ​ទៅ​ស្វែង​រក​អស់​អ្នក​ដែល​វង្វេង ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល​នោះ​វិញ។ ពេល​ធ្វើ​ដំណើរ​ទៅ ចូរ​ប្រកាស​ថា "ព្រះ‌រាជ្យ*​នៃ​ស្ថាន​បរម‌សុខ*​មក​ជិត​បង្កើយ​ហើយ"។ ចូរ​មើល​អ្នក​ជំងឺ​ឲ្យ​ជា ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ ធ្វើ​ឲ្យ​មនុស្ស​ឃ្លង់​ជា​ស្អាត​បរិសុទ្ធ* ដេញ​អារក្ស​ចេញ​ពី​មនុស្ស។ អ្នក​រាល់​គ្នា​បាន​ទទួល​អំណាច ដោយ​ឥត​បង់​ថ្លៃ ត្រូវ​ជួយ​គេ​វិញ​ដោយ​ឥត​គិត​ថ្លៃ​ដែរ។

ចែក​រំលែក
អាន ម៉ាថាយ 10

ម៉ាថាយ 10:1-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​នោះ ព្រះ‌យេស៊ូវ​ហៅ​សិស្ស​របស់​ព្រះ‌អង្គ​ទាំង​ដប់​ពីរ​មក ហើយ​ប្រទាន​ឲ្យ​គេ​មាន​អំណាច​ដេញ​វិញ្ញាណ​អាក្រក់ និង​ប្រោស​អស់​ទាំង​ជំងឺ​រោគា​គ្រប់​ប្រភេទ​ឲ្យ​បាន​ជា។ សាវក​ទាំង​ដប់​ពីរ​មាន​ឈ្មោះ​ដូច​ត​ទៅ៖ ទី​មួយ​គឺ ស៊ីម៉ូន ដែល​ហៅ​ថា​ពេត្រុស និង​អនទ្រេ​ជា​ប្អូន ហើយ​មាន​កូន​របស់​លោក​សេបេដេ គឺ​យ៉ាកុប និង​យ៉ូហាន​ជា​ប្អូន។ ភីលីព បារថូឡូមេ ថូម៉ាស ម៉ាថាយ ជា​អ្នក​ទារ​ពន្ធ យ៉ាកុប ជា​កូន​របស់​លោក​អាល់ផាយ និង[លេបេ ដែល​ហៅ​ថា] ថាដេ ស៊ីម៉ូន ជា​សាសន៍​កាណាន និង​យូដាស​អ៊ីស្ការីយ៉ុត ជា​អ្នក​ដែល​ក្បត់​ព្រះ‌អង្គ។ ព្រះ‌យេស៊ូវ​ចាត់​អ្នក​ទាំង​ដប់​ពីរ​ឲ្យ​ចេញ​ទៅ ដោយ​បង្គាប់​ថា៖ «កុំ​ចូល​ទៅ​ទឹក​ដី​របស់​សាសន៍​ដទៃ ឬ​ទី​ក្រុង​ណា​មួយ​របស់​សាសន៍​សាម៉ារី​ឡើយ តែ​ចូរ​ទៅ​រក​ចៀម​បាត់​បង់​របស់​ប្រជា‌ជន​អ៊ីស្រា‌អែល​វិញ។ ពេល​អ្នក​រាល់​គ្នា​ចេញ​ទៅ ចូរ​ប្រកាស​ថា "ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌​នៅ​ជិត​បង្កើយ"។ ចូរ​ប្រោស​អ្នក​ជំងឺ​ឲ្យ​ជា ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ មនុស្ស​ឃ្លង់​ឲ្យ​បាន​ជា​ស្អាត ហើយ​ដេញ​អារក្ស​ឲ្យ​ចេញ​ពី​មនុស្ស។ អ្នក​រាល់​គ្នា​ទទួល​មក​ដោយ​ឥត​បង់​ថ្លៃ ត្រូវ​ឲ្យ​ដោយ​ឥត​បង់​ថ្លៃ​ដែរ។

ចែក​រំលែក
អាន ម៉ាថាយ 10

ម៉ាថាយ 10:1-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​ទ្រង់​បាន​ហៅ​ពួក​សិស្ស​ទាំង​១២​នាក់​មក​ហើយ នោះ​ក៏​ប្រទាន​ឲ្យ​គេ​មាន​អំណាច អាច​នឹង​ដេញ​អារក្ស‌អសោចិ៍ ហើយ​នឹង​មើល​គ្រប់​ទាំង​ជំងឺ​រោគា នឹង​ជរា​ពិការ​ទាំង​អស់​ឲ្យ​បាន​ជា​ផង រីឯ​ពួក​សាវក​ទាំង​១២​នាក់ នោះ​ដូច​មាន​ឈ្មោះ​ខាង​ក្រោម​នេះ​ស្រាប់ គឺ​មុន​ដំបូង​មាន​ស៊ីម៉ូន ដែល​ហៅ​ថា​ពេត្រុស​១ អនទ្រេ ជា​ប្អូន​គាត់​១ យ៉ាកុប ជា​កូន​សេបេដេ​១ នឹង​យ៉ូហាន ជា​ប្អូន​គាត់​១ ភីលីព​១ បារថូ‌ល៉ូមេ​១ ថូម៉ាស​១ ម៉ាថាយ ជា​អ្នក​យក​ពន្ធ​១ យ៉ាកុប ជា​កូន​អាល់‌ផាយ​១ លេបេ ដែល​ហៅ​ថា ថាដេ​១ ស៊ីម៉ូន ជា​សាសន៍​កាណាន​១ ហើយ​នឹង​យូដាស-អ៊ីស្កា‌រីយ៉ុត ជា​អ្នក​ដែល​បញ្ជូន​ទ្រង់​១។ ព្រះ‌យេស៊ូវ ទ្រង់​ចាត់​ពួក​១២​នាក់​នេះ ឲ្យ​ទៅ​ដោយ​ផ្តាំ​ថា កុំ​ឲ្យ​អ្នក​រាល់​គ្នា​បែរ​ទៅ​តាម​ផ្លូវ​របស់​សាសន៍​ដទៃ ឬ​ចូល​ទៅ​ក្នុង​ទី​ក្រុង​ណា​១​របស់​សាសន៍​សា‌ម៉ា‌រី​ឡើយ ចូរ​ទៅ​ឯ​ចៀម​បាត់‌បង់​របស់​វង្សា‌នុវង្ស​នៃ​ពួក​អ៊ីស្រាអែល​វិញ ហើយ​កំពុង​ដែល​ទៅ នោះ​ចូរ​ប្រកាស​ប្រាប់​ថា នគរ​ស្ថាន‌សួគ៌​ជិត​ដល់​ហើយ ចូរ​ប្រោស​មនុស្ស​ជំងឺ​ឲ្យ​ជា មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ មនុស្ស​ឃ្លង់​ឲ្យ​ជា​ស្អាត ហើយ​ដេញ​អារក្ស​ចេញ​ផង អ្នក​រាល់​គ្នា​បាន​ទទួល​ទទេ ត្រូវ​ឲ្យ​ទទេ​ដែរ

ចែក​រំលែក
អាន ម៉ាថាយ 10