ម៉ាថាយ 1:1-25

ម៉ាថាយ 1:1-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នេះ​ជា​បញ្ជី​ពង្សាវតារ​របស់​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌រាជ​វង្ស​ព្រះ‌បាទ​ដាវីឌ និង​ជា​ជំនួរ​វង្ស​របស់​លោក​អ័ប្រា‌ហាំ។ អ័ប្រា‌ហាំ​បង្កើត​អ៊ីសាក អ៊ីសាក​បង្កើត​យ៉ាកុប យ៉ាកុប​បង្កើត​យូដា និង​បង‌ប្អូន​របស់​គាត់ យូដា​យក​នាង​តា​ម៉ារ បង្កើត​បាន​ពេរេស និង​សេរ៉ាស ពេរេស​បង្កើត​ហេស្រុន ហេស្រុន​បង្កើត​អើរ៉ាម អើរ៉ាម​បង្កើត​អ័មីណា‌ដាប់ អ័មីណា‌ដាប់​បង្កើត​ណា‌សូន ណា‌សូន​បង្កើត​សាលម៉ូន សាលម៉ូន​យក​នាង​រ៉ាហាប​បង្កើត​បាន​បូអូស បូអូស​យក​នាង​រស់​បង្កើត​បាន​អូបិឌ អូបិឌ​បង្កើត​អ៊ីសាយ អ៊ីសាយ​បង្កើត​ស្តេច​ដាវីឌ ស្តេច​ដាវីឌ​យក​ប្រពន្ធ​របស់​អ៊ូរី បង្កើត​បាន​សាឡូម៉ូន សាឡូម៉ូន​បង្កើត​រេហូបោម រេហូបោម​បង្កើត​អ័ប៊ីយ៉ា អ័ប៊ីយ៉ា​បង្កើត​អេសា អេសា​បង្កើត​យេ‌ហូសា‌ផាត យេ‌ហូសា‌ផាត​បង្កើត​យ៉ូរ៉ាម យ៉ូរ៉ាម​បង្កើត​អូសៀស អូសៀស​បង្កើត​យ៉ូថាម យ៉ូថាម​បង្កើត​អេហាស អេហាស​បង្កើត​អេសេគាស អេសេ‌គាស​បង្កើត​ម៉ាណា‌សេ ម៉ាណា‌សេ​បង្កើត​អាំម៉ូន អាំម៉ូន​បង្កើត​យ៉ូសៀស យ៉ូសៀស​បង្កើត​យេកូនាស និង​បង‌ប្អូន​របស់​គាត់ នៅ​គ្រា​ដែល​ត្រូវ​និរទេស​ទៅ​ស្រុក​បាប៊ីឡូន។ ក្រោយ​ពី​ដំណើរ​និរទេស​ទៅ​ស្រុក​បាប៊ីឡូន​ហើយ​នោះ យេកូ‌នាស​បង្កើត​បាន​សាល‌ធាល សាល‌ធាល​បង្កើត​សូរ៉ូបាបិល សូរ៉ូបាបិល​បង្កើត​អ័ប៊ីយុឌ អ័ប៊ីយុឌ​បង្កើត​អេលាគីម អេលាគីម​បង្កើត​អេសូរ អេសូរ​បង្កើត​សាដុក សាដុក​បង្កើត​អេគីម អេគីម​បង្កើត​អេលីយុឌ អេលីយុឌ​បង្កើត​អេលា‌សារ អេលា‌សារ​បង្កើត​ម៉ាថាន ម៉ាថាន​បង្កើត​យ៉ាកុប យ៉ាកុប​បង្កើត​យ៉ូសែប ជា​ប្តី​នាង​ម៉ារា មាតា​ព្រះ‌យេស៊ូវ ដែល​ហៅ​ថា «ព្រះ‌គ្រីស្ទ»។ ដូច្នេះ តាំង​ពី​អ័ប្រា‌ហាំ​មក​ដល់​ដាវីឌ មាន​ដប់​បួន​ជំនាន់ តាំង​ពី​ដាវីឌ​មក​ដល់​គ្រា​ដែល​ត្រូវ​និរទេស​ទៅ​ស្រុក​បាប៊ីឡូន មាន​ដប់​បួន​ជំនាន់ ហើយ​តាំង​ពី​គ្រា​ដែល​ត្រូវ​និរទេស​ទៅ​ស្រុក​បាប៊ីឡូន