ម៉ាថាយ 1:18-23

ម៉ាថាយ 1:18-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នេះ​ជា​ដំណើរ​រឿង​អំពី​កំណើត​របស់​ព្រះ‌យេស៊ូ​គ្រិស្ត។ នាង​ម៉ារី មាតា​របស់​ព្រះអង្គ ត្រូវ​ជា​គូ​ដណ្ដឹង​របស់​លោក​យ៉ូសែប។ មុន​ពេល​អ្នក​ទាំង​ពីរ​រួម​រស់​ជា​មួយ​គ្នា នាង​ម៉ារី​មាន​ផ្ទៃ​ពោះ ដោយ‌សារ​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ​រួច​ទៅ​ហើយ។ លោក​យ៉ូសែប ស្វាមី​របស់​នាង​ជា​មនុស្ស​សុចរិត លោក​មិន​ចង់​បំបាក់​មុខ​នាង​ឡើយ គឺ​លោក​សម្រេច​ចិត្ត​ថា​នឹង​ផ្ដាច់​ពាក្យ​ដោយ​ស្ងាត់ៗ​វិញ។ ពេល​លោក​កំពុង​គិត​ដូច្នេះ ស្រាប់​តែ​មាន​ទេវតា*​របស់​ព្រះ‌អម្ចាស់​មក​ប្រាប់​លោក ក្នុង​សុបិន​និមិត្ត​ថា៖ «លោក​យ៉ូសែប​ជា​ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ*​អើយ សូម​កុំ​ខ្លាច​នឹង​ទទួល​នាង​ម៉ារី​មក​ធ្វើ​ជា​ភរិយា​ឡើយ! បុត្រ​ដែល​នៅ​ក្នុង​ផ្ទៃ​នាង កើត​មក​ពី​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ*។ នាង​នឹង​សម្រាល​បាន​បុត្រ​មួយ ហើយ​លោក​ត្រូវ​ថ្វាយ​ព្រះ‌នាម​ថា “យេស៊ូ” ដ្បិត​បុត្រ​នោះ​នឹង​សង្គ្រោះ​ប្រជា‌រាស្ត្រ​ព្រះអង្គ​ឲ្យ​រួច​ពី​បាប​របស់​គេ»។ ហេតុ‌ការណ៍​នេះ​កើត​ឡើង​ស្រប​នឹង​សេចក្ដី​ដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល តាម​រយៈ​ព្យាការី*​ថា៖ «មើល! ស្ត្រី​ព្រហ្មចារី​នឹង​មាន​ផ្ទៃ​ពោះ នាង​នឹង​សម្រាល​បាន​បុត្រ​មួយ​ដែល​គេ​នឹង​ថ្វាយ ព្រះ‌នាម​ថា “អេម៉ាញូ‌អែល”» ប្រែ​ថា «ព្រះ‌ជា​ម្ចាស់​គង់​ជា​មួយ​យើង»។

