ម៉ាឡាគី 4:1-4
ម៉ាឡាគី 4:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដ្បិតថ្ងៃនោះកំពុងតែមកដល់ ថ្ងៃនោះឆេះធ្លោ ដូចជាគុកភ្លើង នោះអស់ពួកអ្នកឆ្មើងឆ្មៃ និងពួកអ្នកដែលប្រព្រឹត្តអំពើអាក្រក់ គេនឹងដូចជាជញ្ជ្រាំង ហើយថ្ងៃដែលត្រូវមកដល់នោះ នឹងឆេះបន្សុសគេទាំងអស់ ឥតទុកឲ្យគេមានឫស ឬមែកនៅសល់ឡើយ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។ ប៉ុន្តែ ព្រះអាទិត្យនៃសេចក្ដីសុចរិតនឹងរះឡើង មានទាំងអំណាចប្រោសឲ្យជានៅក្នុងចំអេងស្លាប សម្រាប់អ្នករាល់គ្នាដែលកោតខ្លាចដល់យើង នោះអ្នករាល់គ្នានឹងចេញទៅ លោតកព្ឆោងដូចជាកូនគោ ដែលលែងចេញពីក្រោល។ ហើយព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា នៅថ្ងៃដែលធ្វើការនោះ អ្នករាល់គ្នានឹងជាន់ឈ្លីពួកមនុស្សអាក្រក់ ដ្បិតគេនឹងដូចជាផេះនៅក្រោមបាទជើងរបស់អ្នករាល់គ្នា។ ចូរនឹកចាំពីក្រឹត្យវិន័យរបស់លោកម៉ូសេ ជាអ្នកបម្រើរបស់យើង ដែលយើងបានបង្គាប់ដល់លោកនៅលើភ្នំហោរែប សម្រាប់ពួកអ៊ីស្រាអែលទាំងអស់គ្នា គឺក្រឹត្យក្រម និងបញ្ញត្តិច្បាប់ទាំងប៉ុន្មាននោះ។
ម៉ាឡាគី 4:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ដ្បិតថ្ងៃដែលយើងវិនិច្ឆ័យទោស ជិតមកដល់ហើយ ថ្ងៃនោះ ប្រៀបបាននឹងភ្លើងដ៏សន្ធោសន្ធៅ។ មនុស្សព្រហើន មនុស្សប្រព្រឹត្តអំពើអាក្រក់ នឹងប្រៀបដូចជាចំបើង។ ថ្ងៃនោះនឹងឆេះកម្ទេចពួកគេ ឥតទុកឲ្យនៅសេសសល់អ្វីឡើយ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ នៃពិភពទាំងមូល។ រីឯអ្នករាល់គ្នាដែលកោតខ្លាចនាមយើងវិញ ការសង្គ្រោះរបស់យើងនឹងលេចមក ដូចព្រះអាទិត្យរះ លើអ្នករាល់គ្នា ទាំងប្រោសឲ្យអ្នករាល់គ្នា បានជាសះស្បើយផង។ អ្នករាល់គ្នានឹងមានសេរីភាព អ្នករាល់គ្នាលោតយ៉ាងសប្បាយ ដូចគោដែលចេញពីក្រោល។ នៅថ្ងៃដែលយើងកំណត់ទុក អ្នករាល់គ្នានឹងដើរជាន់មនុស្សអាក្រក់ ពួកគេនឹងប្រៀបដូចជាផេះ នៅក្រោមបាតជើងរបស់អ្នករាល់គ្នា។ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ នៃពិភពទាំងមូល។ ចូរនឹកដល់ក្រឹត្យវិន័យរបស់ម៉ូសេ ជាអ្នកបម្រើរបស់យើង ព្រមទាំងច្បាប់ និងវិន័យផ្សេងៗ ដែលយើងបានប្រគល់ឲ្យ ជនជាតិអ៊ីស្រាអែលទាំងមូលនៅភ្នំហូរែប។
ម៉ាឡាគី 4:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដ្បិតមើល ថ្ងៃនោះកំពុងតែមកដល់ ថ្ងៃនោះឆេះធ្លោ ដូចជាគុកភ្លើង នោះអស់ពួកអ្នកឆ្មើងឆ្មៃ ហើយនឹងអស់ពួកអ្នកដែលប្រព្រឹត្តអំពើអាក្រក់ គេនឹងដូចជាជញ្ជ្រាំង ហើយថ្ងៃដែលត្រូវមកដល់នោះ នឹងឆេះបន្សុសគេទាំងអស់ទៅ ឥតទុកឲ្យគេមានឫស ឬមែកនៅសល់ឡើយ នេះហើយ ជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា នៃពួកពលបរិវារ តែព្រះអាទិត្យ នៃសេចក្ដីសុចរិតនឹងរះឡើង មានទាំងអំណាចប្រោសឲ្យជា នៅក្នុងចំអេងស្លាប សំរាប់ឯងរាល់គ្នាដែលកោតខ្លាចដល់ឈ្មោះអញ នោះឯងរាល់គ្នានឹងចេញទៅ លោតកញ្ឆេងដូចជាកូនគោ ដែលលែងចេញពីក្រោល ហើយព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលថា នៅថ្ងៃដែលធ្វើការនោះ ឯងរាល់គ្នានឹងជាន់ឈ្លីពួកអាក្រក់បង់ ដ្បិតគេនឹងដូចជាផេះនៅក្រោមបាទជើងរបស់ឯងរាល់គ្នា។ ចូរនឹកចាំពីក្រឹត្យវិន័យរបស់លោកម៉ូសេ ជាអ្នកបំរើអញ ដែលអញបានបង្គាប់ដល់លោក នៅលើភ្នំហោរែបសំរាប់ពួកអ៊ីស្រាអែលទាំងអស់គ្នា គឺអស់ទាំងក្រឹត្យក្រម នឹងបញ្ញត្តច្បាប់ទាំងប៉ុន្មាននោះ