មក​ដល់​ព្រះ‌គ្រីស្ទ​ក៏​មាន​ដប់​បួន​ជំនាន់​ដែរ។ រីឯ​កំណើត​របស់​ព្រះ‌យេស៊ូវ​គ្រីស្ទ​បាន​កើត​ឡើង​យ៉ាង​ដូច្នេះ គឺ​ពេល​នាង​ម៉ារា មាតា​ព្រះ‌អង្គ​បាន​ភ្ជាប់​ពាក្យ​ជា​មួយ​យ៉ូសែប មុន​ពេល​អ្នក​ទាំង​ពីរ​រួម​រស់​នៅ​ជា​មួយ​គ្នា នាង​មាន​គភ៌​ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​រួច​ទៅ​ហើយ។ យ៉ូសែប ប្តី​របស់​នាង​ជា​មនុស្ស​សុចរិត លោក​មិន​ចង់​ធ្វើ​ឲ្យ​នាង​អាម៉ាស់​ឡើយ គឺ​លោក​សម្រេច​ចិត្ត​ថា​នឹង​លែង​នាង​ដោយ​សម្ងាត់​វិញ។ ប៉ុន្តែ ពេល​លោក​កំពុង​គិត​ដូច្នេះ ស្រាប់​តែ​មាន​ទេវតា​មួយ​រូប​របស់​ព្រះ‌អម្ចាស់​បាន​លេច​មក​ប្រាប់​លោក​ក្នុង​យល់​សប្តិ​ថា៖ «យ៉ូសែប ជា​ពូជ​ពង្ស​ព្រះ‌បាទ​ដាវីឌ​អើយ កុំ​ខ្លាច​នឹង​យក​នាង​ម៉ារា​មក​ធ្វើ​ជា​ប្រពន្ធ​របស់​អ្នក​ឡើយ ដ្បិត​បុត្រ​ដែល​មក​ចាប់​កំណើត​ក្នុង​ផ្ទៃ​នាង គឺ​មក​ពី​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ទេ។ នាង​នឹង​ប្រសូត​បាន​បុត្រា​មួយ ហើយ​លោក​ត្រូវ​ថ្វាយ​ព្រះ‌នាម​បុត្រ​នោះ​ថា "យេស៊ូវ" ព្រោះ​បុត្រ​នោះ​នឹង​សង្គ្រោះ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ឲ្យ​រួច​ពី​បាប​របស់​គេ»។ ការ​ទាំង​នោះ​កើត​មក ដើម្បី​សម្រេច​សេចក្តី​ដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​តាម​រយៈ​ហោរា​ថា៖ «មើល៍! នាង​ព្រហ្មចារី​នឹង​មាន​គភ៌ ប្រសូត​បាន​បុត្រា​មួយ ហើយ​គេ​នឹង​ថ្វាយ ព្រះ‌នាម​បុត្រ​នោះ​ថា "អេម៉ាញូ‌អែល"» មាន​ន័យ​ថា «ព្រះ‌គង់​ជា​មួយ​យើង»។ ពេល​យ៉ូសែប​ភ្ញាក់​ពី​ដេក​ឡើង លោក​ក៏​ធ្វើ​តាម​ពាក្យ​ដែល​ទេវតា​របស់​ព្រះ‌អម្ចាស់​បាន​បង្គាប់ គឺ​លោក​បាន​យក​នាង​ធ្វើ​ជា​ប្រពន្ធ តែ​មិន​បាន​រួម​រស់​ជា​មួយ​នាង​ទេ រហូត​ទាល់​តែ​នាង​ប្រសូត​បុត្រ[ច្បង​មក] ហើយ​លោក​ថ្វាយ​ព្រះ‌នាម​បុត្រ​នោះ​ថា «យេស៊ូវ»។

ចែក​រំលែក
អាន ម៉ាថាយ 1

