លូកា 9:12-13
លូកា 9:12-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លុះដល់ថ្ងៃកាន់តែទាបហើយ អ្នកទាំងដប់ពីរ មកទូលព្រះអង្គថា៖ «សូមឲ្យបណ្ដាជនទៅរកកន្លែងស្នាក់នៅ ទៅរកស្បៀងអាហារនៅតាមភូមិ និងស្រុកស្រែជុំវិញនេះទៅ ព្រោះទីនេះស្ងាត់ណាស់»។ តែព្រះអង្គមានព្រះបន្ទូលថា៖ «ចូរអ្នករាល់គ្នាឲ្យគេបរិភោគទៅ» ពួកសិស្សទូលថា៖ «យើងខ្ញុំមានតែនំបុ័ងប្រាំដុំ និងត្រីពីរទេ មានតែយើងខ្ញុំទៅទិញស្បៀងអាហារថែមទៀត សម្រាប់មនុស្សទាំងនេះ»។
លូកា 9:12-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ដល់ថ្ងៃជិតលិច សិស្សទាំងដប់ពីររូបចូលទៅទូលព្រះអង្គថា៖ «សូមព្រះអង្គប្រាប់ឲ្យបណ្ដាជនចេញទៅរកម្ហូបអាហារ រកកន្លែងស្នាក់តាមផ្ទះ តាមភូមិជិតៗនេះទៅ ព្រោះទីនេះស្ងាត់ណាស់»។ ព្រះយេស៊ូមានព្រះបន្ទូលតបវិញថា៖ «ចូរអ្នករាល់គ្នាយកម្ហូបអាហារឲ្យគេបរិភោគទៅ»។ ពួកសិស្សទូលព្រះអង្គថា៖ «យើងខ្ញុំមាននំប៉័ងតែប្រាំដុំ និងត្រីងៀតពីរកន្ទុយប៉ុណ្ណោះ ធ្វើម្ដេចនឹងគ្រាន់ មានតែទៅទិញអាហារសម្រាប់ប្រជាជនទាំងនេះ!»។
លូកា 9:12-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
វេលានោះ ថ្ងៃកាន់តែទាបហើយ នោះពួក១២នាក់មកទូលទ្រង់ថា សូមឲ្យមនុស្សទាំងឡាយទៅ ដើម្បីឲ្យទៅរកទីស្នាក់ នឹងស្បៀងអាហារ នៅក្នុងភូមិនឹងស្រុកស្រែជុំវិញ ដ្បិតទីនេះស្ងាត់ណាស់ តែទ្រង់មានបន្ទូលថា ចូរអ្នករាល់គ្នាឲ្យគេបរិភោគទៅ ពួកសិស្សទូលថា យើងខ្ញុំមានតែនំបុ័ង៥ដុំ នឹងត្រី២ទេ លើកតែយើងខ្ញុំទៅទិញស្បៀងអាហារទៀត សំរាប់មនុស្សទាំងនេះវិញ