ចែក​រំលែក
អាន ម៉ាថាយ 1

ម៉ាថាយ 1:18-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

រីឯ​កំណើត​របស់​ព្រះ‌យេស៊ូវ​គ្រីស្ទ​បាន​កើត​ឡើង​យ៉ាង​ដូច្នេះ គឺ​ពេល​នាង​ម៉ារា មាតា​ព្រះ‌អង្គ​បាន​ភ្ជាប់​ពាក្យ​ជា​មួយ​យ៉ូសែប មុន​ពេល​អ្នក​ទាំង​ពីរ​រួម​រស់​នៅ​ជា​មួយ​គ្នា នាង​មាន​គភ៌​ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​រួច​ទៅ​ហើយ។ យ៉ូសែប ប្តី​របស់​នាង​ជា​មនុស្ស​សុចរិត លោក​មិន​ចង់​ធ្វើ​ឲ្យ​នាង​អាម៉ាស់​ឡើយ គឺ​លោក​សម្រេច​ចិត្ត​ថា​នឹង​លែង​នាង​ដោយ​សម្ងាត់​វិញ។ ប៉ុន្តែ ពេល​លោក​កំពុង​គិត​ដូច្នេះ ស្រាប់​តែ​មាន​ទេវតា​មួយ​រូប​របស់​ព្រះ‌អម្ចាស់​បាន​លេច​មក​ប្រាប់​លោក​ក្នុង​យល់​សប្តិ​ថា៖ «យ៉ូសែប ជា​ពូជ​ពង្ស​ព្រះ‌បាទ​ដាវីឌ​អើយ កុំ​ខ្លាច​នឹង​យក​នាង​ម៉ារា​មក​ធ្វើ​ជា​ប្រពន្ធ​របស់​អ្នក​ឡើយ ដ្បិត​បុត្រ​ដែល​មក​ចាប់​កំណើត​ក្នុង​ផ្ទៃ​នាង គឺ​មក​ពី​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ទេ។ នាង​នឹង​ប្រសូត​បាន​បុត្រា​មួយ ហើយ​លោក​ត្រូវ​ថ្វាយ​ព្រះ‌នាម​បុត្រ​នោះ​ថា "យេស៊ូវ" ព្រោះ​បុត្រ​នោះ​នឹង​សង្គ្រោះ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ឲ្យ​រួច​ពី​បាប​របស់​គេ»។ ការ​ទាំង​នោះ​កើត​មក ដើម្បី​សម្រេច​សេចក្តី​ដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​តាម​រយៈ​ហោរា​ថា៖ «មើល៍! នាង​ព្រហ្មចារី​នឹង​មាន​គភ៌ ប្រសូត​បាន​បុត្រា​មួយ ហើយ​គេ​នឹង​ថ្វាយ ព្រះ‌នាម​បុត្រ​នោះ​ថា "អេម៉ាញូ‌អែល"» មាន​ន័យ​ថា «ព្រះ‌គង់​ជា​មួយ​យើង»។

ចែក​រំលែក
អាន ម៉ាថាយ 1

ម៉ាថាយ 1:18-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រីឯ​កំណើត​ព្រះ‌យេស៊ូវ​គ្រីស្ទ នោះ​បាន​កើត​មក​យ៉ាង​ដូច្នេះ គឺ​នាង​ម៉ារា មាតា​ទ្រង់ កាល​ដែល​យ៉ូសែប​បាន​ដណ្តឹង​នាង​ហើយ នោះ​នាង​មាន​គភ៌ ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ មុន​ដែល​បាន​នៅ​ជា​មួយ​គ្នា ឯ​យ៉ូសែប ប្ដី​នាង ជា​មនុស្ស​សុចរិត គាត់​មិន​ចង់​បើក​រឿង​នាង​ឲ្យ​គេ​ដឹង​ទេ បាន​ជា​គាត់​គិត​លែង​នាង​ចេញ ដោយ​សំងាត់​វិញ កាល​ដែល​គាត់​កំពុង​តែ​គិត​ពី​ការ​នោះ ស្រាប់​តែ​មាន​ទេវតា​នៃ​ព្រះ‌អម្ចាស់ លេច​មក​ពន្យល់​សប្តិ ប្រាប់​គាត់​ថា យ៉ូសែប ពូជ​ហ្លួង​ដាវីឌ​អើយ កុំ​ឲ្យ​ខ្លាច​នឹង​យក​នាង​ម៉ារា ជា​ប្រពន្ធ​អ្នក​ឡើយ ដ្បិត​បុត្រ​ដែល​មក​ចាប់​ទំ​ផ្ទៃ​នាង នោះ​កើត​ពី​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ទេ នាង​នឹង​ប្រសូត​បុត្រា​១ ហើយ​អ្នក​ត្រូវ​ថ្វាយ​ព្រះ‌នាម​ថា «យេស៊ូវ» ព្រោះ​បុត្រ​នោះ​នឹង​ជួយ​សង្គ្រោះ​រាស្ត្រ​ទ្រង់ ឲ្យ​រួច​ពី​បាប ការ​ទាំង​នោះ​កើត​មក ដើម្បី​ឲ្យ​បាន​សំរេច​សេចក្ដី ដែល​ព្រះ‌អម្ចាស់​ទ្រង់​មាន​បន្ទូល ដោយ‌សារ​ហោរា​ថា «មើល នាង​ព្រហ្មចារី​នឹង​មាន​គភ៌​ប្រសូត​បាន​បុត្រា​១ ហើយ​ព្រះ‌នាម​បុត្រ​នោះ​ត្រូវ​ហៅ​ថា អេម៉ាញូ‌អែល» ដែល​ប្រែ​ថា ព្រះ‌អង្គ​ទ្រង់​គង់​ជា​មួយ​នឹង​យើង​ខ្ញុំ

ចែក​រំលែក
អាន ម៉ាថាយ 1