ម៉ាថាយ 1:1-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នេះ​ជា​បញ្ជី‌រាយ​នាម​ព្រះ‌អយ្យ‌កោ​របស់​ព្រះ‌យេស៊ូ​គ្រិស្ត* ជា​ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ ដែល​ត្រូវ​ជា​ពូជ‌ពង្ស​របស់​លោក​អប្រាហាំ*។ លោក​អប្រាហាំ​បង្កើត​លោក​អ៊ីសាក លោក​អ៊ីសាក​បង្កើត​លោក​យ៉ាកុប លោក​យ៉ាកុប​បង្កើត​លោក​យូដា និង​បងប្អូន​របស់​គាត់ លោក​យូដា និង​នាង​តាម៉ារ​បង្កើត​លោក​ពេរេស និង​លោក​សេ‌រ៉ាស លោក​ពេរេស​បង្កើត​លោក​ហេស្រុន លោក​ហេស្រុន​បង្កើត​លោក​អើរ៉ាម លោក​អើរ៉ាម​បង្កើត​លោក​អមីណា‌ដាប់ លោក​អមីណា‌ដាប់​បង្កើត​លោក​ណា‌សូន លោក​ណា‌សូន​បង្កើត​លោក​សាល‌ម៉ូន លោក​សាល‌ម៉ូន និង​នាង​រ៉ាហាប​បង្កើត​លោក​បូអូស លោក​បូអូស និង​នាង​រស់​បង្កើត​លោក​អូបេដ លោក​អូបេដ​បង្កើត​លោក​អ៊ីសាយ លោក​អ៊ីសាយ​បង្កើត​ស្ដេច​ដាវីឌ។ ស្ដេច​ដាវីឌ និង​ភរិយា​របស់​លោក​អ៊ូរី​បង្កើត​ស្ដេច​សាឡូម៉ូន ស្ដេច​សាឡូម៉ូន​បង្កើត​ស្ដេច​រេហូ‌បោម ស្ដេច​រេហូ‌បោម​បង្កើត​ស្ដេច​អប៊ី‌យ៉ា ស្ដេច​អប៊ី‌យ៉ា​បង្កើត​ស្ដេច​អេសា ស្ដេច​អេសា​បង្កើត​ស្ដេច​យ៉ូសា‌ផាត ស្ដេច​យ៉ូសា‌ផាត​បង្កើត​ស្ដេច​យ៉ូរ៉ាម ស្ដេច​យ៉ូរ៉ាម បង្កើត​ស្ដេច​អូសៀស ស្ដេច​អូសៀស​បង្កើត​ស្ដេច​យ៉ូថាម ស្ដេច​យ៉ូថាម​បង្កើត​ស្ដេច​អេហាស ស្ដេច​អេហាស​បង្កើត​ស្ដេច​ហេ‌សេគា ស្ដេច​ហេ‌សេគា​បង្កើត​ស្ដេច​ម៉ាណា‌សេ ស្ដេច​ម៉ាណា‌សេ​បង្កើត​ស្ដេច​អាំម៉ូន ស្ដេច​អាំម៉ូន​បង្កើត​ស្ដេច​យ៉ូសៀស ស្ដេច​យ៉ូសៀស​បង្កើត​ស្ដេច​យេកូ‌នាស និង​អនុជ​របស់​ព្រះអង្គ ក្នុង​គ្រា​ដែល​គេ​កៀរ​ជន‌ជាតិ​អ៊ីស្រា‌អែល យក​ទៅ​ធ្វើ​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ី‌ឡូន។ ក្រោយ​គ្រា​ដែល​គេ​កៀរ​ជន‌ជាតិ​អ៊ីស្រា‌អែល​យក​ទៅ​ធ្វើ​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ី‌ឡូន ស្ដេច​យេកូ‌នាស​បង្កើត​លោក​សាល‌ធាល លោក​សាល‌ធាល​បង្កើត​លោក​សូរ៉ូ‌បាបិល លោក​សូរ៉ូ‌បាបិល​បង្កើត​លោក​អប៊ី‌យូដ លោក​អប៊ី‌យូដ​បង្កើត​លោក​អេលា‌គីម លោក​អេលា‌គីម​បង្កើត​លោក​អេសូរ លោក​អេសូរ​បង្កើត​លោក​សាដុក លោក​សាដុក​បង្កើត​លោក​អេគីម