លូកា 9:51-56

លូកា 9:51-56 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លុះ​ជិត​ដល់​ថ្ងៃ​កំណត់​ដែល​ព្រះ‌យេស៊ូ​ត្រូវ​យាង​ចាក​ចេញ​ពី​លោក​នេះ​ទៅ ព្រះអង្គ​សម្រេច​ព្រះ‌ហឫទ័យ​យាង​ទៅ​ក្រុង​យេរូ‌សាឡឹម ព្រះអង្គ​បាន​ចាត់​អ្នក​ខ្លះ​ឲ្យ​ទៅ​មុន។ អ្នក​ទាំង​នោះ​ចេញ​ដំណើរ​ទៅ​ដល់​ភូមិ​មួយ​របស់​អ្នក​ស្រុក​សាម៉ារី ដើម្បី​រៀបចំ​កន្លែង​ថ្វាយ​ព្រះអង្គ។ ប៉ុន្តែ អ្នក​ស្រុក​ពុំ​ព្រម​ទទួល​ព្រះអង្គ​ឲ្យ​ស្នាក់​ឡើយ ព្រោះ​ព្រះអង្គ​យាង​ឆ្ពោះ​ទៅ​ក្រុង​យេរូ‌សាឡឹម។ ពេល​សិស្ស​ពីរ​នាក់​គឺ​លោក​យ៉ាកុប និង​លោក​យ៉ូហាន​ឃើញ​ដូច្នោះ ក៏​ទូល​ព្រះអង្គ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់! តើ​ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​យើង​ខ្ញុំ​ហៅ​រន្ទះ​ភ្លើង មក​កម្ទេច​អ្នក​ទាំង​នេះ​ឬ?»។ ព្រះ‌យេស៊ូ​បែរ​ទៅ​រក​គេ ហើយ​ស្ដី​បន្ទោស​គេ​យ៉ាង​ខ្លាំង។ បន្ទាប់​មក ព្រះអង្គ​យាង​ឆ្ពោះ​ទៅ​កាន់​ភូមិ​មួយ​ផ្សេង​ទៀត​ជា​មួយ​សិស្ស*។

ចែក​រំលែក
អាន លូកា 9

លូកា 9:51-56 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

លុះ​ជិត​ដល់​កំណត់ ដែល​ព្រះ‌អង្គ​ត្រូវ​យាង​ឡើង​ទៅ​ស្ថាន‌សួគ៌ នោះ​ព្រះ‌អង្គ​តម្រង់​ព្រះ‌ភក្ត្រ យាង​ឆ្ពោះ​ត្រង់​ទៅ​ក្រុង​យេរូ‌សាឡិម​តែ​ម្តង។ ព្រះ‌អង្គ​បាន​ចាត់​អ្នក​ខ្លះ​ឲ្យ​ទៅ​មុន គេ​ក៏​ទៅ ហើយ​បាន​ចូល​ទៅ​ក្នុង​ភូមិ​មួយ​របស់​សាសន៍​សាម៉ារី ដើម្បី​រៀបចំ​ថ្វាយ​ព្រះ‌អង្គ។ តែ​អ្នក​ភូមិ​នោះ​មិន​ទទួល​ព្រះ‌អង្គ​ទេ ព្រោះ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ បែរ​ឆ្ពោះ​ទៅ​ក្រុង​យេរូ‌សាឡិម។ ពេល​យ៉ាកុប និង​យ៉ូហាន ជា​សិស្ស​របស់​ព្រះ‌អង្គ​បាន​ឃើញ​ដូច្នោះ ក៏​ទូល​ថា៖ «ព្រះ‌អម្ចាស់​អើយ តើ​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​ឲ្យ​យើង​ខ្ញុំ​ហៅ​ភ្លើង​ពី​លើ​មេឃ​មក​បញ្ឆេះ​គេ ដូច​ជា​លោក​អេលី‌យ៉ា​បាន​ធ្វើ​ដែរ​ឬ​ទេ?» តែ​ព្រះ‌អង្គ​បែរ​ទៅ ហើយ​បន្ទោស​គេ។ បន្ទាប់​មក ព្រះ‌យេស៊ូវ និង​ពួក​សិស្ស​ក៏​នាំ​គ្នា​ទៅ​ភូមិ​មួយ​ទៀត។

ចែក​រំលែក
អាន លូកា 9

លូកា 9:51-56 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​ជិត​ដល់​កំណត់ ដែល​ទ្រង់​ត្រូវ​ឡើង​ទៅ​ស្ថាន‌សួគ៌ នោះ​ទ្រង់​ដំរង់​ព្រះ‌ភក្ត្រ យាង​ឆ្ពោះ​ត្រង់​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម​តែ​ម្តង ទ្រង់​ចាត់​ប្រើ​អ្នក​ខ្លះ​ឲ្យ​ទៅ​ជា​មុន គេ​ក៏​ទៅ ហើយ​បាន​ចូល​ទៅ​ក្នុង​ភូមិ​១​របស់​សាសន៍​សាម៉ារី ដើម្បី​នឹង​រៀបចំ​ថ្វាយ​ទ្រង់ តែ​ពួក​ភូមិ​នោះ​មិន​ទទួល​ទ្រង់​ទេ ពី​ព្រោះ​ទ្រង់​ដូច​ជា​មាន​ព្រះ‌ភក្ត្រ​ឆ្ពោះ​ត្រង់​យាង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម កាល​យ៉ាកុប នឹង​យ៉ូហាន ជា​សិស្ស​ទ្រង់ បាន​ឃើញ​ដូច្នោះ នោះ​ក៏​ទូល​ថា ព្រះ‌អម្ចាស់​អើយ តើ​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ ឲ្យ​យើង​ខ្ញុំ​ហៅ​ភ្លើង​ឲ្យ​ធ្លាក់​ពី​លើ​មេឃ​មក​បញ្ឆេះ​គេ ដូច​ជា​លោក​អេលីយ៉ា​បាន​ធ្វើ​ដែរ​ឬ​អី តែ​ទ្រង់​បែរ​ទៅ​បន្ទោស​គេ​ថា អ្នក​រាល់​គ្នា​មិន​ដឹង​ជា​មាន​វិញ្ញាណ​បែប​យ៉ាង​ណា​ទេ ពី​ព្រោះ​កូន​មនុស្ស​មិន​មែន​មក ប៉ង​នឹង​បំផ្លាញ​ជីវិត​មនុស្ស​ទេ គឺ​មក ដើម្បី​នឹង​ជួយ​សង្គ្រោះ​វិញ រួច​ក៏​នាំ​គ្នា​ទៅ​ឯ​ភូមិ​មួយ​ទៀត​ទៅ។

ចែក​រំលែក
អាន លូកា 9