លូកា 8:43-48
លូកា 8:43-48 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលនោះដែរ មានស្ត្រីម្នាក់ មានជំងឺធ្លាក់ឈាមដប់ពីរឆ្នាំមកហើយ នាងបានចំណាយទ្រព្យដែលនាងមានទាំងប៉ុន្មានទៅលើគ្រូពេទ្យ តែគ្មានគ្រូពេទ្យណាមួយអាចមើលនាងជាបានឡើយ។ នាងចូលពីក្រោយព្រះអង្គ ហើយពាល់ជាយព្រះពស្ត្រព្រះអង្គ ស្រាប់តែឈាមក៏ឈប់ធ្លាក់មួយរំពេច។ ព្រះយេស៊ូវមានព្រះបន្ទូលសួរថា៖ «អ្នកណាពាល់ខ្ញុំ?»។ កាលគ្រប់គ្នាប្រកែក ពេត្រុសទូលថា៖ «លោកគ្រូ បណ្តាជនកំពុងប្រជ្រៀតគ្នាជុំវិញលោកគ្រូ!»។ ប៉ុន្ដែ ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «មានមនុស្សម្នាក់ពាល់ខ្ញុំ ដ្បិតខ្ញុំដឹងថា មានចេស្ដាចេញពីខ្ញុំទៅ»។ កាលស្ត្រីនោះឃើញថា នាងមិនអាចលាក់បាន នាងក៏ចូលមកទាំងញ័ររន្ធត់ ហើយក្រាបចុះនៅចំពោះព្រះអង្គ ទូលនៅមុខមនុស្សទាំងអស់ ពីហេតុដែលនាងបានពាល់ព្រះអង្គ ហើយពីរបៀបដែលនាងបានជាភ្លាមមួយរំពេច។ ព្រះអង្គមានព្រះបន្ទូលទៅនាងថា៖ «កូនស្រីអើយ! ជំនឿរបស់នាង បានធ្វើឲ្យនាងជាសះស្បើយហើយ ចូរអញ្ជើញទៅដោយសុខសាន្តចុះ»។
លូកា 8:43-48 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលនោះ មានស្ត្រីម្នាក់កើតជំងឺធ្លាក់ឈាមដប់ពីរឆ្នាំមកហើយ នាងបានចំណាយទ្រព្យសម្បត្តិដែលនាងមានទាំងប៉ុន្មាន ដើម្បីឲ្យគ្រូពេទ្យព្យាបាល តែគ្មានគ្រូពេទ្យណាអាចមើលនាងជាឡើយ។ នាងមកពីក្រោយព្រះយេស៊ូ ហើយពាល់ជាយព្រះពស្ដ្រព្រះអង្គ ស្រាប់តែឈាមឈប់ធ្លាក់មួយរំពេច។ ព្រះយេស៊ូមានព្រះបន្ទូលសួរថា៖ «នរណាពាល់ខ្ញុំ?»។ គេប្រកែកគ្រប់គ្នាថា គេមិនបានពាល់ព្រះអង្គទេ។ លោកពេត្រុសទូលថា៖ «ព្រះគ្រូអើយ បណ្ដាជនប្រជ្រៀតគ្នានៅជុំវិញព្រះគ្រូ ហើយគេប៉ះព្រះគ្រូទាំងអស់គ្នា»។ ប៉ុន្តែ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «មានម្នាក់ពិតជាបានពាល់ខ្ញុំ ព្រោះខ្ញុំដឹងថាមានឫទ្ធានុភាពមួយចេញពីខ្លួនខ្ញុំទៅ»។ ស្ត្រីនោះមកក្រាបទៀបព្រះបាទាព្រះយេស៊ូ ទាំងញ័ររន្ធត់ ព្រោះដឹងថាខ្លួនលាក់រឿងនេះមិនជិត។ នាងទូលព្រះអង្គនៅចំពោះមុខប្រជាជនទាំងមូលអំពីហេតុ ដែលនាំឲ្យនាងពាល់ព្រះអង្គ ហើយនាងបានជាពីជំងឺភ្លាម។ ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «កូនស្រីអើយ! ជំនឿរបស់នាងបានសង្គ្រោះនាងហើយ សូមអញ្ជើញទៅដោយសុខសាន្តចុះ»។
លូកា 8:43-48 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ហើយមានស្ត្រីម្នាក់ មានជំងឺធ្លាក់ឈាម១២ឆ្នាំមកហើយ នាងបានចំណាយទ្រព្យខ្លួនទាំងអស់ ដោយរកគ្រូពេទ្យ តែគ្មានគ្រូណាមួយមើលឲ្យជាបានទេ នាងមកពីក្រោយ ចាប់ពាល់ជាយព្រះពស្ត្រទ្រង់ នោះឈាមក៏បាត់ធ្លាក់មកក្នុងខណ១រំពេចនោះ ព្រះយេស៊ូវមានបន្ទូលសួរថា តើអ្នកណាពាល់ខ្ញុំ កាលមនុស្សទាំងអស់កំពុងតែប្រកែក នោះពេត្រុស នឹងពួកអ្នកដែលនៅជាមួយទូលថា លោកគ្រូ បណ្តាមនុស្សកំពុងប្រជ្រៀតគ្នាត្បៀតទ្រង់ ដូច្នេះទ្រង់មានបន្ទូលថា អ្នកណាពាល់ទ្រង់ធ្វើអី ព្រះយេស៊ូវមានបន្ទូលថា ច្បាស់ជាមានអ្នកណាពាល់ខ្ញុំពិត ដ្បិតខ្ញុំដឹងថា មានឫទ្ធិផ្សាយចេញពីខ្ញុំទៅហើយ កាលស្ត្រីនោះបានឃើញថា លាក់ខ្លួនមិនកំបាំងទេ នោះក៏ចូលមកទាំងញ័ររន្ធត់ ផ្តួលខ្លួននៅចំពោះទ្រង់ ទូលនៅមុខមនុស្សទាំងអស់ ពីហេតុដែលនាងបានពាល់ទ្រង់ ហើយពីបែបដែលនាងបានជាភ្លាម១រំពេចផង ទ្រង់មានបន្ទូលទៅនាងថា ចូរសង្ឃឹមឡើង កូនស្រីអើយ ដ្បិតសេចក្ដីជំនឿនាងបានសង្គ្រោះនាងហើយ ចូរទៅដោយសុខសាន្តចុះ។