លោក​អេគីម​បង្កើត​លោក​អេលី‌យូដ លោក​អេលី‌យូដ​បង្កើត​លោក​អេឡា‌សារ លោក​អេឡា‌សារ​បង្កើត​លោក​ម៉ាថាន លោក​ម៉ាថាន បង្កើត​លោក​យ៉ាកុប លោក​យ៉ាកុប​បង្កើត​លោក​យ៉ូសែប ជា​ស្វាមី​របស់​នាង​ម៉ារី ដែល​បង្កើត​ព្រះ‌យេស៊ូ​ហៅ​ថា​ព្រះ‌គ្រិស្ត*។ ដូច្នេះ ចាប់​ពី​លោក​អប្រាហាំ​មក​ទល់​ស្ដេច​ដាវីឌ មាន​ដប់‌បួន​តំណ ចាប់​ពី​ស្ដេច​ដាវីឌ​មក​ទល់​នឹង​គ្រា​ដែល​គេ​កៀរ​ជន‌ជាតិ​អ៊ីស្រា‌អែល យក​ទៅ​ធ្វើ​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ី‌ឡូន មាន​ដប់‌បួន​តំណ ហើយ​ចាប់​ពី​គ្រា​ដែល​គេ​កៀរ​ជន‌ជាតិ​អ៊ីស្រា‌អែល​យក​ទៅ​ធ្វើ​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ី‌ឡូន មក​ទល់​ព្រះ‌គ្រិស្ត ក៏​មាន​ដប់‌បួន​តំណ​ដែរ។ នេះ​ជា​ដំណើរ​រឿង​អំពី​កំណើត​របស់​ព្រះ‌យេស៊ូ​គ្រិស្ត។ នាង​ម៉ារី មាតា​របស់​ព្រះអង្គ ត្រូវ​ជា​គូ​ដណ្ដឹង​របស់​លោក​យ៉ូសែប។ មុន​ពេល​អ្នក​ទាំង​ពីរ​រួម​រស់​ជា​មួយ​គ្នា នាង​ម៉ារី​មាន​ផ្ទៃ​ពោះ ដោយ‌សារ​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ​រួច​ទៅ​ហើយ។ លោក​យ៉ូសែប ស្វាមី​របស់​នាង​ជា​មនុស្ស​សុចរិត លោក​មិន​ចង់​បំបាក់​មុខ​នាង​ឡើយ គឺ​លោក​សម្រេច​ចិត្ត​ថា​នឹង​ផ្ដាច់​ពាក្យ​ដោយ​ស្ងាត់ៗ​វិញ។ ពេល​លោក​កំពុង​គិត​ដូច្នេះ ស្រាប់​តែ​មាន​ទេវតា*​របស់​ព្រះ‌អម្ចាស់​មក​ប្រាប់​លោក ក្នុង​សុបិន​និមិត្ត​ថា៖ «លោក​យ៉ូសែប​ជា​ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ*​អើយ សូម​កុំ​ខ្លាច​នឹង​ទទួល​នាង​ម៉ារី​មក​ធ្វើ​ជា​ភរិយា​ឡើយ! បុត្រ​ដែល​នៅ​ក្នុង​ផ្ទៃ​នាង កើត​មក​ពី​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ*។ នាង​នឹង​សម្រាល​បាន​បុត្រ​មួយ ហើយ​លោក​ត្រូវ​ថ្វាយ​ព្រះ‌នាម​ថា “យេស៊ូ” ដ្បិត​បុត្រ​នោះ​នឹង​សង្គ្រោះ​ប្រជា‌រាស្ត្រ​ព្រះអង្គ​ឲ្យ​រួច​ពី​បាប​របស់​គេ»។ ហេតុ‌ការណ៍​នេះ​កើត​ឡើង​ស្រប​នឹង​សេចក្ដី​ដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល តាម​រយៈ​ព្យាការី*​ថា៖ «មើល! ស្ត្រី​ព្រហ្មចារី​នឹង​មាន​ផ្ទៃ​ពោះ នាង​នឹង​សម្រាល​បាន​បុត្រ​មួយ​ដែល​គេ​នឹង​ថ្វាយ ព្រះ‌នាម​ថា “អេម៉ាញូ‌អែល”» ប្រែ​ថា «ព្រះ‌ជា​ម្ចាស់​គង់​ជា​មួយ​យើង»។ លុះ​លោក​យ៉ូសែប​ភ្ញាក់​ឡើង លោក​ក៏​ធ្វើ​តាម​បង្គាប់​ទេវតា*​របស់​ព្រះ‌អម្ចាស់ គឺ​លោក​ទទួល​នាង​ម៉ារី​មក​ធ្វើ​ជា​ភរិយា ប៉ុន្តែ លោក​ពុំ​បាន​រួម​បវេណី​ជា​មួយ​នាង រហូត​ដល់​នាង​សម្រាល​បាន​បុត្រ ដែល​លោក​ថ្វាយ​ព្រះ‌នាម​ថា “យេស៊ូ”។

ចែក​រំលែក
អាន ម៉ាថាយ 1

ម៉ាថាយ 1:1-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នេះ​បញ្ជី​ពង្សាវតារ​ពី​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​វង្សា​ហ្លួង​ដាវីឌ នឹង​ជា​ជំនួរ​វង្ស​នៃ​លោក​អ័ប្រាហាំ​ដែរ អ័ប្រាហាំ​បង្កើត​អ៊ីសាកៗ​បង្កើត​យ៉ាកុបៗ​បង្កើត​យូដា ហើយ​នឹង​បង​ប្អូន​គាត់ យូដា​យក​នាង​តាម៉ារ បង្កើត​បាន​ពេរេស​នឹង​សេរ៉ាស ពេរេស​បង្កើត​ហេស្រុនៗ​បង្កើត​អើរ៉ាម អើរ៉ាម​បង្កើត​អ័មីន៉ា‌ដាប់ៗ​បង្កើត​ណាសូនៗ​បង្កើត​សាល‌ម៉ូន សាល‌ម៉ូន​យក​នាង​រ៉ាហាប បង្កើត​បាន​បូអូសៗ​យក​នាង​រស់ បង្កើត​បាន​អូបិឌៗ​បង្កើត​អ៊ីសាយ អ៊ីសាយ​បង្កើត​ដាវីឌ​ដ៏​ជា​ស្តេច ស្តេច​ដាវីឌ​យក​ប្រពន្ធ​របស់​អ៊ូរី បង្កើត​បាន​សាឡូម៉ូន សាឡូម៉ូន​បង្កើត​រេហូ‌បោមៗ​បង្កើត​អ័ប៊ីយ៉ា អ័ប៊ីយ៉ា​បង្កើត​អេសា អេសា​បង្កើត​យ៉ូសា‌ផាតៗ​បង្កើត​យ៉ូរ៉ាមៗ​បង្កើត​អូសៀស អូសៀស​បង្កើត​យ៉ូថាមៗ​បង្កើត​អេហាសៗ​បង្កើត​អេសេ‌គាស អេសេ‌គាស​បង្កើត​ម៉ាន៉ាសេៗ​បង្កើត​អាំម៉ូនៗ​បង្កើត​យ៉ូសៀស យ៉ូសៀស​បង្កើត​យេកូនាស ហើយ​នឹង​បង​ប្អូន​គាត់ នៅ​គ្រា​ដែល​ត្រូវ​និរទេស​ទៅ​ស្រុក​បាប៊ីឡូន ក្រោយ​ដែល​ត្រូវ​និរទេស​ទៅ​ស្រុក​បាប៊ីឡូន​ហើយ នោះ​យេកូនាស​បង្កើត​បាន​សាល‌ធាលៗ​បង្កើត​សូរ៉ូបា‌បិល សូរ៉ូ‌បា‌បិល​បង្កើត​អ័ប៊ី‌យុឌៗ​បង្កើត​អេលា‌គីមៗ​បង្កើត​អេសូរ អេសូរ​បង្កើត​សាដុកៗ​បង្កើត​អេគីមៗ​បង្កើត​អេលី‌យុឌ អេលី‌យុឌ​បង្កើត​អេលាសារៗ​បង្កើត​ម៉ាថានៗ​បង្កើត​យ៉ាកុប យ៉ាកុប​បង្កើត​យ៉ូសែប ជា​ប្ដី​នាង​ម៉ារា មាតា​ព្រះ‌យេស៊ូវ ដែល​ហៅ​ថា «ព្រះ‌គ្រីស្ទ» ដូច្នេះ តាំង​ពី​អ័ប្រាហាំ ដរាប​មក​ដល់​ហ្លួង​ដាវីឌ រួម​ទាំង​អស់​មាន​១៤​ដំណ តាំង​ពី​ហ្លួង​ដាវីឌ ដរាប​មក​ដល់​គ្រា​ដែល​ត្រូវ​និរទេស​ទៅ​ស្រុក​បាប៊ីឡូន ក៏​មាន​១៤​ដំណ ហើយ​តាំង​ពី​គ្រា​ដែល​ត្រូវ​និរទេស​ទៅ​ស្រុក​បាប៊ីឡូន ដរាប​មក​ដល់​ព្រះ‌គ្រីស្ទ ក៏​មាន​១៤​ដំណ​ដែរ។ រីឯ​កំណើត​ព្រះ‌យេស៊ូវ​គ្រីស្ទ នោះ​បាន​កើត​មក​យ៉ាង​ដូច្នេះ គឺ​នាង​ម៉ារា មាតា​ទ្រង់ កាល​ដែល​យ៉ូសែប​បាន​ដណ្តឹង​នាង​ហើយ នោះ​នាង​មាន​គភ៌ ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ មុន​ដែល​បាន​នៅ​ជា​មួយ​គ្នា ឯ​យ៉ូសែប ប្ដី​នាង ជា​មនុស្ស​សុចរិត គាត់​មិន​ចង់​បើក​រឿង​នាង​ឲ្យ​គេ​ដឹង​ទេ បាន​ជា​គាត់​គិត​លែង​នាង​ចេញ ដោយ​សំងាត់​វិញ កាល​ដែល​គាត់​កំពុង​តែ​គិត​ពី​ការ​នោះ ស្រាប់​តែ​មាន​ទេវតា​នៃ​ព្រះ‌អម្ចាស់ លេច​មក​ពន្យល់​សប្តិ ប្រាប់​គាត់​ថា យ៉ូសែប ពូជ​ហ្លួង​ដាវីឌ​អើយ កុំ​ឲ្យ​ខ្លាច​នឹង​យក​នាង​ម៉ារា ជា​ប្រពន្ធ​អ្នក​ឡើយ ដ្បិត​បុត្រ​ដែល​មក​ចាប់​ទំ​ផ្ទៃ​នាង នោះ​កើត​ពី​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ទេ នាង​នឹង​ប្រសូត​បុត្រា​១ ហើយ​អ្នក​ត្រូវ​ថ្វាយ​ព្រះ‌នាម​ថា «យេស៊ូវ» ព្រោះ​បុត្រ​នោះ​នឹង​ជួយ​សង្គ្រោះ​រាស្ត្រ​ទ្រង់ ឲ្យ​រួច​ពី​បាប ការ​ទាំង​នោះ​កើត​មក ដើម្បី​ឲ្យ​បាន​សំរេច​សេចក្ដី ដែល​ព្រះ‌អម្ចាស់​ទ្រង់​មាន​បន្ទូល ដោយ‌សារ​ហោរា​ថា «មើល នាង​ព្រហ្មចារី​នឹង​មាន​គភ៌​ប្រសូត​បាន​បុត្រា​១ ហើយ​ព្រះ‌នាម​បុត្រ​នោះ​ត្រូវ​ហៅ​ថា អេម៉ាញូ‌អែល» ដែល​ប្រែ​ថា ព្រះ‌អង្គ​ទ្រង់​គង់​ជា​មួយ​នឹង​យើង​ខ្ញុំ លុះ​យ៉ូសែប​ភ្ញាក់​ពី​ដេក​ឡើង នោះ​គាត់​ក៏​ធ្វើ​តាម​បង្គាប់​របស់​ទេវតា​នៃ​ព្រះ‌អម្ចាស់ គឺ​គាត់​យក​ប្រពន្ធ​មក​នៅ​ជា​មួយ តែ​មិន​បាន​រួម​រស់​នឹង​នាង​សោះ ទាល់​តែ​នាង​ប្រសូត​បុត្រ​ជា​ចំបង​មក រួច​គាត់​ថ្វាយ​ព្រះ‌នាម​ថា «យេស៊ូវ»។

ចែក​រំលែក
អាន ម៉ាថាយ 1